លោក ហ៊ុន សែន បន្ត​ចោទ​ប្រកាន់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ថា យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​រឿង​នយោបាយ​បម្រើ​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ

ដោយ មាន ឫទ្ធិ
2020.09.23
ហ៊ុន សែន ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ចោទ​ប្រកាន់​ក្រុម​ប្រទេស​លោក​ខាង​លិច ឬ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ថា យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​នយោបាយ​បម្រើ​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ ក៏​ប៉ុន្តែ អ្នកវិភាគ​​រិះគន់​ថា រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្រ​មិន​ដោះស្រាយ​បញ្ហា​រំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង ហើយ​បែរ​ជា​ទៅ​ស្តី​បន្ទោស​អ្នកដទៃ​ទៅវិញ។

លោក ហ៊ុន សែន ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ប្រែក្លាយ​ជា​មុខ​ព្រួញ​នៃ​ការដាក់​ទណ្ឌកម្ម​ដោយសារតែ​ភាពខ្វះខាត​ក្នុង​ការការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​ថតទុក​ជា​មុន យក​ទៅ​ចាក់ផ្សាយ​នៅ​ឯ​កិច្ចប្រជុំ​ជាន់ខ្ពស់​រំលឹក​ខួប​លើក​ទី៧៥ នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ២១ កញ្ញា។

ផ្ទុយ​ពី​វោហារសាស្ត្រ​ដែល​លោក​ធ្លាប់​ប្រើ​កន្លងមក​ពន្យុះ​ឲ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ប្រញាប់​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា ម្តងនេះ លោក ហ៊ុន សែន ថ្លែង​ទទួល​ស្គាល់​ថា ការដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​នេះ ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ជាតិ។ យ៉ាងណា​ លោក​ចោទ​ប្រកាន់​ក្រុមប្រទេស​អភិវឌ្ឍន៍​ទាំងនោះ ថា​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​រឿង​នយោបាយ​ដើម្បី​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ៖ «នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ចូលរួម​ចំណែក​ក្នុងការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​ស្តារ និង​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ក្រីក្រ ពិសេស តាមរយៈ​ការធ្វើ​នយោបាយូបនីយកម្ម​លើ​បញ្ហា​សិទ្ធិ​មនុស្ស បម្រើ​ឲ្យ​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន»

ជុំវិញ​ការ​បន្ត​ចោទ​ប្រកាន់​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ទើរ​តែ​រៀងរាល់​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អន្តរជាតិ​សំខាន់ៗ​នោះ អ្នកសិក្សា​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី យល់ថា ជាជាង​ស្ដីបន្ទោស​ប្រទេស​ដទៃ កម្ពុជា​គួរ​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ខ្លួនឯង៖ «ពេលខ្លះ​យើង​អត់​យល់​ដែរ​ទេ​ថាតើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​នៅតែ​បន្ត​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​មិន​ដោះស្រាយ​នូវ​បញ្ហា ប៉ុន្តែ​បែរជា​ព្យាយាម​បន្ទោស​អ្នកដទៃ​ក្នុង​រឿង​ហ្នុង។ ខ្ញុំ​មើល​ឃើញ​កន្លង​មក មិនមែន​មាន​ន័យ​ថា យើង​កាន់ជើង​បរទេស ឬក៏​យើង​គាំទ្រ​ទៅលើ​សហគមន៍​អន្តរជាតិ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​អន្តរជាតិ​បាន​ស្នើ​មក​កម្ពុជា​ហ្នុង​សុទ្ធតែ​ជារឿង​ដែល​យើង​អាច​ធ្វើ​បាន​ ហើយ​វា​សមស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ទៅទៀត»

រីឯ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់​ថា ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក។ លោក​ថា ការគោរព​សិទ្ធិ​មនុស្ស​គឺ​ជាគោល​ដៅ​ដ៏​ចម្បង​បំផុត​មួយ​របស់​មនុស្ស​លោក ក៏ប៉ុន្តែ ប្រទេស​នានា​ដូចជា កម្ពុជា តែងតែ​យក​ពាក្យ​សិទ្ធិ​អធិបតេយ្យ​មក​ប្រើប្រាស់​ធ្វើ​ជា​ខែល​​ដើម្បី​បិទបាំង​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​ខ្លួន។ លោក​ថា អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​ពិតប្រាកដ​នោះ គឺ​លោក​ស្រមៃ​ចង់​ឃើញ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​លោក​ខាងលិច នាំ​គ្នា​បិទ​មាត់​ឈប់​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​គិត​តែ​ផ្ដល់​ជំនួយ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ដោយ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​អំពើ​ចិត្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង។ អ្នកជំនាញ​រូប​នេះ​បន្ថែម​ថា លោក ហ៊ុន សែន កំពុង​តែ​បារម្ភ​ខ្លាច​ក្រុម​ប្រទេស​លោក​ខាង​លិច ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​កម្ពុជា។

ការណ៍​ដែល​លោក ហ៊ុន សែន បាន​លើក​យក​ពី​បញ្ហា​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច មក​ថ្លែង​នៅ​ឯ​វេទិកា​អង្គការ​សហប្រជាជាតិ ចំ​ខួប​លើក​ទី៧៥ឆ្នាំ ក៏កើត​មាន​ឡើង​ស្របពេល​ដែល​កម្ពុជា​ក្រោម​របប​ដឹកនាំ​របស់​លោក​សព្វ​ថ្ងៃ កំពុង​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជាបន្តបន្ទាប់ ដោយសារ​តែ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ ក្នុង​នោះ សហភាព​អឺរ៉ុប បាន​អនុវត្ត​ការគិត​ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន​ពី​កម្ពុជា ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA២០ភាគរយ។ រីឯ សហរដ្ឋ​អាមេរិក​វិញ ទើបតែ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ឬ​ជនជាតិ​អាមេរិក ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​អនាគត​គម្រោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ រង​ការ​សង្ស័យ​ថា លួច​ធ្វើ​ការ​ជា​សម្ងាត់​ឲ្យ​យោធា​ចិន​ដើម្បី​សង់​មូលដ្ឋាន​យោធា​នៅ​ខេត្តកោះកុង ក្រោម​រូបភាព​ជា​ការអភិវឌ្ឍន៍។ ក្រៅពីនេះ សហរដ្ឋអាមេរិក​ក៏​បាន​ដាក់ទណ្ឌកម្ម​បុគ្គល​កម្ពុជា ៣ រូប មាន​ដូចជា លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និង​លោក ទ្រី ភាព ព្រម​ទាំង​ក្រុមគ្រួសារ និង​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ពួកគេ។

នៅ​ឯ​កិច្ច​ប្រជុំ​រំលឹក​ខួប ៧៥​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ដដែល​នេះដែរ លោក ហ៊ុន សែន បាន​ហៅ​ហេតុការណ៍​នៃ​ការវិវឌ្ឍន៍​ចុងក្រោយ​នៅ​លើ​ពិភពលោក​ថា ជា​ការប្រកួតប្រជែង​រវាង​មហាអំណាច​ដើម្បី​រាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​លោក​ថា ជា​ឧបសគ្គ​ចម្បង​មិន​ឲ្យ​ប្រទេស​ក្រីក្រ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ឆ្នាំ២០៣០។

បណ្ឌិត សេង សារី ផ្តល់​អនុសាសន៍​ថា ដើម្បី​បញ្ចៀស​ពី​ការ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការប្រកួត​ប្រជែង​រវាង​មហាអំណាច កម្ពុជា​គួរចេះ​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ខ្លួនឯង​កាល​ពី​សម័យ​សង្គ្រាម​វៀតណាម ដោយសារ​តែ​មិនព្រម​រក្សា​ភាព​អព្យាក្រឹត្យ​លើ​នយោបាយ​ការបរទេស​ឲ្យ​បាន​ច្បាស់លាស់៖ «អំឡុងពេល​ដែល​យើង​ប្រកាស​ប្រទេស​ថា​ជា​ប្រទេស​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​ ក៏ប៉ុន្តែ យើង​ក៏​ហាក់​ដូចជា​ចាប់ដៃ​អ្នកនេះ ចាប់ដៃ​អ្នកនោះ បង្ហាញ​អំពី​ភាព​លម្អៀង​ទៅលើ​ទំនាក់​ទំនង​រវាង​ប្រទេស​មហាអំណាច​​ដែល​មាន​និន្នាការ​សេរី និង​និន្នាការ​កុម្មុយនិស្ត​ហ្នុង។ បើ​សិន​ជា​ក្នុង​ករណី​ដែល​យើង​គោរព​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​យើង​ព្យាយាម​ធានា​ធ្វើ​ម៉េច​ថា កម្ពុជា​នៅ​តែ​ឈរ​ឲ្យ​ច្បាស់លាស់​ទៅលើ​គោលការណ៍​អព្យាក្រឹត្យ​ មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​បង្ហាញ​ទៅ​អន្តរជាតិ​ថា យើង​ពិត​ជា​ប្រទេស​អព្យាក្រឹត្យ​មែន នោះ​ខ្ញុំ​គិតថា យើង​អាច​នឹង​មិន​ក្លាយ​ទៅ​ជា​សង្វៀន ឬ​ក៏​សមរភូមិ​​នៃ​ជម្លោះ​មនោគមវិជ្ជា​ដែល​បាន​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​យើង​នោះទេ»

ដូចគ្នា​នេះ​ដែរ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា ល្មម​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ឈប់​បន្ទោស​ការប្រកួតប្រជែង​រវាង​មហាអំណាច​ថា​បង្ក​ការប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ប្រទេស​ខ្លួន​ឯង​នោះ។ លោក​ថា វា​គ្រាន់​តែ​ជា​លេស​ដើម្បី​ឲ្យ​លោក ហ៊ុន សែន អាច​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត ហើយ​បន្ត​រំលោភ​បំពាន​សិទ្ធិមនុស្ស​តទៅទៀត។ លោក​ចោទ​ជា​សំណួរ​ទៅ​វិញ​ថា តើ​ការប្រកួតប្រជែង​រវាង​មហាអំណាច ពិត​ជា​បាន​បណ្ដាល​ឲ្យ​លោក ហ៊ុន សែន ត្រូវ​កាត់បន្ថយ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដែរឬទេ? ចម្លើយ​គឺ​មិន​ដូច្នោះ​នោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។