មន្ត្រីនាំពាក្យក្រសួងការបរទេសថា រដ្ឋាភិបាលពុំមានផែនការប្ដឹងផ្ដល់មហាយក្សចិន ដើម្បីទាមទារយកសំណង ជុំវិញរឿងដែលប្រទេសមួយនេះរងការចោទប្រកាន់ថា បានបណ្ដែតបណ្ដោយឱ្យមានការផ្ទុះរាលដាលឡើងនៃជំងឺរាតត្បាតសាកលកូវីដ-១៩នោះទេ។ ការបញ្ជាក់ជំហរនេះ កើតមានឡើងក្រោយស្ថាប័នស្រាវជ្រាវគោលនយោបាយ មួយរបស់ចក្រភពអង់គ្លេសស្នើថា ពិភពលោកទាំងមូល អាចនាំគ្នាប្ដឹងប្រទេសចិន ទាមទារយកសំណងសរុបប្រមាណជិត ៤ ទ្រីលាន ឬ ៤លានលាន ដុល្លារអាមេរិក។ អ្នកជំនាញគាំទ្រគំនិតផ្ដួចផ្ដើមនេះ ដរាបណាពិភពលោកមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកប្រទេសចិន និងដើម្បីកុំឱ្យប្រទេសនានាធ្វេសប្រហែសនាពេលអនាគត។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថា ការមិនប្តឹងចិននេះ គឺដោយសារតែកម្ពុជាយល់ឃើញថា ជំងឺកូវីដ១៩ ជាជំងឺសាកល ហើយមិនមែនជាកំហុសរបស់ប្រទេសចិននោះទេ។ លោក កុយ គួង បញ្ជាក់ថា ក្នុងដំណាក់កាលនេះ ប្រទេសទាំងអស់ រួមទាំងប្រទេសចិនផង សុទ្ធសឹងតែជនរងគ្រោះដូចគ្នា ហើយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩នេះ៖ «អត់ទេ ! ពីព្រោះយើងគិតថា វាជាជំងឺកើតឡើង ហើយយើងទាំងអស់គ្នា សាកលលោកទាំងអស់គ្នា ត្រូវតែរួមគ្នារកវិធីទប់ទល់ ហើយទប់ស្កាត់ កម្ចាត់ជំងឺនេះ គឺជាការល្អ។ យើងអត់មានគិតថា ជាកំហុសរបស់អ្នកណាទេ។ យើងគិតថា ទាំងអស់គ្នាសុទ្ធតែជាជនរងគ្រោះនៃជំងឺនេះ។ ដូច្នេះ យើងទាំងអស់គ្នា គប្បីរួមសាមគ្គីគ្នា ហើយខិតខំធ្វើយ៉ាងម៉េច ទប់ស្កាត់ កាត់បន្ថយ និងកម្ចាត់ជំងឺនេះឱ្យខានតែបាន»។
ទោះយ៉ាងណា ស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឈ្មោះ Henry Jackson Society កាលពីថ្ងៃទី០៥ មេសា បានចេញផ្សាយរបាយការណ៍មួយ ដើម្បីចង់ដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវចេញសំណងទៅលើផលប៉ះពាល់ និងការខូចខាតបណ្តាលមកពីជំងឺកូវីដ១៩។ ស្ថាប័ននេះ បានធ្វើការសិក្សាវាយតម្លៃអំពីលទ្ធភាពដែលប្រទេសចិន អាចជាប់ពិរុទ្ធភាព ឬមានកំហុសបណ្ដាលឱ្យជំងឺនេះ ក្លាយជាជំងឺរាតត្បាតជាសាកល ហើយបើដូច្នេះមែន ថាតើមានយន្តការអន្តរជាតិណាមួយ អាចត្រូវប្រើប្រាស់សម្រាប់ប្ដឹងផ្ដល់តាមផ្លូវច្បាប់ ចំពោះកំហុសរបស់ចិននេះ។ របាយការណ៍រកឃើញថា ពិភពលោក ជាពិសេស ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅលើសាកលលោក ហៅថាក្រុមប្រទេស G7 អាចទាមទារឱ្យចិនសងសំណងក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ៣,២ ទ្រីលានផោន ឬ ៤ ទ្រីលានដុល្លារ ឬ ៤ លានលានដុល្លារអាមេរិក ចំពោះការខាតបង់ទាំងនេះ។
Read our "landmark study" here:
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា គំនិតផ្ដួចផ្ដើមចង់ឱ្យមាន ការប្ដឹងផ្ដល់ចិននេះជារឿងឥតប្រយោជន៍។ លោកថ្លែងការពារចិន ដែលជាសម្ព័ន្ធមិត្រ ដែកថែបរបស់កម្ពុជាថា ចិនពុំមានចេតនាណាមួយចង់ឱ្យរឿងរ៉ាវនេះកើតមានឡើងនោះទេ។ លោក សុខ ឥសាន បន្តថា ការចោទប្រកាន់ថា ចិនជាអ្នកលាក់បាំងព័ត៌មាន ហើយជាអ្នកបណ្ដែតបណ្ដោយឱ្យកើតមានឡើងនូវបញ្ហារីករាលដាលជាសាកលនេះ គឺគ្រាន់តែជាការចោទប្រកាន់ បែបមនោគមន៍វិជ្ជានយោបាយ ដែលគ្មានភស្តុតាង ច្បាស់លាស់៖ «ការលាក់បាំងព័ត៌មានគ្រាន់តែជាការចោទប្រកាន់ទេ។ អ្នកចោទហ្នឹងហើយ ដែលថាគេលាក់បាំងហ្នឹង។ ដូច្នេះហើយ វាស្ថិតនៅក្នុងមនោគមន៍វិជ្ជាទេ ការចោទថា ចិនលាក់បាំងព័ត៌មាននេះ វាអត់មានអ្នកណាធ្វើសាក្សី វាអត់មានអង្គហេតុ អង្គសេចក្ដីច្បាស់លាស់ទេ។ អ្នកទាំងហ្នឹងថា តែអ៊ីចឹងឯង។ គិតឃើញម៉េចប្ដឹងអ៊ីចឹង ម៉េចបានទៅរួច ?»។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ ស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយរបស់ចក្រភពអង់គ្លេសឈ្មោះ Henry Jackson Society (HJS) រកឃើញថា ចិនបានប្រព្រឹត្តិកំហុសធំៗចំនួន ៤ ដែលជាលទ្ធផលបានបណ្ដែតបណ្ដោយឱ្យមេរោគ SARS-CoV-2 ដែលបង្កឱ្យកើតជំងឺកូវីដ-១៩នេះ ក្លាយជាជំងឺរាតត្បាតជាសាកល។ កំហុសចម្បងទាំង៤ របស់ចិននោះ រួមមាន ការខកខានមិនបានបញ្ចេញព័ត៌មាន ឱ្យពិភពលោកបានដឹងជាមុនថា ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សបាន ដែលការលាក់បាំងនេះមានរយៈពេលដល់ទៅ ៣សប្ដាហ៍ ក្រោយពីខ្លួនបានដឹងអំពីជំងឺឆ្លង ដ៏កាចសាហាវនេះហើយ។ កំហុសទីពីរ គឺចិនបាន ផ្តល់ព័ត៌មានមិនត្រឹមត្រូវឱ្យទៅអង្គការ សុខភាពពិភពលោក WHO អំពីចំនួននៃអ្នកឆ្លងជំងឺនេះ។ កំហុសទី៣ គឺចិន បរាជ័យក្នុងការហាមប្រាមកុំឱ្យមានការបរិភោគសត្វសាច់ព្រៃដែលអាចចម្លងរោគបានងាយ។ ហើយកំហុសចុងក្រោយ គឺចិនបានបណ្ដោយឱ្យពលរដ្ឋខ្លួនសរុបប្រមាណ ៥ លាននាក់ ធ្វើដំណើរចេញពីទីក្រុងវូហាន (Wuhan) ដែលជាចំណុចស្នូលដំបូងនៃការផ្ទុះជំងឺនេះ មុនពេលបិទតំបន់នោះ ជាផ្លូវការកាលពីថ្ងៃទី២៣ មករា បើទោះបីជាដឹងថា ជំងឺនេះអាចឆ្លងរាលដាលពីមនុស្សទៅមនុស្សបានយ៉ាងណាក៏ដោយ។
របាយការណ៍វាយតម្លៃថា សាធារណរដ្ឋប្រជាមានិតចិន ជាប់កាតព្វកិច្ចអនុលោម តាមច្បាប់អន្តរជាតិ ជាពិសេសបទប្បញ្ញត្តិស្ដីពីសុខាភិបាលអន្តរជាតិ ឆ្នាំ២០០៥ (International Health Regulations, 2005) ដែលតម្រូវឱ្យប្រទេសពាក់ព័ន្ធ ត្រូវជូនដំណឹងឱ្យបានទាន់ពេលវេលា ឱ្យបានត្រឹមត្រូវ និងលម្អិតអំពីព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ។ ក៏ប៉ុន្តែ ចិនបានខកខានមិនបានអនុវត្តស្របតាមបទប្បញ្ញត្តិនេះទេ ហើយផ្ទុយទៅវិញ របាយការណ៍បញ្ជាក់ថា ចិនទំនងជាអាចមានបង្កប់ចេតនាភូតកុហកពិភពលោក។ របាយការណ៍ដដែលលម្អិតថា ការផ្ទុះរាលដាលជាសាកលនៃជំងឺនេះ បានបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបង្អាក់ចរន្តសេដ្ឋកិច្ចសាកលតែម្ដង។ របាយការណ៍ផ្ដល់អនុសាសន៍ថា ក្នុងគោលបំណងដើម្បីថែរក្សាប្រព័ន្ធអន្តរជាតិ ផ្អែកតាមគោលការណ៍ច្បាប់ជាធំ និងដើម្បីការពារមនុស្សទូទៅដែលជាអ្នកបង់ពន្ធ កុំឱ្យទទួលទណ្ឌកម្មនៃការទទួលខុសត្រូវនេះ ពិភពលោកទាំងមូលគួរនាំគ្នា ដាក់ពាក្យ ប្តឹងសាធារណរដ្ឋប្រជាមានិតចិន ដែលបានរំលោភច្បាប់អន្តរជាតិ និងបង្កឱ្យមានវិនាសសកម្ម មិនធ្លាប់មានពីមុនមក ដល់មនុស្សជាតិបែបនេះ។
របាយការណ៍ដដែលផ្ដល់អនុសាសន៍ថា មានយន្តការតាមផ្លូវច្បាប់ចំនួន ១០ ដែលទាំងរដ្ឋ និងទាំងបុគ្គលទូទៅ អាចនាំគ្នាប្ដឹងប្រទេសចិនឱ្យសងសំណងពីការខូចខាតបង្កឡើងដោយ ជំងឺកូវីដ១៩។ យន្តការទាំងនោះ រួមមានជាអាទិ៍ ដូចជា តាមរយៈអង្គការសុខភាពពិភពលោក WHO តុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការអចិន្ត្រៃយ៍នៃមជ្ឈតកម្ម ឬអាជ្ញាកណ្តាល PCA អង្គការពាណិជ្ជកម្មពិភពលោក WTO តាមរយៈសន្ធិសញ្ញាវិនិយោគទ្វេភាគី ឬក៏តាមរយៈ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រឆ្នាំ១៩៨២ ជាដើម។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី យល់ថា កម្ពុជាមិនហ៊ានចូលរួមក្នុងយុទ្ធនាការគំនិតផ្ដួចផ្ដើមដែលនាំឱ្យឈានទៅប្ដឹងផ្ដល់ចិននោះទេ ព្រោះកម្ពុជាមិនហ៊ាននិយាយអ្វីឱ្យប៉ះពាល់ចិន ដែលជាសម្ព័ន្ធមិត្ររបស់ខ្លួន។ លោកថា លោកគាំទ្រយុទ្ធនាការនេះ ដើម្បីជាមេរៀនសម្រាប់ពិភពលោកទៅថ្ងៃអនាគត ឱ្យប្រទេសនីមួយៗមានការប្រយ័ត្នប្រយែងខ្ពស់ និងប្រញាប់ប្រញាល់រកវិធីដោះស្រាយ ពេលដែលសង្ស័យថា មានជំងឺរាតត្បាតកើតឡើង៖ «ខ្ញុំយល់ថា ជាទិដ្ឋភាពនយោបាយកម្ពុជាដូចជាមិនមាន ឥទ្ធិពលអីក្នុងការចូលរួមធ្វើរឿងទាំងអស់ហ្នឹងទេ។ ហើយបើសិនជាតម្រូវការ ហើយមាន ក៏ខ្ញុំគិតថា ក្នុងកាលៈទេសៈបរិបទនយោបាយរវាងចិន និងកម្ពុជានេះ ខ្ញុំគិតថា កម្ពុជាមិនហ៊ាននិយាយអីឱ្យប៉ះពាល់ដល់ប្រទេសចិនទេ។ ប៉ុន្តែ ខ្ញុំគាំទ្រទៅលើយុទ្ធនាការពិភពលោក បើសិនជាមានការលាក់លៀមព័ត៌មាន ហ្នឹងមែន ហើយធ្វើឱ្យមានផលប៉ះពាល់ដល់ជីវិតមនុស្សរាប់លាននាក់ សេដ្ឋកិច្ចធ្លាក់ធ្ងន់ធ្ងរមែនទែន គឺប្រទេសសាមីដែលបានលាក់រឿងហ្នឹងពីដើមទី ហើយការលាក់នោះត្រូវគេរកឃើញថា មានភស្តុតាងគ្រប់គ្រាន់ មានការចេញបញ្ជាមិនឱ្យផ្សាយមិនឱ្យអីមែននោះ វាជារឿងសមរម្យក្នុងការប្ដឹងផ្ដល់គ្នា។ យ៉ាងហោចបើវាមិនបានលុយ ទៅដល់រាប់កោដិរាប់លានដុល្លារ ក៏បានរម្លឹកឡើងវិញនូវច្បាប់សុខភាពរបស់ពិភពលោក តើនៅពេលដែលមានរឿងរ៉ាវបែបហ្នឹងកើតឡើង តើប្រទេសនីមួយៗត្រូវបង្ហាញ ការស្មោះត្រង់បែបណា ?»។
សម្រាប់អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល លោកយល់ថា រដ្ឋាភិបាលក្រុងភ្នំពេញ នឹងមិនប្ដឹងផ្ដល់ចិន ដែលជាចៅហ្វាយនាយរបស់ខ្លួននោះទេ។ តែផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលក្រុងភ្នំពេញ មានតែធ្វើជាប្រទេសដំបូងគេ ចូលរួមបង្កើតក្រុមបក្ខពួកចាំត្រៀមការពារឱ្យចិនទៅវិញទេ។ សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោករូបនេះ ផ្តល់អំណះអំណាងថា ពិភពលោកទាំងមូល ត្រូវតម្រូវឱ្យរដ្ឋាភិបាលនានាទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនរៀងៗខ្លួន។ លោកថា ទស្សនៈនៃការទទួលខុសត្រូវរបស់ពិភពលោកក្នុងការការពារមនុស្សជាតិ មិនមែនមានន័យថា គ្រាន់តែការពារពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នោះឡើយ តែវាក៏គឺជាការពារមនុស្សលោកពីអភិបាលកិច្ចអាក្រក់របស់រដ្ឋអំណាច ដែលបណ្ដាលឱ្យមានជំងឺរាតត្បាតជាសាកល។ លោកថា ប្រទេសមួយចំនួនដូចជាកម្ពុជាជាដើម ត្រូវការជំនួយកសាងសមត្ថភាពដើម្បីឃ្លាំមើលជំងឺ និងការកែលម្អប្រព័ន្ធសុខាភិបាលជាមូលដ្ឋានរបស់ខ្លួន។ លោកថា ការពិតស្ថិតនៅត្រង់ថា កង្វះប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពទៅវិញទេ ដែលបានបណ្ដាលឱ្យឈានទៅ កើតមានជំងឺរាតត្បាតជាសាកល។ អ្នកជំនាញរូបនេះ ផ្ដល់អនុសាសន៍ថា ប្រសិនបើពលរដ្ឋមានសេរីភាពច្រើនជាងនេះ ពួកគេអាចរាយការណ៍ អំពីការផ្ទុះរាលដាលនៃជំងឺនានាបាន ហើយហេតុការណ៍នេះ អាចបញ្ឈប់ជំងឺទាំងនោះ មិនឱ្យវិវឌ្ឍក្លាយជាជំងឺរាតត្បាតក្នុងតំបន់ ឬជាជំងឺរាតត្បាតសាកលបានតាំងពីដំបូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។