បច្ចេកទេស​ដាំ​អូក្រា ឬ​ពោត​បារាំង

0:00 / 0:00

អូក្រា (Okra) ជា​ដំណាំ​មក​ពី​តំបន់​អាហ្វ្រិក​កណ្ដាល ប្រទេស​អេត្យូពី (Ethiopia)។ នៅ​ប្រទេស​កម្ពុជា ដំណាំ​អូក្រា​នេះ ត្រូវ​គេ​ហៅ​ថា ពោត​បារាំង ឬ​ដៃ​នាង ទៅ​តាម​ការ​និយម​ហៅ​តាម​តំបន់។ អូក្រា ឬ​ពោត​បារាំង គេ​អាច​យក​ទៅ​កែច្នៃ​ជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដោយ​ការ​ចម្អិន​ក៏​បាន និង​ហូប​ឆៅ​ក៏​បាន។

តើ​ការ​ដាំ​ដំណាំ​អូក្រា ឬ​ពោត​បារាំង យ៉ាង​ដូចម្ដេច ដើម្បី​ដុះ​លូតលាស់​បាន​ល្អ?

ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ ត្រូវ​ការ​អូក្រា ឬ​ពោត​បារាំង នៅ​ពេល​ដែល​ពលរដ្ឋ​កាន់​តែ​ច្រើន ត្រូវ​ការ​ផ្លែ​ពោត​បារាំង នេះ ដើម្បី​ធ្វើ​ជា​បន្លែ​ផ្សំ​ក្នុង​អាហារ។

ស្រប​ពេល​ដែល​អូក្រា ជា​ដំណាំ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​ខ្លាំង ឬ​កម្ដៅ​ខ្លាំង ពិសេស​មិន​សូវ​ត្រូវ​ការ​ជី​បំប៉ន​ច្រើន បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​កសិករ​នៅ​ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ចាប់​អារម្មណ៍​ដាំ​ដំណាំ​ប្រភេទ​នេះ។

លោក ស៊ឹម រុំ ជា​កសិករ​ដាំ​ដំណាំ​អូក្រា ឬ​ពោត​បារាំង បាន​ជោគជ័យ​ដោយ​ដាំ​តាម​បែប​ធម្មជាតិ ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ លើក​ឡើង​ថា ដំណាំ​នេះ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ទាំង​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​សុខភាព ព្រម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត៖ «គេ​យក​ទៅ​ហាន់​វា​ហើយ រួច​យក​ទៅ​ហាល​ថ្ងៃ ឆុង​ហូប​ដូច​តែ វា​ជួយ​ជំនួយ​សន្លាក់ ហើយ​គេ​អាច​យក​ផ្លែ​វា​ហូប​ឆៅ​ក៏​បាន ដើម្បី​ជំនួយ​ជាតិ​រំអិល​ក្រពះ»

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) បង្ហាញ​ដែរ​ថា ដំណាំ​អូក្រា មាន​ផ្ទុក​ជីវជាតិ​វីតាមីន​អា (A) វីតាមីន​សេ (C) ហើយ​សម្បក​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក កាល់ស្យូម (CA) សារធាតុ​ខ្លាញ់ ផេះ និង​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ជាច្រើន​ទៀត។ ឯកសារ​ដដែល​បញ្ជាក់​ទៀត​ថា ជាតិ​សរសៃ​ដ៏​ល្អ​ក្នុង​ដំណាំ​នេះ អាច​ជួយ​ទប់ទល់​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម មិន​ឲ្យ​ឡើង​ខ្លាំង ជួយ​ឲ្យ​ពោះវៀន​ធំ​ងាយ​ស្រួល​បញ្ចេញ​ចោល ជួយ​ការពារ​នូវ​រោគ​ទល់​លាមក​បាន​ល្អ អាច​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ដំបៅ និង​រលាក ជួយ​សម្រួល​ដំណើរ​ការ​របស់​សួត និង​បំបាត់​ការ​ឈឺ​ចាប់​បំពង់​ក រួម​នឹង​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន​ទៀត។

ផ្កា​អូក្រា (Okra) ឬ​ពោត​បារាំង នៅ​ក្នុង​ចម្ការ​របស់​កសិករ ស៊ឹម រុំ ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
ផ្កា​អូក្រា (Okra) ឬ​ពោត​បារាំង នៅ​ក្នុង​ចម្ការ​របស់​កសិករ ស៊ឹម រុំ ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥ (RFA/Um Rainsey)

បន្ទាប់​ពី​បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ដំណាំ​ពោត​បារាំង រួច​មក ម្ចាស់​ចម្ការ​ម្នាក់​នេះ ឲ្យ​ដឹង​បន្ត​ថា ផ្លែ​ពោត​បារាំង ផ្ដល់​ផល​ក្នុង​រយៈពេល ៥០ ទៅ ៦០​ថ្ងៃ។ ជាង​នេះ​ទៀត ពោត​បារាំង ដែល​លោក​ដាំ​លក់​ឲ្យ​ទីផ្សារ​សេដាក​នៅ​ភ្នំពេញ ១​គីឡូក្រាម ក្នុង​តម្លៃ ៥.៥០០​រៀល។

មក​ដល់​ត្រង់​ចំណុច​នេះ លោក ស៊ឹម រុំ បាន​ឲ្យ​ដឹង​បន្ត​ថា ដំណាំ​ពោត​បារាំង ដែល​លោក​ដាំ​បែប​ធម្មជាតិ មាន​ជាង ៥០០​ដើម ជា​ប្រភេទ​ពូជ​មក​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​ប្រទេស​ប៊ូតង់ (Bhutan) ដែល​អាច​រក​បាន​តាម​រយៈ​អង្គការ​សេដាក។ លោក ស៊ឹម រុំ អះអាង​ថា ពូជ​ទាំង​ពីរ​នេះ​មាន​របៀប​ដាំ​ដូច​គ្នា។ លោក​បន្ត​ថា មុន​ដាំ ចាំបាច់​ត្រូវ​កាប់​ដី​ជម្រៅ ២​តឹក ទំហំ ២,៥​តឹក និង​គម្លាត​ពី​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ចាប់​ពី ០,៥​ម៉ែត្រ​ទៅ ១​ម៉ែត្រ។ បន្ទាប់​មក យក​ជីកំប៉ុស​ដែល​មាន​ប្រភេទ​ដី​បាត​បឹង លាមក​គោ ដាក់​ចូល​ក្នុង​រណ្ដៅ​នោះ ដើម្បី​រក្សា​សំណើម​ដី៖ «ដាំ​វា​អត់​ខុស​ពី​ពោត​យើង​ទេ វា​ទាមទារ​ដី​ល្អ អា​នេះ​បើ​យើង​ចង់​ចៀស​គីមី យើង​ដាំ​ដំណាំ​នេះ​វា​ត្រូវ​ហើយ គ្រាន់​តែ​យក​ដី​បាត​ត្រពាំង និង​ជីកំប៉ុស​មក​លាយ​គ្នា ដាក់​ចូល​រណ្ដៅ​ដែល​បាន​រៀបចំ​រួច​ជា​ការ​ស្រេច»

លោក ស៊ឹម រុំ បន្ត​ថា បន្ទាប់​ពី​រៀបចំ​រណ្ដៅ​រួច​មក លោក​ថា គេ​អាច​ដាំ​វា​ដោយ​កូន​ក៏​បាន ដោយ​គ្រាប់​ក៏​បាន ប៉ុន្តែ​លោក​ជ្រើស​រើស​ការ​ដាំ​ដំណាំ​នេះ​ដោយ​គ្រាប់ ព្រោះ​ងាយ​ធំ​ធាត់​លឿន ចំណេញ​ពេលវេលា​ថែទាំ។ ប៉ុន្តែ​លោក​ថា មុន​ដាំ ត្រូវ​យក​គ្រាប់​របស់​ពោត​បារាំង ទៅ​ត្រាំ​ទឹក​មួយ​យប់​សិន ក្រោយ​មក​យក​គ្រាប់​ដែល​បាន​ត្រាំ​ទឹក​រួច​នោះ ទៅ​ដាំ​ក្នុង​រណ្ដៅ​ដោយ​ក្នុង​មួយ​រណ្ដៅ​ដាក់​គ្រាប់​ពោត​បារាំង មួយ​គ្រាប់ តែ​ត្រូវ​ជ្រើស​រើស​យក​គ្រាប់​ណា​ដែល​ណែន​ល្អ៖ «បើ​យើង​ដាំ​គ្រាប់​វា​ធន់​ជាង វា​ដឹង​តែ​រស់​ហើយ តែ​បើ​យើង​ដាំ​កូន អាល័យតែ​ទៅ​ដក​កូន ទៅ​ឆ្កឹះ​កូន​វា​ស្វិត ពន្យារពេល​យូរ តែ​បើ​ដាំ​គ្រាប់​វា​ដឹង​រស់​ហើយ»

តើ​របៀប​ថែទាំ​ដំណាំ​អូក្រា ឬ​ពោត​បារាំង មាន​អ្វី​ខ្លះ?

លោក ស៊ឹម រុំ បាន​ឲ្យ​ដឹង​ទៀត​ថា ពោត​បារាំង មិន​ត្រូវ​ការ​ជ្រោយ​ដី បោច​ស្មៅ ហើយ​វា​មិន​សូវ​ត្រូវ​ការ​ថែទាំ​ច្រើន​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ដើម្បី​ថែទាំ​ដំណាំ​ពោត​បារាំង ទាន់​តម្រូវ​ការ​ទីផ្សារ លោក​គ្រាន់​តែ​ថែទាំ​វា​ដោយ​ប្រើ​ជីកំប៉ុស​ធម្មជាតិ ដូចជា​ទឹក​នោម​គោ លាមក​គោ ស្រោច​ក្បែរ​ដើម​ពោត​បារាំង ជា​ការ​ស្រេច។ ជាង​នេះ​ទៀត លោក​ថា បើ​ខែ​វស្សា ស្រោច​ទឹក​មួយ​សប្ដាហ៍ ១​ដង​បាន​ហើយ តែ​បើ​រដូវ​ប្រាំង ទាមទារ​ស្រោច​ទឹក​ញឹកញាប់​បន្តិច៖ «សំខាន់ គឺ​រឿង​ទឹក​ហ្នឹង​ហ្មង ឲ្យ​តែ​គ្រប់គ្រាន់​ជា​ការ​ស្រេច ហើយ​យើង​ថែម​ជី​លាមក​គោ ទឹក​នោម​គោ ទឹក​នោម​មនុស្ស លាយ​ជាមួយ​គ្នា​យក​ទៅ​ស្រោច​ក្បែរ​ចន្លោះ​ដើម​វា​រឹត​តែ​ល្អ»

ចម្ការ​អូក្រា (Okra) ឬ​ពោត​បារាំង របស់​កសិករ ស៊ឹម រុំ ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥
ចម្ការ​អូក្រា (Okra) ឬ​ពោត​បារាំង របស់​កសិករ ស៊ឹម រុំ ស្ថិត​នៅ​ភូមិ​ទូល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥ (RFA/Um Rainsey)

ឯកសារ​សេដាក ស្ដីពី​បច្ចេកទេស​ដាំ​ដំណាំ​អូក្រា ឬ​ពោត​បារាំង បាន​ឲ្យ​ដឹង​ដែរ​ថា ស្លឹក​របស់​អូក្រា មាន​រាង​ដូច​ជា​ម្រាម​ដៃ​ដែល​មាន​រាង​ឆែកៗ​ចាប់​ពី ៥ ទៅ ៧​ឆែក។ អូក្រា មាន​ដើម​បែក​មែក និង​មាន​កម្ពស់ ១២០​សង់ទីម៉ែត្រ ឬ​អាច​ខ្ពស់​ជាង​នេះ។ ផ្កា​របស់​វា​មាន​ពណ៌​លឿង ស ក្រហម ឬ​ស៊ី​ជម្ពូ ហើយ​ផ្កា​មាន​ប្រាំ​ត្របក អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ។

នៅ​ប្រទេស​កម្ពុជា ដំណាំ​អូក្រា ដែល​កសិករ​និយម​ដាំ​ដុះ​ជាង​គេ ភាគ​ច្រើន​ប្រភេទ​ពូជ​ដែល​មាន​ផ្កា​ព័ណ៌​ស៊ី​ជម្ពូ និង​ពណ៌​លឿង។

ឯកសារ​ដដែល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អូក្រា ជា​ដំណាំ​ប្រភេទ​ថ្មី ដូច្នេះ​មិន​សូវ​មាន​សត្វ​ចង្រៃ​បំផ្លាញ​នោះ​ទេ។

ទន្ទឹម​គ្នា​នេះ ម្ចាស់​ចម្ការ​ពោត​បារាំង ម្នាក់​នេះ​អះអាង​ដែរ​ថា ចម្ការ​ពោត​បារាំង ជាង ៥០០​ដើម​របស់​លោក មិន​ដែល​មាន​សត្វ​ចង្រៃ​មក​បំផ្លាញ​នោះ​ឡើយ។ លោក​បាន​ណែនាំ​ឲ្យ​កសិករ ចេះ​ដាំ​ដំណាំ​ឆ្លាស់​គ្នា ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់៖ «កាល​ណា​យើង​ដាំ​មិន​ដូរ​មុខ​បន្លែ វា​បណ្ដាល​ឲ្យ​ស៊ាំ​ដី កើត​សត្វ​ល្អិត ដូច​សា​មុន​ខ្ញុំ​ដាំ​ដំណាំ​ប៉េងប៉ោះ​ទេ តែ​សា​ក្រោយ​នេះ ខ្ញុំ​ដាំ​ពោត​បារាំង វិញ ចឹង​សត្វ​ល្អិត​ចង្រៃ​អា​វា​ស៊ី​ប៉េងប៉ោះ វា​ងាប់​បាត់​ហើយ ចឹង​វា​អត់​មក​ស៊ី​ពោត​បារាំង ទៀត​ទេ»

លោក ស៊ឹម រុំ ជា​កសិករ​ដាំ​ដំណាំ​ពោត​បារាំង បាន​ជោគជ័យ​ដោយ​ដាំ​តាម​បែប​ធម្មជាតិ យល់​ថា ដំណាំ​ពោត​បារាំង បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ​លោក ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ កសិករ​រូប​នេះ ជំរុញ​ឲ្យ​កសិករ​ដទៃ​ទៀត ងាក​មក​ដាំ​ដំណាំ​ពោត​បារាំង ឲ្យ​បាន​ច្រើន ហើយ​លោក​ក៏​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ដំណាំ​ប្រភេទ​នេះ ព្រោះ​ដំណាំ​នេះ​ជា​ដំណាំ​ប្រភេទ​ថ្មី និង​កំពុង​ពេញ​និយម​ក្នុង​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។