សមាគមចិញ្ចឹមសត្វកម្ពុជា នៅតែមានក្តីព្រួយបារម្ភអំពីអាជីវកម្មចិញ្ចឹមសត្វ ជាពិសេស អាជីវកម្មចិញ្ចឹមជ្រូក ដោយសារតែមានករណីផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ពុំទាន់មានវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលជំងឺនេះបាននៅឡើយ។
ម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកថា ករណីនេះធ្វើឱ្យពួកគាត់កំពុងប្រឈមនឹងហានិភ័យខ្ពស់ដូចជាការខាតបង់កម្លាំងពលកម្ម និងប្រាក់កាសជាច្រើនទៀតផង។
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ដែលមានជំនាញជាច្រើនឆ្នាំលើមុខរបរចិញ្ចឹម និងធ្វើជំនួញលើផលិតកម្មជ្រូក បានឱ្យដឹងថា រហូតមកដល់ពេលជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលផ្ទុះឡើងនៅក្នុងស្រុកអូរយ៉ាដាវ នៅខេត្តរតនគិរី ដំបូងគេនៅកម្ពុជានោះ មិនទាន់រាលដាលទៅខេត្តផ្សេងទៀតនៅឡើយ ក៏ដោយក៏បញ្ហានេះនៅតែជាការប្រឈមខ្ពស់ និងមានឧបសគ្គច្រើនក្នុងអាជីវកម្មនេះ៖ «រឿងនេះនៅតែជាក្ដីព្រួយបារម្ភ វាត្រូវតែភិតភ័យហើយ ពីព្រោះវាបានកើតនៅរតនគិរីហើយ វានឹងឆ្លងទៅខេត្តផ្សេងទៀតជាមិនខានទេ ព្រោះថា តឹងរ៉ឹងដូចប្រទេសវៀតណាមម៉េចនៅតែឆ្លងទៅមួយខេត្តពីខេត្តឡើងដល់ ៣ខេត្ត រហូតដល់ជិតមួយលានស្រុក ចុះស្រុកខ្មែរតូចមួយហ្នឹង ? ទប់ម៉េចបាន ប៉ុន្តែមិនដឹងធ្វើម៉េចតែខំទប់ស្កាត់ការពារទៅ មិនដឹងជាវានឹងផ្ទុះនៅទីណាទៀត ធ្វើម៉េចយើងដឹង វាពិបាកណាស់ យើងពិបាកសន្និដ្ឋានណាស់ ព្រោះវាមិនទាន់មានវាក់សាំងការពារ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។ អ៊ីចឹងវាពិបាកណាស់ តែវាផ្ទុះឡើងហើយ គឺចប់»។
លោក ស្រ៊ុន ពៅ ឱ្យដឹងទៀតថា ក្រៅពីការខាតបង់ផ្សេងៗ ក្នុងអាជីវកម្មនោះ គឺវាបានប៉ះពាល់ដល់ដំណើរការផលិតកម្មសាច់ជ្រូក ដើម្បីផ្គត់ផ្គង់តាមតម្រូវការនៅលើទីផ្សារក្នុងស្រុក ដែលមានបញ្ហាជួបផលលំបាកស្រាប់តាំងពីមុនមកផងនោះ៖ «វាមានបញ្ហាហ្នឹង ! ឥឡូវវាកំពុងមានបញ្ហាខ្វះសាច់ជ្រូកនៅលើទៅផ្សារ ដល់តែវាផ្ទុះឡើងទៀត គឺមិនត្រឹមតែខ្វះទេ គឺអត់តែម្ដង។ សព្វថ្ងៃនេះទាល់តែនាំចូលជាង១ពាន់ក្បាលទើបគ្រប់ហូប»។
កាលពេលថ្មីៗ នេះ ចិនបានដាក់បម្រាមភ្លាមៗ មិនឱ្យនាំចូលជ្រូក និងចំណីអាហារ ដែលផលិតពីសាច់ជ្រូកពីកម្ពុជា ចូលទៅប្រទេសចិន ដោយសារតែប្រទេសចិន ក៏មានការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) និងជាយុទ្ធនាការប្រយុទ្ធប្រឆាំងរបស់ប្រទេសនេះ ទៅនឹងការរីករាលដាលនៃជំងឺនេះ។ ទោះបីជាយ៉ាងណា មន្ត្រីកម្ពុជាអះអាងថា កម្ពុជាមិនធ្លាប់បាននាំជ្រូកចូលទៅប្រទេសចិននោះទេ។
លោក ស្រ៊ុន ពៅ បញ្ជាក់ថា កម្ពុជាពុំដែលមានប្រវត្តិនាំជ្រូកចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិននោះទេ។ លោកបន្តថា កុំថាឡើយនាំចេញទៅក្រៅប្រទេស សូម្បីតែការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកមិនទាន់គ្រប់ផង។
លោកថា សព្វថ្ងៃកម្ពុជាខ្វះសាច់ជ្រូកប្រើប្រាស់ប្រមាណជាង ១០តោនក្នុងមួយថ្ងៃ ដែលធ្វើឱ្យក្រុមឈ្មួញនាំចូលជ្រូកពីក្រៅប្រទេសបន្ថែម ក្នុងនោះមាននាំចូលពីប្រទេសវៀតណាម និងថៃជាដើម បើទោះបីជាក្រសួងជំនាញពាក់ព័ន្ធ បានដាក់បម្រាមមិនឱ្យនាំចូលជ្រូកពីក្រៅប្រទេសបណ្ដោះអាសន្នក្នុងអំឡុងពេលមានផ្ទុះជំងឺឆ្លងយ៉ាងណាក្ដី។
លោកថា តម្រូវការសាច់ជ្រូកក្នុងស្រុកសព្វថ្ងៃ ប្រមាណពី ៥ពាន់ ទៅ ៦ពាន់ ក្បាល ដែលមានទម្ងន់ជាមធ្យម ១រយគីឡូក្រាម ឬខ្វះពី៥០ ទៅ៦០តោន។ ចំណែកទិន្នផលក្នុងស្រុកដែលផលិតបានតែជាង ៤០តោនប៉ុណ្ណោះ។
ចំណែកឧកញ៉ា ម៉ុង ឬទ្ធី ដែលមានមុខរបរចិញ្ចឹមជ្រូក និងជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ក៏បានឱ្យដឹងប្រហាក់ប្រហែលនឹងលោក ស្រ៊ុន ពៅ ដែរ។
លោកថា លោកមិនបានដឹងឱ្យប្រាកដពីតម្រូវការសាច់ជ្រូកនៅលើទីផ្សារសព្វថ្ងៃប៉ុន្មានគីឡូ ឬប៉ុន្មានក្បាលច្បាស់លាស់នោះទេ ប៉ុន្តែលោកអាចបញ្ជាក់បានថា ក្នុងមួយថ្ងៃកម្ពុជាបាននាំចូលជ្រូកពីក្រៅប្រទេសប្រមាណជាង ៤០% និងចំណីសត្វនាំចូលប្រមាណជាង ៦០%។
លោកបញ្ជាក់ទៀតថា កម្ពុជាមិនដែលមានសាច់ជ្រូកប្រើប្រាស់សល់រហូតអាចនាំចេញទៅក្រៅប្រទេសនោះទេ ក៏ប៉ុន្តែការដែលប្រទេសចិនដាក់បម្រាមមិនឱ្យនាំចូលជ្រូក និងចំណីអាហារ ដែលផលិតពីសាច់ជ្រូកពីកម្ពុជានោះ គ្រាន់តែជាការប្រុងប្រយ័ត្ន និងធ្វើតាមច្បាប់ប៉ុណ្ណោះ៖ «តាំងពីខ្ញុំបានដឹងពីរបបកសិកម្មមក ខ្ញុំមិនដែលឃើញកម្ពុជាមានជ្រូកនាំចេញទៅបរទេសនោះទេ មានតែកម្ពុជានាំចូលជ្រូកពីបរទេសមក ព្រោះកម្ពុជានៅខ្វះខាតសាច់ជ្រូកប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែជាធម្មតាគេត្រូវតែហាមអ៊ីចឹងហើយ ដើម្បីសុវត្ថិភាពលើការចិញ្ចឹមជ្រូករបស់ពលរដ្ឋគេ ដូចតៃវ៉ាន់អ៊ីចឹង គេហាមមិនឱ្យយកសាច់ជ្រូក ឬជ្រូកពីកម្ពុជា តាមផ្លូវច្បាប់ គេត្រូវតែហាមអ៊ីចឹងហើយ។ តាមពិតគេដឹងហើយថា កម្ពុជាពុំមានលទ្ធភាពនាំជ្រូកចេញទៅបរទេសទេ គឺមិនមានទេ»។
មន្ត្រីនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត មានប្រសាសន៍បញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលផ្ទុះនៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី តាំងពីពាក់កណ្តាលខែមីនាមកនោះ មិនទាន់ឆ្លងរីករាដាលទៅតំបន់ផ្សេងទៀតនោះទេ បើទោះបីមានការព្រួយបារម្ភពីកសិករចិញ្ចឹមជ្រូកយ៉ាងណាក្តី៖ «គ្រាន់តែជាការព្រួយបារម្ភរបស់ពលរដ្ឋទេ តែបើតាមភ្នាក់ងារកសិកម្ម បសុពេទ្យដែលគេចុះទៅពិនិត្យមើល គឺពុំមានការរីករាលដាលថ្មីនោះទេ គឺមិនមានទេ។ គ្រាន់ថា ការបារម្ភរបស់ពួកគាត់ មិនហ៊ានចូលរួមប្រជុំជាមួយមន្ត្រីកសិកម្ម នៅពេលគេចុះទៅអង្កេតស្ថានភាពជំងឺសត្វ និងអប់រំណែនាំពីវិធានការការពារ ហើយពួកគាត់ខ្លាចមន្ត្រីទាំងនោះពិនិត្យទៅហើយយកសត្វចិញ្ចឹមរបស់ពួកគាត់ទៅបំផ្លាញចោល»។
មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែឧសភា ក៏បានដឹកនាំមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យ និងអន្តរាគមន៍លើការធ្វើចរាចរសត្វ គោ ជ្រូក មាន់ ទា ដោយបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ភូមិ ឃុំ ដើម្បីឱ្យការពារអាជីវកម្មសត្វ ឱ្យមានសុវត្ថិភាព និងការពារទុកជាមុននូវជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺឆ្លងផ្សេងៗ ទៀត ដោយពិនិត្យមើលលើគ្រប់យន្តជំនិះដែលដឹកជញ្ជូនសត្វ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដែលឆ្ពោះទៅតំបន់ ក្នុងឃុំ ស្រុកពាក់ព័ន្ធមួយចំនួនតាមដងផ្លូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។