ម្ចាស់អាជីវកម្មខ្មែរក្រោមអះអាងថា អាជ្ញាធរវៀតណាមរើសអើង និងបង្កការរំខានដល់អាជីវកម្មខ្មែរក្រោម
2021.03.30
ម្ចាស់អាជីវកម្មខ្មែរក្រោមបោះពុម្ពអាវយឺត អះអាងថា អាជ្ញាធរវៀតណាម រើសអើង និងបង្កការរំខានដល់អាជីវកម្មខ្មែរក្រោម។ ការលើកឡើងនេះ ដោយសារតែអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បានបង្ខំឲ្យម្ចាស់អាជីវកម្មខ្មែរក្រោមម្នាក់ ចុះហត្ថលេខាលើឯកសារមួយ ប៉ុន្តែមិនឲ្យលោកអាន ក្រោយពេលលោកបានបោះពុម្ពអាវយឺត ដែលដាក់អក្សរថា “ខ្មែរក្រោមសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា”។
ម្ចាស់រោងពុម្ព លោក ថាច់ សាង កំពុងស្វែងរកកិច្ចអន្តរាគមន៍ និងយុត្តិធម៌ពីអង្គការសង្គមស៊ីវិលនានា ចំពោះការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។ កាលពីថ្ងៃទី២៩ មីនា អាជ្ញាធរចម្រុះវៀតណាមជាច្រើននាក់ បានចុះមកដល់ផ្ទះ និងជារោងបោះពុម្ពរបស់លោក ថាច់ សាង ហើយសាកសួរលោកករណីបោះពុម្ពអាវយឺតឲ្យស្ត្រីខ្មែរក្រោម ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ លោក ថាច់ សាង ប្រាប់អាស៊ីសេរីថា អាជ្ញាធរវៀតណាមបានបង្ខំឲ្យលោកចុះហត្ថលេខាលើលិខិតមួយ ដោយមិនឲ្យពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យលោកអាន និងយល់ ខ្លឹមសារនៃលិខិតនោះទេ។ អាជ្ញាធរវៀតណាមក៏បានបង្ខំឲ្យលោកលុបវីដេអូ និងព័ត៌មានទាំងឡាយស្តីពីសកម្មភាពដែលអាជ្ញាធរវៀតណាមរឹបអូសអាវយឺត ដែលមានអក្សរថា “ខ្មែរក្រោម សាទរទិវា សិទ្ធិនារីអន្តរជាតិ ៨ មីនា” ចេញពីទំព័រហ្វ៊េសប៉ុកលោក និងមិត្តភ័ក្ដិរបស់លោក។
លោក ថាច់ សាង ចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមថា ជាការរើសអើងនឹងអាជីវករខ្មែរក្រោម និងជាការសងសឹក ដោយសារតែលោកហ៊ានបោះពុម្ពអាវយឺតលើកស្ទួយសិទ្ធិរបស់នារីខ្មែរក្រោម៖ «ខ្ញុំជាអ្នករកស៊ីម្នាក់ បោះពុម្ពលើអាវយឺតហ្នឹង។ ខ្ញុំឃើញបងប្អូនចុះឡើង ខ្ញុំមានការធុញទ្រាន់ដែរ ដូចជា ការគំរាមកំហែង ឬក៏ជាការបង្ខិតបង្ខំឲ្យខ្ញុំទទួលទោសកំហុស»។
លោក ថាច់ សាង បន្តទៀតថា បន្ទាប់ពីលោកបដិសេធមិនចុះហត្ថលេខាលើលិខិតរបស់អាជ្ញាធរវៀតណាមនោះ លោកក៏បានថតរូបភាពវីដេអូបន្តផ្ទាល់តាមបណ្ដាញសង្គម (Facebook) ពីសកម្មភាពអាជ្ញាធរវៀតណាម ទើបពួកគេនាំគ្នារត់ជាន់ជើងគ្នាចេញពីផ្ទះរបស់លោកវិញ។
ការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមនេះ ក្រោយពេល អាជ្ញាធរកាលពីថ្ងៃទី៤ មីនា បានរឹបអូសអាវយឺតជាង១០ ពីរោងពុម្ពរបស់ លោក ថាច់ សាង។ យុវជនខ្មែរក្រោម បានជួលលោក ថាច់ សាង ឲ្យបោះពុម្ពអាវយឺត ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨នាទី។ ទោះបីអាជ្ញាធរវៀតណាមបានព្យាយាមទប់ស្កាត់មិនឲ្យខ្មែរក្រោមប្រារព្ធទិវាសិទ្ធិនារីក៏ដោយ ក៏យុវជនខ្មែរក្រោមបានជោគជ័យរៀបចំទិវាសិទ្ធិនារី ៨មីនា ដោយបានពាក់អាវ ដែលដាក់ពាក្យថា “ខ្មែរក្រោមសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា”។ យុវជនខ្មែរក្រោមអះអាងថា ពួកគេចង់ប្រារព្ធទិវាសិទ្ធិនារី ៨មីនា ដោយសារតែស្រ្តីខ្មែរក្រោមមិនទទួលបានសិទ្ធិស្មើភាពគ្នាដូចស្ត្រីជនជាតិវៀតណាម ហើយស្ត្រីខ្មែរក្រោមកំពុងតែទាមទារជាជនជាតិដើមកំណើតផងដែរ។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា បានថ្កោលទោសសកម្មភាពរបស់អាជ្ញាធរវៀតណាម ដែលបង្កការលំបាកដល់ពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក៖ «អាជ្ញាធរវៀតណាម គឺរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមហ្នឹងព្រោះថា ពលរដ្ឋខ្មែរក្រោម ខំរកស៊ីប្រចាំថ្ងៃធ្វើអាជីវកម្មបន្តិចនៅតាមផ្ទះហ្នឹងអាជ្ញាធរនៅតែរារាំង ហាមឃាត់ សម្លុតទៅដល់ពលរដ្ឋខ្មែរក្រោមជាបន្តបន្ទាប់ហ្នឹង ជាពិសេស គឺករណីថ្មីៗ នេះ យុវជនខ្មែរក្រោមគ្រាន់តែបោះពុម្ពអាវយឺតវៀតណាមរារាំងមិនឲ្យពលរដ្ឋខ្មែរក្រោមប្រើពាក្យខ្មែរក្រោមនៅអាវយឺតនោះ»។
ព្រះអង្គមានថេរដីកាបន្តថា ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមកំណើត ដូច្នោះពួកគេមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីបញ្ចេញមតិដោយអហិង្សា រួមទាំងការធ្វើប្រារព្ធទិវាសិទ្ធិនារីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។