ប្រជាពលរដ្ឋខ្មែរភាគច្រើន មិននិយមពាក់វ៉ែនតាទេ។ ការមិននិយមពាក់វ៉ែនតានេះ ព្រោះពលរដ្ឋទាំងនោះយល់ថា ការពាក់វ៉ែនតា គឺសម្រាប់តែពេលភ្នែកមានជំងឺ ឬសម្រាប់ភ្នែកមនុស្សចាស់ប៉ុណ្ណោះ។
តើវ៉ែនតាជួយភ្នែកដូចម្ដេចខ្លះ?
ជំងឺភ្នែកនៅប្រទេសកម្ពុជា កំពុងក្លាយជាបញ្ហាចោទនៅឡើយ។ គ្រូពេទ្យជំនាញឯកទេសភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់ថា ជំងឺភ្នែកបណ្ដាលមកពីកត្តាជាច្រើន ដូចជា ការប៉ះទង្គិច របួសស្នាម ជំងឺ និងកត្តាពីកំណើត។ មូលហេតុចម្បងមួយដែលបណ្ដាលឲ្យពលរដ្ឋកម្ពុជា មានជំងឺភ្នែកច្រើន គឺដោយសារពលរដ្ឋខ្មែរមិនសូវនិយមពាក់វ៉ែនតា។
លោកវេជ្ជបណ្ឌិតពន្យល់ទៀតថា ផលប្រយោជន៍ពីការពាក់វ៉ែនតា មានសារសំខាន់ទាំងការជួយការពារភ្នែកពីការប៉ះទង្គិចរបួសស្នាម ជំងឺ និងការជួយសម្រាប់ឱ្យយើងមើលឃើញច្បាស់។ លោកពន្យល់ទៀតថា ហេតុផលសំខាន់មួយដែលយើងត្រូវពាក់វ៉ែនតា គឺមកពីការមើលមិនច្បាស់។ បញ្ហានេះ មានទាំងមនុស្សចាស់ និងកូនក្មេង។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ ឱ្យដឹងថា វ៉ែនតាសម្រាប់ជួយឱ្យយើងមើលឃើញច្បាស់ គឺមាន ៤ប្រភេទទៅតាមបញ្ហារបស់ភ្នែក៖ «សំឡេង»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា វ៉ែនតាមួយប្រភេទទៀត គឺសម្រាប់ភ្នែកអ្នកដែលមើលមិនច្បាស់ទាំងអស់។ គ្រូពេទ្យហៅបញ្ហាភ្នែកនេះថា អាស្ទីម៉ាត (Astigmatism)។ ទាក់ទងនឹងជំងឺភ្នែកអាស្ទីម៉ាតនេះ មានផលវិបាកសម្រាប់ការរៀនសូត្ររបស់កូនក្មេង៖ «សំឡេង»។
វ៉ែនតាប្រភេទទី៤ គឺសម្រាប់ភ្នែកដែលមើលជិតមិនច្បាស់ ជាពិសេសមនុស្សដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ គ្រូពេទ្យហៅបញ្ហាភ្នែកនេះថា ប្រេសបាយយ៉ូប (Presbyopia)៖ «ត្រូវមានវ៉ែនតាបន្ថែមសម្រាប់អាន ឬធ្វើការ»។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ ណែនាំថា អ្នកប្រើវ៉ែនតាសម្រាប់មើលជិតនេះ គប្បីដកឃ្លាការអាន ឬសរសេរឱ្យមានចម្ងាយយ៉ាងតិច ៣តឹកកន្លះ ទៅ ៤តឹក (35cm – 40cm) ពីភ្នែក៖ «សំឡេង»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា កូនក្មេងមួយចំនួនតូចដែលមានពីអាយុ ៣ខែ ទៅ ១ឆ្នាំ អាចមានភ្នែកមីញ៉ូបក្នុងកម្រិតលេខណាមួយ។ ក៏ប៉ុន្តែ កូនក្មេងមានបញ្ហានេះ មិនមានន័យថាត្រូវពាក់វ៉ែនតាទាំងអស់ទេ ពីព្រោះក្នុងចន្លោះ ៣ឆ្នាំ ភ្នែកមីញ៉ូបនោះអាចវិវឌ្ឍទៅរកភាពធម្មតាវិញ៖ «លើកលែងតែកូនក្មេងហ្នឹងវាវិវឌ្ឍទៅរកភ្នែកខ្ជិល នៅក្នុងវ័យនេះ ហេតុផលនៃការពាក់វ៉ែនតា គឺទាក់ទងនឹងការវិវឌ្ឍ ឬបញ្ហារបស់ភ្នែក»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា កូនក្មេងខ្លះដែលមានគ្រាប់ភ្នែកធំតូចខុសគ្នា ក៏ត្រូវពាក់វ៉ែនតាដែរ ពីព្រោះភ្នែកនោះមានលេខខុសគ្នា។ ការប្រើវ៉ែនតា គឺជួយកុំឱ្យភ្នែកខ្ជិល និងមើលឃើញបានស្មើគ្នា៖ «សំឡេង»។
កូនក្មេងដែលមានភ្នែកមីញ៉ូបពីអាយុ ៣ខែ ដល់ ៦ឆ្នាំ អាចវិវឌ្ឍទៅរកធម្មតាវិញជាលំដាប់ ដោយមិនបាច់ប្រើវ៉ែនតា៖ «ហើយពី ៦ឆ្នាំទៅដល់ ១២ឆ្នាំ ក្មេងមួយចំនួនអាចវិវឌ្ឍទៅរកការពាក់វ៉ែនតា។ ហេតុអី? ពីព្រោះវាទាក់ទងនឹងការអាន ការសរសេរ និងការលេង»។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់បន្ថែមថា កន្លងមកមានការយល់ខុសមួយថា ការពាក់វ៉ែនតានឹងធ្វើឱ្យបញ្ហាមីញ៉ូបរបស់ភ្នែកកាន់តែធ្ងន់ធ្ងរ ហើយលេខវ៉ែនតាចេះតែកើនឡើង។ លោកថា ការសិក្សារកឃើញថា អ្នកពាក់វ៉ែនតាជាប់មានកម្រិតលេខមីញ៉ូបឡើងយឺតជាងអ្នកដែលមិនពាក់៖ «ប្រជាជនយើងថាពាក់វ៉ែនតាឡើងលេខ ខុសគ្នា តែពេទ្យអត់ពន្យល់អ៊ីចឹងទេ។ ការពាក់វ៉ែនតា វាអាចទប់ស្កាត់ការវិវឌ្ឍទៅរកភ្នែកខ្ជិលហ្នឹងឯង»។
លោកថ្លែងថា ការមិនពាក់វ៉ែនតា ឬមួកការពារភ្នែកពីពន្លឺថ្ងៃចាំង ពន្លឺនោះនឹងដុតភ្នែកបន្តិចម្ដងៗ ហើយច្រើនឆ្នាំក្រោយមក វានឹងបង្កឱ្យកើតជំងឺបាតភ្នែក និងភ្នែកឡើងបាយ។ លោកឱ្យដឹងដែរថា ពលរដ្ឋកម្ពុជា ទាំងអស់ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ សុទ្ធតែមានបញ្ហាភ្នែកទាំងអស់។ ដោយឡែកកុមារប្រមាណ ១០% មានបញ្ហាភ្នែក។ លោកថា របបអាហារដែលមានសាច់ច្រើន គឺជាមូលហេតុមួយនាំឱ្យមានបញ្ហាភ្នែក។ មូលហេតុមួយទៀត គឺការលេងកុំព្យូទ័រ និងទូរស័ព្ទច្រើន ដែលធ្វើឱ្យភ្នែកប្រឹងរហូត និងស្ងួត៖ «សំឡេង»។
លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ ណែនាំថា មនុស្សគ្រប់រូបគប្បីឱ្យគ្រូពេទ្យជំនាញពិនិត្យភ្នែករកបញ្ហា ហើយប្រសិនបើគ្រូពេទ្យតម្រូវឱ្យពាក់វ៉ែនតា គឺត្រូវតែពាក់ ពីព្រោះវ៉ែនតាមានប្រយោជន៍ជួយកុំឱ្យភ្នែកប្រឹងអាន ឬសរសេរ ធ្វើការបានយូរ និងមិនឈឺក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។