សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាអង្គព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពស្រឡាញ់ មិនថាកាលពីពេលព្រះអង្គនៅមានព្រះជន្ម ឬពេលព្រះអង្គចូលទិវង្គតឡើយ។
ចំណែកពលរដ្ឋខ្មែរក្រោម ជាពិសេសអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ពួកគេក៏គោរពស្រឡាញ់ចងចាំមិនភ្លេចនូវគុណូបការៈ របស់ព្រះអង្គ ដែលបានអាណិតអាសូរចំពោះពលរដ្ឋខ្មែរក្រោមទូទៅផងដែរ។
តើសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានធ្វើអ្វីខ្លះចំពោះខ្មែរក្រោម?
នៅកម្ពុជា នៅពេលដែលពលរដ្ឋនិយាយពីសម្ដេចព្រះនរោត្តម សីហនុ ពួកគេច្បាស់ជាមិនសូវភ្លេចឡើយលើកឡើងពីស្នាព្រះហស្តរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅឆ្នាំ១៩៥៣ ពីការឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ទាមទារយកប្រាសាទព្រះវិហារពីប្រទេសថៃ នៅឆ្នាំ១៩៦២ ពីការដឹកនាំរបស់ព្រះអង្គ ធ្វើឲ្យកម្ពុជា រីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ ហើយដែលពេលនោះ កម្ពុជា ត្រូវបានចាត់ទុកជាកោះសន្តិភាពទៀតផង។
លើសពីនេះ ស្នាព្រះហស្តថ្មីៗរបស់ព្រះអង្គដែលពលរដ្ឋខ្មែរមិនអាចបំភ្លេចបានដែរនោះ គឺការផ្សះផ្សាបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩១ តាមរយៈការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា។ ក្រៅពីនេះ ភាពទន់ភ្លន់រួសរាយរាក់ទាក់ ក្តីស្រឡាញ់ អាណិតអាសូរ និងស្នាមញញឹមមិនចេះរីងស្ងួតរបស់ព្រះអង្គ ក៏មិនអាចធ្វើឲ្យកូនចៅបំភ្លេចព្រះអង្គបានដែរ។
កាលពីពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងបោះព្រះហស្ដទៅរកគ្រប់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថាអ្នកនយោបាយ ព្រះសង្ឃ ឬពលរដ្ឋសាមញ្ញឡើយ។ ដោយឡែកសម្រាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមវិញ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គមិនដែលបំភ្លេចពួកគេឡើយ។ ព្រះអង្គតែងចាត់ទុកពួកគេជាកូនជាចៅរបស់ព្រះអង្គ ដូចពលរដ្ឋខ្មែរទូទៅនៅកម្ពុជា យ៉ាងដូច្នេះដែរ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកនៅកម្ពុជា លោក តាំង សារៈ ដែលធ្លាប់បានចូលគាល់សម្ដេចព្រះនរោត្តម សីហនុ កាលពីពេលព្រះអង្គនៅមានព្រះជន្មនោះ ថ្លែងរំឭកពីគុណបំណាច់របស់ព្រះអង្គចំពោះខ្មែរក្រោមថា កាលពីពេលព្រះអង្គគង់ជាព្រះប្រមុខរដ្ឋគ្រប់គ្រងប្រទេសកម្ពុជា សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គតែងបានសន្តោសប្រជារាស្ត្រខ្មែរក្រោមរបស់ព្រះអង្គ នៅពេលពួកគេឡើងមកប្រទេសកម្ពុជា។ ព្រះអង្គបានផ្តល់សញ្ជាតិខ្មែរឲ្យពួកគេជាស្វ័យប្រវត្តិ ព្រមទាំងបានបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យខ្មែរក្រោមអាចចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេនៅកម្ពុជា។
លោក តាំង សារៈ៖ «យើងឃើញថាចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យរហូតដល់ព្រះអង្គសោយព្រះទិវង្គត ព្រះអង្គហាក់ដូចជាមានមនោសញ្ចេតនាជាមួយនឹងខ្មែរកម្ពុជាក្រោមយ៉ាងច្រើន ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ គឺព្រះអង្គបានផ្តល់នូវដីធ្លី ស្រែចម្ការជាច្រើនដល់បងប្អូនខ្មែរកម្ពុជាក្រោម ដែលជាអ្នកក្រីក្រនៅឯមាតុភូមិ ហើយឡើងមកដល់ប្រទេសកម្ពុជា ពុំមានដីធ្លីសម្រាប់បង្កបង្កើនផល។ ព្រះអង្គទ្រង់ប្រោសព្រះរាជទាននូវដីធ្លីដល់បងប្អូនខ្មែរក្រោមទាំងនោះ»។
លោក តាំង សារៈ បញ្ជាក់ថា ដីធ្លីដែលពលរដ្ឋខ្មែរក្រោមទទួលបានពីសម្ដេចព្រះនរោត្តម សីហនុ មានដូចជានៅឃុំរំលេច ឃុំថ្នាលទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ឃុំរាំងពិសី ឃុំកំពង់ព្រាង និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងនៅភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជាដើម។
ក្រៅពីបានផ្តល់សញ្ជាតិ និងដីធ្លីឲ្យពលរដ្ឋខ្មែរក្រោម លោក តាំង សារៈ អះអាងបន្ថែមថា សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានយកចិត្តទុកដាក់ពីការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមផងដែរ នោះគឺព្រះអង្គបានផ្តល់អាហារូបករណ៍ឲ្យព្រះសង្ឃខ្មែរក្រោមជាបន្តបន្ទាប់ ដើម្បីឡើងមកបន្តការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកបឋមសិក្សា ឬភាសាបាលីរងនៅឯដែនដីកម្ពុជាក្រោម។ លើសពីនេះ លោក តាំង សារៈ ថា ព្រះបរមរតនកោដ្ឋ ព្រះអង្គក៏បានជ្រោមជ្រែងក្នុងការបង្កើតសមាគមខ្មែរកម្ពុជាក្រោម នៅឯខេត្តឃ្លាំង ទៀតផង។
លោក តាំង សារៈ៖ «បើនិយាយឲ្យចំពាក្យថាមិត្តសមាគមខ្មែរកម្ពុជាក្រោម កើតឡើងជាដំបូង គឺមានទីតាំងនៅឯដែនដីកម្ពុជាក្រោម ក្នុងទីរួមខេត្តឃ្លាំង។ ហើយនៅពេលនោះ គឺថាព្រះអង្គបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ដើម្បីកសាងនូវអគាររបស់សមាគមមួយ ជាអគារមួយដ៏ធំ ហើយមានរូបភាពប្រហាក់ប្រហែលជាមួយនឹងរដ្ឋសភាចាស់របស់យើងសព្វថ្ងៃនេះ។ ហើយដល់ក្រោយមក មិនអាចធានាសុវត្ថិភាពនៃសមាគមនោះបាន មិត្តសមាគមខ្មែរកម្ពុជាក្រោម បានលើកសមាគមនោះមកដាក់នៅឯទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា វិញ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមនេះទៀតផង»។
លើសពីនេះ ឯកសារប្រវត្តិសាស្ត្របញ្ជាក់ដែរថា នៅឆ្នាំ១៩៤២ ពោលគឺមួយឆ្នាំក្រោយពីឡើងគ្រងរាជ្យ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានយាងទៅជួបកូនចៅរបស់ព្រះអង្គនៅកម្ពុជាក្រោម ដែរ។ នៅពេលនោះ ព្រះអង្គបានយាងធ្វើជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មន្ទីរពុទ្ធសាសនបណ្ឌិត្យរង ដែលឋិតក្នុងទីរួមខេត្តឃ្លាំង បច្ចុប្បន្ន។ ពុទ្ធសាសនបណ្ឌិត្យរងនៅខេត្តឃ្លាំង នេះ ត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ១៩៤០ និងចប់សព្វគ្រប់នៅឆ្នាំ១៩៤២ ក្រោមការជួយឧបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ និងអាជ្ញាធរបារាំង នៅកូសាំងស៊ីន។ ពុទ្ធសាសនបណ្ឌិត្យរងនេះ ត្រូវបានបង្កើតឡើង១២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីពុទ្ធសាសនបណ្ឌិត្យនៅកម្ពុជា ត្រូវបានបង្កើតនៅឆ្នាំ១៩៣០។
សព្វថ្ងៃ ទីតាំងអតីតសមាគមខ្មែរកម្ពុជាក្រោម ឬហៅម្យ៉ាងទៀតថា ក្រុមសមាគមសិក្សាវិទ្យាល័យខេមរៈជាតិ នៅដែនដីកូសាំងស៊ីន និងអគារពុទ្ធសាសនបណ្ឌិត្យរង ឋិតនៅជាមួយគ្នាក្នុងទីរួមខេត្តឃ្លាំង ប៉ុន្តែអគារនេះត្រូវបានប្រើប្រាស់ធ្វើជាសារមន្ទីរខ្មែរទៅវិញ។
និយាយជារួម ក្រៅតែពីមានមនោសញ្ចេតនាជាមួយកូនចៅខ្មែរក្រោម ក្នុងជីវិតនយោបាយរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គក៏មានមិត្តជិតស្និទ្ធជាមួយអ្នកនយោបាយដែលមានឈាមជ័រមកពីកម្ពុជាក្រោមមួយចំនួន ហើយដែលព្រះអង្គបានព្រះរាជទានព្រះគោរមងាររហូតដល់សម្ដេចទៀតផង ក្នុងនោះមានដូចជា សម្ដេច ចៅសែន កុសលឈុំ និងសម្ដេចបវរសេដ្ឋា សឺន សាន ជាដើម។
បន្ថែមពីលើនេះ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងអនុញ្ញាតឲ្យព្រះសង្ឃ តំណាង ឬប្រធានអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ចូលគាល់ដើម្បីក្រាបបង្គំសួរសុខទុក្ខ និងទូលថ្វាយព្រះអង្គអំពីសកម្មភាពការងាររបស់ពួកគេនៅកម្ពុជា។ ចំណែកព្រះអង្គវិញ ព្រះអង្គក៏តែងបានជួយឧបត្ថម្ភគាំទ្រពួកគេវិញ ទាំងស្មារតី និងថវិកា។ រៀងរាល់ឆ្នាំ នៅពេលដែលខ្មែរក្រោមប្រារព្ធខួបរំឭកបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា ព្រះអង្គតែងបានបញ្ជូនព្រះរាជតំណាង គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឲ្យយាងចូលរួមជាអធិបតី។ គំរូដ៏ល្អប្រពៃរបស់ព្រះអង្គនេះ ត្រូវបានព្រះរាជបុត្ររបស់ព្រះអង្គ គឺសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បន្តអនុវត្តរហូតមកទល់សព្វថ្ងៃ។
ដោយសារសម្ដេចព្រះនរោត្តម សីហនុ តែងធ្លាប់បានយកចិត្តទុកដាក់ការពារចំពោះពលរដ្ឋខ្មែរក្រោម លោក តាំង សារៈ ក៏សង្ឃឹមដែរថា រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ នឹងបន្តអនុវត្តគំរូដ៏ល្អរបស់ព្រះអង្គ។ លោកក៏សង្ឃឹមដែរថា រដ្ឋាភិបាលកម្ពុជា នឹងជួយការពារខ្មែរក្រោម នៅពេលដែលពួកគេត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ដូចអ្វីដែលអតីតព្រះមហាក្សត្រខ្មែរទ្រង់ធ្លាប់បានធ្វើក្នុងពេលដែលព្រះអង្គទ្រង់កាន់អំណាចនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។