ក្រុមវេជ្ជបណ្ឌិតជំនាញសុខភាព លើកឡើងថា ការបង្កើនប្រព័ន្ធការពារខ្លួន (immune system) មានសារសំខាន់ណាស់ ដើម្បីការពារការឆ្លងបាក់តេរ៉ី (Bacteria) និងមេរោគផ្សេងៗ ដូចជា មេរោគសារកូវី២ (SARS-CoV2) នៃជំងឺកូវិត-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក។
តើគេអាចមានវិធីអ្វីខ្លះ ដើម្បីជួយពង្រឹងប្រព័ន្ធការពារខ្លួន?
ក្រុមវេជ្ជបណ្ឌិតវេជ្ជសាស្ត្រលើកឡើងថា វិធីងាយស្រួលបំផុត ដើម្បីបង្កើនប្រព័ន្ធការពារខ្លួន (immune system) គឺតាមរយៈការបរិភោគអាហារ និងផ្លាស់ប្ដូររបៀបរបបរស់នៅ។ ការផ្លាស់ប្តូរទាំងនោះ រួមមាន បរិភោគអាហារ មានជីវជាតិគ្រប់គ្រាន់ ដូចជា ត្រី បន្លែ និងផ្លែឈើគ្រប់មុខ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឲ្យបានច្រើន ហាមជក់បារី កាត់បន្ថយការសេពសុរា ឬគ្រឿងស្រវឹង ហាត់ប្រាណឲ្យបានទៀងទាត់ ព្រមទាំងកាត់បន្ថយ ភាពតានតឹងក្នុងចិត្ត (Stress) ជាដើម។
គេហទំព័រសុខភាពនៃសកលវិទ្យាល័យហាវ៉ាដ (Harward University) បានចុះផ្សាយអត្ថបទស្ដីពីវិធីមួយចំនួន ក្នុងការបង្កើនប្រព័ន្ធការពារខ្លួន (immune system) ឱ្យខ្លាំង ដើម្បីអាចទប់ស្កាត់ការឆ្លងមេរោគ និងជំងឺផ្សេងៗ ដូចជា ជំងឺកូវិត-១៩ (Covid-19) ដែលកំពុងរាតត្បាតជាសកលនេះ។ បន្ថែមពីការបរិភោគអាហារ មានជាតិប្រូតេអ៊ីន (Protein) និងទទួលទានបន្លែ ផ្លែឈើគ្រប់មុខ ដែលសម្បូណ៌ទៅ ដោយអង់ទីអុកស៊ីដិន (Antioxidants) យើងគ្រប់គ្នា គួរតែទទួលទានជាតិវីតាមីន រួមមានវីតាមីន អា (A) សេ (C) បេ៦ (B6) និង ដេ(D) ព្រមទាំងជាតិរ៉ែ ដួចជា ជាតិស័ង្កសី (Zinc) និងជាតិដែក (Iron) ជាដើម។
ចំណែកក្រុមវេជ្ជបណ្ឌិតជំនាញ នៃមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ក៏បានណែនាំ ៤ចំណុចសំខាន់ៗ ដែរ គឺទី១ ត្រូវគេងឲ្យបានគ្រប់គ្រាន់យ៉ាងតិច៧ម៉ោង ទី២ ទទួលទានទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃទី៣ ហាត់ប្រាណឲ្យបានទៀងទាត់ និងទី៤ ទទួលទានបន្លែ និងផ្លែឈើសម្បូណ៌ដោយវីតាមីនសេ (C)។
លោកឱសថការី លឹម សួរ ម្ចាស់ឱសថស្ថាន Lim's Pharmacy នៅប្រទេសអូស្ត្រាលី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោក គាំទ្រចំពោះការលើកឡើង ទាំង ៤ចំណុចរបស់ (CDC) នេះ។ បន្ថែមពីនេះ លោកថា គេអាច ទិញថ្នាំវីតាមីនសេ រួមផ្សំនឹងជាតិជាតិស័ង្កសី (Zinc) នៅតាមឱសថស្ថាន ដោយមិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លោកឱសថការី លឹម សួរ ពន្យល់ពីសារប្រយោជន៍ជាច្រើននៃការទទួលទានទឹកច្រើន ដូចជា ការពារកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន (Dehydrate) ជួយសម្រួលការរំលាយអាហារ (Digestion) និងរក្សាកម្ដៅក្នុងខ្លួនប្រាណ ជាដើម៖ « ខ្លួនយើងត្រូវការទឹកជានិច្ច ដូចឡានអញ្ចឹង ដើម្បីកុំឲ្យម៉ាស៊ីនក្តៅពេក។ ជាពិសេស ទឹកជួយបញ្ចេញជាតិពុលក្នុងខ្លួនតាមរយៈការបន្ទោរបង់។ ទឹកបើញ៉ាំក្ដៅអ៊ុនៗ បើតាមវិទ្យាសាស្ត្រ វាធ្វើឲ្យការរំលាយអាហារបានស្រួល ជាជាងទឹកត្រជាក់។ ហើយយើងញ៉ាំឲ្យបានញឹកញាប់ វាល់ល្ងាច ដើម្បីលាងមេរោគនៅក្នុងបំពង់ក សម្បូរណ៍ទៅដោយមេរោគគ្រុនដែលម្នាក់ៗ ពេលខែរងាវាចាប់ធ្វើទុក្ខហើយ ពេលប្រព័ន្ធការពារខ្លួនខ្សោយ »។
ចំពោះការបរិភោគអាហារវិញ លោកឱសថការី លឹម សួរ រៀបរាប់ថា នៅប្រទេសកម្ពុជា បន្លែផ្លែឈើ និងត្រីគ្រប់មុខ គឺសម្បូណ៌ទៅដោយអាហារមានជីវជាតិល្អ សម្រាប់ទ្រទ្រង់សុខភាព។ លោកក៏បានរៀបរាប់ពីបន្លែ និងផ្លែឈើ ទាំងនោះដែលមានអត្ថប្រយោជន៍ច្រើនដល់សុខភាព៖ « ប្រទេសយើងសម្បូរណ៍ម្ហូបអាហារល្អៗ មែនទែន ដូចជា ចេក ត្រី ស្ពៃជើងទា ស្ពៃក្ដោប ខាត់ណា ឬផ្លែព្រីង និង ផ្លែ ឈើយើងគ្រប់មុខ មានជីវជាតិល្អ ដែលធ្វើឲ្យប្រព័ន្ធការពារខ្លួនខ្លាំងក្លា សុទ្ធតែពពួក មានជាតិ អង់ទីអុកស៊ីដិន (Antioxidants) យ៉ាងច្រើន ដូចជា ប៉េងប៉ោះ ល្ហុង ស្លឹកបាស គឺល្អមែនទែន »។
គេហទំព័រសុខភាពដដែលបន្តថា កាលណាវ័យកាន់តែចាស់ ប្រព័ន្ធការពារខ្លួនចុះខ្សោយ ដែលជាមូលហេតុនាំឲ្យមនុស្សចាស់ ដែលមានវ័យលើសពី ៦៥ឆ្នាំឡើងទៅ ច្រើនមានបញ្ហាសុខភាព ដូចជា ជំងឺរលាកសួត ជំងឺទឹកនោមផ្អែម លើសឈាម គ្រុនផ្ដាសាយធំ និងជំងឺមហារីកជាដើម។
នៅពេលដែលជំងឺកូវិត-១៩ (Covid-19) ឆ្លងរីករាលដាលដំបូងនៅប្រទេសចិន ក្រុមវេជ្ជបណ្ឌិតជំនាញចិនប្រកាសថា ភាគច្រើនអ្នកស្លាប់ច្រើនមានអាយុ ៦៥ឆ្នាំ និងមានជំងឺរ៉ាំរ៉ៃនានា ដោយសារប្រព័ន្ធការពារខ្លួនខ្សោយ មិនអាចទប់ទល់ប្រឆាំងនឹងមេរោគសារកូវី២ (SARS-CoV2) នៃជំងឺកូវិត-១៩ (Covid-19) បានទេ។ ក៏ប៉ុន្តែថ្មីៗ នេះ ក្រុមអ្នកវិជ្ជាសាស្ត្រនៅសហរដ្ឋអាមេរិក ព្រមានថា មេរោគកូរ៉ូណាថ្មីនេះ គឺឆ្លងទៅមនុស្សគ្រប់ៗ មិនថាចាស់ ឬក្មេង ក៏ប៉ុន្តែមនុស្សវ័យចាស់ ច្រើនបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ តម្រូវឱ្យទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ និងមានអត្រាស្លាប់ខ្ពស់ជាងគេ។
រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (World Health Organization) មិនទាន់ប្រកាសទទួលស្គាល់ជាផ្លូវការ ពីវ៉ាក់សាំង ឬថ្នាំព្យាបាល ជំងឺរលាកផ្លូវដង្ហើមកូវិត-១៩ (Covid-19) នៅឡើយទេ។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខភាពនៃអង្គការសុខភាពពិភពលោក ផ្តល់យោបល់ ពីវិធីដ៏ល្អបំផុត ដើម្បីការពារការឆ្លង និងរីករាលដាលនៃមេរោគនេះ រួមមាន ៥ចំណុច ទី១ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ទី២ ប្រសិនបើក្អក ឬក្រដាស ត្រូវប្រើក្រដាសខ្ទប់មាត់ច្រមុះ រួចបោះចោលភ្លាម ឬប្រើកែងដៃខ្ទប់មាត់ច្រមុះ។ ទី៣ ក្នុងលក្ខណៈដែលពុំទាន់បានលាងដៃ សូមកុំប៉ះភ្នែកច្រមុះ និងមាត់ឲ្យសោះ ដើម្បីទប់ស្កាត់ កុំឱ្យមេរោគឆ្លងចូលទៅក្នុងខ្លួន។ ទី៤ ផ្អាកការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវនៅឆ្ងាយពីគ្នាប្រមាណ ១ម៉ែត្រ ព្រោះអ្នកផ្ទុកមេរោគខ្លះ ពុំមានរោគសញ្ញានោះទេ។ ចំណែកទី៥ វិញ ប្រសិនបើមិនស្រួលខ្លួន ត្រូវនៅផ្ទះ ហើយបើមានរោគសញ្ញាណាមួយ ដូចជា គ្រុនក្ដៅលើសពី ៣៨អង្សាសេ ក្អក និងមានបញ្ហាផ្លូវដង្ហើម គឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល។
គិតមកទល់ល្ងាចថ្ងៃទី២៥ ខែមីនានេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវិត-១៩ (Covid-19) បានកើនឡើងដល់ទៅ ជិត ២ម៉ឺននាក់ (១៩,៧៩៥) ក្នុងចំណោមអ្នកឆ្លងសរុបចំនួនជិត ៤៥ម៉ឺននាក់ (៤៤៦.០២៩) នៅក្នុងប្រទេស និងដែនដីចំនួន ១៩៥ នៅទូទាំងពិភពលោក។ ចំណែកនៅសហរដ្ឋអាមេរិកនេះវិញ ចំនួនអ្នកឆ្លងបានកើនឡើងដល់ជាង ៦ម៉ឺននាក់ក្នុងនោះអ្នកស្លាប់ មានជាង ៨រយនាក់ (៨០៨)។ អង្គការសុខភាព ពិភពលោក បង្ហាញក្តីបារម្ភថា ចំនួនអ្នកឆ្លងជំងឺកូវិត-១៩ អាចរាលដាលខ្លាំងនៅសហរដ្ឋអាមេរិក ដោយសារតែក្នុងប៉ុន្មានថ្ងៃមុននេះ ករណីឆ្លងរាលដាលថ្មីក្នុងពិភពលោក គឹចំនួន១ភាគ៣ នៅសហរដ្ឋអាមេរិក។ ចំណែកនៅសហភាពអឺរ៉ុប ប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺប្រទេសអ៊ីតាលី (Italy) បន្ទាប់មក អេស្បាញ (Spain) និងទី៣ ប្រទេសបារាំង (France)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។