ការ​វិវឌ្ឍ​នៃ​ការ​ធ្វើ​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ភាគ​ឦសាន

ដោយ សេក បណ្ឌិត
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​ត្រសក់​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។
ចម្ការ​ត្រសក់​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ប្រជាកសិករ​នៅ​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​វិវឌ្ឍ​ទៅ​រក​ភាព​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ។ ទោះ​យ៉ាង​ណា​ក្តី ពួកគាត់ នៅតែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​នៅឡើយ ។

តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដល់​ការ​ធ្វើ​អាជីវកម្ម ផ្នែក​កសិកម្ម​នៅ​តំបន់​ភាគ​ឦសាន​នោះ?ប្រជាកសិករ ជា​ជនជាតិ​ដើម​ភាគតិច នៅ​ភូមិភាគ​ឦសាន នា​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ បាន​កែប្រែ​របៀប​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគាត់​មួយ​ចំនួន ដើម្បី​ឱ្យ​ស្របតាម​សម័យ​បច្ចេកវិទ្យា ។

ទម្លាប់​ចាស់​ទាំងនោះ គឺ​មាន​កសិករ​ខ្លះ បាន​ប្ដូរ​ពី​ការ​ធ្វើ​ដូចជា​ចម្ការ​វិល​ជុំ និង​ការ​ដាំដុះ​ផ្សេងទៀត​តាមរបៀប​ពី​បុរាណ ដើម្បី​គ្រាន់តែ​ចែក​គ្នា​បរិភោគ​ប្រចាំ​គ្រួសារ​នោះ ទៅជា​ការ​ដាំដុះ តាម​បែប​បច្ចេកទេស​ទាន់​សម័យ ឬ​តាម​បែប​សរីរាង្គ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ធំ​ទូលាយ​នៅ​ក្នុង​មូលដ្ឋាន និង​ផ្គត់ផ្គង់​ដល់​ទី​ផ្សារ​ខាងក្រៅ​ផង​ដែរ​ដូចជា​បញ្ចូន​ទៅ​លក់​តាម​ទីផ្សារ នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ។

កសិករ​ម្នាក់​ជា​ជនជាតិ​ដើម​ភាគតិច​ភ្នង (​ពូនង) រស់​នៅ ភូមិ​ពូច្រា ឃុំ​ប៊ូស្រា ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី លោក រ៉យ ទើប មាន​ប្រសាសន៍​ថា ទាំង​រូប​គាត់ និង​អ្នកភូមិ​ផ្សេង បាន​ប្រែ​ទម្លាប់​ដាំ​ដុះ​ច្រើន​ដំណាក់កាល ទម្រាំ​មកដល់​សម័យ​បច្ចុប្បន្ន​នេះ ។

សព្វថ្ងៃ​នេះ លោក​សល់​ដី ទំហំ ប្រមាណ ៥ ហិកតារ ហើយ​នៅ​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​កែ​ដី​នេះ ពី​ការ​ដាំ​ដំណាំ​បន្លែ និង​ដើមឈើ​ហូប​ផ្លែ​ផ្សេងៗ​មួយ​ចំនួន​ទៀត​នោះ មក​ធ្វើជា​ចម្ការ កាហ្វេ វិញ​ម្ដង៖ «ចាស់ៗ​ពី​ដើម​មានតែ​កាប់ចម្ការ​មួយ ធ្វើ​ចម្ការ​វិល​ជុំ​ហ្នឹង ដាំ​ស្រូវ ដាំ​ពោត ដាំ​បន្លែ តែ​ប៉ុណ្ណឹង តែ​សម័យ​ឥឡូវ ខុសគ្នា ស្អី​ក៏​គេ​ទិញ ខុស​ពី​សម័យ​ដូនតា​ពី​ដើម​ពី​ដើម»

លោក​បន្ត​ថា ការដែល​លោក​ផ្លាស់ប្ដូរ​មុខ​ដំណាំ និង​របៀប​នៃ​កា​ដាំ​ដុះ​លើ​របរ​កសិកម្ម​នេះ ដោយសារ មាន​អង្គការក្រៅរដ្ឋាភិបាល ជួយ​ណែនាំ​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដែល​បាន​ផល​ច្រើន តាម​គោលការណ៍​សរីរាង្គ ដែល​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផង និង​បាន​ចំណូល​ជួយ​ដល់​ជីវភាព​គ្រួសារ​បាន​ច្រើនជាង​មុន​ផង៖ «គេ​បង្រៀន​ការ​ដាំដុះ​កុំ​ឱ្យ​ប្រើ​ជីគីមី​ប្រើ​តែ​ជី​កុំប៉ុស អ៊ីចឹង​ទៅ​គេ​ចាប់អារម្មណ៍ ដើម្បី​ប៉ះពាល់​សុខភាព​ប្រជាជន​យើង»

លោក​ថា អ្នកភូមិ​ពួកគាត់ នៅ​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន និយម ដំណាំ​ធំៗ បែប​កសិ​ឧស្សាហ៍កម្ម ដូចជា ស្វាយចន្ទី ម្រេច កាហ្វេ ផ្លែ​ប័រ ឬ ផ្លែ​អាវូកាដូ ( Avocado) និង​ដំឡូង​មី​ជាដើម​ ។​

ទីប្រឹក្សា​បច្ចេកទេស នៃ​អង្គការ​សេដាក (CEDAC) លោក វង្ស សារឿន មាន​ប្រសាសន៍​ថា ប្រជាកសិករ ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ភាគ​ឦសាន មានការ​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ក្នុង​ការ​ប្រកប​របប​ចិញ្ចឹមជីវិត​តាមរយៈ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ​ជាដើម​ ។ លោក​បន្ត​ថា ពួកគាត់​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ចាស់ ហើយ​ទទួលយក​នូវ​គំនិត​ថ្មី បច្ចេកទេស​ទាន់សម័យ​ដែល​ចំណេញ​ពេលវេលា ទទួល​បាន​ផល​ច្រើនជាង​មុន៖ «ពួកគាត់​ទទួល​យក​ការ​ដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​តាម​បែប​ប្រពលវប្បកម្ម សរីរាង្គ ដែល​គេ​ហៅថា​បវស ឬ​ស្រូវ​មួយ​ដើម ពី​ដើម​គាត់​ធ្វើ​តាម​របៀប​បុរាណ គាត់​ប្រើ​ពូជ​ច្រើន ពេលវេលា​ច្រើន ឥឡូវ​កសិករ​គាត់​ផ្លាស់ប្ដូរ​គំនិត​ហ្នឹង​ដោយ​ទទួល​យក​របៀប​ដាំ​ដុះ​ថ្មី ដោយមាន​អង្គការក្រៅរដ្ឋាភិបាល​ជួយ​ណែនាំ​ដល់​ពួកគាត់»

លោក វង្ស សាវឿន សង្កេតឃើញ​ទៀត​ថា មានការ​ផ្លាស់ប្ដូរ​មួយ​ផ្នែក​ទៀត​របស់​ពួកគាត់ គឺ​គាត់​ហ៊ាន​យក​ទិន្នផល​កសិកម្ម​របស់​ពួកគាត់​ទៅ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ពី​អ្នកប្រើប្រាស់៖ «គាត់​ហ៊ាន​ចូល​ប្រឡូក​ក្នុង​ទីផ្សារ ហើយ​ពួកគាត់​បាន​ប្រែក្លាយ​ពី​កសិករ​ធម្មតា​ដែល​ធ្លាប់​ផលិត​តិចតួច​ទៅជា​កសិ​ពាណិជ្ជករ​ផលិត​បាន​ច្រើន​មាន​គុណភាព និង​ចេះ​ធ្វើ​ជំនួញ​ថែមទាំង​ទៀត​ផង»

ទាក់ទង​ការ​វិវឌ្ឍ​ផ្នែក​វិស័យ​កសិកម្ម នៅ​ភូមិភាគ​ឦសាន​នេះ​ដែរ ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ប៊ុន ហៀង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​វិវឌ្ឍ​ខ្លះ​លើ​ការ​ដាំ​ដំណាំ ជាពិសេស​ប្រភេទ​ដំណាំ យុទ្ធសាស្ត្រ កសិ​ឧស្សាហ៍កម្ម ពីព្រោះ​ដី​នៅ​តំបន់​នោះ អំណោយ​ផល លើ​ប្រភេទ​ដំណាំ​ទាំងនេះ ។

តែ​ទោះ​យ៉ាងណា​ពួកគាត់​នៅ មាន​បញ្ហា​ប្រឈម​ច្រើន​នៅឡើយ ដូចជា​ការ​ខ្វះ​ដី​ដាំ​ដុះ ដោយមាន​សារ​មានការ​រំលោភ​យក​ដីធ្លី​ពួកគាត់ បញ្ហា​បច្ចេកទេស ក៏​នៅ​មាន​កម្រិត​ទាប​នៅឡើយ ពុំ​មាន​ប្រភព ទឹក និង​ប្រព័ន្ធ ប្រឡាយ​ស្រោចស្រព គ្រប់គ្រាន់ ដើម្បី​បម្រើ​ដល់​ការ​ដាំដុះ​បាន​ពេញ​មួយ​រដូវ​នៅឡើយ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា ជីវភាព​យើង​សព្វថ្ងៃ​រាង​ធូរធារ​បន្តិច​ដោយសារ​គាត់​ដាំ​ស្វាយចន្ទី​លក់​បាន​ថ្លៃ ប៉ុន្តែ​មុខ​របរ​នេះ​វា​ផុយ​ស្រួយ​ណាស់ ព្រោះ​គ្មាន​ទីផ្សារ​ច្បាស់លាស់ ព្រោះ​ពេលខ្លះ​ថ្លៃ ពេលខ្លះ​ថោក​គ្មាន​អ្នកទិញ»

ចំណែក​បញ្ហា​ទីផ្សារ នៅតែ​ជា​ក្តី​កង្វល់​ធំ សម្រាប់ ពួកគាត់​នៅឡើយ សព្វថ្ងៃ​នេះ ទិន្នផល​ដំណាំ​ពួកគាត់​ពេលខ្លះ មាន​អ្នកទិញ ពេលខ្លះ​គ្មាន​អ្នក​ទិញ ឬ​ឈ្មួញ​បង្អាប់​តម្លៃ​ថោក ដែល​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ថ្ងៃ​ដើម ។ បញ្ហា​នេះ​នាំ​ឱ្យ​ពួកគាត់​ផ្លាស់ប្ដូរ មុខ​ដំណាំ​ញឹកញាប់ ដូចជា​ប្ដូរ​ពី​ការ​ដាំ​ស្វាយចន្ទី មក​ដំឡូង​មី ប្ដូរ​ពី​ដំឡូង​មី ទៅ​ម្រេច​ជាដើម ហើយ​ការ​ប្តូរ​ម្តងៗ​ត្រូវ​ចំណាយ​ខាត​បង់​ប្រាក់​ច្រើន​ព្រោះ​ត្រូវ​កាប់​ដំណាំ​មួយ​ចោល មុន​ដំណាំ​ថ្មី​នៅ​លើ​ផ្ទៃដី​តែមួយ​នោះ៖ «បញ្ហា​ទីផ្សារ​លក់​កសិផល​នៅតែ​ជួប​ការ​លំបាក​គ្រប់​ទីកន្លែង​ជាពិសេស​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច ព្រោះ​ជា​តំបន់​ឆ្ងាយ​ពី​ទីផ្សារ​ផ្លូវ​ក៏​លំបាក ហើយ​រដ្ឋាភិបាល​ក៏​ពុំ​មាន​ប្រព័ន្ធ​ជួយ​ពួកគាត់​ក្នុង​ការ​ដើរ​ចូល​ទីផ្សារ​លក់​កសិផល​បាន​ទូលំទូលាយ​ដែរ​មា​ន័យ​ថា ការ​ចូល​ឬ​ចេញពី​ទីផ្សារ​ណាមួយ​គឺ​គាត់​ប្រឹង​ស្វែងរក​ដោយ​ខ្លួនឯង ហើយ​គ្មាន​ការ​ចង្អុល​បង្ហាញ​ណាមួយ​ច្បាស់លាស់​ថា​ពួកគាត់​ត្រូវ​ធ្វើ​អី ដាំ​ដំណាំ​អី​ដែល​អាច​មាន​ទីផ្សារ​យូរអង្វែង​នោះ»

ជនជាតិ​ដើម​ភាគតិច​ព្នង ជា​ម្ចាស់​ចម្ការ កាហ្វេ ខេត្ត​មណ្ឌលគិរី លោក រ៉យ ទើប​ក៏​បាន​បញ្ជាក់​ដែរ ថា បញ្ហា​ទីផ្សារ​នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​កសិករ​ទូទៅ ពីព្រោះ​តម្លៃ​កសិផល​សព្វថ្ងៃ គឺ​ស្ថិត​នៅ​លើ​បបូរមាត់​ឈ្មួញ​ជា​អ្នក​កំណត់ ដូច្នេះ​គ្មាន​អ្វី​ជា​ទៀងទាត់​ឡើយ៖ «យើង​អត់​មាន​ទីផ្សារ​ច្បាស់​ឈ្មួញ​គេ​ចេះតែ​ថា​ឱ្យ​យើង​អញ្ចេះ​អញ្ចុះ ដូច​ចន្ទី​ម្រេច​អី អត់​មាន​ទីផ្សារ​ច្បាស់លាស់​ទេ ជួន​គេ​ទិញ​ជួន​អត់ តម្លៃ​ស្រេច​តែ​គេ​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​អី​អញ្ចឹង​ទៅ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​គិតគូរ អំពី​បញ្ហា​ទីផ្សារ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​លំនឹង និង​ត្រូវ​មាន​ជំនួយ​បច្ចេកទេស​បន្ថែម​ទៀត​ដល់​ពួកគាត់ ទើប​អាច​ជួយ​ឱ្យ​មុខ​របរ​កសិកម្ម​នៅ​តំបន់​ភូមិភាគ​ឦសាន និង​តំបន់​ផ្សេងទៀត​មានការ​រីកចម្រើន​ទៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល