នយោបាយ​របស់​យួន​អណ្ណាម​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​យួន (ភាគ​៣)

នៅ​ក្នុង​នាទី​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​សប្ដាហ៍​មុន លោក យាង សុជាមេត្តា បាន​រាយការណ៍​ជូន​អំពី​ទំនាក់ទំនង​រវាង​ខ្មែរ និង​យួន​អណ្ណាម ក្រោយ​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២។ នៅ​សប្ដាហ៍​នេះ លោក យាង សុជាមេត្តា នឹង​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​បន្ត​ទៀត ដោយ​សូម​រាយការណ៍​ជូន​អំពី​នយោបាយ​របស់​យួន​អណ្ណាម ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​យួន ពិសេស គឺ​ក្នុង​រជ្ជកាល​ក្សត្រី អង្គម៉ី រជ្ជកាល​ដែល​យួន មាន​ឥទ្ធិពល​សឹង​ផ្តាច់​មុខ​តែ​ឯង​មក​លើ​កម្ពុជា។

0:00 / 0:00

បើ​ទោះ​បី​ជា​យួន​អណ្ណាម បាន​ចូល​មក​ត្រួតត្រា​អាណា​ខេត្ត​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម សឹង​តែ​ទាំងអស់​រួច​ហើយ​ក្តី​នៅ​ចុង​សតវត្ស​ទី​១៨ អធិរាជ​យួន​អណ្ណាម ក៏​នៅ​តែ​បន្ត​អនុវត្ត​នយោបាយ​អូស​ទាញ​ព្រះមហាក្សត្រ​ខ្មែរ ឲ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គេ​ដដែល ពោល គឺ​គេ​មាន​បំណង​ធ្វើ​ជា​អាណាព្យាបាល​របស់​ខ្មែរ​ផ្តាច់​មុខ​តែ​ឯង ព្រោះ​ថា មហិច្ឆតា​របស់​យួន​អណ្ណាម នៅ​ពេល​នោះ​មិន​ត្រឹម​តែ​ចង់​បាន​ដែន​ដី​កម្ពុជា​ក្រោម ប៉ុណ្ណោះ​ទេ គឺ​គេ​មាន​បំណង​លេប​ត្របាក់​យក​កម្ពុជា​ទាំង​មូល​តែ​ម្តង។ ជាក់ស្តែង យួន​អណ្ណាម បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​យួន ក្នុង​រជ្ជកាល​ក្សត្រី​អង្គម៉ី ក្សត្រី​ដែល​ត្រូវ​យួន​លើក​បន្តុប​ឲ្យ​សោយរាជ្យ​ស្នង​ពី​ព្រះបិតា​របស់​ព្រះនាង គឺ​ព្រះបាទ​ឧទ័យរាជា ឬ​ព្រះបាទ​អង្គច័ន្ទ។

ព្រះបាទ​អង្គច័ន្ទ ត្រូវ​ជា​ព្រះរាម​របស់​ព្រះអង្គ​ស្ងួន ព្រះអង្គ​អិម និង​ព្រះអង្គ​ឌួង។ ព្រះអង្គ​ត្រូវ​បាន​សៀម ជា​អ្នក​អភិសេក​ឲ្យ​ឡើង​គ្រងរាជ្យ។ តែ​ក្រោយ​មក ព្រះអង្គ​បែរ​ជា​ងាក​មក​ជិតស្និទ្ធ​នឹង​យួន វិញ បន្ទាប់​ពី​ព្រះអង្គ​មាន​វិវាទ​ជាមួយ​ព្រះអនុជ គឺ​ព្រះអង្គ​ស្ងួន ដែល​មាន​សៀម នៅ​ពី​ក្រោយ។ ព្រះអង្គ​ច័ន្ទ មាន​បុត្រី​ចំនួន ៥​រូប តែ​ពុំ​មាន​បុត្រា​ឡើយ។ បុត្រី​ទាំង ៥​អង្គ​នោះ គឺ​ក្សត្រី​អង្គប៉ែន ក្សត្រី​អង្គម៉ី ក្សត្រី​អង្គមុំ ក្សត្រី​អង្គពៅ និង​ក្សត្រី​អង្គស្ងួន។

បើ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​សាស្ត្រាចារ្យ ត្រឹង ងា បាន​សរសេរ​ថា នៅ​ពេល​ដែល​ព្រះបាទ​អង្គច័ន្ទ ចូល​ទិវង្គត​នៅ​ឆ្នាំ​១៨៣៤ ស្ដេច​យួន ឈ្មោះ មិញម៉ាង (Ming Mang) ដែល​ជា​រាជបុត្រ​សោយរាជ្យ​ស្នង​ព្រះចៅ យ៉ាឡុង (Gia Long) បាន​បញ្ជូន​មន្ត្រី​យួន ឈ្មោះ អុង ខាំម៉ាង (Ong Kham Mang) ឲ្យ​នាំ​គ្រឿង​បណ្ណាការ​មក​កម្ពុជា ជួយ​ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព ហើយ​មន្ត្រី​យួន នេះ ក៏​ត្រូវ​មាន​បេសកកម្ម​ជ្រើស​រើស​ក្សត្រ​ថ្មី​ឲ្យ​ឡើង​សោយរាជ្យ​បន្ត​ទៀត​ដែរ។ ឯកសារ​ដដែល​សរសេរ​ថា តាម​ពិត មន្ត្រី​យួន រូប​នេះ បាន​ទទួល​បញ្ជា​ពី​ស្ដេច មិញ ម៉ាង ថា​ត្រូវ​លើក​ក្សត្រី​អង្គម៉ី រួច​ហើយ ប៉ុន្តែ​ដើម្បី​ជា​ការ​បិទ​បាំង​កុំ​ឲ្យ​គេ​ដឹង​ពី​បំណង​ពិត​របស់​ស្ដេច​យួន លោក អុង ខាំម៉ាង ក៏​បាន​ធ្វើ​ការ​ប្រឹក្សា​សួរ​យោបល់​មន្ត្រី​ខ្មែរ ហើយ​បាន​បញ្ជាក់​ប្រាប់​មន្ត្រី​ខ្មែរ​ថា ត្រូវ​ជៀសវាង​កុំ​លើក​ក្សត្រ​ទាំង​ឡាយ​ណា​ដែល​បាន​ភៀស​ព្រះ​កាយ​ទៅ​ខាង​សៀម រួម​មាន​ព្រះអង្គ​អិម និង​ព្រះអង្គ​ឌួង ជាដើម និង​ត្រូវ​ជៀសវាង​លើក​ក្សត្រី​អង្គប៉ែន ដែល​ជា​បុត្រី​ច្បង​របស់​ព្រះបាទ​អង្គច័ន្ទ ព្រោះ​បុត្រី​អង្គ​នេះ​មាន​ព្រះមាតា​ជា​អ្នក​ស្និទ្ធស្នាល​នឹង​សៀម។ ក្រោយ​ឡើង​សោយរាជ្យ​រួច ក្សត្រី​អង្គម៉ី ត្រូវ​យួន ផ្តល់​ព្រះនាម​ថា បាកុងជួ (Ba Cong Chua) ឬ ង៉ុក វឹង កុង ជួ (Ngoc Van Cong Chua)។

ចំពោះ​ការ​ជ្រើស​រើស​ក្សត្រី​អង្គម៉ី ឲ្យ​ឡើង​សោយរាជ្យ​នេះ លោក ដេវីឌ ឆាណ្ឌល័រ (David Chandler) អ្នក​ប្រវត្តិសាស្ត្រ​ជនជាតិ​អាមេរិក។ លោក​បាន​សរសេរ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​លោក​ថា ប្រការ​សំខាន់​ដែល​យួន ជ្រើស​រើស​ក្សត្រី​អង្គម៉ី ឲ្យ​ឡើង​សោយរាជ្យ​នោះ គឺ​យួន​អណ្ណាម គេ​មាន​បំណង​ធ្វើ​កំណែ​ទម្រង់​ផ្នែក​រដ្ឋបាល​លើ​ស្រុក​ខ្មែរ ដែល​គេ​បាន​រៀប​ចំ​ទុក​មក​ហើយ។ លោក​ថា សេចក្តី​សម្រេច​ចិត្ត​ផ្នែក​រដ្ឋបាល​ប្រចាំ​ថ្ងៃ​នោះ រាប់​បញ្ចូល​ទាំង​ការ​តែង​តាំង​មន្ត្រី ការ​គ្រប់គ្រង​លើ​ប្រាក់​បៀវត្សរ៍ កិច្ចការ​យោធា និង​ការ​គ្រប់គ្រង​ផល​ស្រូវ​ជាដើម ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​យួន ទាំង​ស្រុង។

លោក ឆាណ្ឌល័រ សរសេរ​បន្ត​ថា ក្រុង​វ៉េ ក៏​បាន​បញ្ជូន​មន្ត្រី​យួន ចំនួន ១៦​នាក់ ស្មៀន ៧០​នាក់ និង​ចាងហ្វាង​សាលា​រៀន ១០​នាក់​មក​ភ្នំពេញ ដើម្បី​បង្កើត​ក្រុម​បង្គោល​នៃ​រចនាសម្ព័ន្ធ​មួយ​សម្រាប់​រដ្ឋបាល​នោះ។

ចំណែក លោក អាដេម៉ារ ឡឺក្លែរ (Adhemard Le Clere) អតីត​រ៉េស៊ីដង់​បារាំង នៅ​កម្ពុជា។ លោក​បាន​លើក​ឡើង​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់​លោក​ថា អ្នក​ដែល​មាន​គំនិត​មិន​ចង់​ឲ្យ​ក្សត្រី​អង្គម៉ី ឡើង​សោយរាជ្យ មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ជ្រើស​រើស​នោះ​ឡើយ។ ចំណែក​ឯ​រាស្ត្រ​ខ្មែរ​វិញ អស់​កម្លាំង​នឿយ​ណាយ​នឹង​សង្គ្រាម និង​ចង់​បាន​សន្តិភាព​ណាស់ តែ​មិន​បាន​គិត​ដល់​ថា ព្រះ​មហាក្សត្រី​ដែល​ទើប​ឡើង​សោយរាជ្យ​នេះ នឹង​គ្មាន​ឥទ្ធិពល ហើយ​ក៏​មិន​បាន​ដឹង​ថា មេ​ទ័ព​អណ្ណាម​ដែល​នៅ​ពី​ក្រោយ​ព្រះនាង សុទ្ធតែ​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​អាច​បញ្ជា​លើ​រាល់​មន្ត្រី​ខ្មែរ​បាន។ លោក ឡឺក្លែរ សរសេរ​បន្ត​ថា ការ​ដែល​ស្ដេច​យួន រៀប​ចំ​ឲ្យ​ក្សត្រី​អង្គម៉ី ឡើង​សោយរាជ្យ គឺ​គ្រាន់​តែ​ដើម្បី​ទម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ស៊ាំ​នឹង​ភាព​គ្មាន​ស្ដេច​សោយរាជ្យ ឬ​ឲ្យ​បំភ្លេច​ព្រះរាជវង្សានុវង្ស​ចោល​ប៉ុណ្ណោះ។

លោក ឡឺក្លែរ លើក​ឡើង​ថា ក្នុង​រជ្ជកាល​ក្សត្រី​អង្គម៉ី នេះ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​គ្រប់គ្រង​ដោយ​មន្ត្រី​អណ្ណាម ៣​នាក់ គឺ ទ្រឿង មិញយ៉ាង (Truong Ming Dang) ផាម វ៉ានឌាន (Pham Van Dian) និង ត្រាន់ វ៉ាន់ណាង (Tran Van Nang) ដែល​មក​នៅ​ដឹក​នាំ​ប្រទេស​កម្ពុជា ដោយ​មាន​ជំនួយ​ពី​រដ្ឋមន្ត្រី និង​ចៅហ្វាយ​ខេត្ត​ខ្មែរ​ជាច្រើន​នាក់។ លោក​ថា មន្ត្រី​អណ្ណាម នៅ​ពេល​នោះ បាន​បង្ខំ​ឲ្យ​មន្ត្រី​ខ្មែរ​ទាំងអស់ ស្លៀក​សម្លៀកបំពាក់​តាម​របៀប​អណ្ណាម ឲ្យ​បួង​សក់ និង​ផ្តល់​ឋានៈ​ឲ្យ​តាម​របៀប​អណ្ណាម ហើយ​បាន​ដាក់​មន្ត្រី​យួន ម្នាក់​នៅ​ជាប់​នឹង​ចៅហ្វាយ​ខេត្ត​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​លើ​រាល់​សកម្មភាព​ផង និង​ដឹក​នាំ​ការងារ​រដ្ឋបាល​ផង។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​ទៀត មាន​ដូច​ជា ជនជាតិ​ខ្មែរ បាន​លើក​ឡើង​ថា ក្នុង​រជ្ជកាល​ក្សត្រី​អង្គម៉ី រាល់​កិច្ចការ​ប្រទេស​ជាតិ​ទាំងអស់ ត្រូវ​ឋិត​ក្នុង​កណ្ដាប់​ដៃ​មន្ត្រី​យួន។ ក្រៅ​ពី​បង្ខំ​មន្ត្រី​ខ្មែរ​ឲ្យ​ស្លៀកពាក់ និង​ធ្វើ​តាម​ទម្លាប់​រាជវាំង​ក្រុង​វ៉េ យួន ក៏​បាន​ធ្វើ​អំពើ​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​ខ្មែរ​ដែរ។ ពួក​គេ​កាប់​រំលំ​ដើម​ពោធិ៍ គាស់​រំលើង​ចេតិយ បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត វាយ​កម្ទេច​ព្រះពុទ្ធ​រូប និង​សម្លាប់​មន្ត្រី​ខ្មែរ​ណា​ដែល​បាន​ជួយ ឬ​នៅ​ខាង​សៀម។ លើស​ពី​នេះ ពួក​គេ​ក៏​បាន​ធ្វើ​បាប​រាស្ត្រ​ខ្មែរ​ណា​ដែល​បន់ស្រន់​សុំ​ឲ្យ​ព្រះអង្គ​អិម និង​ព្រះអង្គ​ឌួង បាន​វិល​ត្រឡប់​មក​សោយរាជ្យ​នៅ​កម្ពុជា វិញ។

ចំណែក​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ឯណោះ​វិញ ប្រមុខ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ឬ​ចៅហ្វាយ​គុយ បាន​តស៊ូ​ស្វិតស្វាញ​នឹង​ការ​ឈ្លាន​ពាន​របស់​ទ័ព​យួន​អណ្ណាម និង​ប្រឆាំង​ចំពោះ​ការ​ព្យាយាម​របស់​យួន ក្នុង​ការ​លុប​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម ទាំង​មូល។ ឧកញ៉ា សឺន គុយ មាន​សហការី​ចំនួន ៥​នាក់ គឺ​ភូឈួយគង់ លោក ម៉ឺនឯក លោក តាម៉ង់ លោក ទេសាសោម និង​លោក មនោរស់។ តែ​ក្រោយ​មក ភូឈូយគង់ បាន​ក្បត់​ចូល​ដៃ​ជាមួយ​យួន ហើយ​យក​ការ​សម្ងាត់​ទៅ​ប្រាប់​មេ​បញ្ជាការ​យួន ឈ្មោះ អុងឡូវ (Ong Lov) ដែល​ស្ដេច មិញម៉ាង (Ming Mang) បញ្ជា​មក​ឲ្យ​កម្ចាត់​ឧកញ៉ា សឺន គុយ។ អំពើ​ក្បត់​របស់ ភូឈួយគង់ បាន​ធ្វើ​ឲ្យ​សហការី​ជំនិត​របស់​ឧកញ៉ា សឺន គុយ បាន​បាត់​បង់​ជីវិត​ជា​បន្តបន្ទាប់។ លោក​តា ម៉ង់ បាន​ស្លាប់​ដោយ​ភាព​អាថ៌កំបាំង​នៅ​ខាង​កើត​វត្ត​ផ្នោដូង ក្នុង​ខេត្ត​ព្រះត្រពាំង ទេសាសោម ត្រូវ​យួន ព័ទ្ធ​ចាប់​សម្លាប់​ចោល ចំណែក លោក ម៉ឺនឯក វិញ ដឹង​ថា ភូឈួយគង់ ជា​មនុស្ស​ក្បត់​ដែល​បាន​ធ្វើ​ឲ្យ​តា​ម៉ង់ និង​ទេសាសោម ស្លាប់ ប៉ុន្តែ​មិន​មាន​ភស្តុតាង ហើយ​ក៏​មិន​ហ៊ាន​ប្រាប់​ឧកញ៉ា សឺន គុយ តែ​ប្រហែល​ជា​តូច​ចិត្ត​នឹង​ខ្លួន​ឯង​មិន​អាច​ធ្វើ​អ្វី ភូឈួយគង់ កើត ក៏​បាន​ភៀស​ខ្លួន​ទៅ​ខេត្ត​ឃ្លាំង តែ​ម្តង​ទៅ។

ចំណែក​ឧកញ៉ា សឺន គុយ វិញ បើ​ទោះ​ជា ភូឈួយគង់ បាន​ក្បត់ និង​សហការី​របស់​លោក​មួយ​ចំនួន​បាន​ស្លាប់​ក្តី ក៏​មេទ័ព​យួន អុងឡូវ មិន​អាច​ចាប់​ខ្លួន​លោក​បាន​ដែរ។ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​បាន​លើក​ឡើង​ថា ដោយ​មិន​អាច​ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ បាន មេ​ទ័ព​យួន អុងឡូវ បាន​បញ្ជា​ឲ្យ​កូន​ចៅ​របស់​គេ​ដើរ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បង្ខំ​ឲ្យ​លោក​ឧកញ៉ា​ចេញ​សារភាព​ប្រគល់​ខ្លួន​ឲ្យ​គេ។ ពួក​គេ​ស្រែក​ថា គេ​នឹង​បញ្ចប់​សកម្មភាព​កាប់​សម្លាប់​ខ្មែរ​ត​ទៅ​ទៀត លុះ​ណា​តែ​ឧកញ៉ា សឺន គុយ យក​ជីវិត​មក​ប្ដូរ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ស្ដេច​យួន មិញ ម៉ាង ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ត្រូវ​ស្លៀកពាក់​តាម​របៀប​លោក​សង្ឃ​យួន ត្រូវ​កោរសក់​ទុក​ចិញ្ចើម ត្រូវ​ឆាន់​បាយ​ល្ងាច ត្រូវ​ស្លៀក​ខោ ត្រូវ​ពាក់​អាវ​ផាយ​ក​ត្រង់ ពណ៌​ឈាម​ជ្រូក និង​ពេល​សូត្រ​ធម៌​ត្រូវ​គោះ​ត្រឡោក។ ចំណែក​រាស្ត្រ​ខ្មែរ​ទាំង​ប្រុស​ទាំង​ស្រី​វិញ ត្រូវ​ទុក​សក់​វែង​ឲ្យ​ដល់​ចង្កេះ ហើយ​ត្រូវ​បួង​ជា​កំប៉ោយ​ឲ្យ​បាន​គ្រប់​គ្នា។

ទី​បំផុត ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ខ្មែរ​ត្រូវ​ទ័ព​របស់ អុងឡូវ ធ្វើ​បាប និង​កាប់​សម្លាប់​ត​ទៅ​ទៀត និង​ដើម្បី​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​ឲ្យ​ឋិត​នៅ​គង់វង្ស ឧកញ៉ា សឺន គុយ ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រគល់​ខ្លួន​ឲ្យ​យួន។ តែ​មុន​នឹង​ប្រគល់​ខ្លួន​ឲ្យ​យួន សម្លាប់ លោក​បាន​ឲ្យ​មេ​ទ័ព​យួន ដើរ​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ពួក​គេ​នឹង​មិន​បន្ត​សកម្មភាព​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទៀត​ទេ ហើយ​បញ្ជា​ដែល​ស្ដេច មិញ ម៉ាង ដាក់​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​អនុវត្ត​នោះ ក៏​ត្រូវ​ដក​ចេញ​វិញ​ដែរ។ មេ​ទ័ព​យួន អុងឡូវ បាន​ទទួល​យក​សំណូមពរ​នេះ។ បន្ទាប់​មក ឧកញ៉ា សឺន គុយ បាន​ប្រគល់​ខ្លួន​ឲ្យ​យួន។ លោក​ត្រូវ​បាន​យួន បញ្ជូន​ខ្លួន​ទៅ​កាត់​ក​នៅ​មុខ​មហាជន​ខ្មែរ នៅ​ទី​រួម​ខេត្ត​ព្រះត្រពាំង។

ឯកសារ​ខ្លះ ដូច​ជា​សៀវភៅ​ប្រវត្តិ​ចៅហ្វាយ គុយ ដែល​រៀប​រៀង​ដោយ លោក កែវ សុវត្ថិ នៅ​ឆ្នាំ​១៩៧១ បាន​លើក​ឡើង​ថា ក្រោយ​ពេល​ឧកញ៉ា សឺន គុយ ត្រូវ​បាន​យួន សម្លាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​បាន​ស្នើ​មេ​ទ័ព​យួន​យក​សាកសព​របស់​លោក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ពោធិសាលរាជ ហៅ​វត្ត​កំពង់ ដែល​ស្ថិត​នៅ​ទី​រួម​ខេត្ត​ព្រះត្រពាំង ចំនួន ៧​យប់ ៧​ថ្ងៃ។ ក្រោយ​មក សព​របស់​លោក​ត្រូវ​បាន​បញ្ចុះ​ក្នុង​ចេតិយ​នៃ​វត្ត​ពោធិសាលរាជ នេះ​តែ​ម្តង។ ចេតិយ​នេះ សព្វថ្ងៃ​មាន​ត្រឹម​តែ​ខឿន​ប៉ុណ្ណោះ ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ជើង​ព្រះវិហារ ក្បែរ​ខ្លោងទ្វារ​ខាង​កើត​វត្ត។

និយាយ​ពី ភូឈួយគង់ ជន​ក្បត់​នោះ​វិញ មេ​ទ័ព​យួន អុងឡូវ មិន​ត្រឹម​តែ​មិន​ដឹង​គុណ និង​មិន​ប្រគល់​តំណែង​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឲ្យ​នោះ​ទេ នៅ​ទី​បញ្ចប់ ជន​ក្បត់​នេះ​ក៏​ត្រូវ​បាន​មេ​ទ័ព​យួន សម្លាប់​ចោល​ដោយ​កាត់​ក​ទម្លាក់​ពី​លើ​ស្មា នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​ជាមួយ​កងទ័ព​យួន ដែល​កំពុង​ផឹក​ស៊ី​សប្បាយ ដើម្បី​អបអរ​ចំពោះ​មរណភាព​របស់​ឧកញ៉ា សឺន គុយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។