អ្នកខេត្តពោធិ៍សាត់ចាប់ផ្ដើមដាំក្រូចពោធិ៍សាត់កាន់តែច្រើនឡើង
2017.08.01
ដំណាំក្រូចពោធិ៍សាត់ ដែលធ្លាប់សម្បូរនៅខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្នមានអ្នកខេត្តពោធិ៍សាត់ កាន់តែច្រើនឡើងនាំគ្នាដាំដំណាំប្រភេទនេះដែរ។ តើដំណាំក្រូចនៅខេត្តពោធិ៍សាត់ យ៉ាងម៉េចដែរ? វត្តមានក្រូចពោធិ៍សាត់ នៅលើទីផ្សារ ដែលជាក្រូចមានសំបកស្ដើង កំពឹសល្អ និងមានរសជាតិជូរអែម ហើយអ្នកហូបជក់ចិត្តមិនចាញ់ក្រូចបាត់ដំបង នោះ បានបេះមកពីចម្ការរបស់កសិករនៅស្រុកភ្នំក្រវ៉ាញ។
ដំណាំក្រូចពោធិ៍សាត់ ចាប់ផ្ដើមទទួលផលក្រោយពីដាំបានរយៈពេល ៤ឆ្នាំ ហើយមានអាយុកាល ៩ឆ្នាំ ឬអាចបានច្រើនជាងនេះអាស្រ័យលើការថែទាំ និងរបៀបដាំដុះរបស់កសិករតាមតំបន់នីមួយៗ។
កសិករម្នាក់នៅភូមិរវៀង ឃុំសំរោង លោក ឌឹម ផុន បានចែករំលែកបទពិសោធន៍ដាំក្រូចផ្ទាល់ខ្លួនថា ក្រូចពោធិ៍សាត់ដាំបាននៅលើដីកណ្ដេង មិនជាំទឹក និងមានប្រភពទឹកនៅក្បែរដើម្បីស្រោចស្រព។ រណ្ដៅត្រូវកាប់ទំហំ ៤តឹកបួនជ្រុង និងមានជម្រៅ ៤តឹក ហើយប្រមូលសំរាមដាក់រណ្ដៅដុតបំពក់បាតរណ្ដៅឲ្យបានកន្លះខែ ក្នុងករណីមិនប្រើថ្នាំដី ឬថ្នាំការពារសត្វល្អិតស៊ីឫសតាមបាតរណ្ដៅ៖ «បើយើងមានថវិកា យើងទិញជីដាក់ទ្រាប់បាត ហើយរំលងបានមួយខែចាប់ផ្ដើមដាក់តាមគល់។ នៅតូចយើងដាក់កន្លះគីឡូក្រាមក្នុងមួយគុម្ព។ ដល់ធំមកក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ចាប់ផ្ដើមដាក់មួយគីឡូ។ ដល់ឥឡូវក្នុង ១ឆ្នាំដាក់ពីរសាក្នុងខែ៥ និងខែ១០។ ខ្ញុំប្រើជីណាល្អដាក់ជីនោះជីធម្មជាតិ»។
ពេលដាំ កសិករត្រូវប្រើជីធម្មជាតិដែលប្រមូលបានពីជុំវិញផ្ទះ ឬជីផលិតពីរោងចក្រ ដើម្បីដាក់បាតរណ្ដៅ ទើបដាក់កូនក្រូចចូល រួចលុបដីជុំវិញគល់ឲ្យណែនល្អ ភ្លាមនោះត្រូវចាក់ទឹកឲ្យបានជោកជាំ។ ក្រូចបានអាយុ ៦ខែ ឬ ១ឆ្នាំ កសិករត្រូវធ្វើស្មៅគល់វាដោយជម្រះ ឬដកយកស្មៅចេញដោយដៃ មិនត្រូវកាប់ ឬភ្ជួរដែលមានជម្រៅជ្រៅបណ្ដាលឲ្យដាច់ឫស បណ្ដាលឲ្យកូនក្រូចអន់ និងកូនក្រូចខ្លះអាចងាប់ទៀតផង។
លោក ឌឹម ផុន ថាកូនក្រូចគ្រីប ឬផ្សាំមែក ដែលគេយកក្រូចពីរប្រភេទដាក់គ្រីបចូលគ្នាដើម្បីបានកូនក្រូចពោធិ៍សាត់ ១ដើមនោះ គឺពេលដាំបានអាយុ ១ឆ្នាំ នឹងមានបំពង់ដុះនៅកំណាត់ខាងក្រោមដែលជាប្រភេទក្រូចឆ្មារបារាំង ត្រូវកាត់វាចេញ ព្រោះធ្វើឲ្យក្រូចពោធិ៍សាត់ដែលគេគ្រីបជាប់នៅផ្នែកខាងលើមិនសូវល្អ។ លោកថា ការសម្អាតមែកក្រូចឆ្មារបារាំងចេញ និងសម្អាតស្មៅគល់ក្រូច ត្រូវធ្វើជាប្រចាំ៖ «យើងកាត់ស្មៅចាំងគល់ (ជម្រះស្មៅនៅតាមគល់ក្រូច) ឲ្យបានល្អ ហើយធ្វើកំផែងវា ហើយចាប់ផ្ដើមបាញ់ទឹកដាក់។ ក្នុងមួយខែធ្វើម្ដងៗ វាមានផលប្រយោជន៍ដល់ដើមវា ដល់ឫសដើម្បីស្រូបយកទៅចិញ្ចឹមស្លឹកឲ្យបានល្អ»។
លោក ឌឹម ផុន បញ្ជាក់ថា បើកសិករមើលថែក្រូចបានល្អនោះ រយៈពេលបីឆ្នាំក្រោយដាំ ក្រូចចាប់ផ្ដើមផ្កា និងហុចផលបណ្ដើរៗ ប៉ុន្តែគេមិនគួរបណ្ដោយឲ្យក្រូចផ្លែរាប់រយផ្លែក្នុង ១ដើមនោះទេ ព្រោះក្រូចអាយុបីឆ្នាំនៅខ្ចី ប្រឈមនឹងរលើងឫស អន់ដើម ឬងាប់ ជាដើម។ ក្នុងរយៈពេលនេះ កសិករត្រូវដាក់ជីធម្មជាតិ ១គីឡូក្រាមក្នុងមួយដើម ចម្ងាយកន្លះម៉ែត្រជុំវិញគល់ក្រូច ដើម្បីបំប៉នឫស និងដើមក្រូច។
ដល់អាយុ ៤ឆ្នាំ ក្រូចពោធិ៍សាត់ចាប់ផ្ដើមផ្ដល់ផលពេញដៃតែម្ដង ដោយក្នុង ១ឆ្នាំផ្ដល់ផលពីរដង។ តែទោះជាយ៉ាងណា កសិករគួរកុំទុកឲ្យវាផ្លែជ្រែកពេញដើមពេក ដែលនាំឲ្យផ្លែមិនសូវមានទឹកល្អ ឬអន់ដើមនៅរដូវប្រមូលផលក្រោយៗទៀត។ ស្របពេលគ្នា កសិករត្រូវបន្តរក្សាការដាក់ទឹក បន្ថែមជី និងជម្រះស្មៅតាមគល់ ហើយត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃកុំឲ្យវាមូរស្លឹក ឬទិចផ្លែក្រូចបណ្ដាលឲ្យស្អុយ៖ «បួនឆ្នាំចាប់ផ្ដើមបានផល។ សំណួរ៖ ចុះពេលមានផ្កា ឬមានផ្លែហ្នឹង យើងត្រូវរក្សាការថែទាំយ៉ាងម៉េច? ចម្លើយ៖ ត្រូវដាក់ជីវា និងបាញ់ថ្នាំការពារសត្វល្អិតកុំឲ្យវាមកទុំជ្រុះផ្កាអស់ ក្នុងមួយខែបាញ់បីសា អាហ្នឹងថ្នាំប៉ូទ្រីន»។
បច្ចុប្បន្ន លោក ឌឹម ផុន មានក្រូចចំនួន ៨០០ដើម ក្នុងនោះមានជាង ១០០ដើម លោកកំពុងប្រមូលផល។ ក្រូចទាំងនេះលោកបានម៉ៅឲ្យឈ្មួញក្នុង ១រដូវ ឬរយៈពេល ៦ខែ បាន ៣.៨០០ដុល្លារ។ ចំណែកតម្លៃលក់រាយវិញ គឺ ១ឡូត៍ ឬ ១២ផ្លែ លក់បានចន្លោះពី ៨ពាន់ទៅ ១ម៉ឺន ៦ពាន់រៀល។ លោកញញឹម ហើយពោលមួយៗថា ពេលបានផលច្រើនបែបនេះ លោកមិនស្ដាយកម្លាំងហត់នឿយកន្លងទៅឡើយ៕