តើហេតុអ្វីអាស៊ានមិនអើពើចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងកើតឡើងបច្ចុប្បន្ន?
2016.06.28
នាកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ប្រទេសជាសមាជិកអាស៊ានទាំង១០ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទចុះហត្ថលេខាលើសេចក្ដីប្រកាសអាស៊ានស្ដីពីសិទ្ធិមនុស្ស ដោយប្ដេជ្ញាកែលំអស្ថានភាពសិទ្ធិមនុស្សសម្រាប់ប្រជាជនជាង ៦០០លាននាក់របស់ខ្លួន។ ប៉ុន្តែនៅពេលនេះ ទោះបីជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិលើកឡើងថា កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ក៏ដោយ ក៏សមាជិកអាស៊ានទាំង ៩ទៀត ហាក់ដូចជាមិនមាត់មិនកលើការបំពានសិទ្ធិមនុស្សក្នុងប្រទេសជាសមាជិកកូនពៅមួយនេះ។
ហេតុអ្វីបានជាអាស៊ានមិនអើពើចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងកើតឡើងបច្ចុប្បន្ន?
សសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភបីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) គឺសហគមន៍សន្តិសុខនយោបាយដែលមានចក្ខុវិស័យកសាងសហគមន៍មួយមាននីតិរដ្ឋ ការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
ទោះបីជាធម្មនុញ្ញអាស៊ានចែងយ៉ាងច្បាស់ពីកាតព្វកិច្ចរបស់រដ្ឋជាសមាជិក ក្នុងការគោរពសិទ្ធិមនុស្សក៏ដោយ ក៏អាស៊ានមិនទាន់បានបង្ហាញជំហររួមក្នុងទម្រង់ណាមួយអំពីស្ថានភាពរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា នៅឡើយ។ បែរជាសហភាពអឺរ៉ុប ដែលនៅឆ្ងាយពីកម្ពុជា បានបង្ហាញជំហររួមរបស់ខ្លួនចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ទៅវិញ។
កាលពីថ្ងៃទី៣០ ឧសភា សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង សង្គមស៊ីវិល និងបានជំរុញឲ្យរដ្ឋាភិបាលបញ្ចប់វិបត្តិនយោបាយនេះដោយសន្តិវិធី ដើម្បីធានាឲ្យមានការបោះឆ្នោតដោយស្របច្បាប់នៅពេលខាងមុខ។
ការលើកឡើងស្រដៀងគ្នានេះ ក៏ចេញមកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំកំពូលនៃអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ផងដែរ។
ចុះហេតុអ្វីបានជាសហគមន៍អាស៊ាននៅរក្សាភាពស្ងៀមស្ងាត់?
មូលហេតុចម្បងមួយក្នុងចំណោមមូលហេតុមួយចំនួន ដែលបណ្ដាលឲ្យសហគមន៍អាស៊ានមិនអាចថ្លែងសារអ្វីមួយទៅរដ្ឋាភិបាលកម្ពុជា ដូចសហភាពអឺរ៉ុប បាននោះ គឺពាក់ព័ន្ធនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។
ត្រង់ចំណុចនេះ មានសំណួរចោទថា តើការបង្ហាញក្ដីបារម្ភចំពោះបញ្ហាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយយោងលើច្បាប់ជាតិ និងអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ក្នុងរបៀបដូចដែលសហភាពអឺរ៉ុប ធ្វើនោះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែរឬទេ?
សម្រាប់រដ្ឋាភិបាលកម្ពុជា នោះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដោយបានប្រតិកម្មតបទៅវិញកាលពីថ្ងៃទី២ មិថុនា ថា សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសទាំងនោះ មិនសមហេតុផលទាល់តែសោះ។
គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះហើយ ដែលគេសង្កេតឃើញជាទូទៅថា មេដឹកនាំអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមរយៈការរក្សាភាពស្ងៀមស្ងាត់ ទោះបីជាស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសជាសមាជិកត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា ស្ថិតក្នុងសភាពគ្រោះថ្នាក់ក៏ដោយ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា ការដែលអាស៊ានប្រកាន់ខ្ជាប់គោលការណ៍នេះ គឺជាចំណុចឆកល្វែងរបស់សហគមន៍អាស៊ាន ក្នុងការបំពេញកាតព្វកិច្ចការពារសិទ្ធិមនុស្សក្នុងតំបន់៖ «ប្រទេសអាស៊ានប្រកាន់យករឿងហ្នឹងហាក់ដូចជាអាទិភាពជាងវិធានការ ជាងរឿងអីផ្សេងៗទៀតដែលទាក់ទិននឹងការគោរពសិទ្ធិមនុស្សជាសកល។ នេះជាចំណុចខ្សោយរបស់អាស៊ាន»។
ក្នុងនាមជាមេដឹកនាំអង្គការសង្គមស៊ីវិល ដែលតែងចូលរួមក្នុងវេទិកាអាស៊ានពាក់ព័ន្ធសិទ្ធិមនុស្ស លោក គល់ បញ្ញា សង្កេតឃើញថា សង្គមស៊ីវិលឯករាជ្យនៃប្រទេសជាសមាជិកអាស៊ានមួយចំនួន រួមទាំងកម្ពុជា ផង តែងតែមិនទទួលបានការស្វាគមន៍ពីតំណាងរដ្ឋាភិបាលប្រទេសរបស់ខ្លួននោះទេ។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ លើកឡើងថា មូលហេតុចម្បងមួយទៀតដែលនាំឲ្យសហគមន៍អាស៊ានទាំងមូលត្រូវរក្សាភាពស្ងៀមស្ងាត់ មិនអាចធ្វើអត្ថាធិប្បាយលើស្ថានភាពរំលោភសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសជាសមាជិករបស់ខ្លួនបាន គឺដោយសារមេដឹកនាំនៃប្រទេសអាស៊ានភាគច្រើន មានកេរ្តិ៍ឈ្មោះមិនល្អក្នុងរឿងសិទ្ធិមនុស្ស។ ម្យ៉ាងទៀតលោកថា សហគមន៍នេះមិនទាន់មានសាមគ្គីភាពពិតប្រាកដក្នុងការប្រែក្លាយអាស៊ាន ឲ្យទៅជាសហគមន៍តែមួយ វាសនាតែមួយនោះទេ៖ «អាស៊ានតែមួយវាសនាតែមួយ ប៉ុន្តែយើងសង្កេតមើលបច្ចុប្បន្ននេះ ហាក់បីដូចជាអាស៊ានដប់ វាសនាដប់។ ទីមួយ ការរត់ប្រណាំងនៃសេដ្ឋកិច្ច។ ទីពីរ ការលាក់ព័ត៌មានគ្នាទៅវិញទៅមក។ ទីបី គឺការបង្កើនការទិញសព្វាវុធដោយមិនប្រាប់គ្នា។ អ៊ីចឹងយើងឃើញថា អាស៊ានកំពុងតែរត់ប្រណាំងគ្នាផ្នែកចំណុចទាំងអស់នេះ ដែលធ្វើឲ្យអាស៊ានមិនមានចំណុចរួម»។
លោកបណ្ឌិត រស់ រ៉ាវុធ បន្តថា អាស៊ានគួរតែពិចារណាឡើងវិញលើការប្រកាន់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ៖ «អាស៊ានគួរតែបង្កើនកិច្ចសហប្រតិបត្តិការគំនិតរួមតែមួយ។ អាស៊ានត្រូវពិនិត្យធម្មនុញ្ញឡើងវិញពីគោលការណ៍ទាក់ទងទៅនឹងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាស៊ានហ្នឹង ថាតើយើងអាចជួយគ្នាកម្រិតណា? អ៊ីចឹងនេះវាជារឿងលំបាកមួយដែលអាស៊ានគួរតែគិតឡើងវិញក្នុងបញ្ហានេះ»។
ទោះបីជាយ៉ាងណា មេដឹកនាំអាស៊ានតែងតែអះអាងពីការប្ដេជ្ញារួមគ្នា ក្នុងការនាំសហគមន៍អាស៊ានទាំងមូលឆ្ពោះទៅរកការលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកសិទ្ធិមនុស្សព្រមៗគ្នា។
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ មេដឹកនាំអាស៊ានទាំង ១០ប្រទេស ឈានដល់ការប្ដេជ្ញាចិត្តរួមគ្នាមួយក្នុងការគោរពសិទ្ធិមនុស្ស ដោយបានចុះហត្ថលេខាលើសេចក្ដីប្រកាសអាស៊ានស្ដីពីសិទ្ធិមនុស្ស។
ក្នុងសេចក្ដីប្រកាសនោះ មេដឹកនាំអាស៊ានទាំង ១០ប្រទេស បានបញ្ជាក់ថា ខ្លួនប្ដេជ្ញាគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ស្របតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
ប៉ុន្តែសេចក្ដីប្រកាសនោះ ត្រូវបានសង្គមស៊ីវិលអន្តរជាតិផ្នែកសិទ្ធិមនុស្សរិះគន់ថា ធ្វើឡើងដោយមិនមានតម្លាភាព ចាប់តាំងតែពីដំណាក់កាលពង្រាងមកម្ល៉េះ ដោយសារសមាសភាពនៃគណៈកម្មការអន្តររដ្ឋាភិបាលស្ដីពីសិទ្ធិមនុស្សដែលធ្វើការងារនោះ មិនមានភាពឯករាជ្យ៕