អង្គការសិទ្ធិមនុស្ស និងសហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់សាធារណជនឱ្យជួយជនភៀសខ្លួនខ្មែរ
2019.09.17

ជនភៀសខ្លួនជនជាតិខ្មែរក្រោមជាង ២០០រយនាក់ បន្តជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបីមិនទាន់បានសម្រេច។ ជនភៀសខ្លួនមួយចំនួនអះអាងថា ពួកគេភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅថៃ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមទាំងសិទ្ធិ ដីធ្លី ការបញ្ចេញមតិ ការប្រើប្រាស់បណ្តាញសង្គម និងសាសនាជាដើម។ អង្គការសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការរង់ចាំការផ្តល់សិទ្ធិជាជនភៀសខ្លួនទៅរស់នៅប្រទេសទីបីរបស់ខ្មែរក្រោម បណ្តាលឲ្យពួកគេរងការកេងប្រវ័ញ្ច និងការរំលាភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
វាសនា ជនភៀសខ្លួនខ្មែរក្រោម អ្នកនាង ជី ឃុល គឺមិនខុសពីជនភៀសខ្លួនខ្មែរក្រោមដទៃទៀតទេ ដែលកំពុងរស់នៅ និងប្រកបរបបទទួលទានដោយខុសច្បាប់នៅប្រទេសថៃ ទោះបីអ្នកខ្លះទទួលបានឋានៈជាជនភៀសខ្លួនក៏ដោយ។ អ្នកនាង ជី ឃុល ជាធ្លាប់យុវនារីខ្មែរក្រោមម្នាក់ ដែលហ៊ានចេញមុខតវ៉ានឹងអាជ្ញាធរវៀតណាម ដើម្បីអាចសំដែងមតិតាមបណ្តាញសង្គម (Facebook) ប៉ុន្តែដោយសារតែក្តីក្លាហាននេះហើយ បណ្តាលឲ្យអ្នកនាងត្រូវបានអាជ្ញាធរវៀតណាមតាមយាយីធ្វើទុក្ខបុកម្នេញ រហូតដល់អ្នកនាងភៀសខ្លួនមករស់នៅប្រទេសថៃ កាលពីឆ្នាំ២០១៦៖ «ខ្ញុំបង្ហោះ (រូបភាព) តាមទំព័រហ្វេសប៊ុក បានប្រហែលជាមួយអាទិត្យ មានពួកម៉ាក់នៅកម្ពុជាក្រោម គាត់ទូរស័ព្ទមកប្រាប់។ គេថាប្រសិនបើទៅហើយ ទៅតែម្តងទៅកុំមកស្រុកវិញ ព្រោះថា បើមកស្រុកវិញនឹងមានរឿង។ គេកត់ចូលបញ្ជីខ្មៅ គេថាខ្ញុំជាយុវជនក្បត់ជាតិ»។
អ្នកនាង ជី ឃុល បន្តថា អ្នកនាងមានការឈឺចាប់ណាស់ ដែលត្រូវបែកបាក់បងប្អូន និងឪពុកម្តាយមករស់នៅតែម្នាក់ឯងនៅប្រទេសថៃ ហើយថែមទាំងព្រួយបារម្ភពីការចាប់ខ្លួនដោយសារតែ អ្នកនាងលួចធ្វើការងារដោយខុសច្បាប់ដើម្បីចិញ្ជឹមជីវិត៖ «រាល់ថ្ងៃខ្ញុំធ្វើការងារខុសច្បាប់។ ខុសច្បាប់ដោយសារតែមិត្ត គឺជាជនជាតិថៃ គាត់អាណិតខ្ញុំ គាត់ណែនាំខ្ញុំជាមួយថៅកែ ឲ្យថៅកែគាត់ទទួលខ្ញុំធ្វើការងារ»។
បច្ចុប្បន្ន ពលរដ្ឋខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០០នាក់ កំពុងស្នាក់នៅប្រទេសថៃ បានជាប់ផុងក្នុងនីតិវិធីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដោយអ្នកខ្លះបានជាប់នៅប្រទេសថៃជាង ១០ឆ្នាំហើយ។ ខ្មែរក្រោមទាំងនោះអះអាងថា មូលហេតុដែលពួកគេចង់ទៅរស់នៅប្រទេសទីបី ដោយសារតែការធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្ស សាសានា វប្បធម៌ និងអក្សរសាស្រ្ត នៅប្រទេស វៀតណាម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ដែលព្រះអង្គក៏បានចាកចេញពីស្រុកកំណើតដើម្បីសេរីភាពផ្នែកសាសនាដែរនោះ មានថេរដីកាថា ការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមនេះហើយ បណ្តាលឲ្យខ្មែរក្រោមមិនអាចបន្តរស់នៅលើទឹកដីកំណើតខ្លួនឯងបានទើបសម្រេចមកសុំសិទ្ធិជ្រកកោននៅថៃ៖ «យើងនៅក្នុងស្រុកនៅពេលដែលព្រះសង្ឃ និងពលរដ្ឋហ៊ានតវ៉ា ហ៊ាននិយាយស្តី ហ៊ានទាំងបញ្ចេញមតិរឿងសិទ្ធិមនុស្ស ប្រពៃណី ឬក៏ដីធ្លីហ្នឹង គឺអាជ្ញាធរយួនគេតែងតែរករឿង គាបសង្កត់ ឬរករឿងគ្រប់មធ្យោបាយ ធ្វើឲ្យបងប្អូននិងព្រសង្ឃនៅអត់បាន។ ពួកវាចេះឃ្លាំមើល ចេះតែរំខាន»។
របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយកាលពីថ្ងៃទី១៣ មីនារកឃើញថា ការរំលោភសិទ្ធិមនុស្សនៅវៀតណាមនៅតែបន្តកើតមានឡើង។ របាយការណ៍បន្តថា ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមាន ការឃុំឃាំងទាំងខុសច្បាប់ និងសម្លាប់ដោយអនាធិបតេយ្យ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនតាមបណ្ដាញសង្គម និងអ៊ីនធឹណិតជាដើម។
ព្រះអង្គមានថេរដីកាថា ខ្មែរក្រោមចង់រស់នៅកម្ពុជាដែរ តែដោយសារតែសុវត្ថិភាពខ្លាចអាជ្ញាធរវៀតណាមតាមមកចាប់ដល់កម្ពុជា ទើបរត់បន្តមកនៅថៃ។ ព្រះអង្គបន្តថា កន្លងមកសហព័ន្ធខ្មែរកម្ពុជាក្រោមធ្លាប់បានជួយជ្រោមជ្រែង ជនភៀសខ្លួន តាមរយៈសម្រួលតាមផ្លូវច្បាប់ និងថវិកាជូនដល់ខ្មែរកម្ពុជាក្រោមផងដែរ។ ព្រះអង្គទទូចឲ្យពលរដ្ឋទូទៅបន្តជួយខ្មែរក្រោមជាបន្តទៅទៀត៖ «នៅស្រុកខ្មែរ រដ្ឋាភិបាលយួនឡើងចាប់ពេលណាក៏បាន។ ដូចករណីព្រះអង្គ ទឹម សាខន ហ្នឹង លោកមានស្រុកកំណើតនៅមាត់ជ្រូក ប៉ុន្តែលោកមកបួសរៀននៅតាកែវ តែទីបំផុតអាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយបញ្ជូនទៅវៀតណាម»។
ពាក់ព័ន្ធទៅនឹងការធ្វើទុក្ខខ្មែរក្រោមនៅវៀតណាម និងកម្ពុជានេះ មន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ករណីរំលោភសិទ្ធិមនុស្សលើខ្មែរកម្ពុជាក្រោមនៅវៀតណាម រដ្ឋាភិបាលកម្ពុជាមិនធ្វើអន្តារគមន៍នោះទេ។ លោក ផៃ ស៊ីផានថា ជាផ្លូវការ ខ្មែរក្រោមឋិតក្នុងអធិបតេយ្យរបស់វៀតណាម។ លោកបន្ថែមទៀតថា ខ្មែរក្រោម គ្រាន់តែជាពូជពង្សរបស់ខ្មែរពីដើមដូចគ្នាតែប៉ុណ្ណោះ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កេតឃើញថា ពលរដ្ឋខ្មែរក្រោម និងជនភៀសខ្លួនខ្មែរក្រោមមិនសូវទទួលបានបានចាប់អារម្មណ៍នោះទេ។ លោកថា មានប្រទេសតែមួយចំនួនតូចតែប៉ុណ្ណោះ បានពិចារណាផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ដែលជាហេតុបណ្តាលឲ្យពួកគេជួបប្រទះបញ្ហាមិនចេះចប់មិនចេះហើយ ហើយក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់មន្រ្តីពុករលួយខ្លះ និង ការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែថៃ ទទួលបានប្រាក់ខែតិច ជាងប្រាក់ខែគោល។ លោកស្នើឲ្យអាជ្ញាធរថៃផ្តល់ការការពារ ដល់ជនភៀសខ្លួនខ្មែរក្រោមនៅថៃទាំងនោះ ជាជាងចាត់ទុកពួកគេជាពលករឥតស្របច្បាប់ ដែលងាយនឹងត្រូវអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួននៅពេលណាមួយនោះ។ លោកបន្ថែមទៀតថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានខំប្រឹងប្រែងជួយជនភៀសខ្លួនខ្មែរក្រោមដែរ ប៉ុន្តែអាជ្ញាធរថៃ បានបង្កការលំបាកដល់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដែរ។
ដោយសារតែការធ្វើទុក្ខបុកម្នេញនេះហើយ ទើបបណ្តាលឲ្យខ្មែរក្រោមដែលកំពុងរស់នៅឯបរទេស បានផ្តួចផ្តើមគំនិតគ្នាធ្វើយុទ្ធនាការទាមទារឲ្យខ្មែរក្រោមរស់នៅស្រុកកំណើត អាចទទួលបានសិទ្ធិសម្រេចវាសនាបានដោយខ្លួនឯង។ ខ្មែរកម្ពុជាក្រោមនៅលើពិភពលោក បានប្រារព្ធខួប ៧០ឆ្នាំ នៃការបាត់បង់នៃទឹកដីខ្មែរក្រោមកាលពីដើមខែមិថុនាកន្លងទៅ។ អាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។