ការសិក្សា​និង​ជីវិត​ការងារ​របស់​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​បរិស្ថាន​គឺ​លោក អ៊ាង សុផល្លែត

0:00 / 0:00

ក្រុម​សកម្មជន​សង្គម​និង​បរិស្ថាន​ហាក់​មិន​មាន​ជំនឿ​លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នៃ​ក្រសួង​បរិស្ថាន​ក្រោម​ការរៀបចំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ ពួកគេ​យល់​ឃើញ​ថា រដ្ឋមន្ត្រី​ថ្មី​លោក អ៊ាង សុផល្លែត អាច​មិន​ខុសពី​រដ្ឋមន្ត្រី​មុនៗ​នោះ​ដែរ គឺ​ធ្វើការ​តាម​ខ្សែ​ញាក់​របស់​នាយករដ្ឋមន្ត្រី​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​រួម​សម្រាប់​ជាតិ​ឡើយ។

តើ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត មាន​ប្រវត្តិ​សិក្សា និង​ជីវិត​ការងារ​យ៉ាង​ណា​ខ្លះ?

លោក អ៊ាង សុផល្លែត ក្នុង​រយៈពេល ២៦​ឆ្នាំ​នៃ​ការ​ចូល​ប្រឡូក​ការងារ​សង្គម និង​នយោបាយ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​លោក បាន​ផ្លាស់ប្ដូរ​មុខតំណែង​នៅ​តាម​ក្រសួង​នានា​ច្រើន​គួរសម។

មុខតំណែង​របស់​លោក​មួយ​ដែល​នៅ​បាន​ជាប់លាប់​និង​បាន​យូរ​ជាង​គេ​នោះ គឺ​តំណែង​ជំនួយការ​និង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្នុង​នោះ​លោក​ដើរ​តួនាទី​ជា​អ្នកនាំពាក្យ​នៅ​ក្រោយ​កិច្ចប្រជុំ​សំខាន់ៗ​ជាមួយ​ភាគី​អន្តរជាតិ​ដែល​មាន​លោក ហ៊ុន សែន ចូលរួម​តាំងពី​អំឡុង​ឆ្នាំ​១៩៩៧​មក។

លោក អ៊ាង សុផល្លែត មាន​ស្រុកកំណើត​នៅ​ស្រុក​រកាខ្នុរ ខេត្ត​កំពង់ចាម ក្នុង​គ្រួសារ​មួយ​មាន​បងប្អូន ៥​នាក់ និង​មាន​ឪពុក​ជា​គ្រូបង្រៀន។

លោក​កើត​នៅ​ឆ្នាំ​១៩៦៦ គិត​មក​ដល់​ឆ្នាំ​២០២៣ លោក​មាន​អាយុ ៥៧​ឆ្នាំ​ហើយ។

អ្នកសារព័ត៌មាន​ជាច្រើន​បាន​ស្គាល់​លោក​នៅក្នុង​ឱកាស​ដែល​លោក​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ស្ដីពី​លទ្ធផល​ក្រោយ​កិច្ចប្រជុំ​នីមួយៗ​ដែល​មាន​នាយករដ្ឋមន្ត្រី​ចូលរួម​ប្រជុំ ប៉ុន្តែ​ពេល​ផ្តល់​បទសម្ភាសន៍​ម្តងៗ​លោក​ហាក់​មិន​ហ៊ាន​ប្រាប់​អ្នកកាសែត​លម្អិត​ឲ្យ​ស៊ីជម្រៅ​នោះ​ឡើយ​ដោយ​លោក​បង្ហាញ​តែ​ពី​ចំណុច​វិជ្ជមាន​ប៉ុណ្ណោះ និង​ហាក់​មានការ​កំណត់ព្រំដែន​ពី​ផ្ទៃក្នុង​ការងារ​រួច​ជាស្រេច​ថា ត្រូវ​និយាយ​ឲ្យ​អ្នក​ខាងក្រៅ​កិច្ចប្រជុំ ឬ​អ្នកសារព័ត៌មាន​ដឹង​ត្រឹម​ប៉ុណ្ណា ហើយ​បើ​ទោះបីជា​អ្នកកាសែត​ប្រឹង​ឈ្លេច​សួររក​ដំណឹង​ក្តៅៗ​ស៊ីជម្រៅ​លើស​ពី​អ្វី​ដែល​លោក​បាន​ប្រាប់​រួច​ហើយ​នោះ ក៏​មិនបាន​ផល​ឡើយ​ដោយ​លោក​ព្យាយាម​មិន​ឆ្លើយ​ចំ​សំណួរ​របស់​អ្នក​កាសែត ឬ​បង្វែងដាន​ទៅ​រក​ចម្លើយ​ចាស់​ដដែលៗ។

ទំនងជា​ផ្តើម​ចេញ​ពី​ការងារ​នេះ និង​មាន​ឪពុកក្មេក​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ផង​ក៏​មិនដឹង​ដែល​ធ្វើ​ឲ្យ​លោក​មាន​រាសី​ខ្ពស់​ទទួល​បាន​មុខតំណែង​ធំ​នៅ​តាម​ក្រសួង​ស្ថាប័ន​ផ្សេងៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​មានការ​ផ្លាស់ប្ដូរ​ក្រសួង​ជា​ញឹកញាប់។

ដូចជា​នៅ​ឆ្នាំ​២០១១ លោក​បាន​បំពេញការងារ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ឆ្នាំ​២០១៣ លោក​ប្តូរ​ការងារ​ទៅកាន់​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក អ៊ាង សុផល្លែត បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​អនឡាញ (online) ក្នុងស្រុក​មួយ​ថា លោក​ធ្វើ​ការងារ​នេះ​បាន​ប្រមាណ ២​ឆ្នាំ​កន្លះ។ ក្នុង​រយៈពេល​នេះ​លោក​ថា លោក​បាន​ចងក្រង​សៀវភៅ​អំពី​ពូជ​ដំណាំ​កសិកម្ម និង​របៀប​នៃ​ការ​ដាំដុះ និង​ការ​ចិញ្ចឹមសត្វ​មួយ​ចំនួន តែ​មិន​ទាន់​បាន​ចប់​ចុង​ដើម​ផង លោក​ក៏​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ក្រសួង​ផ្សេង​មួយ​ទៀត នៅ​អំឡុង​ឆ្នាំ​២០១៦។

លោក អ៊ាង សុផល្លែត៖ «ហើយ​ក្នុង​ដំណើរការ​ដែល​ខ្ញុំ​ធ្វើការ​នៅក្នុង​ក្រសួង​នេះ​ឃើញ​ថា​ប្រជា​កសិករ​យើង គឺ​កំពុង​ត្រូវការ​នូវ​ចំណេះដឹង​ពាក់ព័ន្ធ នឹង​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​កសិកម្ម​នេះ​....»។

នៅ​អំឡុង​ឆ្នាំ​២០១៦​ដដែល​នោះ លោក​ផ្លាស់​ទៅ​កាន់​ក្រសួង​បរិស្ថាន​ក្នុង​មុខតំណែង​ដំបូង​ជា​អនុរដ្ឋលេខាធិការ ជា​បន្ត​បន្ទាប់​មក​ទៀត នៅ​ម្តុំ​ឆ្នាំ​២០១៨​លោក​បាន​ឡើង​ឋានៈ​ជា​រដ្ឋលេខាធិការ​រហូត​ក្លាយ​ជា​រដ្ឋមន្ត្រី​នៅ​ក្រសួង​ដដែល​នេះ​តែម្តង​នៅ​ឆ្នាំ​២០២៣។

ទស្សន​យល់ឃើញ​របស់​ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន

ទាក់ទង​ការ​ឡើង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នេះ ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ហាក់​មិន​មាន​ជំនឿ​លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី នៃ​ក្រសួង​បរិស្ថាន​ក្រោម​ការរៀបចំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

ពួកគេ​យល់​ឃើញ​ថា រដ្ឋមន្ត្រី​ថ្មី​លោក អ៊ាង សុផល្លែត អាច​មិន​ខុសពី​រដ្ឋមន្ត្រី​មុនៗ​នោះ​ដែរ គឺ​ធ្វើការ​តាម​ខ្សែ​ញាក់​របស់​នាយករដ្ឋមន្ត្រី ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ​ឡើយ។

មន្ត្រី​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង និយាយ​ថា បើ​នាយករដ្ឋមន្ត្រី​មិន​ផ្ទេរ​ការ​សម្រេចចិត្ត និង​ប្រគល់​ការ​ទទួល​ខុសត្រូវ​មក​ឲ្យ​រដ្ឋមន្ត្រី​ធ្វើការ​តាម​ជំនាញ​ពិតប្រាកដ​នោះ​ទេ ទោះជា​ត្រូវ​ប្តូរ​រដ្ឋមន្ត្រី​ប៉ុន្មាន​ដង​ទៀត​ក៏​គ្មានអ្វី​ប្រែប្រួល​ដែរ។

លោក ហេង គឹមហុង៖ «មាន​រដ្ឋមន្ត្រី​ថ្មី​ក៏ដោយ​បើ​លោក​ឡើង​មក​អត់​បាន​កំណត់​ទិសដៅ​ការងារ​របស់​ខ្លួន​ទេ ហើយ​ឡើង​មក​គ្រាន់តែ​បំពេញ​តួនាទី​ស្រប​តាម​តួអង្គ​ដែល​មាន​ការ​ចាត់ចែង​នោះ ខ្ញុំ​គិតថា​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅតែ​ជួប​គ្រោះថ្នាក់​ធ្វើ​ឲ្យ​មហាជន​អស់​សង្ឃឹម​ដូច​អាណត្តិ​មុន​ដែរ​...»។

អំពី​ប្រវត្តិ​ការ​សិក្សា

លោក អ៊ាង សុផល្លែត ជា​បញ្ញវ័ន្ត​មួយ​រូប​ដែល​បាន​សិក្សា​ពី​ប្រទេស​លោក​សេរី។

ក្នុង​អំឡុង​ពេល​កម្ពុជា​ទើប​រួចផុត​ពី​របប​ខ្មែរក្រហម ក្រោយ​ឆ្នាំ​១៩៧៩ មាន​ពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ជាពិសេស​នាំគ្នា​ទៅ​រស់នៅ​រៀនសូត្រ​នៅ​ជុំរុំ​ជនភៀសខ្លួន​តាម​ព្រំដែន​ក្នុង​ទឹកដី​ថៃ ដើម្បី​គេច​ចេញពី​សង្គ្រាម និង​ខ្លះ​មានបំណង​ចាកចេញ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី​៣​ក្នុង​នោះ​ក៏​មាន​លោក អ៊ាង សុផល្លែត ដែរ។

លោក អ៊ាង សុផល្លែត បាន​ភៀស​ខ្លួន​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ជុំរុំ​ជនភៀសខ្លួន​នៅ​ខាវអ៊ីដាង ប្រទេស​ថៃ នៅ​ចុង​ឆ្នាំ​១៩៨២។

ទីនោះ​ហើយ​ដែល​លោក​បាន​សិក្សា​ភាសា​បរទេស​សិក្សា​អំពី​ឱសថ​បុរាណ និង​ការងារ​រៀនសូត្រ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។

លោក អ៊ាង សុផល្លែត បាន​ផ្តល់​បទសម្ភាស​ឲ្យ​សារព័ត៌មាន​អនឡាញ​ក្នុងស្រុក​មួយ​ថា ក្នុង​ពេល​នោះ​លោក​មានឱកាស​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ជំរុំ​នោះ​មួយ រយៈពេល​ខ្លី​ដែរ មុននឹង​លោក​ចាក​ចេញទៅ​រស់នៅ​ប្រទេស​កាណាដា នៅ​ចុងឆ្នាំ​១៩៨៤។ លោក​បញ្ជាក់​ថា ទាំង​នេះ​គឺជា​សុបិន្ដ និង​ជា​ក្តី​ប្រាថ្នា​របស់​លោក​តាំង​ពី​ដើម​មក។

នៅពេល​ទៅ​ដល់​ប្រទេស​កាណាដា​លោក​បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ​មួយ​ឈ្មោះ​វ៉ិកតូរីយ៉ា ខំផូសិត​(Victoria Composite) អំឡុង​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៨៩។

បន្ត​មក​ទៀត​លោក​ក៏បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​កាល់ហ្គារី (Calgary) រហូត​ទទួល​បាន​សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ផ្នែក​វិស្វករ នៅ​ចន្លោះ​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​១៩៩៤។

ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ លោក​ក៏បាន​ចូល​បម្រើ​ការងារ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ បាន​រយៈពេល​ជាង​មួយឆ្នាំ នៅ​ខេត្ត​អេដមុនតុន អាល់បឺតា (Edmonton Alberta) ប្រទេស​កាណាដា។

ពេល​វិល​មក​កម្ពុជា​វិញ នៅ​អំឡុង​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៧ លោក​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សំណង់​មួយ​ទីក្រុង​ភ្នំពេញ។ ទំនងជា​ពេលនោះ​ហើយ​ដែល​លោក​បាន​ជួប​ប្រពន្ធ​របស់​លោក​សព្វថ្ងៃ​នេះ​ដែល​ជា​កូនស្រី​របស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ហើយក៏​ទំនងជា​ឱកាស​នោះ​ដែរ​ហើយ ដែល​លោក​អាច​ជ្រៀតចូល​ទៅ​យក​តំណែង​ធំ​នៅ​តាម​ក្រសួង​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​មក​នោះ។

EangSophallet_wife.jpg
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង​ សុផល្លែត និងភរិយា ពេលចុះជួបពលរដ្ឋ។ រូប៖ ហ្វេសប៊ុកលោក អ៊ាង សុផល្លែត

បើ​តាម​ប្រវត្តិ​សិក្សា​របស់​លោក និង​ការងារ​ដែល​លោក​ទទួលខុសត្រូវ​ក្នុង​រដ្ឋាភិបាល​ភាគ​ច្រើន​ហាក់​មិនសូវ​ស៊ី​សង្វាក់​គ្នា​ឡើយ។

ក្រៅពី​ការងារ​បម្រើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មាន​គេ​ស្គាល់​លោក អ៊ាង សុផល្លែត តាម​ការ​បើក​អាជីវកម្ម​រកស៊ី​ផ្សេងៗ និង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឈ្មោះ អ៊ាង សុផល្លែត ដែល​ផ្ដោត​លើ​ការ​ចែករំលែក​អំពី​កសិកម្ម និង​រូបមន្ត​ផ្សំ​ឱសថ​បុរាណ​ជាដើម​ដោយ​មាន​អ្នក Likes ជាង​៤​លាន​នាក់។

អំពី​សែស្រឡាយ​នៃ​ការ​ចងសម្ព័ន្ធ​គ្រួសារ​ក្នុង​សង្គម

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី ជា សុផាកន្នី ជា​កូនស្រី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា។

អ្នកស្រី ជា សុផាកន្នី ក៏​បាន​រៀនសូត្រ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់។

អ្នកស្រី​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​សាលារៀន​អន្តរជាតិ​ផារ៉ាហ្គន (Paragon) និង​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន។ ជាមួយ​គ្នា​នេះ អ្នកស្រី​ក៏​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ផង​ដែរ។ អ្នក​ទាំងពីរ​មានកូន ៣​នាក់​ប្រុស ១ ស្រី​២។

EangSophallet_family.jpg
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង​ សុផល្លែត និងក្រុមគ្រួសារ។ រូប៖ ហ្វេសប៊ុកលោក អ៊ាង សុផល្លែត

កូនៗ​ក្នុង​គ្រួសារ​អភិជន​មួយ​នេះ ក៏​មិន​ខុសពី​កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់អំណាច​ដទៃទៀត​នោះ​ដែរ ដែល​ឪពុកម្ដាយ​របស់​ពួកគេ​តែងតែ​ចងសម្ព័ន្ធ​តាមរយៈ​ឲ្យ​កូនៗ​រៀបការ​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយទៀត។ បន្ទាប់មក​ក៏​បញ្ចូល​ពួកគេ​ទាំងនោះ​ទៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ឲ្យ​មានមុខ​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

ដូចជា​ថ្មីៗ​នេះ​កូនស្រី​លោក អ៊ាង សុផល្លែត ផ្ទាល់​គឺ​អ្នកស្រី អ៊ាង និធិជ្ជនីដឺណេ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ដែល​ត្រូវជា​ជីតា​របស់​ខ្លួន​តែងតាំង​ជា​សមាជិក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​កាលពី ខែ​មីនា​ឆ្នាំ​២០២៣។

អ្នកស្រី អ៊ាង និធិជ្ជនីដឺណេ បាន​រៀបការ​ជាមួយ លោក ប៉ែន សម្អាតសុទ្ធចិត្ត ជា​កូនប្រុស​លោក ប៉ែន សម្អាត ជាទី​ប្រឹក្សា​លោក ហ៊ុន សែន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រមទាំង​ជា​អគ្គនាយករង​គយ និង​រដ្ឋាករ​កម្ពុជា​ទៀត​ផង។

ពិធី​មង្គលការ​អ្នក​ទាំង​២​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​អំពី​ការរៀបចំ​ពិធី​ដ៏​អស្ចារ្យ​ដែល​ចំណាយ​លុយ​អស់​ជាច្រើន​ដែល​ប្រហែល​អាច​ចូល​ដល់​លាន​ដុល្លា​ទៀត​ផង។

មហាជន​មួយចំនួន​ក៏​ផ្ទុះ​ការរិះគន់​ដែរ​ថា ការ​ចំណាយ​លុយ​ច្រើន​បែបនេះ​ដូច​មិន​សមជា​មន្ត្រី​ក្នុង​ប្រទេស​ក្រីក្រ ដែល​ពលរដ្ឋ​មួយ​ចំនួន​ធំ​រក​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​ពុំបាន​គ្រប់​ពេល​ផង តែ​បែរជា​មន្ត្រី​ទទួល​ប្រាក់ខែ​ពី​ពលរដ្ឋ តាមរយៈ​ការ​បង់ពន្ធ​នោះ សល់​លុយ​ចាយ​មិន​អស់​យក​ទៅ​ដាំ​ផ្កា​រាប់​ម៉ឺន​ដើម ចែក​គ្នា​ដោយ​គ្រាន់តែ​ចង់បាន​មុខមាត់​បង្អួត​គ្នាឯង តែមួយ​ពេល​ក្នុង​ថ្ងៃ​មង្គល​ការកូន​នោះ។

លោក អ៊ាង សុផល្លែត ក៏​នឹង​ក្លាយ​ជា​ដន្លង​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដោយ​កូនប្រុស​លោក អ៊ាង សុផល្លែត បាន​ភ្ជាប់ពាក្យ​រួចហើយ​ជាមួយនឹង​កូនស្រី លោក ឃួង ស្រេង កាល​ពី​ពេល​ថ្មី​នេះ។

ទោះ​យ៉ាងណា​ក្រុម​សកម្មជន​សង្គម និង​បរិស្ថាន​ចង់​ឃើញ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី​គឺ លោក អ៊ាង សុផល្លែត បង្ហាញ​ស្នាដៃ​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​បរិស្ថាន​ព្រៃឈើ​នេះ ឲ្យ​បាន។ ក្នុង​នោះ​រួមមាន​បញ្ហា​លប់​បឹង​ធម្មជាតិ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ការ​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ការរំលោភ​យក​ដែន​ព្រៃ​អភិរក្ស និង​ការ​កកាយ​រំលាយ​ភ្នំ​ធម្មជាតិ​ពី​សំណាក់​អ្នកមាន​លុយ​មានអំណាច​នោះ​ជាដើម​។ លើស​ពី​នេះ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្មី​រូប​នេះ​ឈប់​ហាមឃាត់​សកម្មជន​ការពារ​ព្រៃឈើ​ចូល​ព្រៃ​ដើម្បី​ការពារ​ធនធានធម្មជាតិ។

ពួកគេ​ថា បើសិន​លោក​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​បាន នោះ​ទើប​អាច​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​អាច​លុប​ស្នាម​អាស្រូវ​ជាច្រើន​ដែល​ធ្នាប់​កើតមាន​ពីមុន​មក​នៅ​ក្នុង​ក្រសួង​មួយ​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។