អ្នកជំនាញផ្នែកអភិបាលកិច្ចទឹក ស្នើថា ប្រទេសនានាក្នុងតំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ រួមមានដូចជាកម្ពុជា វៀតណាម ថៃ និងឡាវ ជាដើម គួរនាំគ្នាផ្តួចផ្តើមគំនិត ធ្វើសន្ធិសញ្ញាស្តីពីការចែករំលែកការប្រើប្រាស់ទឹកនៅលើអាងទន្លេមេគង្គឲ្យបានច្បាស់លាស់ជាមួយប្រទេសចិន ដើម្បីធានាសន្តិសុខស្បៀង និងទឹក ព្រមទាំងបញ្ចៀសហានិភ័យ គ្រោះរីងស្ងួត និងគ្រោះរាំងស្ងួត ឬទឹកជំនន់ជាដើម នៅតាមប្រទេសខ្សែទឹកខាងក្រោម។ ការលើកឡើងនេះ កើតមានឡើង ក្រោយក្រុមហ៊ុនស្រាវជ្រាវអាមេរិកាំងមួយ រកឃើញថា ចិនទំនងជាបាន ប្រើប្រាស់ប្រព័ន្ធទំនប់វារីអគ្គិសនីរបស់ខ្លួន បិទខ្ទប់ទឹក បណ្តាលឲ្យមានគ្រោះរីងស្ងួត និងរាំងស្ងួតនៅតាម ប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ កាលពីឆ្នាំ២០១៩ កន្លងទៅ។
អ្នកជំនាញផ្នែកអភិបាលកិច្ចទឹក លោក ហែម ឧត្តម លើកឡើងថា ការចុះសន្ធិសញ្ញា ស្តីពីការចែករំលែកការប្រើប្រាស់ទឹក ក្នុងចំណោមបណ្តាប្រទេសជាប់ទន្លេមេគង្គ គឺជារឿងសំខាន់ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានា៖ «ជាក់ស្តែងនៅតំបន់ទន្លេមេគង្គ ឬកម្ពុជា យើងមិនទាន់ មើលឃើញឲ្យបានពេញលេញពីសារៈសំខាន់របស់ទឹកនៅឡើយ ជាពិសេសគឺទឹកសាប។ ជាទូទៅ ប្រទេសនៅក្នុងតំបន់នេះ និយាយតែពីរឿងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និយាយពីរឿងកំណើនសេដ្ឋកិច្ច តែទឹកជារបស់ free ពុំបានសិក្សា ឬមិនបានទទួលស្គាល់ ឲ្យបានពេញលេញនូវផលប៉ះពាល់ជាអវិជ្ជមានរបស់វា។ នេះជាក្តីបារម្ភ ដូច្នេះ ខ្ញុំគិតថា Water Convention [ការចុះសន្ធិសញ្ជាស្តីពីការចែករំលែកការប្រើប្រាស់ទឹក] ជាការសំខាន់មែនទែន។»
លោក ហែម ឧត្តម បន្តថា កន្លងមក លោកសង្កេតឃើញថា បណ្តារដ្ឋាភិបាលនៅតាមប្រទេសខ្សែទឹកខាងក្រោម ហាក់នៅមិនទាន់បានជជែកជាមួយប្រទេសចិន អំពីរឿងចែករំលែកទឹកនេះ ឲ្យបានស៊ីជម្រៅនៅឡើយទេ។ លោកពន្យល់ថា នេះទំនងជាដោយសារតែមន្ត្រី ឬថ្នាក់ដឹកនាំនៃប្រទេសតាមខ្សែទឹកទន្លេមេគង្គខាងក្រោមទាំងនោះ គិតតែពីរឿងផលប្រយោជន៍ និងភាពទាក់ទាញនៃគម្រោងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រទេសចិន ផ្តល់ឲ្យ តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ Belt and Road Initiatives របស់ខ្លួន៖ «ខ្ញុំគិតថា បុគ្គលក្នុងរដ្ឋាភិបាល ហាក់ដូចជាពិបាកគេចផុតពីការទាក់ទាញនេះណាស់។ បើយើងនិយាយអំពីរដ្ឋ កម្រិតរដ្ឋាភិបាល ខ្ញុំមើលអត់ឃើញថា មានការជជែក ឲ្យបានមានអត្ថន័យអំពីផលប៉ះពាល់នៃទន្លេ ជាមួយចិននៅឡើយទេ។ ប៉ុន្តែ ដោយឡែកបើនៅកម្រិតសង្គមស៊ីវិល ឬមួយកម្រិតប្រជាពលរដ្ឋមូលដ្ឋាន យើងឃើញមានច្រើន ទាំងនៅថៃ នៅកម្ពុជាយើង នៅវៀតណាម ក៏មានខ្លះ។ នេះជាអ្វីដែលខ្ញុំសង្កេតឃើញ។»
ការលើកឡើងយ៉ាងដូច្នេះ កើតមានឡើងក្រោយពីការសិក្សាថ្មីមួយ ធ្វើឡើងដោយក្រុមហ៊ុនអាមេរិកាំងឈ្មោះ Eyes on Earth ដែលជាក្រុមហ៊ុន ស្រាវជ្រាវ និងពិគ្រោះយោបល់អំពីការគ្រប់គ្រងទឹក ក្រោមការផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក រកឃើញថា ប្រទេសចិនទំនងជាអាចរឹតត្បិត ឬរាំងខ្ទប់ទឹកពីខ្សែទឹកខាងលើនៃទន្លេមេគង្គ តាមរយៈទំនប់វារីអគ្គិសនីរបស់ខ្លួន។ ការសិក្សានេះធ្វើឡើងដោយប្រមូលទិន្នន័យតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ ទទួលបានពីផ្កាយរណបហៅថា Special Sensor Microwave Imager/Sounder (SSMI/S) និងទិន្នន័យកម្ពស់ទឹកទន្លេប្រចាំថ្ងៃប្រមូលបានពីតំបន់ ឈាងសែន (Chiang Saen) នៃប្រទេសថៃ។ ការសិក្សានេះ រកឃើញថា កាលពីឆ្នាំ២០១៩ កន្លងទៅ ខណៈប្រទេសនានានៅខ្សែទឹកខាងក្រោមទន្លេមេគង្គ បានទទួលរងគ្រោះរីងស្ងួត និងរាំងស្ងួតមិនធ្លាប់មានពីមុនមក ផ្ទៃអាងទន្លេមេគង្គនៅខ្សែទឹកខាងលើរបស់ប្រទេសចិន ទទួលបានការធ្លាក់ភ្លៀង និងការរលាយទឹកកកយ៉ាងច្រើនក្រាស់ក្រែល។ ការសិក្សាដដែលនេះ រកឃើញថា វារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ប្រទេសចិន បានរាំងខ្ទប់ទឹកស្ទើតែទាំងស្រុង មិនឲ្យហូរចូលមកចាក់បំពេញនៅតាមខ្សែទឹកខាងក្រោម នៃទន្លេមេគង្គឡើយ។
អាស៊ីសេរី មិនអាចទាក់ទងលោក មាស សុភ័ក្រ មន្ត្រីផ្នែកទំនាក់ទំនងនៃគណៈកម្មាការទន្លេមេគង្គ Mekong River Commission ដែលមានមូលដ្ឋានៅទីក្រុងវៀងចន្ទ ប្រទេសឡាវ បាននៅឡើយទេ ដើម្បីសុំប្រតិកម្មជុំវិញ របកគំហើញចុងក្រោយនេះ និងថាតើគណៈកម្មាការទន្លេមេគង្គ នឹងចាត់វិធានការ ចំពោះបញ្ហាដែលថា ចិនរាំងខ្ទប់ទឹកដោយចេតនាតាមរយៈទំនប់វារីអគ្គិសនីរបស់ខ្លួន មិនឲ្យហូរចូលមកខ្សែទឹកខាងក្រោមនៃទន្លេមេគង្គនេះ ហើយជាលទ្ធផល បានបណ្តាលឲ្យមានគ្រោះរីងស្ងួត និងរាំងស្ងួតខ្លាំងនៅតាមបណ្តាប្រទេសខ្សែទឹកខាងក្រោម ដូចជានៅកម្ពុជា និងវៀតណាម ជាដើម។
ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បានស្រង់ខ្លឹមសារឆ្លើយតបរបស់ក្រសួងការបរទេសចិន ដែលបដិសេធចំពោះការរកឃើញនេះ។ ដោយហៅទន្លេមេគង្គជាភាសាចិន ថាជាទន្លេឡានឆាង (Lancang River) ក្រសួងការបរទេសចិន ប្រតិកម្មថា ការពន្យល់ដែលថា វារីអគ្គិសនីរបស់ចិនដែលបានសាងសង់នៅលើទន្លេឡានឆាង កំពុងតែធ្វើឲ្យប្រទេសនានានៅខ្សែទឹកខាងក្រោម ទទួលរងនូវគ្រោះរីងស្ងួត និងរាំងស្ងួតនោះ គឺជារឿង «មិនសមហេតុផល»។ ក្រសួងការបរទេសចិន បន្តថា ខេត្តយូណានរបស់ខ្លួន ក៏បានជួបប្រទះនូវគ្រោះរាំងស្ងួតខ្លាំងកាលពីឆ្នាំកន្លងទៅដែរ ហើយថាបរិមាណទឹកស្តុកទុកក្នុងអាង Reservoirs នៅទំនប់វារីអគ្គិសនីរបស់ខ្លួននៅលើទន្លេនេះ ក៏មានការធ្លាក់ចុះ ដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែរ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន អះអាងថា បើទោះជាយ៉ាងនេះក្តី ប្រទេសចិននៅតែបន្តធានាឲ្យអស់ពីលទ្ធភាព ថាមានការចែករំលែកទឹកសមស្រប ទៅដល់ប្រទេសនៅតាមខ្សែទឹកខាងក្រោម។
ជុំវិញការឆ្លើយបដិសេធរបស់ក្រសួងការបរទេសចិននេះ លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ STIMSON Center ដែលមានមូលដ្ឋាននៅរដ្ឋធានវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីថា ករណីនេះអាចថា ក្រុងប៉េកាំងកំពុងភូតកុហក ឬក៏ថា ក្រុមហ៊ុនប្រតិបត្តិការទំនប់វារីអគ្គិសនី របស់ប្រទេសចិន កំពុងតែភូតកុហករដ្ឋាភិបាលចិនខ្លួនឯង៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីទេ ពីព្រោះថា វាជារឿងធម្មតាទៅហើយទេ ដែលចិនតែងតែប្រតិកម្មប្រកែកយ៉ាងដូច្នេះ។ ខ្ញុំគិតថា ក្រសួងការបរទេសរបស់ចិន គួរតែពិនិត្យមើលឡើងវិញចំពោះវិធីសាស្ត្រនៃការសិក្សានេះ របស់ក្រុមហ៊ុន Eye on Earth។ ទិន្នន័យដែលរកឃើញនេះ មិនអាចភូតកុហកបានទេ ព្រោះវាត្រូវបានប្រមូលផ្តុំដោយលក្ខណៈវិទ្យាសាស្ត្រ និងមានការពិនិត្យមើលឡើងវិញ ដោយអ្នកជំនាញ ដែលបង្ហាញឲ្យឃើញពីកម្រិតសំណើម មានការកើនឡើងនៅខ្សែទឹកខាង លើទន្លេមេគង្គនៃប្រទេសចិន។»
For years, the Mekong River has been plagued by falling water levels, deadly floods, and a declining fish haul. In , Director explores the connection between the river's failing health and 's dams.
ក្រៅពីការធ្លាក់ចុះទិន្នផលត្រីមិនធ្លាប់មានពីមុនមក បញ្ហាគ្រោះរីងស្ងួត និងរាំងស្ងួតកាលពីឆ្នាំ២០១៩ កន្លងទៅ ក៏បានបណ្តាលឲ្យកម្ពុជា ទទួលរងនូវការអូសបន្លាយ ការដាច់ចរន្តអគ្គិសនីក្នុងរដូវប្រាំង មិនធ្លាប់មាន ដោយត្រូវខ្វះថាមពលអគ្គិសនីរហូតដល់ទៅ ៤០០ មេហ្គាវ៉ាត់ ខណៈការផ្គត់ផ្គង់ថាមពលអគ្គិសនីភាគច្រើន ទទួលបានមកពីវារីអគ្គិសនី និងការទិញអគ្គិសនីបន្តពីប្រទេសជិតខាង។ កាលណោះ កម្ពុជា មិនបានស្តីបន្ទោសប្រទេសចិនឡើយ ពីរឿងរាំងខ្ទប់ចរន្តទឹកមិនឲ្យហូរមក ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គនេះ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញ បានទម្លាក់កំហុសនេះ ទៅគ្រោះធម្មជាតិ ឬការបម្រែបម្រួលអាកាសធាតុ អែលនីញ៉ូ (El Nino) និងការកើនឡើងយ៉ាងគំហុកនៃវិស័យសំណង់ទៅវិញ។
កន្លងមក មានយន្តការជាច្រើនត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមានឡើងនៅតាមប្រទេសតំបន់ទន្លេមេគង្គ។ យន្តការចុងក្រោយដែលបង្កើតឡើងនោះ ឈ្មោះ យន្តការនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្ដួចផ្ដើមឲ្យមានឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងយន្តការកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (MRC) ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៦០ឆ្នាំ ហើយមានតែ ៤ ប្រទេស គឺកម្ពុជា ឡាវ ថៃ និងវៀតណាម ចូលរួម ដោយមិនរួមបញ្ចូលប្រទេសចិន និងមីយ៉ាន់ម៉ា នោះទេ។ យន្តការមេគង្គ-ឡានឆាងនេះ ទទួលរងនូវការរិះគន់ថា អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសចិន ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការដោះស្រាយវិវាទនានានៅលើតំបន់ទន្លេមេគង្គ ដែលកើតចេញពីការសាងសង់ ឬអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់បណ្ដាប្រទេសជាប់ទន្លេមេគង្គ និងការចែករំលែកអត្ថប្រយោជន៍រួមរវាងបណ្ដាប្រទេសខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។

បើទោះជាមានការចូលរួមរបស់ប្រទេសចិនក៏ដោយ ប្រទេសនៅជាប់តំបន់ទន្លេមេគង្គទាំងអស់ នៅមិនទាន់បង្កើត ឬចុះសន្ធិសញ្ញាចែករំលែកទឹក ឲ្យបានច្បាស់លាស់នៅឡើយទេ រវាងប្រទេសនៅខ្សែទឹកខាងលើគឺប្រទេសចិន និងប្រទេសនៅខ្សែទឹកខាងក្រោមដែលរួមមានដូចជា ថៃ ឡាវ កម្ពុជា និងវៀតណាមជាដើម។ ប្រទេសចិន ដែលជាប្រទេសស្ថិតនៅខ្សែទឹកខាងលើនៃទន្លេមេគង្គ បានសាងសង់ទំនប់វារីអគ្គិសនីធំបំផុតចំនួន១១ ហើយគ្រោងនឹងសង់វារីអគ្គិសនីជាង ២០ទៀត នៅលើផ្ទៃអាងទន្លេមេគង្គនេះ។ ប្រទេសចិន ក៏គ្រោងនឹងស្នើឲ្យមានការស្តារផ្ទៃអាងទន្លេមេគង្គកាត់តាមប្រទេសទាំង៦នេះ ដើម្បីបើកផ្លូវឲ្យនាវាដឹកជញ្ជូនទំនិញ អាចធ្វើដំណើរបានតាមទន្លេនេះនាពេលអនាគត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីការផ្ដួចផ្ដើមឲ្យមានយន្តការនេះឡើង ប្រទេសចិន បានផ្តល់ថវិការាប់ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងជិត ៥០ អនុវត្តក្រោមយន្តការមេគង្គឡានឆាងនេះ រួមមាន ការកសាងសមត្ថភាពឧស្សាហកម្ម ពាណិជ្ជកម្មតាមព្រំដែន កសិកម្ម និងការលប់បំបាត់ភាពក្រីក្រ។
ទន្លេមេគង្គ ឬហៅថាទន្លេឡានឆាង នៅប្រទេសចិន គឺជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលមានប្រជាជនសរុបជាង ៦០លាននាក់ ពឹងផ្អែកលើទន្លេនេះ និងដៃទន្លេនេះ សម្រាប់ម្ហូបអាហារ ទឹក ការដឹកជញ្ជូន និងទិដ្ឋភាពដទៃទៀតនៃជីវភាពប្រចាំថ្ងៃ។ ទន្លេនេះគឺជាទន្លេដែលវែងជាងគេទី១២ នៅលើពិភពលោក មានប្រវែងប្រមាណជិត ៥ពាន់គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។