ប្រវត្តិ​លោក ប៉ែន បូណា មនុស្ស​បក្ស​ប្រជាជន លាក់​មុខ​ក្នុង​វិស័យ​សារព័ត៌មាន

ដោយ យ៉ង ចាន់តារា
2024.10.24
ប្រវត្តិ​លោក ប៉ែន បូណា មនុស្ស​បក្ស​ប្រជាជន លាក់​មុខ​ក្នុង​វិស័យ​សារព័ត៌មាន លោក ប៉ែន បូណា ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល។
Photo: RFA

រដ្ឋាភិបាល​បន្ត​ត្រកូល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ប្រភេទ​ឱ្យ​ចូលរួម​ជាមួយ រាប់​ចាប់​តាំង​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល សកម្មជន និង​អ្នក​សារ​ព័ត៌មាន។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​រួមមាន​អ្នក​សារព័ត៌មាន លោក ប៉ែន បូណា ម្នាក់​ផង​ដែរ។

តើ​លោក ប៉ែន បូណា មាន​ប្រវត្តិ​យ៉ាងណា ហើយ​នរណា​ជា​មេកោយ​ពិត​ប្រាកដ​របស់​លោក?

លោក ប៉ែន បូណា ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​គួរ​សម​ក្នុង​វិស័យ​សារព័ត៌មាន។ លោក​បាន​ប្រឡូក​ក្នុង​វិជ្ជាជីវៈ​នេះ​ប្រមាណ ៣០ឆ្នាំ មុន​នឹង​ក្លាយ​ជា​មន្ត្រី​ធំ​ក្នុង​រដ្ឋាភិបាល​របស់​ក្រុម​គ្រួសារ​ត្រកូល​ ហ៊ុន។

លោក ប៉ែន បូណា មាន​អាយុ ៥៤ឆ្នាំ។ លោក​កើត​នៅ​ឆ្នាំ១៩៧០ នៅ​ឃុំបរសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ និង​សង្គមសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ព្រមទាំង​បរិញ្ញាបត្រ​ភាសា​បារាំង និង​សារព័ត៌មាន​នៅ​វិទ្យាសាស្ត្រ​ភាសាបរទេស (IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​ធ្លាប់​ទៅ​ធ្វើ​កម្មសិក្សា​បន្ត​ផ្នែក​សារព័ត៌មាន​នៅ​សាលា​កាសែត​ជាន់ខ្ពស់​ទីក្រុងលីល នៃ​ប្រទេស​បារាំង (Ecole Superieure de Journalisme de Lille/School of Journalism in Lille, France)

ទាក់ទង​នឹង​ការងារ​វិញ លោក ប៉ែន បូណា ធ្លាប់​ជា​អ្នក​សារព័ត៌មាន និង​ជា​សហ​និពន្ធ​នាយក​កាសែត​បារាំង​កាំបូដស័រ (Cambodge Soir) និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា (RFI) និពន្ធ​នាយក​នៃ​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) របស់​លោក លី យ៉ុតផាត់ និង​ជា​អតីត​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ)

ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អ្នក​សារព័ត៌មាន​មួយ​រូប​ដែល​ធ្លាប់​ធ្វើការ​ក្រោម​បង្គាប់​របស់​លោក ប៉ែន បូណា រយៈ​ពេល ២ឆ្នាំ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN រៀបរាប់​ថា លោក ប៉ែន បូណា ជា​មនុស្ស​ម៉ឺងម៉ាត់ មាន​ស្តង់ដារ​ការងារ​ខ្ពស់ និង​គួរ​ឱ្យ​គោរព ព្រមទាំង​ជា​អ្នកដឹកនាំ​ល្អ​មួយ​រូប ដែល​ចាត់ចែង​ការងារ​មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ក្រុម។

នៅ​ចុង​ឆ្នាំ២០២២ លោក​បាន​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ហើយ​នៅ​ខែ​សីហា ឆ្នាំ២០២៣ លោក ប៉ែន បូណា ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ជំនួស​លោក ផៃ ស៊ីផាន ដែល​ត្រូវ​បាន​ត្រកូល​ហ៊ុន​រុញ​ចេញ​ពី​តួនាទី។

លោក ហ៊ុន សែន ថ្លែង​ថា លោក ប៉ែន បូណា ជា​មនុស្ស​មាន​សមត្ថភាព ទើប​ទទួល​បាន​ការតែងតាំង​ឱ្យ​ធ្វើ​ការ​ជាមួយ​កូន​ប្រុស​របស់​លោក។

មតិ​មួយ​ចំនួន​ទំនងជា​កោត​សរសើរ​លោក ប៉ែន បូណា ដោយ​យល់​ថា ប្រហែល​ជា​លោក​បាន​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​ពី​អ្នក​សារព័ត៌មាន​ក្លាយ​ទៅ​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ប៉ុន្តែ​រឿង​ពិត​មិនមែន​សាមញ្ញ​បែប​នេះ​ទេ។

តាម​ពិត​ទៅ លោក ប៉ែន បូណា ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ដើម​រៀងមក។ លោក​បាន​ចូល​ជា​សមាជិក​គណបក្ស​នេះ​តាំង​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ១៩៩៣ ហើយ​លោក​មិន​ដែល​បោះបង់​ចោល​សមាជិកភាព​នេះ​ឡើយ ទោះជា​ក្នុង​ពេល​លោក​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ក៏ដោយ។

CPP_Member_Card_of_Pen_Bonna.jpg
ប័ណ្ណ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ប៉ែន បូណា ដែល​លោក​បាន​ចូល​ជានេះ​ តាំង​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ១៩៩៣។

សម្រាប់​លោក ប៉ែន បូណា ការ​បាន​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មោនភាព​យ៉ាង​ក្រៃលែង​សម្រាប់​រូប​លោក ហើយ​លោក​បាន​ចាត់​ទុក​លោក ហ៊ុន សែន ស្មើ​នឹង​អាទិទេព។

លោក ប៉ែន បូណា៖ «ខ្ញុំ​អាច​ប្រកាស​នៅ​ទីនេះ​ជា​ឱឡារិក​សម្រាប់​ខ្លួន​ខ្ញុំ​ថា សម្ដេច​តេជោ ហ៊ុន សែន គឺ​ពិតជា​អច្ឆរិយបុគ្គល គឺជា​មេដឹកនាំ​ខ្លាំង​ពូកែ​ពិត​ប្រាកដ មិន​អាច​ប្រកែក​បាន​ទេ»

លោក ប៉ែន បូណា និយាយ​លើក​ជើង​មេកោយ​របស់​លោក​ដល់​កំពូល​នេះ ក្នុង​គ្រា​ដែល​សហគមន៍​អន្តរជាតិ​បាន​វាយតម្លៃ​ជា​ទូទៅ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ មាន​ចរិត​ហិង្សា​និយម ប្រព្រឹត្ត​អំពើ​ពុករលួយ ព្រមទាំង​ពាក់ព័ន្ធ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់ខ្លួន​តាម​ទំនើងចិត្ត និង​ការ​បំបិទ​សិទ្ធិ​សេរីភាព ជាដើម។

ក្រៅពី​និយាយ​បញ្ចើចបញ្ចើ​មេកោយ​របស់​លោក​ខុស​ពី​ការ​ពិត​ហើយ​នោះ ពេល​ខ្លះ លោក ប៉ែន បូណា ខំ​ដំឡើង​ឫកពា និង​សំឡេង ដើម្បី​សម្លុត​គំរាម និង​ប្រមាថ​អ្នក​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថែម​ទៀត​ផង។

លោក ប៉ែន បូណា៖ «សមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ណាស់ ប៉ុន្តែ​គេ​សម្ដែង​ភាព​អត់ធ្មត់ គេ​មាន​ភាព​ចាស់​ទុំ ក្នុង​នាម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច គេ​មិន​ចង់​ធ្វើ​អ្វីមួយ​ឱ្យ​វា​មាន​បញ្ហា​ក្នុង​សង្គម។ គេ​អត់ធ្មត់ ប៉ុន្តែ​បើ​ដល់​កម្រិត​មួយ ដែល​គេ​អត់ធ្មត់​លែង​បាន ខ្ញុំ​ជឿ​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​ស្រុះ​គ្នា ដើម្បី​ការពារ​គណបក្ស ការពារ​រាជរដ្ឋាភិបាល ការពារ​ថ្នាក់​ដឹកនាំ​របស់​យើង ដែល​បាន​លះបង់​ធំធេង​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​មួយ​នេះ។ នេះ​ជា​សារ​ទៅ​កាន់​ក្រុម​ប្រឆាំង​ជ្រុល​និយម កុំ​ឱ្យ​មាន​ភាព​គឃ្លើន​ខ្លាំង​ពេក ជាពិសេស ក្មេងៗ ដែល​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល នាំ​គ្នា​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​របស់​យើង»

ការ​ប្រើ​ភាសា​បែប​លាប​ពណ៌ សម្លុត​គំរាម និង​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​របស់​លោក ប៉ែន បូណា នេះ កើត​មាន​គ្រប់​សន្និសីទ​សារព័ត៌មាន ឬ​វេទិកា ដែល​លោក​រៀបចំ​ឡើង​ក្នុងនាម​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង វាយ​តម្លៃ​ថា ការ​បកស្រាយ​ទាំង​ឡាយ​របស់​លោក ប៉ែន បូណា អំពី​វិធានការ​របស់​រដ្ឋាភិបាល​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ គ្មាន​ន័យ​ខ្លឹមសារ​នោះ​ទេ ព្រោះ​វា​មិន​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ។

លោក អេង ឆៃអ៊ាង៖ «គាត់​ជា​សត្វ​សេក​មួយ គាត់​រៀន​តាម​ចៅហ្វាយនាយ​របស់​គាត់ ដើម្បី​ផលប្រយោជន៍​សម្រាប់​ខ្លួន​គាត់។ វា​អត់​មាន​ស្អី​ដែល​យើង​ចម្លែក​ទេ អ៊ីចឹង​បានជា​យើង​មើល​ឃើញ​សីលធម៌​សង្គម​ខ្មែរ​នៅ​ធ្លាក់​ចុះ​ខ្លាំង​ណាស់»

ក្នុង​តួនាទី​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ការងារ​សំខាន់​មួយ​ទៀត​របស់​លោក ប៉ែន បូណា គឺ​ការ​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​។ ប៉ុន្តែ​ខុស​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាណត្តិ​មុន គឺ​លោក ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​ជា​ច្រើន​រូប​ទៀត​នៃ​ស្ថាប័ន​រដ្ឋ​បច្ចុប្បន្ន ដែល​តែង​ឆ្លើយតប ចំពោះ​អ្នក​សារព័ត៌មាន​ដោយ​មិន​រើសមុខ គេ​សង្កេត​ឃើញ​ថា លោក ប៉ែន បូណា ឯណេះ​វិញ ជា​អ្នកនាំពាក្យ​ជ្រុលនិយម ជា​មនុស្ស​រើសអើង និង​ចង្អៀតចង្អល់។ លោក​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ឯករាជ្យ ដែល​លោក​ចោទ​ថា ជា​វិទ្យុ​ប្រឆាំង ដូចជា វិទ្យុ​អាស៊ី​សេរី ជាដើម ក្នុង​គ្រា​ដែល​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ព័ត៌មាន និង​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង និង​កំពុង​កើត​មាន ឧទាហរណ៍ ដូចជា​រឿង​រំលាយ​បក្ស​ប្រឆាំង​ទាំង​បំពាន​គោលការណ៍​ច្បាប់ ការ​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់ និង​សកម្មជន​បក្ស​ប្រឆាំង ការ​បង្ក្រាប និង​ចាប់​មនុស្ស​ដាក់គុក​ឥត​ស្រាកស្រាន្ត ក្នុង​នោះ​រួមមាន​អ្នកកាសែត សកម្មជន​បក្ស​ប្រឆាំង អ្នករិះគន់​រដ្ឋាភិបាល អ្នក​ការពារ​បរិស្ថាន និង​អ្នកការពារ​សិទ្ធិមនុស្ស ជាដើម។ លើសពីនេះ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ អំពើ​ពុករលួយ និង​អំពើ​និទ្ទណ្ឌភាព ដែល​កាន់តែ​រីក​ធំធាត់ ហើយ​ដែល​សារព័ត៌មាន​រណប​រដ្ឋាភិបាល និង​ខ្លាច​រដ្ឋាភិបាល​មិន​ហ៊ាន​ចេញ​ផ្សាយ​នោះ ក៏​វិទ្យុ​អាស៊ី​សេរី​បំពេញ​តួនាទី​ជំនួស​ពួកគេ​ដែរ។

ទាំងអស់​នេះ​សុទ្ធតែ​រឿង​ជាក់ស្ដែង​ដែល​ពលរដ្ឋ​ខ្មែរ និង​អ្នក​សង្កេតការណ៍​មើល​ឃើញ ហើយ​សូម្បីតែ​មន្ត្រី​រដ្ឋាភិបាល​ខ្លួនឯង​ជាច្រើន​រូប ក៏​ទទួលស្គាល់​ថា នេះ​ជា​រឿង​ពិត​ដែរ។ បន្ថែមលើនេះ សេចក្ដី​រាយការណ៍​អំពី​ការ​ពិត​ទាំងនេះ​ក៏​មាន​ចារ​ទុក​ក្នុង​សេចក្ដីរាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ថែម​ទៀត​ផង ដែល​គ្រប់គ្នា​អាច​ចូល​មើល​បាន​តាម​ប្រព័ន្ធ​អនឡាញ។ ហេតុដូច្នេះ ការ​គេច​វេស​មិន​ចង់​និយាយ​ឆ្លើយឆ្លង​របស់​អ្នកនាំពាក្យ លោក ប៉ែន បូណា ជាមួយ​វិទ្យុ​អាស៊ី​សេរី អាច​ទំនង​មកពី​លោក​ខ្លាច​ពិបាក​ក្នុង​ឆ្លើយ​នឹង​សំនួរ​ឯករាជ្យ សំណួរ​មិន​ចំណុះ​រដ្ឋាភិបាល សំនួរ​ក្ដៅៗ ឬ​សំនួរ​ដាក់​បន្ទុក នៅក្នុង​គោលដៅ​សុំ​ឱ្យ​ចៅហ្វាយនាយ​របស់​គាត់ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ចំពោះ​រឿងរ៉ាវ​ដែល​កើត​ឡើង ដើម្បី​ស្វែងរក​ការពិត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​វិញ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ថ្លែង​ថា លោក ប៉ែន បូណា គួរ​ផ្ដោត​លើ​ការ​និយាយ​បកស្រាយ​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​អំពើ​ទុច្ចរិត​នានា​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល។

លោក សេង វណ្ណលី៖ «ជាជាង​ការ​សម្លុត​គំរាមកំហែង​បន្ថែម​ទៀត​ទៅលើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តាម​កម្ទេច​ហ្នឹង ខ្ញុំ​គិត​ថា គួរតែ​បង្ហាញ​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង​ធ្វើ ហើយ​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​អំពី​សមិទ្ធផល ហើយ​និង​អំពី​គោលនយោបាយ​ដែល​រដ្ឋ​នឹង​ដាក់​ចេញ ដើម្បី​ធ្វើ​ម៉េច​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ ហើយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​មាន​ភាព​ប្រសើរ ដើម្បី​ធ្វើ​ម៉េច​ការពារ​វិបត្តិ​សេដ្ឋកិច្ច ជាដើម»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​លោក ប៉ែន បូណា ដើម្បី​សាកសួរ​រឿង​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ទេ។

កាល​ពី​ពេល​ធ្វើការ​ឱ្យ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) លោក ប៉ែន បូណា ក៏​ធ្លាប់​បំពេញ​តួនាទី​ជា​អ្នក​កាសែត​វិជ្ជាជីវៈ​ម្នាក់​ដែរ ដោយ​លោក​បាន​រាយការណ៍​ពី​បញ្ហា និង​តថភាព​សង្គម​ផ្សេងៗ។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង ក្រោយ​ពី​បាន​ឡើង​កាន់​តួនាទី​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល។ គេ​សង្កេត​ឃើញ​ថា លោក ប៉ែន បូណា បាន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល​ទាំង​បិទ​ភ្នែក។ ពេល​ខ្លះ​ទៀត លោក​ហាក់​ដូចជា​ក្ដៅក្រហាយ​ជំនួស​ចៅហ្វាយនាយ​របស់​លោក ហើយ​ធ្វើ​ផ្ទុយ​ពី​តួនាទី​ជា​អ្នកនាំពាក្យ​ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ថែមទៀត​ផង។

អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា សម្ដែង​ការ​ហួសចិត្ត​​ដែល​បទ​ពិសោធន៍​ការងារ​រយៈពេល ៣០ឆ្នាំ មិន​អាច​ជួយ​លោក ប៉ែន បូណា ឱ្យ​យល់​ដឹង​អំពី​អ្វី​ទៅ​ជា​សេរីភាព​សារព័ត៌មាន សេរីភាព​សង្គម​ស៊ីវិល និង​សិទ្ធិមនុស្ស។ លោក​យល់​ថា លោក ប៉ែន បូណា ទំនងជា​កំពុង​ត្រេកអរ​ជាមួយ​នឹង​តួនាទី និង​បុណ្យ​សក្ដិ​ដែល​លោក​កំពុង​មាន​នៅ​ពេល​នេះ ប៉ុន្តែ​លោក​នឹង​បន្សល់​កេរ្តិ៍ឈ្មោះ​អាក្រក់​ជា​អ្នក​បម្រើ​ជន​ផ្ដាច់ការ​នៅ​ថ្ងៃ​អនាគត។

លោក ស៊ឹង សែនករុណា៖ «មនុស្ស​ប្រភេទ​ទាំងអស់​នេះ ខ្ញុំ​មិន​មាន​ការ​សោកស្ដាយ ផ្ទុយ​ទៅវិញ​នេះ​ជា​កាលៈទេសៈ​ដែល​យើង​ចម្រាញ់​សម្រាប់​អ្នក​ដែល​ស្មោះត្រង់ ដែល​បម្រើ​ដល់​សង្គម បម្រើ​ដល់​ប្រទេសជាតិ។ អ្នក​ទាំងអស់​នេះ​នឹង​ទុក​កេរ្តិ៍ឈ្មោះ​អសោច ហើយ​និង​កិត្តិយស​របស់​ខ្លួន​ហ្នឹង ត្រូវ​បាន​ពលរដ្ឋ​កត់សម្គាល់​ទៅ​ថ្ងៃ​ក្រោយ។ ក្មេងៗ​ ជំនាន់​ក្រោយ​នឹង​មើល​ឃើញ​ថា មនុស្ស​ទាំងអស់​នេះ​ហើយ គឺជា​អ្នក​ទៅ​ចូលរួម​ចំណែក​ក្នុង​ការ​បំផ្លាញ​សង្គម បំផ្លាញ​ប្រទេសជាតិ»

តំណភ្ជាប់ទាក់ទងនឹងលោក ប៉ែន បូណា

លោក ប៉ែន បូណា ចោទ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ថា ជា «អ្នក​ញុះញង់​បំផ្លាញ​សន្តិភាព»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។