អ្នកជំនាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP គ្មាន​លក្ខខណ្ឌ​​តម្រូវ​ឲ្យ​កម្ពុជា​​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដូច EBA ទេ

ដោយ មាន ឫទ្ធិ
2020.09.02
ASEAN8thRCEP.jpg រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​អាស៊ាន​ទាំង​១០​ប្រទេស រួម​នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច​​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​នូវែលហ្សេឡង់ ​ចូល​រួម​កិច្ចប្រជុំ​​តាម​ប្រព័ន្ធ​វីដេអូ Conference កាលពីថ្ងៃទី២៩ សីហា។
រូបថត៖ ASEAN

ក្រុម​មេដឹកនាំ​អាស៊ាន ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា​ផង គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ជាមួយ​ប្រទេស​ធំៗ​ចំនួន៥ នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ចុង​ឆ្នាំ២០២០នេះ។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ការចុះ​កិច្ចព្រមព្រៀង​នេះ ជា​រឿង​ល្អ ក៏​ប៉ុន្តែ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​លក្ខណៈ​ពហុភាគី​នេះ មិន​បាន​តម្រូវ​ឲ្យ​កម្ពុជា ត្រូវ​តែ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឡើយ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​តំបន់​​មិនធ្លាប់​មាន​ពី​មុន​មក​នេះ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា ជា​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ Regional Comprehensive Economic Partnership (RCEP) នឹង​ត្រូវ​ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា ខាងមុខនេះ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៧។ កិច្ចព្រមព្រៀង​នេះ នឹង​បង្កើត​បាន​នូវ​ការបើក​ចំហ​ទីផ្សារ​ពាណិជ្ជកម្ម ក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន ១៥ ក្នុង​នោះ មាន​ប្រទេស​អាស៊ាន​ទាំង១០ប្រទេស បូករួម​ជាមួយ​ប្រទេសចិន (China) កូរ៉េខាងត្បូង (South Korea) ជប៉ុន(Japan) អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) ដែល​សុទ្ធ​តែ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​នៅ​លើ​ពិភពលោក។

កិច្ចព្រមព្រៀង​នេះ ត្រូវ​ក្រុម​មេដឹកនាំ​អាស៊ាន​ផ្ដួចផ្ដើម​គំនិត​ឡើង​ដំបូង​កាលពី​៨ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ២០១២ ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន ដើម្បី​កុំ​ឲ្យ​ពឹងផ្អែក​ទៅ​លើ​សេដ្ឋកិច្ច​ប្រទេសចិន​ខ្លាំង​ពេក ហើយ​ក៏​គ្រោង​រួម​បញ្ចូល​ប្រទេស​ឥណ្ឌា (India) ផងដែរ។ ក៏ប៉ុន្តែ ក្រោយពី​មាន​ការចរចា​ដ៏​ស្វិតស្វាញ និង​អស់​រយៈពេល​ដ៏​យូរ​មក ប្រទេសឥណ្ឌា​ដែល​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏ធំ​ក្នុង​តំបន់​ផង​នោះ បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះវិញ ដោយសារ​ប្រទេស​នេះ​ព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នកផលិត​ក្នុងស្រុក​របស់ខ្លួន។

នៅ​ឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​៥២ តាម​ប្រព័ន្ធវីដេអូ (Video Conference) កាលពី​ថ្ងៃទី២៧ សីហា ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង១០​ប្រទេស ស្វាគមន៍​ការវិវត្តន៍​នៃ​កិច្ចចរចា​ឈាន​ទៅ​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ RCEP នេះ។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០​ប្រទេស បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ក្នុង​គោលដៅ​ដើម្បី​កែលំអ​ទំនុកចិត្ត​ផ្នែក​ពាណិជ្ជកម្ម និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​កិច្ចគាំទ្រ​បង្កើត​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​សេរី រួមបញ្ចូលគ្នា និង​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ ពួកគេ លើកឡើង​ថា ពួកគេ​នៅ​តែ​បើក​ចំហ​ឲ្យ​ប្រទេសឥណ្ឌា ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដដែល។ ក្រុមរដ្ឋមន្ត្រី​សេដ្ឋកិច្​អាស៊ាន​ទាំង១០​ប្រទេស ក៏​បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​ដ៏​សំខាន់ ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ អាច​ចូលរួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាតកូវីដ-១៩ ព្រមទាំង​ការចូលរួម​ចំណែក​បង្កើត​ឲ្យ​មាន​កំណើន និង​ស្ថិរភាព​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​សាកល។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​ឲ្យ​លោក​បញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​ជុំវិញ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​បានទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​ថ្ងៃទី០១ កញ្ញា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ហៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ថា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​យក្ស បង្កើត​ឡើង​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​របាំង​ពន្ធគយ​មិន​ចាំបាច់​នានា។ លោក​ពន្យល់​ថា ខណៈ​ខ្លឹមសារ​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ នៅ​មិនទាន់​ត្រូវ​បាន​គេ​លាត​ត្រដាង​ មាន​ចំណុច​ជាច្រើន​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ។ លោក​ផ្ដល់​អំណះអំណាង​ថា វា​ជា​និន្នាការ​សាកល​របស់​ពិភពលោក​ដែល​ប្រទេស​នានា​នាំគ្នា​ចុះ​ហត្ថលេខា​បង្កើត​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បែប​នេះ​ឡើង។ ក៏ប៉ុន្តែ លោកថា ការពង្រីក​ទីផ្សារ​ពាណិជ្ជកម្ម ដោយ​មិន​ផ្តោត​លើ​ស្តង់ដារ​សំខាន់ៗ​ដូចជា សិទ្ធិការងារ បរិស្ថាន និង​កម្មសិទ្ធិ​បញ្ញា​ជាដើម នឹង​បណ្ដាល​ឲ្យ​កើតមាន​នូវ​បញ្ហា​ដូច​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នា​ពេល​សព្វថ្ងៃ​នេះ​ស្រាប់ ដែល​បញ្ហា​ទាំងនោះ មាន​ដូចជា ការប្រែប្រួល​អាកាសធាតុ ជំងឺរាតត្បាត​សាកល​កូវីដ-១៩ និង​ការបំផ្លិចបំផ្លាញ​ជីវចម្រុះ ជាដើម។ បណ្ឌិត អៀ សុផល ពន្យល់​បន្ថែម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សម្បើម​នេះ នឹង​មិន​អាច​ឲ្យ​កម្ពុជា​កែ​លម្អ​ស្តង់ដារ​សំខាន់ៗ​ទាំងនេះ​បានទេ ព្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ មិនបាន​ខ្វល់​ខ្វាយ​ពី​បញ្ហា​ទាំងអស់​នេះ​ឡើយ ដែល​ខុស​ពីអ្វី​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAរបស់​សហភាព​អឺរ៉ុប​បាន​ផ្តល់ឲ្យ និង​មាន​លក្ខខណ្ឌ​ច្បាស់លាស់។ លោកថា ជា​លទ្ធផល របប​ក្រុងភ្នំពេញ នឹង​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​នានា។

រីឯ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​មួយរូប​ទៀត គឺ លោក ឯម សុវណ្ណារ៉ា យល់ថា អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​មិន​មាន​ដូច​អ្វី​ដែល​កម្ពុជា​ទទួល​បាន​ជា​ទ្វេភាគី​ជាមួយ​សហភាព​អឺរ៉ុប តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នោះទេ៖ «ប៉ុន្តែ អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ វា​មិន​សំខាន់​ដូច​កម្ពុជា ទ្វេភាគី​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ផ្ទាល់​តែម្តង​នោះទេ ដូចជា​ លក្ខខណ្ឌ គោលការណ៍​មួយ​ចំនួន​ វា​មាន​អត្ថប្រយោជន៍​ទទួល​បាន​ពី​អឺរ៉ុប រួមមាន EBA ជាដើម មាន​សារសំខាន់​ជាង​កិច្ចព្រមព្រៀង​នេះ។ នេះ​គ្រាន់តែ​ជា​ការប្តេជ្ញាចិត្ត​មួយ​ចូលរួម​នៅ​ក្នុង​សហគមន៍​មួយ​ នៅ​ក្នុង​អាស៊ាន​មួយ​សម្លឹង​ទៅ​ខាងក្រៅ​ដែល​ជំរុញ​ឲ្យ​មាន​ចរន្ត​នេះ ហើយ​កម្ពុជា​ដើរ​នៅ​ក្នុង​នយោបាយ​មួយ​ មិន​ចង្អៀត មិន​រឹតត្បិត ឬក៏​ហៅថា វា​អាច​បញ្ចៀស​ពី​ការ​លើក​ដាក់ ឬក៏​លើក​បន្តុប​ពី​ប្រទេស​លោក​ខាង​លិច​ថា កម្ពុជា​នៅ​ក្នុង​ក្របខ័ណ្ឌ​លោក​ខាង​កើត គឺ​ងាក​ទៅរក​ចិន​ជាង»

ប្រសិន​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីនេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ហើយ​ចូល​ជាធរមាន​នៅ​ចុង​ឆ្នាំ​នេះ​មែន ដោយ​មាន​ប្រទេស​ទាំង១៥ ជា​សមាជិក ក្នុងនោះ​រួមមាន​ប្រទេស​អាស៊ាន​ទាំង១០ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​នូវែលហ្សេឡង់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​បង្កើត​បាន​ជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់ ដែល​នឹង​គ្របដណ្តប់​លើ​ប្រជាជន​សរុប​ជាង ២ពាន់​លាន​នាក់ (២ប៊ីលាន​នាក់) និង​មាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​ជិត​៣០% នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។ កាលពី​ឆ្នាំ២០១៦ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ធ្លាប់​ព្យាករណ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​បង្កើត​ឲ្យ​មាន​អត្ថប្រយោជន៍​ប្រាក់ចំណូល​សម្រាប់​សាកលលោក ដែល​មាន​តម្លៃ​ប្រមាណ ២៦០ពាន់​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។