តើក្នុងរយៈពេល ១១ឆ្នាំមកនេះ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានទទួលការចាប់អារម្មណ៍យ៉ាងណាពីប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុក?
"ខ្ញុំយល់ថាព័ត៌មានអាស៊ីសេរី ជាការពិតមិនបំផ្លើសនូវអ្វីដែលខុសឆ្គងឡើយ" ៖ នេះគឺជាការចាប់អារម្មណ៍មួយរបស់ប្រិយមិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅក្នុងឱកាសកិច្ចរំឭកខួបការផ្សាយ ១១ឆ្នាំ នៃកម្មវិធីជាភាសាខ្មែរ។ វិទ្យុអាស៊ីសេរីជាភាសាខ្មែរបានចាប់ផ្តើមផ្សាយលើកដំបូងបំផុត គឺនៅចំថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ១៩៩៧។
វិទ្យុអាស៊ីសេរីមានកម្មវិធីផ្សាយ ៩ភាសាផ្សេងៗពីគ្នា ហើយកម្មវិធីទាំងនោះ គឺឧបត្ថម្ភដោយជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោន តាមរយៈកិច្ចគាំទ្រពីមន្ត្រីច្បាប់នានារបស់សហរដ្ឋអាមេរិក។ កម្មវិធីជាភាសាខ្មែរបានចាប់ផ្តើមការផ្សាយដំបូងរបស់ខ្លួន នៅគ្រាដែលស្ថានការណ៍កម្ពុជា កំពុងតែស្ថិតនៅក្នុងសភាពនយោបាយច្របូកច្របល់ និងភាពតានតឹងប្រឈមមុខគ្នាដោយអាវុធនៃភាគីនយោបាយខ្មែរដែលឈ្លោះប្រកែកគ្នា។
ក្នុងរយៈពេលនៃការផ្សាយចំនួន ១១ឆ្នាំមកនេះ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចំណាយក្នុងមួយឆ្នាំៗ ជិតមួយលាន ៥សែនដុល្លារសហរដ្ឋអាមេរិក បានពង្រីកនិងដុសខាត់កិច្ចការផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ ក្រោមការទទួលយកគំនិតពីអ្នកស្តាប់ តាមរយៈការស្ទង់មតិ តាមរយៈអ៊ីម៉ែល ការសរសេរសំបុត្រផ្ញើ និងតាមរយៈទូរស័ព្ទ មិនសូវដែលខកខានឡើយ។
ប្រិយមិត្តម្នាក់ឈ្មោះ គ្រីយ៉ា អ្នកភូមិជ័យសេនា ក្នុងខេត្តកំពត ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមទាហាន បានថ្លែងអំណរគុណចំពោះវិទ្យុ ដោយបញ្ជាក់ថា បើគ្មានការផ្សាយពីវិទ្យុអាស៊ីសេរីឲ្យគេបានដឹងអំពីរឿងជម្លោះដីរវាងទាហាន និងប្រជាជននៅទីនោះទេ នោះនឹងមិនមានអ្នកណាបានដឹងអំពីការពិត ហើយក៏នឹងមិនមានការយកចិត្តទុកដាក់ដោះស្រាយជាបណ្តើរៗដូចពេលនេះផងទៀតឡើយ។
លោក គ្រីយ៉ា បានថ្លែងយ៉ាងដូច្នេះ ៖ «អាស៊ីសេរីផ្ដល់ព័ត៌មានដល់គ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធ ក៏ដូចប្រជាពលរដ្ឋយើងអ្នកក្រីក្រ ផ្ដល់ឲ្យដឹងដំណឹងថា អ្វីដែលធ្វើល្អ ហើយអ្វីដែលថាមិនល្អ ជាអំពើមួយដែលប្រព្រឹត្តទៅដោយអ្នកល្មើស ពួកអ្នកមានអំណាចសង្កត់សង្កិនមកលើអ្នកក្រីក្រ អ្នកស្លូតត្រង់ នេះជាលក្ខណៈមួយល្អណាស់។ ឧទាហរណ៍ថា ដូចជានៅចំណុចអន្លង់ក្រោម ដែលពីមុនមកមិនទាន់បានដឹងខាងអាស៊ីសេរី ដល់ពេលតែមានរឿងបញ្ហាកើតឡើង គឺដីចំណុចអន្លង់ក្រោម ភូមិជ័យសេនានោះមក យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ មានការសប្បាយចិត្ត ដែលបានផ្ដល់ព័ត៌មានដល់ជនរួមជាតិទាំងអស់ បានដឹងពីការឈឺចាប់របស់ប្រជាពលរដ្ឋយើង នៅក្នុងចំណុចអន្លង់ក្រោម ដែលពួកអ្នកមានអំណាច ពួកទាហានមករឹបអូសយកដីប្រជាពលរដ្ឋ ជាពិសេសគឺដុតបំផ្លាញផ្ទះ ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុចអន្លង់ក្រោម»។
វិទ្យុអាស៊ីសេរី ក្រៅពីមានអ្នកយកព័ត៌មានប្រចាំការនៅតាមខេត្ត ដើម្បីធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងជីវភាពប្រជាជនប្រចាំថ្ងៃ ក៏បានបញ្ជូនក្រុមយកព័ត៌មានធ្វើកិច្ចការពិសេសៗ នូវរាល់ការបោះឆ្នោតជាតិ ៥ឆ្នាំម្តងនោះផងដែរ។
នាយកនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក បណ្ឌិត ហង្ស ពុទ្ធា បានមានប្រសាសន៍ចាប់អារម្មណ៍ថា វត្តមានរបស់ការចូលរួមវិទ្យុអាស៊ីសេរីក្នុងការផ្សាយព័ត៌មានអំពីការបោះឆ្នោត បានជួយដល់សង្គមជាច្រើន។
បណ្ឌិត ហង្ស ពុទ្ធា បានមានប្រសាសន៍ចាប់អារម្មណ៍ចំពោះការផ្សាយវិទ្យុអាស៊ីសេរី ក្នុងឱកាសរំឭកខួបការផ្សាយ ១១ឆ្នាំ នៃកម្មវិធីជាភាសាខ្មែរយ៉ាងនេះថា ៖ «វិទ្យុអាស៊ីសេរីបានបង្ហាញវត្តមាននៅកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការទាក់ទាញ និងយកចិត្តទុកដាក់ក្នុងការតាមដានស្ថានការណ៍ ពីព្រោះវិទ្យុអាស៊ីសេរី គឺជាវិទ្យុមួយដែលមានព័ត៌មានក្ដៅ ហើយនិងព័ត៌មានពិត។ នៅពេលដែលអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីឃើញថា មានភាពមិនប្រក្រតីណាមួយ ដែលបានរាយការណ៍ដោយបណ្ដាញសង្គមស៊ីវិលភ្លាមៗ គឺអាស៊ីសេរីធ្វើដំណើរទៅដល់កន្លែងនោះភ្លាម ហើយបានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោត ហើយនិងលើកឡើងដោយផ្អែកទៅលើច្បាប់ នីតិវិធីជាគោលបង្ហាញសាធារណជន ដើម្បីឲ្យសាធារណជនធ្វើការវាយតម្លៃ ភាពណាត្រឹមត្រូវ ភាពណាមិនត្រឹមត្រូវ»។
ក្រៅពីកិច្ចការសំខាន់ៗ ដែលបានផ្សាយទាំងឡាយនោះទៀត វិទ្យុអាស៊ីសេរីក្នុងឱកាសដែលមានស្ថានភាពលុកលុយរបស់ទាហានថៃ ឆ្លៀតទន្ទ្រានចូលរំលោភលើអធិបតេយ្យជាតិខ្មែរ វិទ្យុអាស៊ីសេរីក៏បានដាក់អ្នកយកព័ត៌មាន ឲ្យតាមដានហេតុការណ៍ទាំងនោះជាប្រចាំផងដែរ។
ដូចប្រសាសន៍របស់អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ទោ តូច រ៉ា ប្រចាំការនៅច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានមានប្រសាសន៍ចាប់អារម្មណ៍ក្នុងឱកាសអបអរខួបទិវា ១១ឆ្នាំ នៃការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរថា តាមរយៈការផ្សាយនោះ កងទាហាននៅប្រចាំការតាមទល់ដែន តែងបានដឹងអំពីសភាពការណ៍វិវត្តន៍រវាងកម្ពុជា-ថៃជានិច្ច។
លោក តូច រ៉ា បានមានប្រសាសន៍ដូច្នេះ ៖ «ការផ្សាយរបស់អាស៊ីសេរីនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានផ្ដល់ព័ត៌មានផ្សេងៗ តាមវិទ្យុហ្នឹង បានឲ្យប្រជាពលរដ្ឋរបស់យើងស្ដាប់បានទូទាំងប្រទេសហ្នឹង ទូទាំងសកលលោកហ្នឹង។ ការផ្សាយហ្នឹងមានប្រក្រតីច្រើន។ វិទ្យុអាស៊ីសេរីពិតជាលឿនជាងគេ ខ្ញុំជឿអ៊ីចឹង»។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី ត្រូវប្រិយមិត្តខ្លះ បានមើលឃើញថា នៅមានភាពចន្លោះប្រហោងកន្លែងខ្លះផងដែរ។
ប្រធានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋាន នាយកដ្ឋានរដ្ឋបាលទូទៅ របស់ក្រសួងមហាផ្ទៃ លោក សៀប ឆេងអាន បានមានប្រសាសន៍កែលម្អយ៉ាងនេះថា ៖ «ការផ្សព្វផ្សាយរបស់អាស៊ីសេរីល្អហើយ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានដឹង ប៉ុន្តែសំណូមពរមួយថា ខ្ញុំស្ដាប់រាល់ថ្ងៃ ក៏ប៉ុន្តែឃើញតែនិយាយពីរឿងអ្វីដែលអសកម្ម ប៉ុន្តែរឿងសកម្ម ដែលល្អ ដូចអត់ឃើញនិយាយសោះ។ ខ្ញុំសុំយោបល់កន្លែងត្រង់ហ្នឹងមួយ សុំឲ្យជួយផ្សព្វផ្សាយសមិទ្ធផលអ្វីៗ ដែលរាជរដ្ឋាភិបាលធ្វើបាន គួរតែផ្សព្វផ្សាយឲ្យបានប្រជាពលរដ្ឋដឹងផង»។
បច្ចុប្បន្នវិទ្យុអាស៊ីសេរីជាភាសាខ្មែរមានអ្នកធ្វើការសរុប រួមទាំងក្នុងនិងក្រៅប្រទេស ទាំងអស់ចំនួន ៤២នាក់៕