ក្រុមមេដឹកនាំអាស៊ានទាំង១០ប្រទេស ក្នុងនោះរួមទាំងមេដឹកនាំកម្ពុជាផង បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដើម្បីបង្កើនកិច្ចសហការគ្នាផ្សាភ្ជាប់ផែនការមេតំបន់អាស៊ានឆ្នាំ២០២៥ ទៅនឹងគម្រោងមហិច្ឆតាប្រចាំសតវត្ស «ខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន។ អ្នកជំនាញចង់ឃើញកម្ពុជាយកគំរូតាមប្រទេសម៉ាឡេស៊ី ក្នុងការចរចាឱ្យបានលក្ខខណ្ឌល្អប្រសើរក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាមួយប្រទេសចិន ដើម្បីបញ្ចៀសពីផលប៉ះពាល់អវិជ្ជមាន។
ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងក្រុមមេដឹកនាំអាស៊ាន ជាមួយមហាយក្សចិននេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ដែលជាផ្នែកសំខាន់មួយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ទើបនឹងបិទបញ្ចប់ទៅ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៥ វិច្ឆិកា។ សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការបង្កើនកិច្ចសហការផែនការមេស្ដីពីការតភ្ជាប់តំបន់អាស៊ាន (MPAC) ឆ្នាំ២០២៥ ជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិននេះ ត្រូវបានក្រុមមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំប្រទេសកុម្មុយនិស្តចិន អះអាងថា នឹងចូលរួមចំណែកឱ្យមានការតភ្ជាប់តំបន់អាស៊ាន និងចិន ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពផ្នែកសេដ្ឋកិច្ច ដោយមានការបើកចំហ តម្លាភាព និងការរួមបញ្ចូលទាំងអស់គ្នា។
ក្រុមមេដឹកនាំអាស៊ាន ជំរុញឱ្យចិនចូលរួមផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ និងការផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន និងលើកកម្ពស់ឱ្យមានកិច្ចសហប្រតិបត្តិការតភ្ជាប់លើវិស័យផ្លូវរថភ្លើង ផ្លូវថ្នល់ល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះ ថាមពលអគ្គិសនី និងការទំនាក់ទំនងដើម្បីកសាងឱ្យមានបរិយាកាសប្រសើរឡើងដល់វិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ានទាំងមូល។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជានាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទកាលពីថ្ងៃទី០៥ វិច្ឆិកា ថា ក្រុមមេដឹកនាំអាស៊ានស្ទើរតែទាំងអស់ បានគាំទ្រឱ្យមានការបង្កើនកិច្ចសហការគ្នារវាងផែនការមេ តភ្ជាប់អាស៊ានឆ្នាំ២០២៥ និងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ៖ «ប្រទេសមួយចំនួនគាំទ្រទាំងអស់ ក៏ប៉ុន្តែក៏មានលក្ខណៈប្រយ័ត្នប្រយែង ដូចជាប្រទេសវៀតណាមប្រតិកម្មខ្លាំង ព្រោះខ្លាចឥទ្ធិពលចិនខ្លាំងពេក។ ក្រៅពីហ្នឹង ដូចអត់មានប្រយ័ត្នប្រយែងអីខ្លាំងប៉ុន្មានទេ គឺឱបក្រសោបយកចិនទាំងអស់»។
លោកថា មហាយក្សចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន ជាពិសេសផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លោកបន្តថា បើទោះជាកន្លងមកមានការរិះគន់ច្រើនទៅលើផលប៉ះពាល់ជាអវិជ្ជមាននៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ក្រុមមេដឹកនាំអាស៊ាននៅមិនទាន់បង្កើតនូវវេទិកាផ្លូវការណាមួយ ដើម្បីចែករំលែកបទពិសោធន៍គ្នា ជុំវិញបញ្ហាអវិជ្ជមាននានាដែលប្រទេសខ្លួនកំពុងជួបប្រទះដោយសារការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននៅឡើយទេ៖ «យើងមិនទាន់មានវេទិកាណាមួយដើម្បីពិភាក្សា ឬផ្លាស់ប្ដូរបទពិសោធន៍ហ្នឹងទេ។ ក៏ប៉ុន្តែ ផ្នែកខាងស្រាវជ្រាវ Thinktanks អីហ្នុងបានធ្វើការស្រាវជ្រាវច្រើនដែរ។ ខាងចិនក៏កែសម្រួលច្រើនដែរ ដើម្បីពង្រឹងគុណភាពនៃការវិនិយោគ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ហើយបើយើងមើលកិច្ចប្រជុំគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវកន្លងទៅ លោក ស៊ី ជីងពីង មានការធ្វើកំណែទម្រង់ច្រើនណាស់ ... ព្រោះចិនក៏ខ្វាយខ្វល់ពីមុខមាត់របស់ខ្លួនដែរ»។
អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក និងការទូត នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី៥ វិច្ឆិកាថា មេដឹកនាំអាស៊ានគ្រប់គ្នា ពិសេសមេដឹកនាំម៉ាឡេស៊ី មើលឃើញថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ផ្ដល់ផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាន។ ដូច្នេះហើយ លោកថា ការបង្កើនកិច្ចសហការរវាងផែនការមេតភ្ជាប់តំបន់អាស៊ានឆ្នាំ២០២៥ ជាមួយនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន អាចមានផលអវិជ្ជមានច្រើន ប្រសិនបើពុំបានពិចារណាមុនឱ្យបានដិតដល់។ លោកថា ផលប៉ះពាល់ពីការអនុវត្តគម្រោងរបស់មហាយក្សចិននេះ មកលើបរិស្ថាន ប្រជាជន និងអធិបតេយ្យរបស់ប្រទេសក្នុងតំបន់ ជារឿងមិនអាចទទួលយកបាននោះទេ ហើយថាប្រទេសម្ចាស់ផ្ទះនីមួយៗ គឺជាអ្នកទទួលខុសត្រូវ។
បណ្ឌិត អៀ សុផល សង្ឃឹមថា របបក្រុងភ្នំពេញនឹងយកគំរូតាមប្រទេសម៉ាឡេស៊ី ក្នុងការចរចាឡើងវិញឱ្យមាននូវលក្ខខណ្ឌប្រសើរជាងមុន ជាមួយមហាយក្សចិន ដើម្បីអនុវត្តកិច្ចសន្យាសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនានាក្នុងប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកថា របបក្រុងភ្នំពេញនៅតែបន្តឱ្យតម្លៃដល់ផលប្រយោជន៍រយៈពេលខ្លី ដោយគិតគូរតែពីលុយ ជាជាងជ្រើសរើសយកផលប្រយោជន៍រយៈពេលយូរអង្វែង តួយ៉ាងដូចជាការអនុញ្ញាតឱ្យចិនបើកអាជីវកម្មកាស៊ីណូ បនល្បែងអនឡាញ ហាងម៉ាស្សា និងក្លឹបខារ៉ាអូខេជាដើម។
ក្រុមមេដឹកនាំអាស៊ានកាលពីឆ្នាំ២០១៦ កន្លងទៅ បានដាក់ចេញនូវផែនការមេស្ដីពីការតភ្ជាប់តំបន់អាស៊ាន ឆ្នាំ២០២៥ ដោយផ្តោតលើវត្ថុបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចិរភាព ការបង្កើតថ្មីលើវិស័យឌីជីថល វិស័យដឹកជញ្ជូន ភាពប្រសើរឡើងនៃក្របខ័ណ្ឌច្បាប់ និងបំឡាស់ទីប្រជាជន។ ដោយឡែកចំពោះមហាយក្សចិនវិញ បានដាក់ចេញគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដែលជាគម្រោងការមហិច្ឆតាប្រចាំសតវត្សរបស់ខ្លួន កាលពីឆ្នាំ២០១៣ ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងវប្បធម៌របស់ខ្លួនស្របពេលដែលចិនកំពុងឡើងគ្រងតំណែងជាមហាអំណាចមួយនៅលើពិភពលោក។ មហាយក្សចិនបានដាក់ចេញគម្រោងការយុទ្ធសាស្ត្រនេះឡើង ក្រោមហេតុផលថា ដើម្បីផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសក្នុងទ្វីប អាស៊ីទៅកាន់ទ្វីបអាហ្វ្រិក និងអឺរ៉ុប និង ទៅកាន់តំបន់ផ្សេងពីនេះក្នុងពិភពលោក ហើយបានចំណាយលុយសរុបមិនតិចជាង ១០០ ពាន់លានដុល្លារ ឬ ១ ទ្រីលានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងការនេះ។
ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌល ដើម្បីសន្តិសុខអាមេរិកាំងថ្មី ឬ Center for a New American Security ដែលធ្វើការវាយតម្លៃលើគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ចេញផ្សាយកាលពីដើមឆ្នាំ២០១៩នេះ រកឃើញថា គម្រោងរបស់មហាយក្សចិននេះ ធ្វើឱ្យប្រទេសជាម្ចាស់ផ្ទះ បាត់បង់ភាពជាម្ចាស់ មិនមានភាពច្បាស់លាស់ ជាប់ផុងក្នុងអន្ទាក់បំណុល កើនឡើងអំពើពុករលួយ និងតែងតែត្រូវចិន យកទៅគ្រប់គ្រងធ្វើជាទ្រព្យសកម្មរបស់ខ្លួនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។