អ្នក​វិភាគ៖ ការ​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​ទាម​ទា​​ពេល​វេលា​ច្រើន​ទៀត

រយៈពេល ៤៥​ឆ្នាំ នៃ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​មាន​ប្រទេស ១០ បាន​ចូល​រួម រដ្ឋាភិបាល​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​បាន​សម្រេច​បង្កើត​សហគមន៍​តែមួយ​នៅ​ត្រឹម​ឆ្នាំ​២០១៥។
ដោយ អាន ស៊ីថាវ
2012.08.22

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​សមាជិក​អាស៊ាន មាន​កម្រិត​ជីវភាព​ខុស​គ្នា​ខ្លាំង ដែល​អ្នកវិភាគ​សង្គម​មួយ​ចំនួន​បាន​អះអាង​ថា ការ​បង្កើត​សហគមន៍​អាស៊ាន​នេះ គឺ​ទាមទារ​រយៈពេល​ច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​តំបន់​តែ​មួយ​នោះ​ទទួល​បាន​ផលប្រយោជន៍​រួម ដែល​ជា​គោលបំណង​របស់​ប្រទេស​ទាំង​នោះ​ចង់​បាន ហើយ​នៅ​ឆ្នាំ​២០១៥ គឺ​ជា​ឆ្នាំ​ចាប់​ផ្ដើម​នៃ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​តែមួយ​ប៉ុណ្ណោះ។

តំបន់​ភាវូរបនីយកម្ម​សេដ្ឋកិច្ច បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​របៀបវារៈ​ជាតិ​របស់​ប្រទេស​ទាំង​អស់​លើ​សកលលោក ជាពិសេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជា​ការ​ពិត បច្ចុប្បន្ន​នេះ​ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​តាម​តំបន់ បាន​កើន​ឡើង​យ៉ាង​ច្រើន​ទូទាំង​ពិភពលោក។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា តាម​ការ​ប៉ាន់ស្មាន​គេ​ឃើញ​មាន​ប្លុក​ពាណិជ្ជកម្ម​ចំនួន ៣៤ ដែល​កំពុង​ដំណើរការ និង​ចំនួន ១៧​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​រៀបចំ។

នៅ​អាស៊ី​មាន​ការ​បង្កើត​តំបន់​មួយ​រវាង​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​បង្កើត​ដំបូង​ចាប់​តាំងពី​ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​គោលបំណង​សហប្រតិបត្តិការ​គ្នា ដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ នៅ​ពេល​នោះ សេចក្ដី​ថ្លែងការណ៍​ក្រុង​បាងកក បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​របស់​អាស៊ាន និង​កំណត់​ទិសដៅ​ដែល​ប្រទេស​នីមួយៗ​ចង់​បាន​នៅ​ពេល​ខាងមុខ។ ប្រទេស​សមាជិក​ទាំងអស់​បាន​សម្រេច​ថា នៅ​ត្រឹម​ឆ្នាំ​២០១៥ សមាគម​អាស៊ាន​នឹង​បង្កើត​នូវ​សហគមន៍​តែ​មួយ។

ដើម្បី​សម្រេច​បាន​គោលដៅ​នេះ សមាគម​អាស៊ាន​បាន​ធ្វើ​កិច្ចប្រជុំ​ជាច្រើន​រវាង​ប្រទេស​ទាំងអស់​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​លទ្ធផល​មួយ​ក្នុង​ចំណោម​លទ្ធផល​ធំៗ នៃ​កិច្ចប្រជុំ​នេះ គឺ​សេចក្ដី​សម្រេច​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន។ ប្រទេស​ជា​សមាជិក​បាន​ចុះ​ហត្ថលេខា​ផង​ដែរ លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​តារាង​អនុគ្រោះ​ពន្ធគយ​រួម ដែល​ជា​មធ្យោបាយ​សំខាន់​សម្រាប់​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់​មាន​ប្រសាសន៍​ការ​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​នេះ​មាន​ន័យ​ថា ប្រទេស​ទាំងអស់​នៅ​អាស៊ាន នឹង​ក្លាយ​ជា​គ្រួសារ​តែ​មួយ រួម​សុខ​រួម​ទុក្ខ​ជាមួយគ្នា​ជាដើម។

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​បង្កើត​សហគមន៍​អាស៊ាន​នេះ​មាន​សិទ្ធិ​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​សកលលោក និង​អាស៊ាន​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ព្រមព្រៀង​អន្តរជាតិ​នានា៖ «អាស៊ាន​ក្ដី អគ្គលេខាធិការ​អាស៊ាន​ក្ដី មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ព្រមព្រៀង​អន្តរជាតិ។ ពី​មុន​យើង​ជា​សមាគម​យើង​ជា​នីតិបុគ្គល ដល់​ឥឡូវ​យើង​ក្លាយ​ជា​សហគមន៍ យើង​អាច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​បាន»

យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្កើត​សហគមន៍​តែ​មួយ​គឺ​ទាមទារ​ពេលវេលា​ច្រើន​ទៀត ក្នុង​ការ​សម្រេច​គោលដៅ​នេះ ដោយ​បញ្ជាក់​ថា ការ​បង្កើត​សហគមន៍​តែ​មួយ គឺ​គោលបំណង​របស់​ប្រទេស​សមាជិក​ទាំងអស់​ចង់​បាន​ខុស​គ្នា។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ហេតុផល​គឺ​បណ្ដាល​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ភាគច្រើន​គឺ​មាន​កម្រិត​ជីវភាព និង​ការ​អភិវឌ្ឍ​ខុស​គ្នា​នៅ​ឡើយ ដែល​កត្តា​នេះ​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បង្កើត​សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

លោក កែម ឡី៖ «នៅ​ក្នុង​បណ្ដា​ប្រជាជាតិ​អាស៊ាន​ហ្នឹង មាន​ការ​អភិវឌ្ឍ​ខុសគ្នា មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ខុសៗ​គ្នា។ ប្រទេស​សិង្ហបុរី ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​ទៅ​ហើយ ហើយ​ប្រទេស​ខ្មែរ​យើង ភូមា ជា​ប្រទេស​ដែល​កំពុង​តែ​មាន​ការអភិវឌ្ឍ​ ហើយ​ក៏​មាន​ការ​អភិវឌ្ឍ​តិចតួច។ ប្រសិនបើ​ប្រទេស​មួយ ដែល​ជា​ប្រទេស​អ្នកមាន គោលដៅ​របស់​គេ​ចង់​បាន​ឡាន វិឡា ប៉ុន្តែ​ប្រទេស​យើង​ទើប​នឹង​ជិះ​កង់​នៅ​ឡើយ ហើយ​យើង​ទៅ​ចង់​បាន​ឡាន វិឡា នៅ​រយៈពេល ៣​ឆ្នាំ ៥​ឆ្នាំ​ទៀត»

លោក កែម ឡី បន្ត​ថា ការ​សម្របសម្រួល​គឺ​ជា​កត្តា​សំខាន់​បំផុត ដើម្បី​រក​ចំណុច​រួម​មួយ​ដែល​បង្កើត​ប្រយោជន៍​រួម​ដល់​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ យ៉ាងណាក៏ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់​មាន​ប្រសាសន៍​ថា ភាព​ខុស​ខ្លាំង​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី គឺ​ដោយសារ​តែ​សង្គ្រាម ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដោយ​លោក​បញ្ជាក់​ថា ប្រទេស​សមាជិក​អាស៊ាន​អាច​ក្លាយ​ជា​គ្រួសារ​តែ​មួយ​បាន លុះត្រាតែ​មាន​ការ​ធ្វើ​សមាហរណកម្ម។

លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខិតខំ​ប្រឹងប្រែង​ ទិសដៅ​សំខាន់​គឺ​ការ​ធ្វើ​សមាហរណកម្ម ដើម្បី​កាត់បន្ថយ​គំលាត​សេដ្ឋកិច្ច​ឲ្យ​បាន​ជា​អតិបរមា រវាង​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី​នៅ​ឆ្នាំ​២០១៥ ខាងមុខ៖ «គឺ​សំខាន់​ត្រូវ​មាន​សមាហរណកម្ម។ អ៊ីចឹង​កម្ពុជា ចាត់​ទុក​ធ្វើ​ជា​ប្រធាន​អាស៊ាន គឺ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ព្រោះ​ទស្សនៈ​របស់​យើង បើ​មិន​មាន​ការ​ធ្វើ​សមាហរណកម្ម នៅ​តែ​មាន​គម្លាត​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ ពិត​ហើយ​យើង​មិន​អាច​ធ្វើ​ឲ្យ​ស្មើ​គ្នា​បាន នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ធ្វើ​ម៉េច​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា រវាង​គម្លាត​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី​នេះ»

របាយការណ៍​ដែល​ចងក្រង​ដោយ បណ្ឌិត ហ៊ាន សាហ៊ីប ក៏​បាន​បង្ហាញ​ថា នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​ការ​លូតលាស់​សេដ្ឋកិច្ច​មិន​ដូចគ្នា​ទេ។ ប្រទេស​សិង្ហបុរី និង​ ប្រ៊ុយណេ ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​មនុស្ស​ខ្ពស់​ជាងគេ។ ប្រទេស​ម៉ាឡេស៊ី ថៃ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​មធ្យម។ ដូច្នេះ​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្ពស់ តែងតែ​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង ប្រទេស​សមាជិក​អាស៊ាន​ដែល​មិនសូវ​មាន​ការអភិវឌ្ឍ។

បើ​ទោះជា​ប្រទេស​សមាជិក​អាស៊ាន ប្រឹងប្រែង​ក្នុង​ការ​បង្កើត​សហគមន៍​អាស៊ាន ដូចជា​ការ​កាត់​បន្ថយ​របាំង​ពន្ធ លើកកម្ពស់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ក៏ដោយ ប៉ុន្តែ​អ្នកវិភាគ​មួយ​ចំនួន​បាន​អះអាង​ថា សហគមន៍​អាស៊ាន​ដែល​បាន​ព្រមព្រៀង​បង្កើត​នៅ​ឆ្នាំ​២០១៥ នោះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។