បទ​សម្ភាសន៍៖ ចិន អាច​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឲ្យ​យោធា​កម្ពុជា វាយ​កម្ទេច​ចោល​ទាំងស្រុង​អគារ​ជំនួយ​របស់​អាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម

ដោយ មាន ឫទ្ធិ
2020.10.16
Gregor Poling Mean Rith លោក ក្រិកហ្គោរី ផលីង (Gregory Poling) នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហសមុទ្រ (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) របស់​សហរដ្ឋ​អាមេរិក និង​លោក មាន ឫទ្ធិ អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០២០។ រូប៖ គេហទំព័រamti.csis and RFA
Photo: RFA

ស្ថាប័ន​ស្រាវជ្រាវ​កិច្ចការ​យុទ្ធសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក កាលពី​ដើម​ខែតុលា​នេះ បាន​ផ្សព្វផ្សាយ​របាយការណ៍ និង​រូបភាព​ថត​ពី​ផ្កាយ​រណប រក​ឃើញ​ថា យោធា​កម្ពុជា​បាន​វាយកម្ទេច​ចោល​អគារ​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។ សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ទង្វើ​នេះ ហើយ​ថា ការ​វាយ​កម្ទេច​ចោល​ទាំង​ស្រុង​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​នានា​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​ទី​នោះ។

សូម​អញ្ជើញ​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាសន៍ របស់​លោក មាន ឫទ្ធិ ជាមួយ​លោក ក្រិកហ្គោរី ផលីង នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហសមុទ្រ (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) របស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រក​ឃើញ​នេះ និង​ថា តើ​ចិន​អាច​នៅ​ពីក្រោយ​ការ​បញ្ជា​ឲ្យ​កម្ពុជា​ធ្វើ​ដូច្នេះ​ដែរ​ឬទេ ដើម្បី​ជា​ការ​សងសឹក​រឿង​ដែល​សហរដ្ឋអាមេរិក​ទើប​នឹង​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន UDG៖

លោក មាន ឫទ្ធិ៖ តើ​លោក​វាយតម្លៃ​យ៉ាងណា​ដែរ ជុំវិញ​ការណ៍​ដែល​កម្ពុជា​បាន​វាយ​កម្ទេច​​ចោល​ទាំងស្រុង​នូវ​អគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម កាលពី​ពេល​ថ្មីៗនេះ?

លោក ក្រិកហ្គោរី ផលីង៖ វា​មិនមែន​ត្រឹម​តែ​ពី​រឿងរ៉ាវ​វាយកម្ទេច​ចោល​អគារ​នេះ​ទេ​ដែល​ប្រាប់​យើង​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​ទាំង​មូល​នោះ។ ផ្ទុយទៅវិញ វា​គឺ​ផ្នែក​មួយ​នៃ​បែបផែន​នៃ​អាកប្បកិរិយា​ ដែល​ខ្ញុំ​គិត​ថា ជា​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង។ យើង​ឃើញ​ថា កន្លងទៅ អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពី​ជិត​២ឆ្នាំ​មក​ហើយ ដោយ​បាន​ព្រមាន​អំពី​លទ្ធភាព​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទី​នោះ។ បន្ទាប់​មក​ទៀត នៅ​ឆ្នាំ២០១៩ ក៏​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ពី​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​ពី​ដំបូង​ឡើយ រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​កែ​លម្អ​អគារ​នៅ​ទីតាំង​នោះ ប៉ុន្តែ​ភ្លាមៗ​នោះ កិច្ចសន្យា​នោះ ត្រូវ​បាន​លុប​ចោល​ទៅវិញ។ យើង​ក៏​ឃើញ​មាន​មន្ត្រី​កងទ័ព​រំដោះ​ប្រជាជន​ចិន​ចុះទៅ​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​តំបន់​រាម​នេះ​ដែរ ដែល​រឿងរ៉ាវ​អស់​ទាំងនេះ សុទ្ធតែ​គួរ​ឲ្យ​សង្ស័យ​ខ្លាំង​មែនទែន។ ថ្មីៗនេះ​ទៀតសោត ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ទៅ​ភាគី​សហរដ្ឋ​អាមេរិក យោធា​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​ចោល​ទាំងស្រុង​នូវ​អគារ​ដែល​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អូស្ត្រាលី បាន​ផ្តល់​មូលនិធិ​ឲ្យ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ។ អគារ​នោះ គឺ​ជា​ទី​បញ្ជាការដ្ឋាន​សន្តិសុខ​លម្ហ​សមុទ្រ​របស់​កម្ពុជា។ រឿងរ៉ាវ​អស់​ទាំងនេះ បន្ត​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​សន្មត​ដែល​ថា ចិន​នឹង​ទទួល​បាន​សិទ្ធិ​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ។

រូបភាព​ពី​លើ​អាកាស បង្ហាញ​ពី​ទីតាំង​អគារ​ជំនួយ​របស់​អាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម មុន និង​ក្រោយ​វាយ​កម្ទេច​ចោល។
រូបភាព​ពី​លើ​អាកាស បង្ហាញ​ពី​ទីតាំង​អគារ​ជំនួយ​របស់​អាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម មុន និង​ក្រោយ​វាយ​កម្ទេច​ចោល។
រូប៖ គេហទំព័រ amti.csis

លោក មាន ឫទ្ធិ៖ ផ្អែក​តាម​ការ​រក​ឃើញ​របស់​ស្ថាប័ន​លោក ការ​វាយ​កម្ទេច​ចោល​អគារ​របស់​អាមេរិក​នេះ កើតមានឡើង​នៅ​ម្ដុំ​ខែ​កញ្ញា។ ទន្ទឹមគ្នា​នេះ ក្នុង​ពេល​ប្រដំប្រសង​គ្នា​នោះ ​ក្រសួង​រតនាគារ​របស់​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​មួយ​ឈ្មោះ UDGដែល​ល្បី​ខាង​រំលោភ​យក​ដីធ្លី​ពី​ប្រជាកសិករ​ខ្មែរ​នៅ​ខេត្ត​កោះកុង។ តើ​លោក​គិត​ថា ការ​វាយ​កម្ទេច​អគារ​ជំនួយ​របស់​អាមេរិក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការសងសឹក​ដែល​រដ្ឋាភិបាល​ចិន​ជា​អ្នក​នៅ​ពី​ក្រោយ​បញ្ជា​ឲ្យ​កម្ពុជា​ធ្វើ​ដូច្នេះ ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ ដែរ ឬ​ទេ?

លោក ក្រិកហ្គោរី ផលីង៖ បាទ! ខ្ញុំ​អាច​និយាយ​ដូច្នេះ​បាន... គឺ​ច្បាស់​ណាស់។ យើង​ឃើញ​ថា អគារ​នៅ​រាម​ត្រូវ​បាន​វាយកម្ទេច​ចោល​កាល​ពី​ចុង​ខែ​កញ្ញា។ រីឯ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅលើ​ក្រុមហ៊ុន​ចិន UDG ដោយសារ​តែ​បាន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តំបន់​តារា​សាគរ ក៏បាន​កើតមាន​ឡើង​ក្នុង​រយៈពេល​នោះ​ដែរ។ យើង​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​ក្ដី​បារម្ភ​របស់​សហរដ្ឋអាមេរិក យ៉ាងហោចណាស់​គិត​ចាប់តាំង​ពី​រដូវ​ផ្ការីក​​នា​អំឡុង​ខែ​មីនា ឆ្នាំនេះ មក​ម្ល៉េះ ជុំវិញ​ការអភិវឌ្ឍន៍​នៅ​តំបន់​រាម និង​តំបន់​តារា​សាគរ។ ដូច្នេះ គេ​ក៏​អាច​ថា​បាន​ដែរ​ថា រឿងរ៉ាវ​អស់​ទាំង​នេះ កើតមានឡើង​ក្នុង​ពេល​តែ​មួយ ហើយ​វា​បាន​កើតឡើង​ព្រមគ្នា​ក្នុង​ខែកញ្ញា។

ក្នុង​ករណី​ណា​ក៏​ដោយ វា​ច្បាស់​ណាស់​សម្រាប់​ភាគី​សហរដ្ឋ​អាមេរិក​ដែល​ថា ការប្រែប្រួល​កំពុង​តែ​កើតមាន​ឡើង ខណៈ​មាន​សេចក្ដី​រាយ​ការណ៍​នានា​មក​ថា មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ រវាង​កម្ពុជា និង​ចិន ដែល​អនុញ្ញាត​ឲ្យ​ចិន​មាន​សិទ្ធិ​គ្រប់គ្រង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដូចដែល​កាសែត​ ឌឹ វ៉លស្រីត ជរណល (The Wall Street Journal) បាន​ឃើញ។ ​កម្ពុជា មិន​ត្រឹមតែ​បាន​បដិសេធ​រឿង​នេះ​ទេ ក៏ប៉ុន្តែ​នៅ​រៀងរាល់​ពេល​ដែល​កម្ពុជា​បដិសេធ រឿងរ៉ាវ​នេះ​ម្តងៗ ស្ថានភាព​ប្រែប្រួល​ក៏​ចេះ​តែ​កើត​មាន​ឡើង​ដែរ។ ទង្វើ​អស់​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​យើង​រឹតតែ​សង្ស័យ​ខ្លាំង​ឡើងៗ។ ចាប់​តាំង​ពី​ការ​វាយ​កម្ទេច​អគារ​នេះ​តាំង​ពី​ខែកញ្ញា យើង​បាន​ឃើញ​មាន​ការ​ពន្យល់​ជាច្រើន​ពី​សំណាក់​មន្ត្រី​កម្ពុជា​ផ្សេងៗ គ្នា ហើយ​ការ​ពន្យល់​​របស់​ពួកគេ​ទាំងនោះ​ទៀតសោត ក៏​សឹង​តែ​គ្មានន័យ​អ្វី​ទាំង​អស់។ ដូច្នេះ វា​ទំនង​ដូចជា​ច្បាស់​ណាស់​ថា មាន​រឿងរ៉ាវ​មួយ​ចំនួន​កំពុងតែ​កើតមានឡើង ហើយ​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិន​ចង់​ឲ្យ​គេ​ដឹង​ឮ។

លោក មាន ឫទ្ធិ៖ ទន្ទឹម​នឹង​នេះ ក្នុង​ខែ​នេះ ក៏​មាន​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​ លោក វ៉ាង យី (Wang Yi) មកកាន់​កម្ពុជា​នៅ​ថ្ងៃ​ទី១១ និង​ទី១២ ខែតុលា។ តើ​លោក​យល់​យ៉ាង​ម៉េច​ដែរ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ? តើ​នេះ​អាច​ជា​សារ​មួយ​ឆ្លើយតប​ទៅ​នឹង​​ក្ដី​បារម្ភ​របស់​សហរដ្ឋអាមេរិក​ដែរ​ឬ​ទេ?

លោក ក្រិកហ្គោរី ផលីង៖ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា តើ​បញ្ហា​នេះ​ត្រូវ​បាន​ភាគី​ចិន លោក វ៉ាង យី និង​មន្ត្រី​កម្ពុជា​លើក​យក​មក​និយាយ​គ្នា​ដែរ​ឬ​ក៏​អត់​នោះ។ ខ្ញុំ​គិត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​រួម​ដោយ ក្រុង​ប៉េកាំង​ និង​ក្រុងភ្នំពេញ​នោះ គឺ​ដើម្បី​ផ្ញើ​សារ​អំពី​ចំណង​សាមគ្គីភាព​របស់​ពួកគេ ខណៈ​រដ្ឋបាល​របស់​សហរដ្ឋ​អាមេរិក​ព្យាយាម​រិះគន់​ចិន​ជា​សាធារណៈ​លើ​គ្រប់​បញ្ហា​ទាំងអស់ ដូចជា គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ បញ្ហា​ជម្លោះ​ដណ្ដើម​ប្រជុំកោះ​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​វិបត្តិ​ទឹក​នៅ​ទន្លេ​មេគង្គ បញ្ហា​ជំងឺ​កូវីដ១៩ ជាដើម។ កម្ពុជា​ត្រូវ​បាន​ចិន​ប្រើប្រាស់​ធ្វើ​ជា​ឈ្នាន់​របៀប​នេះ​អស់​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កិច្ច​គាំទ្រ​ពី​ចិន​ក្នុង​កម្រិត​ណា​នៅ​ក្នុង​តំបន់។

ជា​ការពិត​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​ពឹងផ្អែក​ជ្រុល​ខ្លាំង​ពេក​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ទៅលើ​ប្រទេស​ចិន។ កម្ចី​របស់​ចិន ផ្តល់​ឲ្យ​ក្រុង​ប៉េកាំង​នូវ​ឥទ្ធិពល​កាន់តែ​ខ្លាំង។ ប្រសិន​បើ​លោក វ៉ាង យី ទូរស័ព្ទ​មក​ថា លោក​ចង់​មក​កម្ពុជា​ដើម្បី​ជា​ឱកាស​ថតរូប​រួមគ្នា​ទុក​បង្អួត​អំពី​សាមគ្គីភាព​នេះ នោះ​លោក​នឹង​ទទួល​បាន​នូវ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ។

លោក មាន ឫទ្ធិ៖ កម្ពុជា​តែង​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដាច់​អហង្ការ រឿង​សហរដ្ឋ​អាមេរិក​ដាក់​ការ​សង្ស័យ​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​រាម ដោយ​ចាត់​ទុក​ថា ជា​រឿង​ព័ត៌មាន​ក្លែងក្លាយ ហើយ​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​រឿង​រ៉ាវ​បែប​នេះ​ឡើយ។ ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​នៅតែ​មិន​ទុក​ចិត្ត​កម្ពុជា ជុំវិញ​បញ្ហា​នេះ?

លោក ក្រិកហ្គោរី ផលីង៖ បើ​គេ​ពិនិត្យមើល​ទិដ្ឋភាព​ជា​រួម​អំពី​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​របស់​លោក ហ៊ុន សែន​ ជាពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ចិន​នេះ​តែ​ម្ដង យើង​ឃើញ​ថា កន្លងទៅ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​និយាយ​ថា វាជា​រឿង​ខុសច្បាប់​ដែល​ចិន​បើក​កាស៊ីណូ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ ចិន​នៅតែ​បើក​អាជីវកម្ម​កាស៊ីណូ​នៅ​កម្ពុជា​ដដែល។ ច្បាប់​ភូមិបាល​របស់​កម្ពុជា​ដាក់កម្រិត​យ៉ាង​តឹងរ៉ឹង​បំផុត​អំពី​ទំហំ​ដី​សម្បទាន​ដែល​អាច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​វិនិយោគ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​របស់​ចិន​ទទួល​បាន​ដី​វិនិយោគ ធំ​សម្បើម​ហួស​ឆ្ងាយ​ពី​ទំហំ​កំណត់​ដោយ​ច្បាប់ តាមរយៈ​សម្បទាន​ដី​ជាច្រើន។ រដ្ឋាភិបាល​កម្ពុជា តែង​ទទូច​ថា មិន​ឲ្យ​មាន​វត្តមាន​បរទេស​ចេញចូល​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នោះ​ទេ។ ក៏ប៉ុន្តែ យើង​ដឹង​ថា មន្ត្រី​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) បាន​លួច​ទៅ​ពិនិត្យមើល​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ដោយ​ស្ងាត់ៗ។ កាលពី​ឆ្នាំ២០១៩ មន្ត្រី​កម្ពុជា បាន​និយាយ​ថា នឹង​មាន​ការប្រែប្រួល​នៅ​តំបន់​រាម។ ទើប​តែ​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ឆ្លើយតប​នឹង​របាយការណ៍​ដែល​យើង​បាន​ចេញ​ផ្សាយ​ មន្ត្រី​យោធា​កម្ពុជា​និយាយ​ថា អគារ​នោះ​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​កន្លែង​មូលដ្ឋាន​កងទ័ព​ជើងទឹក​ដទៃ​ផ្សេង​មួយ​ទៀត នៅ​ជាប់​នឹង​ក្រុងព្រះសីហនុ ដែល​ទីតាំង​នោះ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់។ តែ​តាម​ការ​ពិត​ទៅ ​ទីតាំង​មូលដ្ឋាន​ថ្មី​នោះ​មាន​ទំហំ​តូច​ជាង​កំពង់​ផែ​រាម ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​ឈូស​ឆាយ​ជា​ផ្នែក​មួយ​នៃ​ការពង្រីក​កំពង់ផែ​ខេត្ត​ព្រះសីហនុ។ ដូច្នេះ រឿងរ៉ាវ​អស់​ទាំងនេះ ហាក់​បី​ដូចជា​មិន​ស៊ី​សង្វាក់​គ្នា​ទាល់តែសោះ ហើយ​វា​ចេះ​តែ​ប្រែប្រួល​ទៅ​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

លោក មាន ឫទ្ធិ៖ របាយការណ៍​របស់​ស្ថាប័ន​លោក បាន​រក​ឃើញ​ថា មាន​ការប្រែប្រួល ​ស្ថានភាព​នៅ​តំបន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ហើយ​ក៏​បាន​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​​និង​អភិវឌ្ឍន៍​នៅ​តំបន់​ឆ្នេរ​រាម ឲ្យ​ដល់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន Canopy Sand Development Group ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន​ដ៏​ធំ​ឈ្មោះ Prince Group ជាដើម។ ខ្ញុំចង់​ដឹង​ថា នឹង​មាន​រឿងរ៉ាវ​អ្វី​ទៀត​កើតឡើង​បន្ទាប់​ពី​ពេល​នេះ​ត​ទៅ។ តើ​លោក​មាន​ព័ត៌មាន​ទេ​ថា ក្រុមហ៊ុន​ចិន​ទាំងនេះ ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ដូចគ្នា​នឹង​ក្រុមហ៊ុន UDG ដែរឬទេ?

លោក ក្រិកហ្គោរី ផលីង៖ ទេ យើង​គ្មាន​ព័ត៌មាន​ថា តើ​អាមេរិក​អាច​នឹង​ដាក់​ទណ្ឌកម្ម​ដល់​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​នោះ​ទេ។ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ជាច្រើន​នៅ​តំបន់​រាម។ ក្រុមហ៊ុន Canopy Sand គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ អាច​ថា ក្រុមហ៊ុន​ចិន​ទាំងនេះ ជាប់ ឬក៏​មិន​ជាប់ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​អំណាច​ចិន។ ដីសម្បទាន​ដទៃ​ទៀត ឧទាហរណ៍​ដូចជា​នៅ​ផ្នែក​ខាងកើត​នៃ​តំបន់​រាម គឺ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​អតីត​មន្ត្រី​យោធា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ដូច្នេះ​ ប្រាកដ​ណាស់​ថា តំបន់​រមណីយដ្ឋាន​មួយ​ចំនួន​ទាំងនេះ ធ្វើ​ឲ្យ​មាន​កង្វល់។

រឿងរ៉ាវ​មួយ​ទៀត​ដែល​គេ​គួរ​យល់​នោះ​គឺ​ថា គ្មាន​អ្វី​មួយ​ដែល​គេ​ហៅ​ថា ក្រុមហ៊ុន​ចិន ត្រូវតែ​ឯករាជ្យ​ពី​ក្រុង​ប៉េកាំង​នោះ​ទេ។ រាល់​ក្រុមហ៊ុន​ចិន​ទាំងអស់ អាច​ប្រតិបត្តិការ​ទៅ​បាន គឺ​ត្រូវ​តែ​មាន​ការអនុញ្ញាត​ពី​ក្រុង​ប៉េកាំង។ ប្រសិនបើ​រដ្ឋអំណាច​ចិន​និយាយ​ថា អ្នកឯង​ត្រូវតែ​លួច​យក​ការណ៍​សម្ងាត់​ឲ្យ​រដ្ឋ​ចិន នោះ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ធ្វើ​តាម​ភ្លាម។ ពោល​គឺ ​គ្មាន​រឿង​ដែល​ថា មាន​ក្រុមហ៊ុន​ឯកជន​ចិន ឯករាជ្យ​ពី​រដ្ឋ​អំណាច​ចិន​នោះ​ឡើយ។ រឿង​មួយ​ទៀត​ដែលគេ​ត្រូវ​ដឹង​ដែរ​នោះ គឺថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​ចិន ដែល​ទំនង​ដូច​ជា​មិន​សម​ទំនង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ទាល់តែសោះ។ វា​ហាក់​បី​ដូចជា​គ្មាន​តម្រូវ​ការ​ខ្លាំង ដែល​ត្រូវ​វិនិយោគ​ទៅលើ​គម្រោង​ទាំង​អស់​នេះ​ទេ តួយ៉ាង ដូចជា​ការ​ចាក់​ដី​ពង្រីក​ឆ្នេរ​នៅ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន Canopy Sand មាន​ព្រះលាន​យន្តហោះ​នៅ​តំបន់​តារា​សាគរ ស្ថិតនៅ​ផ្នែក​ម្ខាងទៀត​នៃ​ឆ្លេ​រាម​ជាដើម ដែល​ហាក់​ដូច​ជា​មិន​ដឹង​បម្រើ​ឲ្យ​គោលបំណង​អ្វី​ឲ្យ​ជាក់លាក់​នោះ​ទេ។ បញ្ហា​អស់​ទាំង​នេះ​ហើយ គឺជា​រឿងរ៉ាវ​ដ៏​គួរឲ្យ​សង្ស័យ​ខ្លាំង​មែនទែន។

លោក មាន ឫទ្ធិ៖ ប្រសិនបើ​ការ​មន្ទិល​សង្ស័យ​បែប​នេះ​ចេះ​តែ​កើត​មាន​ឡើង​បន្ត ហើយ​ស្ថានភាព​បច្ចុប្បន្ន​ក៏​ចេះតែ​អូស​បន្លាយ​ត​ទៅ​ទៀត តើ​សហរដ្ឋ​អាមេរិក​អាច​នឹង​ដាក់ទណ្ឌកម្ម​ដល់​ក្រុមហ៊ុន​ចិន​ទាំងនេះ​ទៀត​ដែរ​ឬ​ទេ?

លោក ក្រិកហ្គោរី ផលីង៖ ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​មែន។ វា​អាស្រ័យ​ទៅ​លើ​ភស្តុតាង។ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន UDG រង​នូវ​ទណ្ឌកម្ម គឺ​ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ មាន​ចំណង​ទាក់ទង​ផ្ទាល់​ទៅ​នឹង​រដ្ឋអំណាច​ប្រទេស​ចិន ហើយ​នឹង​ការណ៍​ដែល​ក្រុមហ៊ុន​នេះ​បាន​រំលោភបំពាន​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ច្បាស់។ ប្រសិន​បើ​ក្រុមហ៊ុន​ចិន​ដទៃ​ត្រូវ​បាន​រក​ឃើញ​ថា បម្រើ​ឲ្យ​រដ្ឋអំណាច​ចិន ជា​សហគ្រាស​របស់​រដ្ឋអំណាច​ចិន ឬក៏​ប្រតិបត្តិការ​ដោយ​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី​ក្រុង​ប៉េកាំង ហើយ​ក្រុមហ៊ុន​ទាំងនោះ​ហាក់​បី​ដូចជា​រំលោភ​ច្បាប់​កម្ពុជា ក្នុង​របៀប​ដែល​ទំនង​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​​សហរដ្ឋអាមេរិក នោះ​ការណ៍​នេះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហើយ។ សំណួរ​សំខាន់​មួយទៀត​នោះ គឺ​ថា សហរដ្ឋអាមេរិក​នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​រយៈពេល​មិនដល់​មួយ​ខែ​ទៀត​ផង។ ខ្ញុំ​មិន​គិត​ថា រដ្ឋបាល​របស់​លោក ចូហ៍ បៃឌិន (Joe Biden) ទំនង​ជា​នឹង​ធ្វើ​ដូច្នេះ​ណាស់។ មែន​ទែន​ទៅ ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន UDG គឺជា​រឿង​ស្រប​ច្បាប់។ តែ​ខ្ញុំ​មិន​គិត​ថា​រដ្ឋបាល​លោក ចូហ៍ បៃឌិន នឹង​ផ្តល់​អាទិភាព​លើ​ការ​ដាក់​ទណ្ឌកម្ម​ដូច្នេះ​ទេ។

លោក មាន ឫទ្ធិ៖ តើ​ការ​វាយ​កម្ទេច​អគារ​ជាមួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អនាគត​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដល់​កម្រិត​ណា​ទៅ​តាម​ការ​មើល​ឃើញ​របស់​លោក?

លោក ក្រិកហ្គោរី ផលីង៖ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ភាព​ល្អក់​កករ​នេះ​នឹង​មិន​ងាយ​ផុត​រលត់​ទៅ​វិញ​នោះ​ទេ។ ការពិត​គឺថា ចិន​កំពុងតែ​មាន​អំណាច​គ្រប​ដណ្តប់​​យ៉ាង​សម្បើម​ទៅលើ​លោក ហ៊ុន សែន ក៏ដូចជា​ខ្សែ​បណ្ដាញ​ពួក​អ្នក​ជំនួញ និង​អ្នកនយោបាយ​នៅ​ជុំវិញ​ខ្លួន​គាត់។ សហរដ្ឋ​អាមេរិក​ចង់​រក្សា​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​កម្ពុជា​ដើម្បី​កុំឲ្យ​​កម្ពុជា​រអិល​ធ្លាក់​ចូល​ក្នុង​គន្លង​របស់​ចិន​ទាំងស្រុង។ ប៉ុន្តែ ទំហំ​នៃ​ឥទ្ធិពល​របស់​ចិននេះ នឹង​ជៀស​មិន​ផុត​ពី​បង្កើត​បាន​នូវ​ភាព​តានតឹង​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នោះ​ឡើយ។ បើ​សិន​ជា​រឿងរ៉ាវ​ដូច​ដែល​ថា​ មាន​ការអនុញ្ញាត​ឲ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដាក់មូលដ្ឋាន​នៅ​តំបន់​រាម​ជា​អចិន្ត្រៃយ៍​ ជា​ការ​ពិត​មែន​នោះ នោះ​វា​នឹង​បង្កើត​បាន​ជា​បញ្ហា​ដ៏​សម្បើម​មួយ​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

លោក មាន ឫទ្ធិ៖ ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ អះអាង​ថា ការ​វាយ​កម្ទេច​អគារ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នោះ គឺជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​សុទ្ធសាធ។ តើ​លោក​យល់​យ៉ាងម៉េច​ដែរ​ជុំវិញ​អំណះអំណាង​បែបនេះ?

លោក ក្រិកហ្គោរី ផលីង៖ ពិត​ណាស់ វា​អាស្រ័យ​លើ​កម្ពុជា។ ក៏ប៉ុន្តែ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា មិន​ពន្យល់​ប្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដឹង​អំពី​មូលហេតុ ដែល​ខ្លួន​សម្រេច​វាយកម្ទេច​ចោល​អគារ​របស់​អាមេរិក​នេះ? ហេតុអ្វី​បាន​ជា​កម្ពុជា​មិន​ប្រាប់​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ជា​មុន​អំពី​ផែនការ​វាយកម្ទេច​នេះ ខណៈ​ដែល​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ជួសជុល​អគារ​នោះ​កាលពី​ក្នុង​ឆ្នាំ​កន្លង​ទៅ​ម៉ិញ។ ហេតុអ្វី​បានជា​រដ្ឋាភិបាល​កម្ពុជា​មិន​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កងទ័ព​រំដោះ​ប្រជាជន​ចិន​ទៅកាន់​តំបន់​នោះ និង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ឬ​ចុះ​កុងត្រា​ជាមួយ​ចិន​នៅ​តំបន់​រាម​នេះ។ ប្រសិន​បើ​រឿង​នេះ ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​ក្នុង​ការ​សម្រេចចិត្ត នោះ​វា​មិន​អី​ទេ។ ក៏ប៉ុន្តែ ហេតុអ្វី បាន​ជា​រឿងរ៉ាវ​អស់​ទាំងនេះ​កើត​មាន​ឡើង​ជា​លក្ខណៈ​លាក់លៀម និង​ដោយ​សម្ងាត់​ទៅ​វិញ?

លោក មាន ឫទ្ធិ៖ តាម​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​លោក ហេតុអ្វី​បាន​ជា​ចិន​ចាប់អារម្មណ៍​ខ្លាំង​ម្ល៉េះ​ទៅលើ​តំបន់​កំពង់​ផែ​កោះកុង និង​កំពង់​ផែ​រាម​នេះ? តើ​តំបន់​ទាំង​ពីរ​នេះ ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ឲ្យ​ចិន​យ៉ាង​ណា​ខ្លះ​ទៅ?

លោក ក្រិកហ្គោរី ផលីង៖ ខ្ញុំ​គិត​ថា កំពង់ផែ​រាម ជួយ​បម្រើ​ផលប្រយោជន៍​ឲ្យ​ចិន​បន្តិចបន្តួច។ ចិន​ចង់​ពង្រីក​ឥទ្ធិពល​នាវាចរណ៍​របស់​ខ្លួន ចូល​ទៅ​ក្នុង​តំបន់​ឈូងសមុទ្រ​សៀម ជ្រោយ​ម៉ាឡាកា ហើយ​សំខាន់​បំផុត​គឺ ឲ្យ​បាន​ទៅ​ដល់​​ភូមិភាគ​ខាង​លិច​នៃ​មហា​សមុទ្រ​ឥណ្ឌា។ ដូច្នេះ នៅ​ពេល​ណា​ដែល​ចិន​មាន​លទ្ធភាព​ចូល​ទៅ​តំបន់​ទាំងនេះ​នៅ​កម្ពុជា នោះ​វា​នឹង​ជួយ​ឲ្យ​ចិន​កាន់តែ​មាន​សមត្ថភាព​​កាន់​តែ​ខ្លាំង។ តែ​វា​មិន​មែន​ជា​ការប្រែប្រួល​ធំ​សម្បើម​អី​នោះ​ទេ។ ចិន​មាន​រួចជាស្រេច​ទៅ​ហើយ​នូវ​មូលដ្ឋាន​កងទ័ព​ជើងអាកាស​ និង​កងទ័ព​ជើងទឹក​ដល់​ទៅ ៣ នៅ​តំបន់​ប្រជុំកោះ​ស្ព្រេតលី (Spratley Islands) ដែល​នៅ​មិនសូវ​ជា​ឆ្ងាយ​ប៉ុន្មាន​ពី​ជ្រោយ​ម៉ាឡាកា។

អ្វី​ដែល​អាច​ជា​កត្តា​ប្រែប្រួល​ដ៏​ចម្បង​នោះ គឺ​នៅ​ពេល​ដែល​យើង​នឹង​ចាប់​ផ្ដើម​ឃើញ​មាន​យន្តហោះ​ចិន ឬក៏​កងទ័ព​ជើង​អាកាស​របស់​ចិន ឬ​កងទ័ព​ជើងអាកាស​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ប្រតិបត្តិការ​ចេញ​ពី​ដែនអាកាស​នៃ​តំបន់​តារា​សាគរ ក្នុង​ខេត្ត​កោះកុង។ គឺ​នៅ​ពេលនោះ​ហើយ វា​នឹង​អនុញ្ញាត​ឲ្យ​ចិន​អាច​ពង្រីក​អំណាច​ដែនអាកាស​របស់​ខ្លួន​មក​លើ​តំបន់​ឈូង​សមុទ្រ​សៀម លើ​ជ្រោយ​ម៉ាឡា​កា ឬ​អាច​ថា ទៅ​រហូត​ដល់​ប្រជុំកោះ​នៅ​មហាសមុទ្រ​ឥណ្ឌា​ទៀតផង។ នោះ​ហើយ​គឺជា​កត្តា​ប្រែប្រួល​ដ៏​ចម្បង​ដែល​នឹង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក ប្រទេស​សិង្ហបុរី ថៃ និង​សូម្បីតែ​ឥណ្ឌា​ផង​ដែរ។

លោក មាន ឫទ្ធិ៖ អ៊ីចឹង គិត​មក​ទល់​ពេល​ឥឡូវនេះ តើ​លោក​អាច​វាយតម្លៃ​ឲ្យ​ច្បាស់ និង​​ប្រាកដ​តែ​ម្តង​ទេ​ថា ចិន​នឹង​បម្លែង​តំបន់​ទាំង​នេះ​នៅ​កម្ពុជា ទៅ​បម្រើ​ឲ្យ​វិស័យ​យោធា​របស់​ខ្លួន?

លោក ក្រិក​ហ្គោរី ផលីង៖ ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្ញុំ​មិន​គិត​ថា ចិន​នឹង​បម្លែង​តំបន់​រាម​នេះ​ឲ្យ​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ខ្លួន​នោះ​ទេ។ រាម​គឺ​ជា​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​កម្ពុជា។ ខ្ញុំ​គិត​ថា កប៉ាល់​ចម្បាំង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន អាច​នឹង​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​កាន់​តែ​ច្រើន​ទៅ​កាន់​តំបន់​កំពង់ផែ​រាម​នេះ​តែ​ម្តង។ ចិន​នឹង​ត្រូវ​បាន​ភាគី​​​​​​​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ជួយ​ជួសជុល និង​កសាង​កំពង់ផែ​រាម​នេះ ដូច​អ្វី​ដែល​យើង​បាន​ដឹង​ឮ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ នេះ​អញ្ចឹង។ កប៉ាល់​ចម្បាំង​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ទទួល​បាន​សិទ្ធិ​ចេញចូល​តំបន់​កំពង់ផែ​រាម​នោះ​ដែរ។ តំបន់​កំពង់​ផែរាម​នេះ វា​នឹង​មិន​ដូច​គ្នា​ទៅ​ហ្នុង​កំពង់ផែ ដូរ៉ាឡេហ៍ (Port of Doraleh) នៅ​ប្រទេស​ជីបូទី ដែល​ចិន​មាន​មូលដ្ឋាន​ទ័ព​នៅទីនោះ​នោះទេ។ ក៏ប៉ុន្តែ វា​​ជា​កំពង់ផែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​​កម្ពុជា ដែល​ចិន​ទទួល​បាន​សិទ្ធិ​ចេញ​ចូល និង​ប្រើប្រាស់​បាន។ នេះ​ហើយ​គឺ​ជា​លទ្ធភាព​ច្រើន​ដែល​នឹង​អាច​កើតមានឡើង។

លោក មាន ឫទ្ធិ៖ សំណួរ​ចុងក្រោយ​របស់​ខ្ញុំ តើ​លោក​មាន​ជា​អនុសាសន៍​អី​ខ្លះ​ដើម្បី​អាច​ឲ្យ​ទាំង​កម្ពុជា និង​សហរដ្ឋអាមេរិក បង្កើន​ទំនុក​ចិត្ត​នឹង​គ្នា​ឡើង​វិញ​បាន ហើយ​លុប​បំបាត់​ចោល​នូវ​ភាព​សង្ស័យ​អស់​ទាំង​នេះ?

លោក ក្រិកហ្គោរី ផលីង៖ ខ្ញុំ​នឹង​មិន​ផ្តល់​ដំបូន្មាន​ណាមួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​គិត​ថា គេ​នឹង​ទទួលយក​ទៅ​ធ្វើ​តាម​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​គិត​ថា​សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ធ្វើ ហើយដែល​ខ្ញុំ​គិត​ថា ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​ព្យាយាម​ធ្វើ​រួច​មក​ហើយ​នោះ គឺថា ត្រូវ​និយាយ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​កាន់​ភាគី​កម្ពុជា​ថា ពិត​ណាស់ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កំពុងតែ​តានតឹង ហើយ​ភាព​តានតឹង​នេះ​នឹង​មិន​ងាយ​ផុត​រលត់​ទៅ​ណា​នោះ​ទេ។ ភាព​តាន​តឹង​នេះ នឹង​កើន​ឡើង ឬ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​ពេលវេលា។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ចុង​ក្រោយនេះ គឺ​វា​ដូច​ជា​ជ្រុលជ្រួស​ខ្លាំង​បន្តិច​ហើយ។ ប្រសិន​បើ​មាន​យន្តហោះ​របស់​​ចិន​ចាប់​ផ្ដើម​ហោះហើរ​ចេញ​ពី​ដែនអាកាស​របស់​កម្ពុជា​ដើម្បី​ពង្រីក​អំណាច​ដែនអាកាស​របស់​ចិន ដែល​ជា​ការ​គំរាម​កំហែង​ដល់​អត្ថប្រយោជន៍​របស់​សហរដ្ឋអាមេរិក ដល់​អត្ថប្រយោជន៍​របស់​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ នៅ​មហាសមុទ្រ​ឥណ្ឌា​ខាងលិច នោះ​ការណ៍​នេះ​នឹង​ក្លាយ​ជា​កត្តា​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏ដូចជា​រវាង​កម្ពុជា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ពោល​គឺ​មិនមែន​ត្រឹមតែ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ប៉ុណ្ណោះ​ទេ​ដែល​ព្រួយបារម្ភ​នោះ។ ដូច្នេះ ខណៈ​ដែល​សហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​កែប្រែ​ ឬ​ផ្លាស់​ប្ដូរ​ចិត្តគំនិត​របស់​ខ្លួន​បាន ក៏ប៉ុន្តែ​សហរដ្ឋអាមេរិក​អាច​ជួយ​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​លាស់​មែន​ទែន​ទៅ​ក្រុង​ភ្នំពេញ ថា​ តម្លៃ​នៃ​ផល​ខូចខាត វា​នឹង​មាន​ទំហំ​ធំ​ហួស​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​ចិន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។