ការស្រាវជ្រាវជាច្រើនបង្ហាញថា ជំងឺ អូទីហ្សឹម (Autism) អាចកើតមានឡើងចំពោះទារក នៅពេលចាប់កំណើតក្នុងផ្ទៃម្ដាយ។ ភាគច្រើនកុមារដែលកើតជំងឺនេះ បង្ហាញរោគសញ្ញា នៅពេលអាយុ ចន្លោះពី៣ខែ ទៅ២ឆ្នាំ។ គេអាចកត់សំគាល់ថាកុមារកើតជំងឺអូទីហ្សឹម ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់២ឆ្នាំហើយមិនទាន់ចេះនិយាយ និងពេលខឹងម្តងៗមិនចង់ឱ្យគេលួងលោមជាដើម។
ក្រុមគ្រូពេទ្យជំនាញកុមារ ឱ្យដឹងថា ជំងឺអូទីហ្សឹម គឺជាប្រភេទពិការភាពម្យ៉ាង កើតមានចំពោះកុមារដែលនាំឱ្យប៉ះពាល់ទៅលើការលូតលាស់រាងកាយ សតិបញ្ញាស្មារតី ប៉ះពាល់ទៅលើផ្នែកទំនាក់ទំនងសង្គម និងការស្ដែងចេញនូវអាកប្បកិរិយារបស់កុមារ។ កុមារអូទីហ្សឹម ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និងកុមារដទៃ ដោយបង្ហាញកាយវិការ ចរិតឫកពារ ខុសប្លែកពីមនុស្សធម្មតា។
កុមារកើតជំងឺអូទីហ្សឹម ភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះចាប់ពី១ ឆ្នាំទៅ២ឆ្នាំ ដូចជា កុមារនោះចូលចិត្តធ្វើកាយវិការក្ដាប់ដៃ ទះដៃ បក់ដៃ លោត ដើរប្រើចុងម្រាមជើង យកក្បាលទៅបោកទង្គិចនឹងវត្ថុដែលនៅជិតខ្លួន រឹងរូស ស្រែកយំខ្លាំងៗទាមទារអ្វីមួយ មានអារម្មណ៍ឆាប់ប្រែប្រួល ខឹងឆេវឆាវច្រើន ជាដើម។ បន្ថែមពីនេះ កុមារកើតអូទីហ្សឹម អាយុ១ឆ្នាំហើយ មិនអាចឆ្លើយតប នៅពេលហៅចំឈ្មោះ មិនចូលចិត្តសម្លឹងមើលភ្នែកអ្នកណាឡើយ ច្រើនហូរទឹកមាត់ និងធ្វើអ្វីប្លែកៗ និងសើចខុសទំនងជាដើម ហើយស្ថានភាពរបស់ពួកគេ អាចប្រែប្រួលទៅតាមកុមារនីមួយៗ និងកម្រិតពិការភាព។
គ្រូពេទ្យប្រចាំគ្រួសារ នៅទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត (Massachusetts) លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ទ មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា មានកត្តាជាច្រើន បណ្ដាលឱ្យកុមារកើតជំងឺអូទីហ្សឹម ក្នុងនោះរួមផ្សំ ជាមួយហ្យីន (Gene) ឬតំណពូជ និងកត្តាបរិស្ថាន។ លោកថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការស្រាវជ្រាវណាច្បាស់លាស់ អំពីមូលហេតុដែលនាំឱ្យកុមារកើតជំងឺអូទីហ្សឹម ដោយសារចាក់វ៉ាក់សាំងការពារ ឬម្ដាយឆ្លងមេរោគនៅពេលមានគភ៌នោះ នៅឡើយទេ៖
« អ្នកខ្លះថាចាក់ថ្នាំវ៉ាក់សាំង អាចឱ្យកូនហ្នឹងកើតអូទីហ្សឹម ប៉ុន្តែពុំមានភស្តុតាងណាបញ្ជាក់ថា ចាក់ថ្នាំវ៉ាក់សាំង នាំឱ្យកើតជំងឺនោះ។ ឪពុកម្ដាយត្រូវកត់សំគាល់កូន ប្រសិនបើកូនអាយុ ១ឆ្នាំ មិនចេះនិយាយ មិនទាន់ចេះដើរ ក្មេងនោះ មិនចូលចិត្តលេងជាមួយក្មេងៗ ឬដំណើរចុងជើង ឬក៏បង្ហាញអាកប្បកិរិយាមិនប្រក្រតី។ បើដឹងហើយត្រូវយកទៅជួបគ្រូពេទ្យ ...»។
បន្ថែមពីនេះ គេហទំព័រក្រុមវេជ្ជបណ្ឌិតជំនាញ (WebMD) ក៏បានអះអាងផងដែរថា ការចាក់វ៉ាក់សាំងការពារកញ្ជ្រឹល ស្អូច ជាដើម ដែលអក្សរកាត់ភាសាអង់គ្លេស ហៅថា MMR ពុំមែនជាមូលហេតុនាំឱ្យកុមារ កើតជំងឺអូទីហ្សឹមនោះទេ។
តើជំងឺអូទីហ្សឹមអាចការពារ បានដែរឫទេ?
ការស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិក ឱ្យដឹងថា គេមិនអាចដឹងច្បាស់ពីមូលហេតុនាំឱ្យកុមារជំងឺអូទីហ្សឹមទេ ក៏ប៉ុន្តែជំងឺនេះ អាចបណ្តាលមកពីតំណពូជ ឬបញ្ហាផ្សេងៗក្នុងពេលចាប់កំណើត។ ក្នុងករណីកម្រខ្លះ ទារកមានពិការភាពដោយសារម្ដាយប៉ះពាល់និងស្រូបក្លិនគីមី នៅពេលមានគភ៌។ ទោះជាយ៉ាងនេះក្តី ក្រុមវេជ្ជបណ្ឌិតមិនអាចវាយតម្លៃថា ទារកនោះកើតមកមានជំងឺអូទីហ្សឹមនោះដែរ។ កុមារអូទីហ្សឹមខ្លះ បង្ហាញរោគសញ្ញា នៅពេលអាយុ ៣ខែ ហើយខ្លះទៀត អាយុមួយឆ្នាំ។ បន្ថែមពីនេះ កុមារចន្លោះពី៨០ ទៅ៩០% បង្ហាញរោគសញ្ញាអូទីហ្សឹម នៅពេលអាយុក្រោម២ឆ្នាំ។
ក្រុមវេជ្ជបណ្ឌិតលើកឡើងថា វិធីល្អបំផុតដើម្បីជៀសវាងកុំឱ្យទារកកើតអូទីហ្សឹម ម្ដាយនៅពេលមានគភ៌ ត្រូវយកចិត្តទុកដាក់ខ្លាំងអំពីសុខភាពរបស់ខ្លួន និងទារកក្នុងផ្ទៃ និងត្រូវទៅជួបគ្រូពេទ្យទៀងទាត់ ដើម្បីពិនិត្យការលូតលាស់របស់ទារកក្នុងផ្ទៃ។ លាបថ្នាំវីតាមីន ឬថ្នាំជំនួយផ្សេងៗទៀត ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ បន្ថែមពីនេះ ស្ត្រីមានគភ៌ត្រូវប្រុងប្រយ័ត្នជាទីបំផុត ដោយ កុំប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។ ប្រសិនបើស្ត្រីមានគភ៌ មានជំងឺឬមានបញ្ហាសុខភាពណាមួយ មុនលេបថ្នាំអ្វីមួយ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន។
របាយការណ៍ស្រាវជ្រាវដដែលបន្តថា កម្រិតធ្ងន់ធ្ងរនៃជំងឺអូទីហ្សឹម គឺប្រែប្រួលពីកុមារម្នាក់ទៅកុមារម្នាក់ទៀត។ កុមារខ្លះ អាចធំឡើង រស់នៅធម្មតាដូចគេឯង ក៏ប៉ុន្តែ មានករណីខ្លះ ពិការភាពធ្ងន់ធ្ងរ តម្រូវឱ្យពួកគេត្រូវរស់នៅកន្លែង ផ្ដល់សេវាថែទាំសុខភាព។
តើកុមារកើតអូទីហ្សឹមត្រូវព្យាបាលតាមរបៀបណា?
លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ទ មានប្រសាសន៍បន្តថា ជំងឺអូទីហ្សឹមនេះគេមិនអាចធ្វើតេស្តឈាម ឬថតខួរក្បាល ដើម្បីបញ្ជាក់ពីរោគសញ្ញាទាំងនេះបានទេ ក៏ប៉ុន្តែសំខាន់បំផុត មាតាបិតាត្រូវយកកូនទៅជួប វេជ្ជបណ្ឌិតកុមារ ឬគ្រូពេទ្យផ្នែកចិត្តសាស្ត្រ ដើម្បីសាកសួរ និងពិនិត្យមើល ពីសកម្មភាពនិងកាយវិការរបស់ពួកគេ៖ «ជំងឺអូទីហ្សឹម អត់មានត្រូវការថ្នាំព្យាបាលទេ។ គ្រាន់តែ ប្រសិនបើដឹងមុន គឺត្រូវការឱ្យមានក្រុមគ្រូពេទ្យជំនាញ ដើម្បីបង្រៀន និងពង្រឹងការនិយាយ ការរៀនភាសា ព្រោះក្មេងអូទីហ្សឹម ចូលចិត្តលេងម្នាក់ឯង គាត់មិនចូលចិត្តលេងអ្នកដទៃ។ ម្ល៉ោះហើយ គេត្រូវការពាក់ព័ន្ធច្រើន»។
កុមារអូទីហ្សឹមត្រូវការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ឪពុកម្ដាយនិងអាណាព្យាបាល។ ជំងឺអូទីហ្សឹមកើតមានលើកុមារគ្រប់ជាតិសាសន៍។ ការស្រាវជ្រាវបង្ហាញថា ការស្វះស្វែងរកជំនួយភ្លាមៗ ដល់កុមារកើតជំងឺអូទីហ្សឹមនៅពេលកើតថ្មីៗអាយុតិច នឹងអាចផ្ដល់លទ្ធផលជាវិជ្ជមានដល់ពួកគេ ក្នុងជីវិតរស់នៅទៅថ្ងៃអនាគត។ ទោះបីថា អូទីហ្សឹមពាក់ព័ន្ធ ការលូតលាស់និងសរសៃប្រសាទក៏ដោយ ក៏ក្មេងមួយចំនួនអាចមានសមត្ថភាពក្នុងការរៀនសូត្រ ការគិត និងការដោះស្រាយបញ្ហាបានលឿនយ៉ាងឆាប់រហ័ស។
ប្រធានដឹកនាំបណ្ដាញជនពិការខ្សោយសតិបញ្ញា និងអូទីហ្សឹម និងជាប្រធានអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (CIDAN) លោក ចាន់ សារិន បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ននេះ ឪពុកម្ដាយ និងអាណាព្យាបាល មានការយល់ដឹងច្រើនអំពីជំងឺអូទីហ្សឹម និងបានបញ្ជូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីទទួលការអប់រំថ្នាក់ពិសេស និងស្វែងរកសេវាគាំទ្រផ្នែកវិជ្ជាជីវៈផ្សេងៗ។ លោកថា ទោះបីជាកម្ពុជា គ្មានតួលេខច្បាស់លាស់ពីអត្រាកុមារ អូទីហ្សឹមក្ដី ប៉ុន្តែលោកប៉ាន់ប្រមាណថា កុមារកើតជំងឺអូទីហ្សឹម អាចមានចន្លោះពី ៥ពាន់ ទៅដល់ ១ម៉ឺននាក់។ លោកបន្តថា នៅកម្ពុជា អង្គការធ្វើការលើបញ្ហាអូទីហ្សឹមនេះគឺមានជាង ១០ស្ថាប័ន តែមានអង្គការ ២ ទៅ៣ ប៉ុណ្ណោះ ដែលសកម្មលើបញ្ហានេះ។ ចំណែកឯបញ្ហាធនធានមនុស្សវិញ ក៏នៅខ្វះខាតច្រើនដែរ ព្រោះគ្រូដែលបានសិក្សាជំនាញក្នុងការជួយកុមារអូទីហ្សឹម នៅមានចំនួនតិចតួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។