អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល លើកឡើងថា វៀតណាមមានការរកាំរកូសចិត្តខ្លាំងជាមួយរបបក្រុងភ្នំពេញ ដោយសារតែរបបនេះកំពុងធ្វើអ្វីៗតាមការចង់បានរបស់ក្រុងប៉េកាំង នៃមហាយក្សចិន។ លោកហៅដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសវៀតណាម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ជាតិ រវាងកម្ពុជាជាមួយវៀតណាមនេះថា អាចជាផ្នែកមួយនៃ «គំនាប» របស់វៀតណាមមកលើកម្ពុជា ដើម្បីកុំឱ្យកម្ពុជាឱបក្រសោបយកមហាយក្សចិនខ្លាំងពេក។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយញឹកញាប់រវាងថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាសញ្ញាបញ្ជាក់ថា របបកុម្មុយនិស្តក្រុងហាណូយ មានការរកាំរកូសចិត្តខ្លាំង ជុំវិញរឿងដែលរបបក្រុងភ្នំពេញ កំពុងតែធ្វើអ្វីៗ តាមការចង់បានរបស់ក្រុងប៉េកាំង នៃមហាយក្សចិន។
ការលើកឡើងនេះ កើតមានឡើងក្រោយមេដឹកនាំជាន់ខ្ពស់របបក្រុងភ្នំពេញ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក ទើបនឹងបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៤ និង៥ តុលា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។
មិនខុសពីលើកមុនៗ តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយក្នុងនោះភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងអនុសារណៈនៃការយោគយល់សំខាន់ៗ ចំនួន៨ ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។ ជាការគួរឱ្យកត់សម្គាល់លទ្ធផលលេចធ្លោ កើតចេញពីដំណើរទស្សនកិច្ចនេះ គឺការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការរវាងប្រទេសទាំងពីរ លើការបោះបង្គោលព្រំដែន និងខណ្ឌសីមាដីគោកប្រមាណ ៨៤% ដែលភាគីទាំងពីរអះអាងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចិរភាព។
ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងសម្រេចនូវជំហររួមគ្នាចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាវៀតណាម និងការសម្របសម្រួលរវាងប្រទេសទាំងពីរ ក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ចំណុចសំខាន់មួយទៀតក្នុងសេចក្ដីថ្លែងការណ៍រួមនេះ គឺការបញ្ជាក់ជាថ្មីម្តងទៀតអំពីការបន្តរក្សាគោលការណ៍នៃការមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយទៀត។ កម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសណាមួយនេះ ទំនងជាប្រទេសវៀតណាមចង់សំដៅ និងចង់ឱ្យកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីជាការធានាជាលាយលក្ខណ៍អក្សរ ជុំវិញការសង្ស័យថា កម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅឯតំបន់មូលដ្ឋានកងទ័ពជើងទឹករាម។
សាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា បណ្ឌិត អៀ សុផល ថា តាមរយៈការចេញសេចក្ដីថ្លែងការណ៍រួមចុងក្រោយក្រោយនេះ មានន័យថា កម្ពុជាដឹងច្បាស់ណាស់អំពីក្រសែភ្នែករបស់ក្រុងហាណូយ ដែលកំពុងតែតាមឃ្លាំមើលគ្រប់សកម្មភាពនៃទំនាក់ទំនងរបស់កម្ពុជា ដែលកំពុងតែខិតកាន់តែជិតស្និទ្ធជាមួយក្រុងប៉េកាំង។ លោកថា កម្ពុជា អាចប្រើវិធីបញ្ចៀសពីការចោទប្រកាន់ ឬក្តីបារម្ភរបស់វៀតណាមជុំវិញបញ្ហាសង្ស័យរឿងមូលដ្ឋានកងទ័ពចិននេះ តាមរយៈការអាចចេញប៉ាស្ព័រ ឬលិខិតឆ្លងដែនខ្មែរឱ្យទាហានចិន រួចដាក់បញ្ចូលពួកគេទៅក្នុងជួរមន្ត្រីយោធាកម្ពុជា ហើយអនុញ្ញាតឱ្យពួកគេទៅឈរជើងនៅលើតំបន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដែលលោកថានឹងមានតែឈ្មោះពីសម្បកក្រៅថា ជារបស់កម្ពុជា។
បណ្ឌិត អៀ សុផល ពន្យល់បន្តថា អ្វីដែលប្រទេសវៀតណាម កំពុងតែព្រួយបារម្ភខ្លាំងនោះ គឺខ្លួនអាចរងការវាយប្រហារណាមួយដោយយោធាចិន នាពេលអនាគតតាមរយៈការប្រើប្រាស់ទឹកដីកម្ពុជាជាឈ្នាន់នោះ។ បណ្ឌិត អៀ សុផល បន្តថា ប្រសិនបើមានរឿងរ៉ាវវាយប្រហារកើតចេញពីទឹកដីកម្ពុជាមែននោះ នោះកម្ពុជា នឹងដើរតាមគន្លងចាស់នៃប្រវត្តិសាស្ត្រច្រំដែលរបស់ខ្លួន ដែលនោះគឺការប្រែក្លាយប្រទេសកម្ពុជាក្លាយជាផ្លូវលំហូជីមិញ ដែលកម្ពុជាធ្លាប់បើកដៃឱ្យវៀតណាមប្រើប្រាស់កាលពីសម័យសម្ដេច នរោត្តម សីហនុ និងបានរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងកម្អែលសង្គ្រាមវៀតណាមក្នុងចុងទសវត្សរ៍ទី៦០ និងដើមទសវត្សទី៧០ ហើយធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់ផ្លូវលំស៊ីជីពីងវិញ ដែលមានន័យថា អនុញ្ញាតឱ្យចិនប្រើប្រាស់កម្ពុជាជាឈ្នាន់បម្រើមហិច្ឆតាយោធារបស់ខ្លួន។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីសុំប្រតិកម្មតបជុំវិញការលើកឡើងនេះនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បានហៅដំណើរទស្សនកិច្ចរបស់លោកលើកនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងកម្ពុជា និងវៀតណាម និងថា បានទទួលលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព។
បន្ថែមពីលើការយល់ឃើញនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៨ តុលាថា វៀតណាមក៏ចង់ឃើញកម្ពុជា រក្សាទំនាក់ទំនងជាមួយខ្លួន បានល្អប្រសើរជាងកម្ពុជា មានទំនាក់ទំនងជាមួយនឹងចិន ដោយហេតុថា មហាយក្សចិន ជាគូប្រជែងរបស់វៀតណាម៖ «នៅក្នុងយុទ្ធសាស្ត្រសត្រូវរបស់សត្រូវ គឺជាមិត្ត គឺគេត្រូវធ្វើអ៊ីចឹងហើយ។ កម្ពុជាគឺជាមិត្តរបស់ចិន ហើយកម្ពុជាក៏ជាមិត្តរបស់វៀតណាម។ អីចឹងកម្ពុជា - វៀតណាមត្រូវថ្លឹងក្នុងកម្រិតណាមួយដែលគេអាចទាញយកប្រយោជន៍បាន ហើយកម្ពុជាជាមួយចិនទាញយកកម្រិតណាមួយបាន។ វៀតណាមដូចគ្នា។ ក្នុងរូបភាពទំនាក់ទំនង វៀតណាមត្រូវជំរុញកម្ពុជាបែបណា ដើម្បីរៀបយន្តការបែបណា ដែលមានឥទ្ធិពលគាបសង្កត់ឱ្យកម្ពុជា អាចរឹតចំណងទាក់ទងដោយគិតពីវៀតណាម ជាងគិតពីចិន។ ប៉ុន្តែ យើងមើលទិដ្ឋភាពបច្ចុប្បន្ន វាមិនដូចអ្វីដែលជាការគិតរបស់វៀតណាមទាំងស្រុងទេ ដោយសារកម្ពុជា ត្រូវការពង្រីកការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ អីចឹង ផលប្រយោជន៍ដែលកម្ពុជាបានពីចិន កម្ពុជាអាចមានប្រយោជន៍ច្រើនជាងកម្ពុជាបានពីវៀតណាម»។
លោក ឯម សុវណ្ណារ៉ា ពន្យល់បន្តថា កន្លងមកកម្ពុជាបានខិតខំរក្សាតុល្យភាពរបស់ខ្លួន ជាមួយវៀតណាម និងចិន ក៏ប៉ុន្តែលោកថា កម្ពុជាផ្អៀងទៅខាងចិនខ្លាំងជាងរួចបាត់ទៅហើយ៖ «កន្លងមក កម្ពុជាបានខំរក្សាតុល្យភាពនៃទំនាក់ទំនងទាំងកម្ពុជា - វៀតណាម និងកម្ពុជាចិន។ ក៏ប៉ុន្តែ កម្ពុជា បើយើងមើលទិដ្ឋភាពពីការសហប្រតិបត្តិការរវាងកម្ពុជា - វៀតណាម ក៏មានផលរមាស់ ជាមួយគ្នាដែរនៅក្នុងការដោះស្រាយបញ្ហា។ តែកម្ពុជាជាមួយចិន យើងមើលឃើញថា មានភាពល្អប្រសើរជាង។ អីចឹង ផលរមាស់ហ្នឹងក៏វា មានផលតិចជាងទំនាក់ទំនងកម្ពុជា - វៀតណាមដែរ។ សរុបមានន័យថា កម្ពុជាមានអំណោយផលល្អក្នុងទំនាក់ទំនងជាមួយចិន ច្រើនជាងជាមួយវៀតណាម»។
យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា ព្រមានថា ប្រសិនបើក្នុងករណីដែលកម្ពុជា បរាជ័យក្នុងការរក្សាទំនាក់ទំនងនេះឱ្យមានតុល្យភាពល្អរវាងកម្ពុជា និងវៀតណាម និងកម្ពុជា និងចិននោះ នោះរបបដឹកនាំសព្វថ្ងៃអាចនឹងបាត់បង់ការគាំទ្រពីសំណាក់ភាគីវៀតណាម ជាពិសេស ក្រុមពលរដ្ឋ ឬសហគមន៍វៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃនេះ៖ «បញ្ហាគឺថាកន្លងមើលយើងមើលឃើញថា វៀតណាមគាំទ្រទៅលើគណបក្សកាន់អំណាច។ ប្រសិនបើមានផលវិបាក រដ្ឋាភិបាលកាន់អំណាចអាចប្រឈមទៅនឹងការបាត់ការគាំទ្រពីពលរដ្ឋវៀតណាម ឬអាណិកជនវៀតណាមដែលនៅក្នុងកម្ពុជា។ នេះគឺជាហេតុផលចំពោះមុខ។ ចំពោះហេតុផលនៅក្នុងតំបន់គឺជម្លោះ។ កម្ពុជាឈរខាងចិនកាលពីពេលកន្លងមកចំពោះជម្លោះក្នុងតំបន់ក្នុងរឿងសមុទ្រចិនខាងត្បូង ហើយវៀតណាមក៏កំពុងប្រទាញប្រទង់ក្នុងបញ្ហាហ្នឹងច្រើនដែរ។ ដូច្នេះ វៀតណាមមានឥទ្ធិពលខ្លះដែរ រឿងពាក់ព័ន្ធសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា យើងអាចមើលឃើញទិដ្ឋភាពហ្នឹងហើយ។ អីចឹង រដ្ឋាភិបាលអាចប្រឹងប្រែងបញ្ហានេះ ហើយកម្ពុជាក៏មិនអាចចង់នៅក្រោមឥទ្ធិពលរបស់ប្រទេសណាមួយទេ។ ទំនាក់ទំនងកម្ពុជា - ចិន មានប្រយោជន៍ ក៏ប៉ុន្តែអ្វីដែលកម្ពុជាគួរធ្វើគឺថា ពង្រីកមុំ ឬច្រកនៃទំនាក់ទំនងកម្ពុជាជាមួយលោកខាងលិច ឱ្យមានតុល្យភាពគ្នាច្រើនជាងនេះ ជាមួយលោកខាងកើតចិន។ ខ្ញុំគិតថា កម្ពុជាអាចគេចផុតអំពីឥទ្ធិពលនៃវៀតណាម ដែលជាប្រទេសជិតខាងជាមួយកម្ពុជាហើយ»។
បើទោះបីជាក្នុងដំណើរទស្សនកិច្ចផ្លូវការម្ដងៗទៅកាន់ប្រទេសវៀតណាម ឬក៏ពេលមានថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានោះ មេដឹកនាំរបបក្រុងភ្នំពេញតែងមិនភ្លេចដឹងគុណវៀតណាមចំពោះការណ៍ដែលវៀតណាមធ្លាប់មានគុណលើខ្លួន ក្នុងអ្វីមួយដែលលោក ហ៊ុន សែន ហៅថា ជាការចូលរួម «ជួយរំដោះ» កម្ពុជានោះ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថា មានរឿងរ៉ាវជាច្រើនណាស់ដែលកម្ពុជាត្រូវធ្វើដើម្បីរក្សាតុល្យភាពរវាងទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម និងទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ លោកថា ទំនាក់ទំនងត្រីកោណវៀតណាម-កម្ពុជា-ចិន បច្ចុប្បន្ន មានចំណុចមិនស៊ីសង្វាក់គ្នា ឬជាឆ្អឹងទទឹងករ ក្រោមក្រសែភ្នែកវៀតណាម ដោយសារតែរឿងសង្ស័យអំពីថា កម្ពុជា អាចចុះកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិន ឱ្យប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ លោកពន្យល់ថា វៀតណាមដឹងច្បាស់ណាស់អំពីរឿងនេះ ហើយថាវៀតណាមកំពុងដាក់ «គំនាប» មកលើរបបក្រុងភ្នំពេញឱ្យកែប្រែជំហរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។