សហគមន៍​សម្បូរ​សប្បាយ​កំពុង​រៀបចំ​បង្កើត​ភូមិ​ស្រកានាគ នៅ​ខេត្ត​តាកែវ

0:00 / 0:00

សហគមន៍​សម្បូរ​សប្បាយ ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ ធ្វើ​ការងារ​ផ្ដោត​លើ​ការ​ដាំដុះ​ដំណាំ​បន្លែ ផ្លែឈើ សរីរាង្គ (Organic) កំពុង​ពង្រីក​សកម្មភាព និង​សក្ដានុពល​របស់​ខ្លួន នៅ​ទូទាំង​ប្រទេស។

ជាមួយ​គ្នា​នេះ សហគមន៍​ក៏​កំពុង​ស្វែងរក ភូមិ-ឃុំ មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ដាំ​ដុះ បន្លែ ផ្លែឈើ ប្រភេទ​ណា​ដែល​អំណោយផល​ខ្លាំង​ជាងគេ ហើយ​ដាក់ឈ្មោះ​សម្គាល់​សហគមន៍​នោះ​ថា ​ជា​ភូមិ​ដោយ​យក​ឈ្មោះ​តាម​ប្រភេទ​ផ្លែឈើ​ណាមួយ។

ភូមិ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​តាម​ផ្លែឈើ ដែល​សហគមន៍​សម្បូរ​សប្បាយ​គ្រោង​បង្កើត​ឡើង​នោះ គឺ​បាន​ន័យ​ថា តំបន់​នោះ​គេ​ដាំ​បន្លែ ឬ​ផ្លែឈើ​ណាមួយ​ជា​អាទិភាព ឬ​ដាំ​ច្រើន​ជាងគេ ដោយ​ស្ថានភាព អាកាសធាតុ ប្រភេទ​ដី អំណោយផល​សម្រាប់​ដំណាំ​នោះ​ខ្លាំង​ជាង​គេ។

លោក​បណ្ឌិត យ៉ង សាំងកុមារ ជំនាញ​ខាង​កសិកម្ម និង​ជា​អ្នកដឹកនាំ​ជំរុញ​លើ​ការងារ​នេះ ជាមួយ​នឹង​សហគមន៍​សម្បូរ​សប្បាយ​មានប្រសាសន៍​ថា ជំហាន​ដំបូង គឺ​បង្កើត​ភូមិ​ស្រកានាគ (​ផ្លែ​ស្រកា​នាគ​) ស្ថិត​ក្នុង​ភូមិ​ព្រៃក្តួច ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក​បន្ត​ថា គម្រោង​នេះ ចែក​ចេញ​ជា​ពីរ​ផ្នែក​ទី​១ ​ខាង​សហគមន៍​មាន​ផ្ទៃដី​ប្រមាណ ៤០​ហិកតារ និង​ចម្ការ​របស់​អ្នកភូមិ​ដែល​មាន​ស្រាប់​ចូលរួម​គ្នា​អនុវត្ត​ធ្វើ​ចម្ការ​ដាំ​ដំណាំ​នេះ ហើយ​មាន​ការ​ចូលរួម ពី​អ្នក​ជំនាញ​ចុះ​ជួយ​សម្របសម្រួល​ជួយ​ផ្ដល់​បច្ចេកទេស​ជូន​ពួកគាត់​ក្នុង​ការ​ដាំដុះ និង​ស្វែងរក​ទីផ្សារ៖ «យើង​មាន​អ្នក​ជំនាញ​ទៅ​ធ្វើ​ការ​ជាមួយ​គាត់ ជួយ​ជំរុញ​សម្របសម្រួល​ឱ្យ​ពួកគាត់​រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក យក​កសិផល​របស់​ពួកគាត់​មក​ទីផ្សារ និង​មួយ​ផ្នែក​ទៀត​យើង​មាន​អ្នក​ទីក្រុង​ដែល​ស្រឡាញ់​ការងារ​កសិកម្ម​ចូលរួម​ជាមួយគ្នា​ដាំ​ដំណាំ រៀបចំ​ជា​សួន​សម្បូរ​សប្បាយ​​ដោយមាន​ស្រកានាគ​ជា​គោល ហើយ​ឥឡូវ​កំពុង​ចាប់ផ្ដើម​ដាំ​បណ្ដើរៗ ហើយ​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ​២០២១ ឬ​​២០២២ យើង​ចង់​ធ្វើ​ភូមិ​នេះ​ទៅជា​ភូមិ​ស្រកានាគ»។

លោប​បន្ត​ថា នៅ​ទី​នោះ​បាន​ចាប់ផ្តើម​អនុវត្ត​ជា​បណ្ដើរ​បាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ហើយ​នៅ​ឆ្នាំ​២០២០ ដល់​២០២២​ខាងមុខនេះ ភូមិ​ព្រៃក្ដួច នឹង​សម្បូរ​ផលិតផល ផ្លែ​ស្រកានាគ ដែល​គេ​អាច​ហៅថា ភូមិ​ស្រកានាគ។

ក្រៅពី​ដំណាំ​ស្រកានាគ ក៏​មាន​ដំណាំ​សរីរាង្គ និង​បន្លែ​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែរ ព្រមទាំង​មាន​រៀបចំ​ឱ្យ​មាន​ជា​សួន​កម្សាន្ត និង​ផ្ដល់​ជា​កន្លែង​ធ្វើ​កម្មសិក្សា​ដល់​និស្សិត​ដែល​ចង់​សិក្សា​ស្វែងយល់​អំពី​ជំនាញ​កសិកម្ម៖ «ប៉ុន្តែ​ជា​រួម​យើង​ចង់​ធ្វើ​ឱ្យ​ទីនោះ​ជា​ភូមិ​គំរូ​មួយ​ខាង​ការ​ដាំដុះ​ជាពិសេស​ស្រកានាគ ហើយ​ខ្ទឹម ទី​២​យើង​ចង់​ឱ្យ​តំបន់​នោះ​ក្លាយ​ជា​តំបន់​កសិ​ទេសចរណ៍ ឬក៏​ទេសចរ​កសិកម្ម​…​ឆ្នាំក្រោយ​យើង​អាច​បើក​ឱ្យ​គេ​ចូល​ទៅ​រៀន ឬ​ទៅ​ស្នាក់នៅ ជា​ផ្លូវការ​ហើយ ខ្ញុំ​ចង់​និយាយ​ថា យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ​២០២១ - ២២​ចង់​ឱ្យ​តំបន់​នោះ​ជា​កន្លែង​ពិសេស​ជាងគេ​នៅ​ស្រុក​ខ្មែរ»។

អ្នកគ្រប់គ្រង​ទូទៅ នៃ​សហគមន៍​សម្បូរ​សប្បាយ និង​ជា​អ្នក​សម្របសម្រួល​ការងារ​ដាំ​ដុះ ជាមួយ​កសិករ​ភូមិ​ព្រៃក្តួច លោក ពៅ សុភាព មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ ជាង​២០​គ្រួសារ ចូលរួម​ក្នុង​គម្រោង ស្រកានាគ ជាមួយ​សហគមន៍​។ លោក​បន្ត​ថា កាលពីមុន កសិករ​នៅ​តំបន់​ព្រៃ​ក្តួច មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ការ​ដាំ​ដំណាំ​ស្រកានាគ​នោះ​ទេ ព្រោះ​ពួកគាត់​បារម្ភ​អំពី​បញ្ហា​ទីផ្សារ ប៉ុន្តែ​ក្រោយពី​សហគមន៍​សម្បូរ​សប្បាយ​ចូលរួម​រៀបចំ​គម្រោង​ដាំ​ស្រកានាគ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ដាំ​តាម​បច្ចេកទេស​ច្បាស់លាស់ ពួកគាត់​បាន​យល់ដឹង​ច្រើន និង​មាន​ឆន្ទៈ​ចូលរួម​យ៉ាង​កម្ម​ជាមួយ​សហគមន៍៖ «ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​ពួកគាត់ និង​កំពុង​ជំរុញ​ពួកគាត់​បន្ថែម​ទៀត ដើម្បី​ពង្រីក​ការ​ដាំដុះ កុំ​ទុក​ដី​ចោល​ ..​ ស្រកានាគ​តំបន់​នឹង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ចំពោះ​ទីផ្សារ​ដូច មិន​ចោទ​បញ្ហា​នៅឡើយ​ទេ ព្រោះ​ជា​ស្រកានាគ​សរីរាង្គ គេ​ចូល​ចិត្តច្រើន»។

លោក​បណ្ឌិត យ៉ង សាំង កុមារ ឱ្យ​ដឹង​ថា លោក​កំពុង សិក្សា​ពី​ទំហំ​ទីផ្សារ​ផ្លែ​ស្រកានាគ ហើយ​ជា​បឋម​នេះ ដឹង​ថា ផលិតផល​ផ្លែ ស្រកានាគ នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ចំណែក​នៅ​ប្រទេស​ប្រទេស​វៀតណាម​ក្នុង​មួយ​ឆ្នាំ គេ​នាំចេញ​ផ្លែ​ស្រកានាគ​ចេញទៅ​ក្រៅ​ប្រទេស​បាន​ចំណូល​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​នាំ​ចូល​មក​កម្ពុជា​ពុំ​ទាន់​បាន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ តែ​លោក​សង្កេតឃើញ​ការ​នាំ​ចូល​ផ្លែ​ស្រកានាគ​ពី​ក្រៅ​ប្រទេស មក​លក់​នៅ​ផ្សារ​នាគ​មាស ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រមាណ ពី​១០ ទៅ​២០​តោន ក្នុង​មួយថ្ងៃ។

សម្បូរ​សប្បាយ ក៏បាន​ចុះផ្សាយ​ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ដែរ​ថា ៖ ប្រទេស​វៀតណាម ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការផលិត និង​នាំចេញ​ផ្លែ​ស្រកានាគ​។ របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ដែរ នៅ​ឆ្នាំ​២០១៨ វៀតណាម​បាន​នាំ​ស្រកានាគ​ប្រមាណ​៨០% នៃ​ស្រកានាគ​ផលិត​ក្នុងស្រុក​ហើយ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ប្រមាណ ៤០ នៅ​លើ​ពិភពលោក ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ជាង ១​លាន​ដុល្លារ (១,១០០​លាន​ដុល្លារ​) ហើយ​បរិមាណ​នេះ​នឹង​អាច​កើន ឡើង​ថែមទៀត​។​

​សហគមន៍​សម្បូរ​សប្បាយ ក៏បាន​ចុះផ្សាយ​អត្ថបទ​ស្តី​អំពី​លក្ខណសម្បត្តិ​ល្អ​របស់​ស្រកានាគ និង​របៀប​ដាំ​ដុះ​ខ្លះៗ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កសិករ​គួរ​ជៀសវាង​ផង​ដែរ។

​អត្ថបទ​នោះ​បាន​សរសេរ​ថា​៖ ស្រកានាគ​ជា​ដំណាំ​សមស្រប​សម្រាប់​ការ​ដាំដុះ​នៅ​គ្រប់​តំបន់ និង​អាកាសធាតុ​ស្រុក​ខ្មែរ។

ស្រកានាគ ងាយស្រួល​ដាំ ជាពិសេស​មិនសូវ​ត្រូវការ​ទឹក​ច្រើន តែ​បើ​ចង់បាន​ផល ខ្ពស់​ត្រូវការ​ស្រោចស្រព​បន្ថែម ។ ស្រកានាគ​ឱ្យ​ផល​រហូតដល់​២០​ឆ្នាំ ប្រសិនបើ​មានការ​ថែទាំ​បាន​ត្រឹមត្រូវ​ស្រកានាគ មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។

ក្នុង​ការ​ដាំដុះ កសិករ​ក៏​ត្រូវ​ជួប​នូវ​ការ​ប្រឈម​មួយ​ចំនួន​ដែរ​ ដូច​ជា​ ការ​ដាំ​ស្រកានាគ ត្រូវការ​ដើមទុន​ជាពិសេស​រយៈពេល ២​ឆ្នាំ​ដំបូង​លើ​ការ​ដាំ​ថែទាំ ទម្រាំ​វា​ឱ្យ​ផល​ដែល​អាច​ទូទាត់​ចំណាយ​បាន។ ចាប់​ពី​ចន្លោះ​ឆ្នាំ​ទី​៣ ទៅ​ទី​៥ ទើប​ស្រកានាគ​ចាប់ផ្ដើម​ឱ្យ​ផល​ខ្ពស់។

ការ​ដាំដុះ ថែទាំ​ត្រូវ​អនុវត្ត​តាម​បច្ចេកទេស​បាន​ល្អ ដូចជា​ការ​រើស​ពូជ ការ​ធ្វើ​បង្គោល​ឱ្យ​វា​ឡើង ការ​តាក់តែង​មែក ការ​ការពារ​កុំ​ឱ្យ​មាន​ភាព​ជាំ​ទឹក ការ​បង្កាត់ លម្អង ការ​បន្ថែម​ពន្លឺ​ដើម្បី​ឱ្យ​បាន​ផ្លែ​គ្រប់​រដូវ ការ​ដាក់​ជី និង​ការ​ការពារ​ដំណាំ​ពី ការបំផ្លាញ​ផ្សេងៗ​។ បើ​អនុវត្ត​បាន​ត្រឹមត្រូវ ស្រកានាគ ១​គុម្ព អាច​ឱ្យ​ផល​ខ្ពស់​ជាង ២៥​គីឡូក្រាម​ក្នុង ១​គុម្ព។

បច្ចុប្បន្ន តម្លៃ​ស្រកានាគ​នាំចូល​ពី​វៀតណាម លក់​បោះ​ដុំ​នៅ​ភ្នំពេញ​ប្រមាណ ៣​ពាន់​រៀល ក្នុង ១​គីឡូក្រាម​។ ដោយឡែក​ស្រកានាគ​ខ្មែរ​ដាំ​តាម​គោលការណ៍​ធម្មជាតិ មាន​តម្លៃ​ចាប់​ពី ៥ពាន់​រៀល រហូតដល់​ជាង ១​ម៉ឺន​រៀល​មួយ​គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។