សហព័ន្ធខ្មែរកម្ពុជាក្រោម និងព្រះសង្ឃខ្មែរក្រោម ស្នើឱ្យអាជ្ញាធរវៀតណាម អនុញ្ញាតឱ្យខ្មែរក្រោមរស់នៅស្រុកកំណើតឈប់សម្រាករយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលខ្មែរក្រោមហៅថា ពិធីសែនដូនតា។ ពលរដ្ឋខ្មែរក្រោមថា ពិធីសែនដូនតាជាពិធីសាសនាសំខាន់តម្រូវឱ្យកូនចៅ និងសាច់ញាតិ ជួបជុំឪពុកម្ដាយ និងក្រុមគ្រួសារ។
ព្រះសង្ឃខ្មែរកម្ពុជាមួយអង្គគង់នៅខេត្តព្រះត្រពាំង មានថេរដីកាថា អាជ្ញាធរវៀតណាមមិនបានផ្តល់ឱកាសឈប់សម្រាកដល់ខ្មែរកម្ពុជាក្រោម ដែលកំពុងធ្វើការងារនៅទីឆ្ងាយស្រុក ដើម្បីអាចវិលត្រឡប់មកជួបជុំគ្រួសារក្នុងពិធីសែនដូនតាបាននោះទេ៖ «បុណ្យសែនដូនតាហ្នឹងជាពិធីមួយត្រូវជួបជុំ ញាតិមិត្តជាពិសេសកូនចៅដែលប្រកបការងារនៅឆ្ងាយពីស្រុក។ អ៊ីចឹងភាគច្រើនខ្មែរក្រោមគាត់ទៅធ្វើការងារនៅព្រៃនគរ គាត់គ្មានពេលសម្រាកទេ។ អ៊ីចឹងមានតែបុណ្យសែនដូនតាហ្នឹងហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់អនុញ្ញាតនៅឡើយ»។
ពិធីកាន់បិណ្ឌមាន រយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំធំ គឺ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី២៨ កញ្ញា។ នៅកម្ពុជា រដ្ឋាភិបាលអនុញ្ញាតឱ្យ កម្មករបានឈប់សម្រាករយៈ ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់ទី៣០ កញ្ញា។
ព្រះសង្ឃគង់នៅកម្ពុជាក្រោមមានថេរដីកាបន្តទៀតថា មានពលរដ្ឋខ្មែរក្រោមជាច្រើនសំដែងការមិនពេញចិត្តនឹងអាជ្ញាធរវៀតណាម ដែលមិនបានអនុញ្ញាតឱ្យពួកគេបានឈប់សម្រាក។ ពួកគេចាត់ទុកទង្វើនេះថា បណ្ដាលឱ្យប៉ះពាល់ដល់សេរីភាពផ្នែកសាសនា៖ «ប៉ះពាល់ដល់សតិអារម្មណ៍ចំពោះការចង់បានការជួបជុំ។ អ្នកខ្លះតាមប្រព័ន្ធហ្វេសប៊ុកហ្នឹងគាត់សរសេរថា គាត់នឹកស្រុកណាស់»។
រដ្ឋាភិបាលវៀតណាម មិនត្រឹមតែមិនឱ្យខ្មែរក្រោមឈប់សម្រាកក្នុងបុណ្យសែនដូនតានោះទេ វៀតណាមក៏មិនឱ្យខ្មែរក្រោមឈប់សំរាក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសាកន្លងទៅដែរ។ កាលនោះ នាយករដ្ឋមន្ត្រីវៀតណាម បានសរសេរលិខិតជូនពរឆ្នាំថ្មីដល់ខ្មែរកម្ពុជាក្រោម ប៉ុន្តែមិនបានទទួលស្គាល់ថា ខ្មែរកម្ពុជាក្រោមជាជនជាតិដើមកំណើត និងមិនអនុញ្ញាតឱ្យខ្មែរកម្ពុជាក្រោមឈប់សម្រាកក្នុងថ្ងៃចូលឆ្នាំថ្មីនោះទេ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាមចំពោះការរឹតត្បិតមិនឱ្យខ្មែរក្រោមអាចចូលរួមបុណ្យសែនដូចតាឱ្យបានគ្រប់ជ្រុងជ្រោយ៖ «រដ្ឋាភិបាលវៀតណាមធ្វើហ្នឹងវាអត់ត្រូវតាមច្បាប់ និងសិទ្ធិខ្មែរក្រោមផង។ ខ្មែរក្រោមជាជាតិដើមដូច្នោះត្រូវតែមានសិទ្ធិគោរពប្រពៃណី និងព្រះពុទ្ធសាសនា»។
ព្រះអង្គលើកឡើងថា វៀតណាម មិនចង់ទទួលស្គាល់ខ្មែរក្រោមថា ជាជនជាតិដើមកំណើត ទើបមិនអនុញ្ញាតឱ្យខ្មែរក្រោមបានឈប់សម្រាកក្នុងពិធីបុណ្យសំខាន់ ដូចជាបុណ្យសែនដូនតា និងបុណ្យឆ្នាំថ្មី៖ «គេមិនហ៊ានទទួលស្គាល់ជាជនជាតិដើមកំណើតទេ ដោយសារតែរដ្ឋាភិបាលយួនជាជនអន្តោប្រវេសន៍ ដូច្នោះហើយខ្មែរក្រោមជាម្ចាស់ទឹកម្ចាស់ដី។ គេមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម បើទទួលស្គាល់ខ្មែរក្រោម ព្រោះថា ច្បាប់ជនជាតិដើមខ្មែរក្រោមមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។
ស្ថានទូតវៀតណាមប្រចាំកម្ពុជាមិនទាន់ឆ្លើយតបសំណួរអាស៊ីសេរី ជុំវិញសំណើសុំឈប់សម្រាករបស់ខ្មែរក្រោមនៅឡើយទេ កាលពីថ្ងៃទី២១ កញ្ញា។
របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយកាលពីថ្ងៃទី១៣ មីនា រកឃើញថា ការរំលោភសិទ្ធិមនុស្សនៅវៀតណាមនៅតែបន្តកើតមានឡើង។ របាយការណ៍នោះបន្តថា ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមាន ការឃុំឃាំងទាំងខុសច្បាប់ និងសម្លាប់ដោយអនាធិបតេយ្យ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនតាមបណ្ដាញសង្គម និង អ៊ីនធឺណិតជាដើម។ មានព្រះសង្ឃខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមជាច្រើនត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួនដាក់ពន្ធនាគារ ដោយសារតែការចង់បានសិទ្ធិសាសនា និងការបញ្ចេញមតិ។ ព្រះសង្ឃខ្មែរក្រោមធ្លាប់អះអាងថា សាសនា ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ជាឫសគល់និងមូលដ្ឋាន ដែលអនុញ្ញាតឱ្យខ្មែរក្រោមអាចរក្សាអត្តសញ្ញាណជាខ្មែរក្រោមនៅលើទឹកដីកំណើតដែលវៀតណាមគ្រប់គ្រង់សព្វថ្ងៃនេះ។ ការប្រតិបត្តិ សាសនា ទំនៀមទម្លាប់ និងប្រពៃណីខ្មែរបាន ក៏ដោយសារតែខ្មែរក្រោមអាចរក្សាទីវត្តអារាមបានគង់វង្ស។ មកទល់នឹងឆ្នាំ ២០១៨ វត្តនៅកម្ពុជាក្រោមមានចំនួន ៤៦១វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយអង្គ។ សហព័ន្ធខ្មែរក្រោមសព្វថ្ងៃ កំពុងអនុវត្តយុទ្ធសាស្ត្រទាមទារសិទ្ធិជនជាតិដើមពីវៀតណាម ដើម្បីអាចសម្រេចវាសនាអនាគតដោយខ្លួនឯងបាន។ ប្រតិភូសហព័ន្ធខ្មែរក្រោមកំពុងសិក្សាស្វែងយល់ពីប្រទេសមួយចំនួនដែលទើបទទួលបានឯករាជ្យ ដើម្បីយកបទពិសោធន៍ទាំងនោះទៅទាមទារសិទ្ធិស្វ័យសម្រេចពីវៀតណាមមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។