មូលហេតុ និង​រោគសញ្ញា​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ដោយ ម៉ៅ សុធានី
2024.05.23
មូលហេតុ និង​រោគសញ្ញា​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល
Photo: RFA

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) កើតឡើង​នៅ​ពេល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល ត្រូវ​កកស្ទះ​ឬ​កាត់បន្ថយ និង​ការ​ផ្ទុះ​សរសៃឈាម​ក្នុង​ខួរក្បាល​។ នៅ​ពេល​រំហូរ​ឈាម​ស្ទះ នាំ​ឲ្យ​កោសិកា​ខួរក្បាល​ចាប់ផ្តើម​ងាប់ បណ្តាល​ឲ្យ​ខូច​ខួរក្បាល ពិការភាព​យូរអង្វែង និង​ករណី​ខ្លះ​នាំ​ឲ្យ​បាត់​បង់​ជីវិត​ភ្លាមៗ។

តើ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បណ្តាល​មក​ពី​មូលហេតុ​អ្វី​? ហើយ​យើង​អាច​ដឹង​រោគសញ្ញា​ជំងឺ​នេះ​តាម​បៀ​ប​ណាខ្លះ?

សមាគម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាមេរិក (American Stroke Association) ឲ្យ​ដឹង​ថា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវការ​ចាំបាច់​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ទទួល​សេវា​ព្យាបាល​ឱ្យ​ទាន់​ពេលវេលា ទើប​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល ប្រឈម​ពិការភាព និង​មរណភាព។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ចែក​ចេញ​ជា​ពីរ​ប្រភេទ ប្រភេទ​ទី​១ ហៅថា​អ៊ិសស្គីមីក ស្ត្រូក (Ischemic Stroke) បណ្តាល​មក​ពី​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល ត្រូវ​កកស្ទះ​ឬ​កាត់បន្ថយ ហើយ​ប្រភេទ​ទី​២​វិញ ហៅថា ហេមូរ៉ាហ្យិក ស្ត្រូក (Hemorrhagic Stroke) ដោយសារ​សរសៃឈាម​ក្នុង​ខួរក្បាល​ធ្លាយ​ឬ​ផ្ទុះ បណ្តាល​ឲ្យ​ហូរឈាម​ក្នុង​ខួរក្បាល។

ប្រធាន​ផ្នែក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​មន្ទីរពេទ្យ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក (Massachusetts General Hospital) អ្នកស្រី​វេជ្ជបណ្ឌិត ណាថាលៀ រ៉ូសត៍ (Natalia S. Rost) និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សរសៃប្រសាទ នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ហាវ៉ាដ (Professor of Neurology at Harvard Medical School) មានប្រសាសន៍ថា ខួរក្បាល​មាន​សារៈសំខាន់​ណាស់ សំរាប់​គ្រប់គ្រង​ចលនា​របស់​មនុស្ស រក្សាទុក​ការ​ចងចាំ ជា​ប្រភព​នៃ​គំនិត អារម្មណ៍ និង​ភាសា​។ ខួរក្បាល​ក៏​មាន​មុខងារ​ជាច្រើន​ទៀត​សំរាប់​រាងកាយ ដូចជា​ដកដង្ហើម និង​ការ​រំលាយ​អាហារ។

អ្នកស្រី​វេជ្ជបណ្ឌិត ណាថាលៀ រ៉ូសត៍៖ «ខួរក្បាល គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ ដែល​ត្រូវការ​ចាំបាច់​ឈាម​សំបូរ​ទៅ​ដោយ​អុកស៊ីហ្សែន ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​គ្រប់​ផ្នែក​នៃ​ខួរក្បាល​។ ប្រសិនបើ​សរសៃឈាម​រាំងស្ទះ ឬ​បិទ​ជិត ដោយសារ​គ្មាន​អុកស៊ីហ្សែន កោសិកា​ខួរក្បាល​វា​ចាប់ផ្តើម​ងាប់​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​។ អ្វី​ដែល​ជា​កំហុស​ដ៏​ធ្ងន់​បំផុត​របស់​មនុស្ស គឺ​គេ​រង់ចាំ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាត់​ទៅ​វិញ​ដោយ​ឯកឯង​។ ការ​រង់ចាំ​នេះ​នាំ​ឲ្យ​កោសិកា​ខួរក្បាល​ងាប់​ដែល​បណ្តាល​ឲ្យ​ខូច​ខួរក្បាល​។ កំហុស​មួយទៀត គឺ​លេបថ្នាំ​អាស្ពីរីន ដូចជា​ជំងឺ​គាំងបេះដូង​ដែរ ប៉ុន្តែ​ទង្វើ​នេះ គឺ​ខុស​ធ្ងន់​ណាស់ ព្រោះ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​វា​មាន​លក្ខណៈ​ខុសគ្នា​ដាច់​ស្រឡះ ហើយ​គេ​មិនអាច​ដឹង​ថា វា​ជា​ករណី​ផ្ទុះ​សរសៃឈាម​ក្នុង​ខួរក្បាល​ឬ​អត់ បញ្ហា​នេះ​ហើយ​ដែល​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​...»

អ្នកស្រី​វេជ្ជបណ្ឌិត ណាថាលៀ រ៉ូសត៍ ឲ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​អ្នកណាម្នាក់ មាន​បញ្ហា​ស្ត្រូក ឬ​ដាច់​សរសៃឈាម​ខួរក្បាល គេ​មិន​អាច​ដឹង​ពី​មូលហេតុ នៃ​ការ​ស្ទះ​សរសៃឈាម​នាំ​អុកស៊ីហ្សែន​ទៅ​ខួរក្បាល ឬក៏​បញ្ហា​ធ្លាយ​ឬ​ផ្ទុះ​សរសៃឈាម​ក្នុង​ខួរក្បាល​នោះ​បាន​ឡើយ​។ ដូចនេះ​វិធី​តែមួយគត់ គឺ​ថត​ស្កេន ខួរក្បាល (A brain MRI) ប៉ុណ្ណោះ ទើប​អាច​ដឹង​ច្បាស់​។ អ្នកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា ប្រសិនបើ​មាន​អាការៈ និង​រោគសញ្ញា​ខ្លះ កើត​ហើយ​និង​បាត់​ទៅវិញ​រយៈពេល​២​ឬ​៣​នាទី នោះ​គេ​ហៅថា ម៊ីនី​ស្ត្រូក (Mini-Stroke) ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ទាប បញ្ហា​នេះ​ក៏​វា​ជា​សញ្ញា​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​នឹង​មិន​បាត់​ទៅ​វិញ​ទេ ប្រសិនបើ​គ្មាន​ជំនួយ​វេជ្ជសាស្ត្រ។

សមាគម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាមេរិក (American Stroke Association) ឲ្យ​ដឹង​ថា ចំពោះ​រោគសញ្ញា​និង​អាការៈ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល រួមមាន អ្នកជំងឺ​និយាយ​មិន​ច្បាស់ ស្តាប់​មិន​យល់ ភាន់ច្រឡំ​ពាក្យពេចន៍​និយាយ ស្ពឹក​មុខ វៀច​មុខ ធ្លាក់​មុខ​មួយ​ចំហៀង​ខាងឆ្វេង​ឬ​ស្តាំ បាត់បង់​តុល្យភាព​រាងកាយ បណ្តាល​ឲ្យ​ទន់​ខ្លួន ទន់​ដៃជើង មិនអាច​កម្រើក​បាន ស្រវាំងភ្នែក ក្អួត ឈឺក្បាល​ខ្លាំង វិលមុខ និង​ដួលសន្លប់​ភ្លាមៗ​។ ប្រសិនបើ​ដាច់​សរសៃឈាម​ខួរក្បាល​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រាងកាយ​ផ្នែក​ខាងស្តាំ​ពិការ​មិនអាច​កម្រើក​រួច តែបើ​ដាច់​ខាងស្តាំ​ខួរក្បាល នោះ​នឹង​នាំ​ឲ្យ​ពិការ​រាងកាយ​ផ្នែក​ខាងឆ្វេង។ ក៏ប៉ុន្តែ​បើ​សរសៃឈាម​ក្នុង​ខួរក្បាល​ផ្ទុះ​វិញ អ្នកជំងឺ​គ្មាន​ឱកាស​រស់រាន​មាន​ជីវិត​បាន​ឡើយ។

គ្រូពេទ្យ​ឯកទេស​ដាក់​ថ្នាំ​សន្លប់ ធ្វើការ​នៅ​គ្លីនីក​ឯកជន​មួយ​ក្នុង​ទីក្រុង​ប៉ារីស លោក​វេជ្ជបណ្ឌិត សុក សូផាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល គឺ​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​មាន​ជាតិ​ខ្លាញ់ (Cholesterol) ច្រើន។

វេជ្ជបណ្ឌិត សុក សូផាត៖ «ទី​១ គឺ​មកពី​ជំងឺ​ឈាម​ឡើង កាលណា​ឡើង​ខ្ពស់​ទៅ នាំ​ឲ្យ​បែក​សរសៃឈាម ទៅជា​ខ្វិន​ដើរ​មិន​រួច ឬ​ងាប់​មួយ​ចំហៀង​ខ្លួន ហ្នឹង​មួយ​ចំណែក​។ ជំងឺ​ដែល​នាំ​ឲ្យ​ឈាម​ឡើង អ្នកមាន​ជាតិ​ខ្លាញ់​ច្រើន ទី​១ អ្នក​ធាត់ ធាត់​មាន​ទឹកនោមផ្អែម និង​មាន​ជាតិ​ខ្លាញ់​ច្រើន ៣​ហ្នឹង​ហៅថា​ជំងឺ​អ្នកមាន ឃើញ​មាន​ឡើង​ឈាម រួចហើយ​ធ្វើ​ឲ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ ទី​២ ឈាម​អត់​សូវ​ឡើង​ប៉ុន្មាន​ទេ តែ​សរសៃឈាម គឺ​ឈាម​មិន​រាវ​ពេក តែ​ជួនកាល​ឈាមកក បេះដូង​ជួនកាល​ដើរ​រហ័ស​ពេក ធ្វើ​ឲ្យ​ដុំ​ឈាម​ដែល​កក​នៅ​សរសៃ​ណាមួយ នោះ​វា​រត់​តាម​សរសៃឈាម​ទៅ វា​ទៅ​ស្ទះ​នៅ​ខួរក្បាល​...»

លោក​វេជ្ជបណ្ឌិត សុក សូផាត មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ចាំបាច់​ត្រូវតែ​គ្រប់គ្រង​សម្ពាធ​ឈាម​ខ្ពស់ កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម មាន​ភាព​សកម្ម​រាងកាយ ទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ និង​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់ ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​។ លោក​វេជ្ជបណ្ឌិត​ផ្តល់​ដំបូន្មាន​ថា ការ​ទទួល​ទាន​របប​អាហារ​ល្អ មាន​ត្រី​បន្លែ ផ្លែឈើ​ជាដើម មាន​សារៈសំខាន់​ណាស់ ដើម្បី​បង្ការ​ជំងឺលើសឈាម លើស​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់។

វេជ្ជបណ្ឌិត សុក សូផាត៖ «ទី​១ នៅ​ស្រុក​យើង​ញ៉ាំ​ត្រី​ច្រើន បន្លែ​ច្រើន ប៉ុន្តែ​បន្លែ​លឺ​ថា មាន​ជាតិគីមី​ច្រើន​អ៊ីចឹង ពិបាក​ដែរ​រឿង​ហ្នឹង​។ ញ៉ាំ​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​កូលេស្តេរ៉ុល​ច្រើន ខ្លាញ់​ច្រើនពេក ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។ កាលណា​មាន​ជំងឺ​ទឹកនោមផ្អែម មាន​កូលេស្តេរ៉ុល និង​មាន​ឈាម​ឡើង ត្រូវ​ទៅ​ពេទ្យ​មើល​ឲ្យ​គេ​ដាក់​ថ្នាំ​ឲ្យ កុំ​ឲ្យ​ឡើង​ឈាម​រហូតដល់​ឡើង​ខ្លាំង នាំ​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​ការពារ​មុន ដោយសារ​ឈាម​ឡើង​។ ទី​២ អ្នក​ដែល​មាន​ឈាម​ច្រើន​កក គឺ​ដើម្បី​កុំ​ឲ្យ​ឈាមកក ត្រូវ​ញ៉ាំ​ថ្នាំ​ការពារ​អាស្ពីរីន​កម្រិត​ទាប ៧៥​មីល្លីក្រាម ធ្វើ​ឲ្យ​ឈាមរាវ តែ​កុំ​ញ៉ាំ​ច្រើនពេក នាំ​ឲ្យ​ឈឺក្រពះ ឬ​ធ្លាយ​ក្រពះ...»

គេហទំព័រ​សុខភាព​ដដែល ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល វិធី​ល្អ​បំផុត គឺ​ព្យាបាល​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម កម្រិត​ជាតិ​ខ្លាញ់ ឬ​កូលេស្តេរ៉ុល​ខ្ពស់ ទទួលទាន​អាហារ​ល្អ​សំរាប់​សុខភាព កាត់បន្ថយ​ជាតិ​ស្ករ អាហារ​ប្រៃ​ពេក ដូចជា​អាហារ​កំប៉ុង អាហារ​ផ្អាប់​ទុក​យូរ និង​ជាតិ​ខ្លាញ់​ច្រើន​។ បន្ថែម​ពី​នេះ ត្រូវ​ឈប់​ជក់បារី កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា​ឬ ស្រាបៀរ​ច្រើន​ហួស​កម្រិត សម្រក​ទំងន់ ទទួល​ទាន​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ដូចជា​ដើរ ជិះ​កង់ ឬ​ហែល​ទឹក ជាដើម។

អ្នក​រស់រាន​មាន​ជីវិត​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្នាក់​ក្នុង​ចំណោម ៤​នាក់ អាច​មាន​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល​ម្តង​ទៀត​។ ក្រៅពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​រស់​នៅ​ប្រកបដោយ​សុខុមាល​ភាពល្អ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សុខភាព អំពី​វិធី​បង្ការ និង​អនុវត្ត​នូវ​ការណែនាំ​ទាំងនោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​លើក​ទី​២។

ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១​ម៉ឺន ៣​ពាន់​នាក់ (១៣.១០៧) បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ស្ត្រូក ក្នុង​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។