ពលរដ្ឋខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម បានចាប់ផ្ដើមនាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ស្របពេល ពលរដ្ឋខ្មែរ រស់នៅប្រទេសកម្ពុជាដែរ។ ពលរដ្ឋខ្មែរក្រោម បាននាំគ្នា បញ្ជូនទូកង នៅតាមវត្ត ទៅអុំប្រណាំងគ្នា នៅទីតាំង២ គឺទន្លេបាសាក់ខេត្តឃ្លាំង និងដៃទន្លេមេគង្គ នៅទីរួមខេត្តព្រះត្រពាំង។
ពលរដ្ឋខ្មែរក្រោម បាននាំគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូក ចំពេលរដូវទឹកសម្រកនៅថ្ងៃទី១៤ និង ១៥កើត ខែកត្តិក ឬខែវិច្ឆិកា គឺពេលដំណាលគ្នាជាមួយព្រះរាជពិធីបុណ្យអុំទូកនៅទន្លេចតុមុខនៅ កម្ពុជាដែរ។ ពួកគេនាំគ្នាប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ដោយសារជាព្រះរាជពិធី របស់ដូនតាខ្មែរ បានបន្សល់ទុកទាំងពីបុរាណមក។
អាជីវករលក់ដូរ និងរស់នៅទីរួមខេត្តឃ្លាំង លោក ប្រាក់ ចិន្តា ប្រាប់ថា ទិដ្ឋភាពជារួម នៃការប្រណាំងទូកនៅខេត្តឃ្លាំង មានសភាពអ៊ូអរ ថ្វីត្បិតអាជ្ញាធរវៀតណាមមិនឲ្យពលរដ្ឋខ្មែរ ឈប់សម្រាកក៏ដោយ។ ខ្មែរក្រោម បានមកពីគ្រប់ទិសទីចូលរួមលេងបុណ្យអុំទូក នៅមាត់ទន្លេបាសាក់ខេត្តឃ្លាំង។ លោកប្រាប់ថា នៅឆ្នាំនេះ អ្នករៀបចំកម្មវិធីប្រណាំងទូក បានរៀបចំប្រាក់រង្វាន់ធំជាងរាល់ឆ្នាំ ទើបមានទូកច្រើនជាងឆ្នាំមុនមកចូលរួម។ លោកថា ឆ្នាំនេះ មានទូកចំនួន ៦៤ មកចូលរួមអុំប្រណាំង ហើយទូកទាំងនោះ សុទ្ធតែជាទូកខ្លាំង ឆ្លងកាត់ការអុំប្រណាំងយកទូកល្បឿនលឿន មកពីខេត្តឃ្លាំង ខេត្តក្រមួនស ខេត្តទឹកខ្មៅ ខេត្តព្រះត្រពាំងជាដើម។
លោក ប្រាក់ ចិន្តា ឲ្យដឹងថា ទូកទាំងអស់ សុទ្ធជាទូកវែង ហើយគ្មានទូករបស់ជនជាតិវៀតណាមទេ។ លោកថា ការប្រណាំងទូកនៅខេត្តឃ្លាំង ធ្វើឡើង២ថ្ងៃ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកត្តិក៖ « ឆ្នាំនេះ ទូកប្រុសមានចំនួន ៤៧ទូក ហើយទូកស្រី ១៧ទូក។ មកពីខេត្តបារាវ ហើយនឹងទឹកខ្មៅ តាយឹង ក្រមួនស ភាគច្រើន គឺខេត្តឃ្លាំងច្រើនជាងគេអ៊ីចឹងទៅណា ព្រោះអ្វីនៅទីនេះ ជិតទីរួមខេត្តយើង ហើយបើសិនជាពលរដ្ឋនៅខេត្តផ្សេងៗ ក៏មកចំនួនច្រើនដែរ។ គាត់មកលក្ខណៈថា តាមទូកង ក្រុមគាត់អ៊ីចឹងទៅណា ក៏មានចំនួនច្រើនដែរ។ ( អ្នកទស្សនា ) យួន ប្រហែលមាន ២០ភាគរយអ៊ីចឹងណា អត់ច្រើនទេ ខ្មែរបានមានចំនួនច្រើន។ ទូកយួន អត់មានតែម្ដង មានតែទូកខ្មែរទេ»។
ចំណែកពិធីបុណ្យអុំទូក នៅខេត្តព្រះត្រពាំងវិញ មិនមានទូកច្រើន ដូចនៅខេត្តឃ្លាំងទេ គឺមានទូកតែ៩ប៉ុណ្ណោះ អុំប្រណាំងនៅដៃទន្លេមេគង្គ ឬហៅថា ទន្លេកំប៉ុង នៅក្នុងទីរួមខេត្តព្រះត្រពាំង។ រាល់ឆ្នាំនៅខេត្តព្រះត្រពាំងមានទូកង តែ ៨គ្រឿងទេ គឺទូក១តំណាងឲ្យទូកខេត្ត និងទូក៧ តំណាងឲ្យស្រុកទាំង៧របស់ខេត្តព្រះត្រពាំង។ ឯឆ្នាំនេះ មានទូកមួយទៀត មកពីខេត្តលង់ហោ ក្បែរនោះ ចូលរួមប្រកួតដែរ។
ពិធីបុណ្យនៅកម្ពុជាក្រោម មិនមានការផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ជាតិវៀតណាមទេ។ តែបានផ្សាយផ្ទាល់តាមទូរទស្សន៍ខេត្តខេត្តឃ្លាំង និងទូរទស្សន៍ខេត្តព្រះត្រពាំង និងមានផ្សាយផ្ទាល់តាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តទាំងពីរនេះដែរ (Đua Ghe Ngo Sóc Trăng ប្រែថា ពិធីបុណ្យអកអំបុក ប្រណាំងទូក ង របស់ជនជាតិខ្មែរ)។ ទូក ង ដែលអុំប្រណាំងនៅខេត្តឃ្លាំង និងខេត្តព្រះត្រពាំង សុទ្ធជាប្រភេទទូកវែង ចំណុះជាង ៥០នាក់ និងលាបពណ៌ទូក ដូចទូកងប្រណាំងនៅប្រទេសកម្ពុជាដែរ។ ចំណែកឈ្មោះទូកវិញ ត្រូវបានខ្មែរក្រោមប្រសិទ្ធិនាម ឲ្យដូចឈ្មោះវត្ត ឬឈ្មោះស្រុក (និគម) របស់ពួកគេ។ ប៉ុន្តែឈ្មោះទូកងទាំងនោះ ត្រូវសរសេរម្ខាងជាអក្សរខ្មែរ និងម្ខាងទៀត ជាភាសាវៀតណាម។ ទូកខ្លះ មានដាក់ទង់ជាតិវៀតណាមនៅក្បាលទូក ពេលអុំប្រណាំង។ ឯការអត្ថាធិប្បាយ ក៏ធ្វើឡើងជាភាសាវៀតណាមដែរ។
ក្នុងចំណោមអតីតខេត្តខ្មែរចំនួន២១ នៅកម្ពុជាក្រោម មានខេត្តខ្លះ គ្មានទូកងទេ តែមានខ្មែរក្រោម បាននាំគ្នា ធ្វើដំណើរទៅមើលការប្រណាំងទូកនៅខេត្តឃ្លាំង។ ពលរដ្ឋខ្មែរក្រោម លោក ប្រាក់ ចិន្តា ប្រាប់ថា កម្មករខ្មែរធ្វើការនៅតំបន់ទីក្រុង នៃក្រុងព្រៃនគរ ក៏ស្កាត់មកចូលរួមមើលបុណ្យអុំទូកនៅខេត្តឃ្លាំងដែរ។
បុណ្យអុំទូកនៅកម្ពុជាក្រោម មិនសូវមានអ្នកមុខអ្នកការនៃប្រទេសវៀតណាម ចូលរួមទស្សនាទេ គឺសម្បូរតែជនជាតិខ្មែរ តែអាជ្ញាធរវៀតណាម បានរៀបចំដាក់ផ្ទាំងរូបថត អតីតមេដឹកនាំប្រទេសវៀតណាម លោក ហូ ជីមិញ នៅលើទូកធំ និងទូកតូច ជាច្រើន ដើម្បីបង្ហាញអ្នកចូលរួមទស្សនា។
គ្រូបាលីរងនៃវត្តពោធិ៍ ស្រុកពោធិ៍រម្យ ខេត្តឃ្លាំង លោកអាចារ្យ យ៉ាន់ វី ឲ្យដឹងថា ពីមុនជនជាតិខ្មែរ នៅកម្ពុជាក្រោម ជាអ្នករៀបចំផ្ដួចផ្ដើមព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាម បានចាត់បញ្ចូលព្រះរាជពិធីបុណ្យនេះ ជាកីឡាមួយប្រភេទរបស់វៀតណាម ដូច្នេះអាជ្ញាធរវៀតណាម ជាអ្នករៀបចំ។ បើទោះយ៉ាងណា លោកអាចារ្យ ប្រាប់ថា មិនមានទូក ង របស់ជនជាតិវៀតណាមចូលរួមអុំប្រណាំង ទេ ប៉ុន្ដែ ទូក ង ខ្លះ មានកីឡាករចំណុះទូក ជាជនជាតិវៀតណាម ដែលរស់នៅក្នុងភូមិស្រុក ជាមួយជនជាតិខ្មែរ នៅកម្ពុជាក្រោម៖ « យើងមានពេលមួយ អាត្មា ក៏មិនបានចាំឆ្នាំ គេក៏ហាមមិនឲ្យយើងអុំ។ គេមានគ្រោះថ្នាក់ធម្មជាតិ គេហាមមិនឲ្យអុំ តែខ្មែរយើងមិនខ្វល់ទេ ទោះអ្នកឯងមិនឲ្យអុំ ក៏ខ្មែរយើងមានគណៈកម្មការមួយ រៀបចំទូកទៅអុំបានដែរ»។
ចំណែក នៅពេលយប់វិញ ពលរដ្ឋខ្មែរនាំគ្នាធ្វើពិធីបណ្ដែតប្រទីប ៣យប់ជាប់គ្នា គឺយប់ថ្ងៃទី១៣ ទី១៤ និង ១៥កើត ខែកត្តិក។ នៅយប់ ១៥កើត គឺជាពេលសំពះព្រះខែ និងអកអំបុក។ ពលរដ្ឋខ្មែរក្រោម នាំគ្នាធ្វើពិធីបង្អកអំបុក ចេក ដំបូង គ្នាទៅវិញទៅមក ហើយសំពះព្រះខែ នៅតាមវត្តអារាម និងមានការបង្ហោះគោម។ ពុទ្ធបរិស័ទនៅវត្តមួយចំនួនទៀត នាំគ្នាបង្កើតកម្មវិធីរាំលេងកម្សាន្ត អបអរសាទរពិធីអកអំបុកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។