ប្រទេសមហាអនុតំបន់ទន្លេមេគង្គ កំពុងកសាងឡើងនូវច្រករបៀងសេដ្ឋកិច្ចរួមគ្នា ដោយសន្យាថាការបង្កើតច្រករបៀងសេដ្ឋកិច្ចនេះ នឹងលើកកម្ពស់ពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ប៉ុន្តែស្របនឹងគ្នានេះ ច្រករបៀងនេះក៏បង្កើនឡើងនូវការប្រកួតប្រជែងរវាងប្រទេសជាសមាជិកផងដែរ។
ប្រទេសដែលស្ថិតនៅចំកណ្ដាលសេដ្ឋកិច្ចធំៗ ដូចជាវៀតណាម និងថៃ កម្ពុជា ចាំបាច់ត្រូវបង្កើនភាពទាក់ទាញរបស់ខ្លួន។ បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចបង្ហាញការព្រួយបារម្ភពីសមត្ថភាពរបស់កម្ពុជា ក្នុងការប្រកួតប្រជែងក្នុងតំបន់នេះ។
ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ហៅកាត់ថា ជី.អិម.អេស (GMS) មានសមាជិក ៦ រួមមានសាធារណរដ្ឋប្រជាមានិតចិន ជាប់ខេត្តយូណាន (Yunnan) និងតំបន់ស្វយ័តគ័ងស៊ី (Guangxi) ជាមួយប្រទេសសមាជិកអាស៊ាន ៥ប្រទេសទៀត គឺប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
នៅឆ្នាំ២០០៨ សមាជិករបស់មហាអនុតំបន់ទន្លេមេគង្គ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើតឡើងនូវគម្រោងអភិវឌ្ឍន៍មួយហៅថា ច្រករបៀងសេដ្ឋកិច្ច។ គម្រោងនេះធ្វើឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងភាពភ្ជាប់គ្នានៅក្នុងតំបន់ តាមរយៈការរៀបចំនូវប្រព័ន្ធដឹកជញ្ជូនមានប្រសិទ្ធភាពមួយ ដែលរាប់បញ្ចូលទាំងការបង្កើតផ្លូវថ្នល់ ការរៀបចំគោលនយោបាយស្របគ្នា ដែលជួយសម្រួលពន្ធ និងពេលវេលាដែលទំនិញត្រូវឆ្លងកាត់ការឆែកឆេរ។
បច្ចុប្បន្ន ច្រករបៀងសេដ្ឋកិច្ចបីដែលកំពុងតែដំណើរការសាងសង់ ទីមួយ គឺរបៀងពីជើងមកត្បូង ដែលភ្ជាប់ប្រទេសចិន និងប្រទេសឡាវ ទៅនឹងកំពង់ផែសមុទ្រសំខាន់ៗ កាត់តាមមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ ទីពីរ គឺរបៀងពីកើតមកលិច ដែលភ្ជាប់កំពង់ផែដាណាំង (Da Nang) នៅវៀតណាម ទៅកំពង់ផែម៉ឡាម៉ាយអ៊ីន (Mawlamyine) នៃប្រទេសមីយ៉ាន់ម៉ា កាត់តាមប្រទេសឡាវ និងថៃ។
ឯប្រទេសកម្ពុជា វិញស្ថិតនៅក្នុងគម្រោងរបៀងទី៣ គឺរបៀងខាងត្បូង ដែលភ្ជាប់ប្រទេសថៃ ទៅប្រទេសវៀតណាម កាត់តាមកម្ពុជា។ ច្រកកណ្ដាលតាមភ្នំពេញ ច្រកខាងជើងតាមសៀមរាប ស្ទឹងត្រែង និងរតនគិរី និងច្រកខាងត្បូងតាមខេត្តកោះកុង និងខេត្តកំពត។
អ្នកបច្ចេកទេសយល់ឃើញថា ច្រករបៀងទាំងនេះជាឆ្អឹងខ្នងយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដែលអាចជាបច្ច័យមួយសម្រាប់ជួយសម្រេចគោលដៅទីផ្សារ និងមូលដ្ឋានផលិតតែមួយរបស់សហគមន៍អាស៊ាន។ ក៏ប៉ុន្តែការសម្របសម្រួលពាណិជ្ជកម្មនេះ ក៏ត្រូវបានគេឃើញថា នឹងបង្កើនការប្រកួតប្រជែងក្នុងតំបន់ដែលជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា បើសិនជាប្រទេសកម្ពុជា មិនបានរៀបចំខ្លួនឲ្យមានភាពទាក់ទាញសម្រាប់វិនិយោគិនទេ ប្រទេសនេះអាចនឹងក្លាយទៅជាកន្លែងមួយគ្រាន់តែសម្រាប់តែគេជិះឆ្លងទៅឆ្លងមករវាងសេដ្ឋកិច្ចថៃ និងវៀតណាម ប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដើម្បីបង្កើនភាពទាក់ទាញ និងមិនត្រូវឲ្យប្រទេសកម្ពុជា ជាតំបន់ឆ្លងកាត់នេះ រដ្ឋាភិបាលកម្ពុជា ត្រូវសិក្សាពីប្រទេសជិតខាងដើម្បីឲ្យដឹងថា គេបានធ្វើបានកម្រិតណា ហើយខំប្រឹងអភិវឌ្ឍខ្លួនឯងឲ្យប្រកួតប្រជែងនឹងគេបាន៖ « ការគិតគូរក្នុងបរិការណ៍តំបន់ ការមានវិធានការអនុវត្តន៍ជាក់ស្តែងនៅតាមមូលដ្ឋាន។ យើងគ្រប់គ្រងបានតែប្រទេសយើងទេ តែយើងចាំបាច់ត្រូវដឹងថានៅវៀតណាម មានអ្វី ? នៅថៃ មានអ្វី ? នៅភូមា មានអ្វី ? សព្វថ្ងៃនេះ កម្ពុជា គេមកវិនិយោគដោយគេយល់ថា កម្លាំងពលករសម្បូរបែប និងពីមុនគេថាថោក ឥឡូវគេឈប់ថាហើយ។ គេថាតម្លៃសមរម្យ។ យើងដឹងហើយដឹងទៀតថា ភូមា សម្បូរបែបជាងយើងទៅទៀត ហើយថោកជាងយើងទៅទៀត។ នេះជារឿងពិត កុំលេងសើចឲ្យសោះ »។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា បើធៀបទៅនឹងបណ្ដាប្រទេសជិតខាង គឺមានភាពទាក់ទាញមិនដល់គេទេ ជាពិសេសប្រទេសវៀតណាម និងថៃ។ លោកមានប្រសាសន៍ថា ភាពទាក់ទាញរបស់កម្ពុជា សព្វថ្ងៃគឺផ្អែកទៅលើថ្លៃឈ្នួលកម្លាំងពលកម្មថោក ការមិនយកពន្ធពីសំណាក់រដ្ឋាភិបាល និងការអនុគ្រោះពន្ធនាំចូលពីខាងសហភាពអឺរ៉ុប អាមេរិក និងជប៉ុន ជាដើម ប៉ុន្តែដើម្បីប្រកួតប្រជែងបាន កម្ពុជា នៅមានរឿងជាច្រើនដែលត្រូវកែប្រែ៖ « យើងត្រូវធ្វើយ៉ាងណាកុំឲ្យវិនិយោគិនឈឺក្បាលលើបញ្ហាគ្រប់គ្រងរបស់យើង ដូចជាការចុះបញ្ជី ការប្រតិបត្តិ និងការនាំចេញ ហើយផ្នែកកម្មករ បើមានកូដកម្មច្រើនក៏គេឈឺក្បាលខ្លាំង។ ទីពីរ គឺផ្នែកជំនាញ។ ប្រសិនជាយើងធ្វើយ៉ាងណាជំរុញឲ្យពលករយើងមានជំនាញ ជាពិសេសសិស្សសាលាយើងឲ្យមានគុណភាពខ្ពស់ ដូចនេះពេលចូលបម្រើការទៅគេអាចទទួលបានលទ្ធផលខ្ពស់ពីយើង។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រួលដល់ការដឹកជញ្ជូនធ្វើឲ្យមានថ្លៃទាប។ អគ្គិសនីយើងក៏ត្រូវគិតគូរ។ ដូចនេះទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងថាមពល ទាំងប្រព័ន្ធអភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ត្រូវការកែលំអថែមទៀត »។
កន្លងទៅមានការសិក្សាជាច្រើនបានមើលទៅលើភាពទាក់ទាញរបស់សេដ្ឋកិច្ចកម្ពុជា ត្រូវរងផលប៉ះពាល់ខ្លាំងដោយកត្តាធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចនេះ។
សម្រង់មតិរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារក្រោមការឧបត្ថម្ភរបស់អង្គការអន្តរជាតិខាងការងារ (ILO) ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ រកឃើញថា និយោជកប្រហែលជា ៥៥ភាគរយនៅកម្ពុជា ដែលភាគច្រើនជាជនបរទេសដោយគេគិតថា បុគ្គលិកខ្លួនគ្មានលទ្ធភាពបំពេញការងារបានត្រឹមត្រូវដូចជាជនបរទេសឡើយ។ នៅក្នុងវិស័យផ្សេងៗទៀតក្រៅពីហិរញ្ញវត្ថុ មានការងារជាច្រើនដែលខ្វះធនធានមនុស្សខ្លាំង ដូចជា អ្នកធ្វើការជំនាញ អ្នកបញ្ជាគ្រឿងចក្រ អ្នកគ្រប់គ្រង និងអ្នកធ្វើការហត្ថកម្ម។
ក្រៅពីទីផ្សារកម្លាំងពលកម្ម តម្លៃដឹកជញ្ជូននៅកម្ពុជា ក៏មិនសូវបង្ហាញសក្ដានុពលនៅឡើយដែរ ហើយក៏មានបញ្ហាដែរបើធៀបទៅនឹងប្រទេសជិតខាង។ ក្រុមហ៊ុនឯកជនកូរ៉េមួយឈ្មោះថា ភេន កុងទីណង់តាល់ ហ្វ្រាច (Pan Continental Freight) នៅឆ្នាំ២០១២ បានប្រៀបធៀបតម្លៃដឹកជញ្ជូនកុងតឺន័រក្នុងតំបន់ ឃើញថា កម្ពុជា គិតថ្លៃខ្ពស់ជាងថៃ និងវៀតណាម ស្ទើរតែពីរដង។ ចំណែកអគ្គិសនីនៅកម្ពុជា វិញ បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល (ASEAN Center for Energy) នៅឆ្នាំ២០១១ ឲ្យដឹងថា ពន្ធលើអគ្គិសនីរបស់កម្ពុជា គឺនៅខ្ពស់ខ្លាំងបើធៀបទៅនឹងបណ្ដាប្រទេសអាស៊ានដទៃ។
បញ្ហាអភិបាលកិច្ចក៏ជាកត្តាដែលជំរុញឲ្យកម្ពុជា មិនសូវមានភាពទាក់ទាញដែរ ជាពិសេសទៅដល់វិនិយោគិនណាដែលទាមទារឲ្យមានតម្លាភាពខ្ពស់ឡើយ។ សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤ បានវិនិយោគ ១.៣០០លានដុល្លារអាមេរិកលើកម្ពុជា ស្របពេលដែលចិន វិនិយោគច្រើនជាង ១ម៉ឺនលានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៥។ សម្រង់ស្ថិតិរបស់សភាពាណិជ្ជកម្មអាមេរិក (American Chamber of Commerce) នៅឆ្នាំដដែលបានរកឃើញថា ៨២ភាគរយនៃអាជីវកម្មគ្រប់គ្រងដោយជនជាតិអាមេរិក នៅកម្ពុជា មានការមិនពេញចិត្ត ដោយសារអំពើពុករលួយ។
នៅពេលច្រករបៀងសេដ្ឋកិច្ចនេះបានរៀបចំជាស្ថាពរ ប្រទេសឡាវ នឹងត្រូវបានតភ្ជាប់ទៅកំពង់ផែដែលខ្លួនគ្មាន រីឯប្រទេសមីយ៉ាន់ម៉ា ដែលមានធនធានយ៉ាងសម្បូរបែប នឹងទទួលបានច្រកពាណិជ្ជកម្មយ៉ាងទូលាយទៅកាន់បណ្ដាប្រទេសផ្សេងៗក្នុងតំបន់។ សម្រាប់កម្ពុជា វិញ តើកម្ពុជា អាចនឹងក្លាយជាកន្លែងទាក់ទាញពាណិជ្ជកម្ម និងវិនិយោគទុនច្រើនដែរឬទេ? ឬក៏គ្រាន់តែក្លាយជាផ្លូវដែលគេធ្វើដំណើរឆ្លងកាត់? បញ្ហានេះ អ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា ដើម្បីឲ្យកម្ពុជា ដើរទាន់ប្រទេសជិតខាងក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចនេះ គឺពឹងផ្អែកទៅលើសមត្ថភាពរដ្ឋាភិបាលក្នុងការអភិវឌ្ឍបន្ថែមលើអ្វីដែលកម្ពុជា មានស្រាប់ និងកែលំអរាល់ចំណុចដែលខ្វះខាតជាច្រើនដែលខ្លួនមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។