វិធីដាំដំណាំខ្ទឹមយកស្លឹក
2013.03.12
ស្រុកស្អាង ខេត្តកណ្ដាល ជាតំបន់ដែលកសិករដាំបន្លែចម្រុះស្ទើរគ្រប់មុខ។ នៅមុខផ្ទះកសិករភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង មានគំនរដើមខ្ទឹមខ្លះចងជាដុំហាលថ្ងៃ ខ្លះចាក់រាយ ហាលនៅក្រោមផ្ទះ។
អ្នកស្រី សុខ លាង នៅភូមិចុងកោះតូច ឃុំតាលន់ ថ្លែងថា មើមខ្ទឹមនេះជាខ្ទឹមស ដែលគាត់ដកយកមកហាលទុកធ្វើពូជដើម្បីដាំបន្តនៅលើកក្រោយទៀត។ ដើម្បីទុកជាពូជដុះល្អ គាត់ចាំបាច់ត្រូវហាលវាឲ្យស្ងួតជាមុនសិន។ ការហាលនោះទៀត មើមខ្ទឹមមិនឲ្យវារងនូវកម្ដៅថ្ងៃខ្លាំងទេ។
១.ការរើសដី
សម្រាប់ដាំខ្ទឹមស អ្នកស្រីប្រាប់ថា ត្រូវរើសដីដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ទើបស្លឹកវាលូតល្អ។ ដីដែលអាចដាំខ្ទឹមសបានល្អ គឺមានជីជាតិច្រើន ជាដីល្បប់ក៏បាន ដីល្បាយខ្សាច់ក៏បាន ហើយនៅជិតប្រភពទឹក ពិសេសរកដីនៅជិតភូមិដើម្បីងាយស្រួលថែទាំ៖ «ដាំបានដីរបៀបមានជីជាតិខ្លះ បើខ្សោះពេកក៏អត់ល្អ ដីកណ្ដេងនោះគឺដាំបាន។ បើបានដីកៀនមាត់អូរអី មានល្បប់អីគឺដាំរឹតតែល្អ»។
២. រដូវកាលសម្រាប់ដាំខ្ទឹម
ខ្ទឹមជាដំណាំចាញ់ទឹកភ្លៀងធ្លាក់ជោកជាំ ដូច្នេះការដាំខ្ទឹមបានល្អ គឺដាំនៅចុងរដូវភ្លៀង។ ក្រោយពីរើសដីសម្រាប់ដាំខ្ទឹមបានហើយ អ្នកស្រី សុខ លាង បន្ថែមថា ត្រូវរៀបចំដី និងធ្វើថ្នាល។ ភ្ជួរដីឲ្យបាន ២ ទៅ ៣ដង ហើយឲ្យបានជម្រៅពី ១៥ ទៅ ២០សង់ទីម៉ែត្រ។ ត្រូវវាយដីបំបែកឲ្យម៉ត់ល្អ ដើម្បីឲ្យខ្យល់ចេញចូលបានស្រួល ធ្វើឲ្យដីធូរ ទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ នាំឲ្យឫសខ្ទឹមចាក់ចូលជ្រៅក្នុងដី ស្រូបយកជីជាតិនៅក្នុងដីបានល្អ ងាយនឹងដុះលូតលាស់។ ភ្ជួរដីរួច ត្រូវហាលដីនោះឲ្យបាន ១អាទិត្យ ទៅ ១០ថ្ងៃ ដើម្បីសម្លាប់មេរោគដែលមានក្នុងដី។
៣. របៀបធ្វើថ្នាល
ថ្នាល ឬអ្នកស្រុកនៅទីនោះនិយមហៅថា ប៉ាក់ ត្រូវលើកកម្ពស់ពីដី ២តឹក យកទទឹងថ្នាល ៧តឹក បណ្ដោយតាមលទ្ធភាពដី។ ប៉ុន្តែបើបណ្ដោយថ្នាលវែងពេក គេកាត់ដីជាកំណាត់ខ្លី ឬប៉ាក់ខ្លីៗ៖ «គេដាក់ខ្សែសិន ៧តឹកអ៊ីចឹងទៅ ឈូសទៅបានលើកជាប៉ាក់ មួយប៉ាក់ៗវែងទៅបានគេកាត់ជាកង់ ជាដុំៗ ហៅថា ប៉ាក់»។
ក្រោយពីលើកថ្នាល ឬរៀបប៉ាក់នោះហើយ ត្រូវយកជីគីមី និងជីលាមកគោមកលាយនៅបាតក្រោមនៃថ្នាលដែលលើករួចនោះ។
ឯកសារពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់អំពីកម្រិតជីដែលត្រូវប្រើក្នុងដីដាំខ្ទឹមទំហំ ១ម៉ែត្រការ៉េ៖ ត្រូវដាក់លាមកគោក្រៀមចំនួន ៣គីឡូក្រាមជី ១៥១៥១៥ ចំនួន ៣០ក្រាម ជីអាចម៍មាន់ចំនួន ៣០០ក្រាម។
ឯកសារដដែលក៏បានប្រាប់អំពីវិធីដាំខ្ទឹមបារាំងដែរ គឺអាចដាំដោយសាបគ្រាប់ ឬព្រោះគ្រាប់ គឺត្រូវយកគ្រាប់ខ្ទឹមទៅលាយជាមួយដីខ្សាច់ម៉ត់ ឬផេះ ដោយយកគ្រាប់ ១ភាគលាយដីខ្សាច់ ឬផេះ ៤ភាគ យកទៅសាប ឬព្រោះស្តើងៗលើថ្នាល។ ឧទាហរណ៍បើគ្រាប់ខ្ទឹមមាន ៣ក្រាម យកទៅលាយជាមួយដីខ្សាច់ម៉ត់ ឬផេះចំនួន ១២ក្រាម គឺអាចស្មើ ១/៤ សម្រាប់ព្រោះលើដី ១ម៉ែត្រការ៉េ។
ក្រោយពេលសាបរួច ត្រូវកាត់ចំបើងខ្លីៗទៅគ្របពីលើថ្នាលសាប ដើម្បីឲ្យទឹកស្រោចក្រោយការសាបនោះដក់លើថ្នាលបានយូរថ្ងៃ។ ការស្រោចទឹកត្រូវស្រោចឲ្យបាន ២ ទៅ ៣ដង ក្នុង១ថ្ងៃ ដោយប្រើធុងដែលមានផ្កាឈូក ជៀសវាងគ្រាប់ខ្ទឹមខ្ទាត កកដុំៗ នាំឲ្យវាដុះមិនល្អ។ បន្ទាប់ពីសាប ត្រូវការពារគ្រាប់ខ្ទឹមពីសត្វស្រមោច ដោយយកផេះរោយជុំវិញថ្នាល។ ត្រូវគ្របថ្នាល និងស្រោចទឹក លុះត្រាតែគ្រាប់ខ្ទឹមដុះចេញពន្លក ទើបបើកចំបើងចេញពីថ្នាល។
អ្នកស្រី សុខ លាង ឲ្យដឹងថា ក្រោយពីលើករងរួច ដីថ្នាលចាំបាច់ត្រូវគ្របវាដែរ៖ «លើករងហើយគេគ្រប គ្របហើយបានគេបាញ់ទឹក។ គម្របចំបើងក៏បាន បើមានត្រកៀត គេហែកត្រកៀតនោះគ្រប បើអ៊ីចឹងអីគេមានគល់ជញ្ជ្រាំងគ្របគល់ជញ្ជ្រាំងក៏បាន»។
អ្នកស្រីបន្ថែមថា ខ្ទឹមសគាត់ដាំជាខ្ទឹមដែលដាំយកស្លឹក។ គាត់ដាំដោយយកមើមខ្ទឹមទៅដាំគាត់មិនដាំគ្រាប់ខ្ទឹមទេ។ ការដាំគឺគាត់យកមើមខ្ទឹមដែលទុកពូជហាលបានស្ងួតទៅស្ទូងតែម្ដងលើដីថ្នាលដែលបានរៀបចំទុករួចនេះ។ ការស្ទូងមើមខ្ទឹម គាត់ស្ទូងជាជួរ គឺមួយចំអាមដាក់មើមខ្ទឹមតែមួយគ្រាប់ទេ គឺជាមើមដែលមានគ្រាប់ណែនល្អ។
ឯកសារផ្សព្វផ្សាយកសិកម្មសរសេរថា វិធីដាំដុះត្រូវដកកូនខ្ទឹមដែលដុះបាន ៤អាទិត្យ យកទៅដាំ។ការដកកូនខ្ទឹមដាំ គឺដកនៅពេលរសៀលត្រជាក់ កុំឲ្យកូនខ្ទឹមស្វិត ឬស្លោកដោយសារកម្ដៅថ្ងៃ។ ប៉ុន្តែបើកូនខ្ទឹមបារាំង ត្រូវដកនៅពេលវាដុះបាន ៣០ ទៅ ៣៥ថ្ងៃ គឺនៅពេលដែលវាបែកមានសន្លឹក ៣ ទៅ ៤ ហើយត្រូវជ្រើសរើសយកកូនណាដើមធំរឹងមាំ គ្មានជំងឺ ឬសត្វល្អិតបំផ្លាញយកទៅដាំ។
ក្រោយពេលដាំរួចភ្លាម ត្រូវស្រោចទឹក គឺស្រោចមិនឲ្យទឹកជោកពេកទេ ហើយចាំបាច់ត្រូវយកចំបើងគ្របវាឲ្យបាន ៣ថ្ងៃ ដើម្បីឲ្យដីថ្នាលដាំនោះរក្សាសំណើមបានយូរលើដីថ្នាល។ ការប្រើប្រាស់ជីក្នុងដី ១ម៉ែត្រការ៉េ ត្រូវដាក់ជីឲ្យបាន ២ដំណាក់កាល។ ដំណាក់កាលទី១ មុនពេលយកកូនខ្ទឹមទៅដាំ ត្រូវយកជីលាមកសត្វចំនួន ៣ ទៅ ៥គីឡូក្រាម លាយផេះចំនួន ១០០គីឡូក្រាម និងជី ១៥១៥១៥ ចំនួន ៣០ ទៅ ៥០ក្រាម លាយបញ្ចូលគ្នាយកទៅដាក់ទ្រាប់បាតថ្នាលបម្រុងដាំកូនខ្ទឹម។ ដំណាក់កាលទី២ ពេលខ្ទឹមចាប់ផ្ដើមចុះមើម ត្រូវប្រើជីគីមី ១៥១៥១៥ ចំនួន ៣០ក្រាមលាយជីអ៊ុយរ៉េ ២ស្លាបព្រាបាយ លាយជាមួយទឹក ២០លីត្រ ស្រោចល្បាយនេះ ១អាទិត្យម្ដងដង។
ចំណាំ៖ ខ្ទឹមត្រូវការជីជាតិប៉ូតាស្យូមចាំបាច់ ដើម្បីឲ្យមើមវារីកធំ។ ជីជាតិប៉ូតាស្យូមអាចមានច្រើននៅក្នុងផេះ ដុតពីសំបកផ្លែគ។
៤. ការថែទាំក្រោយការដាំខ្ទឹម
ត្រូវស្រោចទឹកព្រឹកល្ងាច បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យខ្យល់ចេញចូលបានស្រួល ទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសខ្ទឹមអាចស្រូបយកជីជាតិស្រួល ទាំងដើម ស្លឹក មើម អាចដុះរីកធំល្អ។
៥. ជំងឺនិងសត្វល្អិតបំផ្លាញ
ដោយសារស្លឹកខ្ទឹមមានរសជាតិហឹរ សត្វចង្រៃមិនសូវបំផ្លាញវាជាលក្ខណៈធ្ងន់ធ្ងរដូចបន្លែដទៃទេ។ ប៉ុន្តែស្លឹកខ្ទឹមមានដង្កូវ ២ប្រភេទ ដែលចូលចិត្តបំផ្លាញ។
ក. ដង្កូវស៊ីរូងស្លឹក៖ វិធីកម្ចាត់វា គឺប្រើថ្នាំម៉ាឡាចុងចំនួន ៤ស្លាបព្រាបាយ លាយទឹក ២០លីត្រ ឬមួយប៉ោតប្រេងកាត។
ខ. ដង្កូវរ៉ុយ៖ ដង្កូវនេះវាកាត់ស្លឹក និងចោះស្លឹក។ វិធីកម្ចាត់វា គេប្រើថ្នាំពុលហ្វូសឌ្រីន ឬមេវ៉ាំងហ្វុសចំនួន ២ស្លាបព្រាបាយ លាយទឹក ២០លីត្រ ឬមួយធុងបាញ់ថ្នាំ។
គ. ជំងឺ៖ ជំងឺមួយចំនួនបានកើតលើខ្ទឹម គឺជំងឺស្លឹកក្រហម និងជំងឺងាប់ចុងសន្លឹក។ ដើម្បីកម្ចាត់ជំងឺនេះត្រូវបាញ់ថ្នាំការពារ។ ថ្នាំការពារជាពពួកហ្វុងហ្សីសាយដ៍ (Fongicides) អាចយកទៅបាញ់លើគ្រាប់ពូជ និងដំណាំកំពុងលូតលាស់។
វិធីបំបាត់ជំងឺនេះមួយបែបទៀត គឺអាចគាស់ ឬដកគុម្ពកើតជំងឺនោះបោះចោលឆ្ងាយពីកន្លែងដែលមិនកើតជំងឺ។ វិធីទី២ អាចដាំដំណាំដោយឆ្លាស់ពូជដំណាំនៅលើដីដាំតែមួយកន្លែង។
អ្នកស្រី សុខ លាង នៅភូមិចុងកោះតូច ឲ្យដឹងថា ដំណាំខ្ទឹមយកស្លឹក គាត់ដាំតែក្នុងរយៈពេល ១ខែ ៥ថ្ងៃ អាចដកយកស្លឹកខ្ទឹមទៅថ្លឹងលក់បានហើយ។ អ្នកស្រីថា ក្នុងស្លឹកខ្ទឹម ១គីឡូក្រាម គាត់លក់បានថ្លៃ ៣.៥០០រៀលនៅរដូវលំហើយ។ តែបើក្នុងរដូវភ្លៀងវិញ ស្លឹកខ្ទឹមអាចលក់ ៧ពាន់ទៅ ៨ពាន់រៀល ប្រហែល ២ដុល្លារ ដោយសារស្លឹកខ្ទឹមលំបាកថែទាំ នៅពេលភ្លៀងជោកជាំធ្វើឲ្យដីជាំទឹក ស្លឹកខ្ទឹមឆាប់រលួយ ឬកើតជំងឺលឿងស្លឹក។
ឯកសារនាយកដ្ឋានផ្សព្វផ្សាយកសិកម្មប្រាប់អំពីការប្រមូលផលខ្ទឹមបារាំង៖ ខ្ទឹមបារាំងអាចប្រមូលផលបាន គឺនៅពេលដែលស្លឹកវាចាប់ផ្ដើមងាប់ មើមវាលេចចេញពីដីឡើងប៉ោង ហើយសំបកមើមខ្ទឹមនោះឡើងពណ៌ក្រហម ឯឫសរបស់វាចេញពណ៌ស។ ពូជខ្ទឹមបារាំងខ្លះមានរយៈពេលយូរ អាចពី ១២០ ទៅ ១៧០ថ្ងៃ ក្រោយការសាប ទើបអាចប្រមូលផលដោយក្នុង ១អារ បានទម្ងន់មើមពី ៣០ ទៅ ៧០គីឡូក្រាម។
៦. ការថែរក្សាមើមខ្ទឹមបារាំង
ដើម្បីរក្សាទុកខ្ទឹមបារាំងបានយូរថ្ងៃ ត្រូវទុកទាំងស្លឹក រួចចងជាដុំ ព្យួរឲ្យផុតពីដី។ ដាក់វានៅកន្លែងមានអាកាសធាតុត្រជាក់ល្មម មានសីតុណ្ហភាពក្រោម ១០អង្សាសេ មានខ្យល់ចេញចូលល្អ។ អាកាសធាតុនៅប្រទេសកម្ពុជា មិនអាចរក្សាពូជខ្ទឹមបារាំង បានល្អទេ ដោយសារអាកាសធាតុក្ដៅពុំសមស្របនឹងសេចក្ដីត្រូវការសម្រាប់ពូជខ្ទឹមបារាំង បានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។