សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកចំនួន១៨ ទទួលបានសិទ្ធិក្នុងការអនុវត្តកូតានាំចេញអង្ករទៅប្រទេសចិន ក្នុងជំហានដំបូងដែលនឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមកំណើនកូតានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ អ្នកជំនាញកសិកម្ម និងក្រុមហ៊ុននាំចេញអង្ករ បង្ហាញការសាទរ តែស្នើឲ្យរដ្ឋាភិបាលត្រូវតែពន្លឿនដោះស្រាយប្រព័ន្ធធារាសាស្ត្រ និងយកចិត្តទុកដាក់លើគុណភាពផលិតបន្ថែមទៀត។
សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការបង្កើនចំនួននាំចេញប្រមាណ ២០ម៉ឺនតោនទៅកាន់ប្រទេសចិន នឹងជួយស្រោចស្រង់វិស័យស្រូវអង្ករកម្ពុជា ឲ្យល្អប្រសើរឡើង។
ការលើកឡើងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅពេលនេះ ធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំពិភាក្សាពិសេស រករូបមន្តអនុវត្តអនុស្សរណៈយោគយល់គ្នាសម្រាប់ឆ្នាំ២០១៧ ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារចិន ឲ្យបានជោគជ័យ និងបម្រើផលប្រយោជន៍សមាជិកទាំងអស់ ក៏ដូចជាប្រជាកសិករកម្ពុជា ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ។
ករណីនេះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានប្រាប់អាស៊ីសេរីថា ក្រោយពីមានកិច្ចការចុះអនុស្សរណៈយោគយល់គ្នា និងតំណាងក្រុមហ៊ុនចិន ឈ្មោះ កូហ្វកូ (COFCO ) កាលពីពេលថ្មីនេះៗ បានសម្រេចឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ (Green Trade)សហការគ្នាធ្វើយ៉ាងណាជំរុញចំនួនកូតានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ឲ្យសម្រេចបានជោគជ័យ។
លោកបញ្ជាក់ថា ការនាំចេញអង្ករក្រោមកូតាចំនួន ២០ម៉ឺនតោន មានក្រុមហ៊ុនចំនួន១៨ នឹងទទួលបានសិទ្ធិក្នុងការអនុវត្តកូតានាំចេញអង្ករទៅប្រទេសចិន ដោយសារតែក្រុមហ៊ុនទាំងអស់នោះមានសមត្ថភាព និងបទពិសោធន៍ និងធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសចិន នាពេលកន្លងទៅ៖ « ការសម្រេចរបស់សហព័ន្ធ និងភាគីចិន គឺយើងសម្រេចដោយបានបង្កើតជាក្រុមការងារមួយ ដើម្បីយើងរៀបចំយុទ្ធសាស្ត្របន្តទៀតក្នុងការនាំចេញទៅចិន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ពិសេសឲ្យយើងត្រៀមយ៉ាងណា ថាយើងពិតអាចមានលទ្ធភាពនាំចេញអង្ករទៅកាន់ចិន ពិតប្រាកដមែន »។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា រូបនេះបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយក្នុងការនាំចូលអង្ករពីកម្ពុជា ក្រោមកូតានាំចេញ ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ អង្ករនាំចេញនេះត្រូវតែឆ្លងកាត់ការចុះបញ្ជីពីការធ្វើតេស្ដគុណភាព និងធានាអនាម័យឲ្យបានល្អ៖ « ទីមួយ យើងមើលទៅលើគុណភាព មើលទៅលើប្រព័ន្ធនៃការគ្រប់គ្រង មើលទៅលើអនាម័យជាតិពុលផ្សេងៗ ជាពិសេសយើងមើលថា ប្រព័ន្ធរោងម៉ាស៊ីនកិនស្រូវរបស់យើងគ្រប់គ្រងបានត្រឹមត្រូវអត់ »។
ទាក់ទិននឹងរឿងនេះដែរ លោក ឡាយ ឈុន ហួរ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ ស៊ីធីរ៉ាយ (City Rice) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចេញទៅទីផ្សារចិន ក្នុងចំណោមក្រុមហ៊ុនចំនួន១៨ នោះ បានបង្ហាញការសាទរលើការបង្កើនចំនួននាំចេញអង្ករនេះ។ ប៉ុន្តែលោកបារម្ភថា បរិមាណនាំចេញនេះអាចនឹងលំបាកសម្រេច ប្រសិនបើមានកត្តាគ្រោះធម្មជាតិកើតមាននៅឆ្នាំក្រោយ ហើយបញ្ហាប្រឈមក្នុងវិស័យកសិកម្មមិនទាន់បានដោះស្រាយឲ្យមានប្រសិទ្ធភាពនោះ៖ « ខ្ញុំយល់ថា ការនាំចេញ ២០ម៉ឺនតោន វាមានការលំបាកបន្តិច ប្រសិនបើធាតុអាកាសមិនអំណោយផលខាងរដ្ឋាភិបាល យើងគួរតែពង្រឹងធារាសាស្ត្រ ស្ដារប្រឡាយទឹកឡើងវិញ ជាពិសេសគាត់គួរតែពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមនៅតំបន់ណាដែលមិនមានប្រភពទឹកគ្រប់គ្រាន់ »។
ចំណែកឯអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា នេះជាជំហានល្អរបស់វិស័យស្រូវអង្ករកម្ពុជា ប៉ុន្តែលោកបារម្ភថា គុណភាពអង្ករកម្ពុជា គឺភាគីចិន អាចទទួលយកបាន ប៉ុន្តែបញ្ហាដែលព្រួយបារម្ភនៅត្រង់ថា តម្លៃអង្ករកម្ពុជា ថាតើចិន អាចទទួលយកបានឬយ៉ាងណា? ដោយសារតែប្រទេសចិន តែងតែប្រៀបធៀបតម្លៃអង្ករកម្ពុជា ទៅនឹងតម្លៃអង្ករនៃប្រទេសជិតខាងកម្ពុជា។
លោកថា មូលហេតុតម្លៃខុសគ្នា ដោយសារវិស័យស្រូវអង្ករកម្ពុជា នៅជួបឧបសគ្គនៃការចំណាយថ្លៃដឹកជញ្ជូនខ្ពស់ ការចំណាយលើអគ្គិសនីខ្ពស់ជាដើម ដែលធ្វើឲ្យកម្ពុជា មិនអាចប្រកួតប្រជែងជាមួយប្រទេសថៃ និងវៀតណាម បាន៖ « ធ្វើមានថ្លៃដើមផលិត យើងត្រូវតែធ្វើឲ្យធូរថ្លៃ ទាំងកែច្នៃ ថ្លៃដឹកជញ្ជូន អគ្គិសនី ឲ្យវាមានតម្លៃពិសេស ដើម្បីសម្រួលការនាំចេញអង្ករ »។
លោកចង់ឃើញរដ្ឋាភិបាលត្រូវតែប្រញាប់ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដើម្បីធានាគុណភាពអង្ករ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅរយៈពេល ១១ខែក្នុងឆ្នាំ២០១៦ នេះ កម្ពុជា នាំចេញអង្ករបានជាង ៤៧ម៉ឺនតោន (៤៧៩.៦៨៩តោន) គឺកើនឡើង ៥% លើសបរិមាណនាំចេញរយៈពេល ១១ខែក្នុងឆ្នាំ២០១៥ ដែលមានចំនួនជាង ៤៥ម៉ឺនតោន (៤៥៦.៩១៧តោន)។
របាយការណ៍នេះក៏បញ្ជាក់ទៀតថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំនេះមានការនាំចេញទៅកាន់ទិសដៅចំនួន ៦៤ប្រទេស តាមរយៈក្រុមហ៊ុនចំនួន៨៣។ ក្នុងចំណោមទិសដៅនាំចេញទាំងនោះ ឃើញមានកំណើនខ្ពស់បំផុតក្នុងលំដាប់លេខ១ គឺប្រទេសចិន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ រំពឹងថា ការអនុវត្តអនុស្សរណៈនេះពិតជាមានសារសំខាន់ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលទើបសម្រេចផ្តល់កូតាបន្ថែមរហូតទ្វេដង ព្រោះកន្លងមក ថ្វីត្បិតតែក្រុមហ៊ុននាំចេញរបស់កម្ពុជា មានច្រើន តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលបាននាំចេញទៅកាន់ទីផ្សារចិន ពិតប្រាកដ។
សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា សម្រាប់ក្រុមហ៊ុនដែលមិនទាន់បានជ្រើសរើសសម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន ហើយចង់រកច្រកនាំចេញទៅកាន់ទីផ្សារចិន នោះ ក្រុមហ៊ុនទាំងនោះអាចចូលតាមច្រកសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាតួអង្គដ៏សំខាន់មួយសម្រាប់សម្របសម្រួលក្នុងការនាំចេញ។
ក្រៅពីបង្កើនចំនួនកូតានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ទៅកាន់ប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករ នឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករជាមួយប្រទេសឥណ្ឌូនេស៊ី ចំនួន ១០ម៉ឺនតោន ប្រទេសហ្វីលីពីន ចំនួន ១០ម៉ឺនតោន ប្រទេសវៀតណាម ប្រមាណជិត ៤០ម៉ឺនតោន និងប្រទេសទីម័រខាងកើត ប្រមាណ ២០ម៉ឺនតោននៅឆ្នាំ២០១៧ ខាងមុខនេះ។
កន្លងទៅ រដ្ឋាភិបាលធ្លាប់ដាក់គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែគោលដៅនេះ រដ្ឋាភិបាលបានបរាជ័យ ហើយជាក់ស្ដែង កម្ពុជា នាំអង្ករចេញបានសម្រេចតែ ៥៣ម៉ឺនតោនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។