អ្នកជំនាញ សោកស្ដាយ​ដែល​រដ្ឋាភិបាល​គ្រោង​បង្កើត​ច្រក​ត្រួតពិនិត្យ​ចរាចរណ៍​អ៊ិនធឺណិត ចម្លង​តាម​មហាយក្ស​ចិន

ដោយ មាន ឫទ្ធិ
2020.09.09
NIGDiagramKhmer.jpg គំនូសតាង​នៃ​ការភ្ជាប់​បណ្តាញ​នៃ​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ។
Printscreen

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ សោកស្ដាយ​ដែល​រដ្ឋាភិបាល គ្រោង​បង្កើត​ច្រក​​ចេញ​ចូល​តែមួយ​សម្រាប់​ត្រួតពិនិត្យ​ចរាចរណ៍​គ្រប់បែប​យ៉ាង​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត​ក្នុង​ប្រទេស​កម្ពុជា។ អ្នកជំនាញ​រូបនោះ គូសបញ្ជាក់​ថា អ៊ិនធឺណិត​ ដែល​ជា​កន្លែង​ចុងក្រោយ​បង្អស់​សម្រាប់​ពលរដ្ឋ​កម្ពុជា​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន នឹង​ជៀស​មិន​ផុត​ពី​រង​ការបំផ្លាញ​ចោល​ពីសំណាក់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ តាមរយៈ​ការយក​គំរូ​តាម​មហាយក្ស​ចិន ដែល​ជា​ប្រទេស​កុម្មុយនិស្ត។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល យល់ឃើញ​ថា ជា​រឿង​មិន​ចាំ​បាច់​ទាល់តែ​សោះ ក្នុង​ការ​ដែល​រដ្ឋាភិបាល​ឈាន​ទៅ​បង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ឬ National Internet Gateway ដើម្បី​ឲ្យ​រដ្ឋ​ងាយស្រួល​ត្រួតពិនិត្យ​ចរាចរណ៍​នៅលើ​បណ្ដាញ​អ៊ិនធឺណិត​ដែល​ឆ្លង​កាត់ និង​ចេញចូល​ប្រទេស​កម្ពុជា។ លោកថា ការធ្វើ​ដូច្នោះ គឺ​មិនខុស​ពី​អ្វី​ដែល​ក្រុម​ប្រទេស​មិន​មែន​ប្រជាធិបតេយ្យ ដូចជា ចិន (China) កូរ៉េខាងជើង (North Korea) និង​វៀតណាម (Vietnam) កំពុង​អនុវត្ត​នោះទេ លុះត្រា​ណា​តែ​រដ្ឋាភិបាល​ភ័យ​ខ្លាច​មតិ​រិះគន់​របស់​ពលរដ្ឋ​ខ្លួនឯង។

អ្នកជំនាញ​រូប​នេះ​ពន្យល់​ថា កន្លងទៅ ប្រទេស​កម្ពុជា មាន​ការទាក់ទាញ​គឺ​ដោយសារ​តែ​ប្រទេស​នេះ​ជា​ប្រទេស​បើកចំហ។ ក៏ប៉ុន្តែ តាមរយៈ​ការ​បិទ​ ឬ​រាំង​ខ្ទប់​ចរាចរណ៍ ឬ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត​ដោយ​យក​គំរូ​តាម​ប្រព័ន្ធ​រាំង​ខ្ទប់ ឬ​ចម្រោះ​ព័ត៌មាន​ដូចជា​នៅ​ប្រទេស​ចិន ដែល​គេ​ស្គាល់​ថា the Great Chinese Firewall នោះ​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​នូវ​ភាព​ទាក់ទាញ​​របស់​ខ្លួន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ លោក​ថា ប្រទេស​កម្ពុជា គ្រាន់តែ​ជា​ប្រទេស​តូច​មួយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេសចិន ដូច្នេះ​ការឈាន​ទៅ​គ្រប់គ្រង​អធិបតេយ្យ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត ឬ​ហៅ​ថា Cyber Sovereignty គឺ​ជា​រឿង​ឥតប្រយោជន៍។

សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ ចុះថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ២០២០។
សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ ចុះថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ២០២០។
Printscreen

រីឯ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ធ្លាប់​ប្រាប់​អាស៊ីសេរី ថា ការពន្លឿន​របស់​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​​ការបង្កើត​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ​នេះ គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​នាក់​កំពុង​ទទួល​រង​ការធ្វើ​ទុក្ខបុកម្នេញ ឬ​ចាប់​ដាក់​គុក ដោយសារតែ​ផ្សព្វផ្សាយ និង​ចែករំលែក​គំនិត​យោបល់​របស់​ពួកគេ​លើ​​បណ្តាញ​សង្គម។ លោក​ព្រមាន​ថា តាមរយៈ​សេចក្ដីព្រាង​អនុក្រឹត្យ​ថ្មី​នេះ រួមទាំង​យន្តការ​ដែល​មានស្រាប់ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ផងនោះ រដ្ឋាភិបាល​នឹង​មាន​អំណាច​គ្មាន​ដែនកំណត់​ក្នុងការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅលើ​បណ្ដាញ​អ៊ិនធឺណិត៖«សេចក្តីព្រាង​អនុក្រឹត្យ​នេះ យើង​មើលទៅ​ហាក់​ដូច​ជា​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយ និង​គ្មាន​ដែន​កំណត់​ទៅដល់​រដ្ឋាភិបាល។ អ៊ីចឹង គេ​អាច​នឹង​មាន​ការរិះគន់ ហើយ​នឹង​មាន​ការព្រួយបារម្ភ​ថា អនុក្រឹត្យ​នេះ វា​រឹតត្បិត​បន្ថែម​ទៀត​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ក៏ដូចជា​ការទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​បច្ចេកវិជ្ជា ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ប្រើប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​អ៊ិនធឺណិត»

លោក អំ សំអាត បន្តថា សេចក្តីព្រាង​អនុក្រឹត្យ​នេះ ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​ច្រោះ​យក​ព័ត៌មាន តាមដាន​ឈ្លប​យកការណ៍ ឬ​បិទ​ប្រភព​ព័ត៌មាន​នៅលើ​អ៊ិនធឺណិត​ដែល​អាជ្ញាធរ​មិន​ពេញចិត្ត ព្រមទាំង​​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ក្រុមហ៊ុន​ដែល​ជា​ប្រតិបត្តិករ​ចែកចាយ​បណ្តាញ​អ៊ិនធឺណិត​ផងដែរ។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ និង​លោក ខូវ មករា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ហេតុផល​ពិតប្រាកដ និង​​ដំណើរ​វិវត្ត​នៃ​ការធ្វើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ​នេះ​បាន​ទេ ដោយសារ​ពួកលោក​មិន​លើក​ទូរស័ព្ទ​គិតត្រឹម​ល្ងាច​ថ្ងៃទី០៨ កញ្ញា។

យ៉ាងណា ផ្អែក​តាម​សេចក្ដីព្រាង​អនុក្រឹត្យ​​ចុងក្រោយ​ ចុះ​ថ្ងៃទី០៨ កក្កដា ស្តីពី​ការបង្កើត​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ រដ្ឋាភិបាល​មាន​គោលបំណង​​គ្រប់គ្រង​រាល់​ការតភ្ជាប់​បណ្តាញ​អ៊ិនធឺណិត​ទាំងអស់​នៅក្នុង​ប្រទេស​ ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខជាតិ និង​ថែរក្សា​របៀប​រៀបរយ​សណ្តាប់ធ្នាប់​សង្គម។ សេចក្តីព្រាង​អនុក្រឹត្យ​ថ្មីនេះ កំណត់​និយមន័យ​ថា ច្រកទ្វារ​អ៊ិនធឺណិត សំដៅ​ដល់​ច្រកទ្វារ​ដែល «សេវា​អ៊ិនធឺណិត​គ្រប់ប្រភេទ​ត្រូវ​តភ្ជាប់​បណ្តាញ​ទៅ​វិញ​ទៅមក​ក្នុង​ប្រទេស និង​អន្តរជាតិ»។

មាត្រា១២ នៃ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ិនធឺណិត​ជាតិ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ ក្នុងការ​ធានា​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​សង្គម ព្រមទាំង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា។ អនុក្រឹត្យ​នេះ ពុំបាន​កំណត់​និយមន័យ​ជាក់លាក់​អំពី​ពាក្យពេចន៍​អស់​ទាំងនេះ​ឡើយ ដោយ​គ្រាន់តែ​ចែងថា បុគ្គល​ដែល​ប្រព្រឹត្តិ​ល្មើស​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ របៀប​រៀបរយ​សណ្ដាប់ធ្នាប់​សង្គម ឬ​ចំណូលជាតិ នឹងត្រូវ​ផ្ដន្ទាទោស​ដូច​មាន​ចែង​ក្នុងច្បាប់​ជាធរមាន។

លោក អំ សំអាត ថា គិត​មកទល់​ពេល​នេះ រដ្ឋាភិបាល​ធ្វើ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ​ឡើង​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ ឬ​ប្រមូល​ធាតុចូល​ពី​សង្គម​ស៊ីវិល​នៅឡើយទេ។ លោក​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ​ចំពោះ​មាត្រា​ទាំងឡាយ​ណា ដែល​បង្កើត​ឡើង​ក្នុង​ន័យ​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​លើ​អ៊ិនធឺណែត ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​ថ្មី​នេះ។

ចាប់តាំង​ពី​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ការតភ្ជាប់​បណ្ដាញ​អ៊ិនធឺណិត​នៅ​ទូទាំង​ពិភពលោក​តាំងពី​ដើម​ទសវត្សរ៍​ទី៩០ និង​ទសវត្សរ៍​ទី២០​មក មហាយក្ស​ចិន បាន​ក្លាយ​ជា​ប្រទេស​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែលរឹតត្បិត​ការបញ្ចេញមតិ​របស់​ពលរដ្ឋ ​ការទទួល​បាន​ព័ត៌មាន​ពី​ខាង​ក្រៅ​ប្រទេស និង​ចរាចរណ៍​គ្រប់​បែប​យ៉ាង​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង នៅ​ក្នុង​ប្រទេសចិន ពលរដ្ឋ​ចិន​មិន​អាច​បើកមើល​ទំព័រ​​អ៊ិនធឺណិត​របស់​ក្រុមហ៊ុន​អាមេរិកាំង​ល្បីៗ ដូចជា ហ្គូកហ្គល (Google) ដើម្បី​ស្វែងរក​ព័ត៌មាន ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ ហ្វេសប៊ុក (Facebook) ឬ ទ្វីតធ័រ (Twitter) បាន​ឡើយ។ ផ្ទុយទៅ​វិញ រដ្ឋ​តម្រូវ​ឲ្យ​ពួកគេ​ប្រើប្រាស់​តែ​កម្មវិធី​អភិវឌ្ឍន៍​ដោយ​ចិន​ខ្លួនឯង រួមមាន​ដូចជា​កម្មវិធី វីឆាត (WeChat) និង អាលីផេ (Alipay) របស់​ក្រុមហ៊ុន​អាលីបាបា (Alibaba) របស់ចិន​ជាដើម ដើម្បី​បញ្ចៀស​ចរាចរណ៍​សាច់ប្រាក់​នៅលើ​ទីផ្សារ​អ៊ិនធឺណិត ដោយ​ត្រូវ​ឆ្លងកាត់​ក្រុមហ៊ុន​ប្រតិការ​ហិរញ្ញវត្ថុ​របស់​អាមេរិក ឬ​ប្រទេស​លោក​ខាងលិច​នោះ។ ម្យ៉ាង​វិញ​ទៀត រាល់​ទិន្នន័យ ប្រវត្តិ និង​សកម្មភាព​បើកមើល ឬ​ចែក​រំលែក​ព័ត៌មាន​នានា​នៅលើ​ប្រព័ន្ធ​អ៊ិនធឺណិត ក៏​ត្រូវ​អាជ្ញាធរ​ចិន តាម​ឃ្លាំមើល និង​ឈ្លប​យកការណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ជា​ប្រព័ន្ធ the Great Chinese Firewall។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ហៅ​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​បង្កើត​ច្រកទ្វារ​ចេញ​ចូល​តែមួយ សម្រាប់​ប្រព័ន្ធ​អ៊ិនធឺណិត ឬ​ហៅថា National Internet Gateway ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​នៅលើ​ប្រព័ន្ធ​អ៊ិនធឺណិត​នេះ ដូច​អ្វី​ដែល​ប្រទេសចិន​កុម្មុយនិស្ត​កំពុង​អនុវត្ត​នេះ ថា​គឺ​ជា​រឿង​អកុសល។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ឈាន​ទៅ​បង្កើត​បណ្ដាញ​សង្គម​ខ្លួនឯង ដូច​បណ្តាញ WeChat របស់​ចិន​មែននោះ ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើ​ប្រាស់ ដើម្បី​បញ្ចៀស​ពីការ​ប្រើប្រាស់​ប្រព័ន្ធ​របស់​ប្រទេស​លោក​ខាងលិច ដូចជា Facebook, Google ជាដើមនោះ នោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​ពី​ពិភពលោក។

សេចក្តីប្រកាស​រួម​ស្តីពី​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ប្រព័ន្ធ​អ៊ិនធឺណិត របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​ទស្សនៈ និង​មតិ កាល​ពី​ខែមិថុនា ​ឆ្នាំ២០១១ ដាក់​ចេញ​នូវ​គោលការណ៍​ទូទៅ​ដែល​រដ្ឋ​សមាជិក​ត្រូវ​គោរព​តាម ទាក់ទង​ទៅនឹង​ការរឹតត្បិត​សេរីភាព​នៅលើ​ប្រព័ន្ធអ៊ិនធឺណិត។ ក្នុងនោះ សេចក្តី​ប្រកាស​រួម​នេះ ចែងថា រាល់ការ​រឹតត្បិត​ណាមួយ​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​គោរព​ និង​មានភាព​សមាមាត្រ​តាម​បទដ្ឋាន និង​ច្បាប់​អន្តរជាតិ។ សេចក្តីប្រកាស​នេះ គូសបញ្ជាក់ថា ការប្លុក​គេហទំព័រ​ អាសយដ្ឋាន​អ៊ិនធឺណិត ណាមួយ រួមទាំង​បណ្ដាញ​សង្គម​ផងនោះ គឺជា​វិធានការណ៍​ជ្រុល​ហួសហេតុ​របស់​អាជ្ញាធរ ដែល​មិនខុស​អ្វី​ពី​ការ​បិទកាសែត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ។ ទន្ទឹម​គ្នា​នោះ ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្រោះ​ ឬ​សម្រាំង​ព័ត៌មាន ឬ​ខ្លឹមសារ​​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល គឺជា​ទម្រង់​មួយ​នៃ​ការរឹតត្បិត​ជាមុន​នូវ​​ការបញ្ចេញមតិ។

ចំនួន​អ្នកប្រើប្រាស់​អ៊ិនធឺណិត​នៅ​កម្ពុជា មាន​សរុប​ជាង ១៥លាន​នាក់ គិតត្រឹម​ខែសីហា ឆ្នាំ២០២០​ ផ្អែក​តាម​ទិន្នន័យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។
ចំនួន​អ្នកប្រើប្រាស់​អ៊ិនធឺណិត​នៅ​កម្ពុជា មាន​សរុប​ជាង ១៥លាន​នាក់ គិតត្រឹម​ខែសីហា ឆ្នាំ២០២០​ ផ្អែក​តាម​ទិន្នន័យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។
គេហទំព័រ​របស់​​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (Telecommunication Regulator of Cambodia)

យោង​តាម​ស្ថិតិ​របស់​និយ័តករ​​ទូរគមនាគមន៍​កម្ពុជា ចំនួន​អ្នក​ចុះ​បញ្ជី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​តាម​រយៈ​ស៊ីមកាត គិត​ត្រឹមខែ​មេសា ឆ្នាំ២០២០ មាន​ជាង ២០លាន​នាក់ (២០.៧៤៥.៣៩២)។ រីឯ ចំនួន​អ្នក​ប្រើប្រាស់​សេវា​អ៊ិនធឺណិត គិតត្រឹម​ខែសីហា ឆ្នាំ២០២០ មានជាង ១៥លាន​នាក់ (១៥.២៦២.៥២៦) ដែល​ជា​តួលេខ​កើនឡើង​យ៉ាង​គំហុក​ក្នុងរយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នោះ​រដ្ឋ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនធឺណិត​សរុប ៣៨ក្រុមហ៊ុន។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​សេរីភាព​តិចតួច​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House ដោយសារតែ​​រដ្ឋាភិបាល​បាន​ព្យាយាម​ប្លុក​គេហទំព័រ​មួយ​ចំនួន រួម​ទាំង​គេហទំព័រ​អាស៊ីសេរី នៅ​មុនពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​ត្រូវ​គេចាត់​ទុក​ថា «ក្លែងក្លាយ» និង​បាន​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន និង​បំភិតបំភ័យ​ក្រុមអ្នក​រិះគន់​ និង​សំឡេង​ប្រឆាំង​នៅលើ​បណ្តាញ​អ៊ិនធឺណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។