អាជ្ញាធរ​វៀតណាម​ បន្ត​តាម​ដាន​អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ក្រោយ​ចេញ​ពី​គុក

ដោយ យន់ សាមៀន
2019.03.06
Share on WhatsApp
Share on WhatsApp
​ពលរដ្ឋ​ខ្មែរ​ក្រោម​ ព្រះសង្ឃ​ខ្មែរ​ក្រោម​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​ ខែ​ មីនា​ ឆ្នាំ២០១៩ នៅ​ស្រុក​ជ្រោយ​ញរ ​ខេត្ត​ឃ្លាំង​ ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​ប្រមូល​ បច្ច័យ​ ដើម្បី​បន្ត​ការ​កសាង​ឧបដ្ឋានសាលា​ សម្រាប់​វត្ត លក្ខណ​វង្ស​ ឈូង​ធំ ៕
Provided

អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អ្នក​ទោស​មនសិការ​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត​ខ្មែរ​កម្ពុជា​ក្រោម ប្រាប់​អាស៊ី​សេរី កាល​ពី​ដើម​ខែ​មីនា​ថា ពួក​គេ​កំពុង​រស់​នៅ​​ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ កុម្មុយនិស្ត វៀតណាម​គ្រប់​ជំហាន បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព និង ការ​ស្វែង​រក​ប្រាក់​ចំណូល ដើម្បី​ចិញ្ចឹម​ជីវិត។ កាល​ពី​ឆ្នាំ២០១៣  ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ​ ត្រូវ​បាន​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ថា រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ទីបី ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ អតីតព្រះសង្ឃទាំងនោះត្រូវផ្តន្ទាទោសចាប់ពី២ឆ្នាំរហូតដល់ ៦ឆ្នាំ ដោយសារ​តែ​ព្រះ​សង្ឃ​ទាំង​នោះ បាន​បើក​សាលា​បង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះសង្ឃ និង​កូនៗ ខ្មែរ​កម្ពុជាក្រោម។ អតីត​ព្រះសង្ឃ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​រួច​ផុត​ពី​ពន្ធនាគារ​ប្រាប់​អាស៊ី​សេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ថា លោក​កំពុង​រស់​នៅ​ក្នុង​គុក គ្រាន់​តែ​គ្មាន​ជញ្ជាំង​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​ក្ដៅ​ក្រហាយ​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម្ដេច ព្រោះ​ខ្ញុំ​នៅ​ទី​នេះ​មាន​គ្នា​តិច ហើយ​ប្រសិន​បើ​ខ្ញុំ​ងើប​ឈរ​ឡើង​តវ៉ា​មួយ​លើក​ទៀត គេ​នឹង​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ ហេតុ​នេះ​កំពុង​តស៊ូ​រស់​នៅ​ទាំង​កម្សត់។ ទោះ​បី​ខ្វះ​ខាត​យ៉ាង​ណា ខ្ញុំ​បាន​រស់​មួយ​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​តាម​ចិត្ត ហើយ​គ្មាន​អនាគត»

លោកបន្តថា ក្រោយចេញ​ពី​ពន្ធនាគារ​លោក​បាន​ព្យាយាម សុំ​អាជ្ញាធរ​វៀតណាម ​ដើម្បី​បួស​ជា​សង្ឃ​វិញ​ប៉ុន្តែ​ ត្រូវ​វៀតណាម​បដិសេធ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ មិន​ខុស​គ្នា​ពីរ អតីត​ព្រះសង្ឃ​ម្នាក់​ទៀត ដែល​ជាប់​ពន្ធនាគារ រយៈ​ពេល ៣ឆ្នាំ ក្រោម​បទ​ចោទ​ថា ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​នោះ ក៏​អះអាង​ដែរ​ថា លោក​ត្រូវ​បាន​ចារកម្ម​វៀតណាម​តាម​ដាន​ទាំង​យប់ និង​ថ្ងៃ ក្រោយ​លោក​ចេញ​ពី​ពន្ធនាគារ។ លោក​ថា លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ការងារ​ នៅកន្លែង​ឆ្ងាយ​បាន​នោះ​ទេ។ លោក​បន្ត​ថា ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​ហើយ បាន​បង្ខំ​ឲ្យ​លោក​ត្រូវ​ជ្រើសរើស​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត៖ «ឥឡូវ​នេះ បាន​ន័យ​ថា គេ​ឲ្យ​យើង​គេ​ឲ្យ​យើង​នៅ​មួយ​ដុំ។ រដ្ឋាភិបាល​វៀតណាម ដូច​ជា​ប៉ូលិស​សំងាត់ គេ​មិន​ចង់​ឲ្យ​យើង​ទៅ​ណា​ឆ្ងាយ​ទេ។ គេ​ចង់​ឲ្យ​យើង​នៅ​មួយ​ដុំ​សម្រាប់​គ្រប់គ្រង​យើង។ មើល​ឃើញ​រាល់​ថ្ងៃ​ថា យើង​មាន​សកម្មភាព​អី។ យើង​ធ្វើ​អ្វី គេ​ដឹង​ទាំង​អស់»

យ៉ាងហោចណាស់ ក៏មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ដែល​វៀតណាម​ចាប់​ផ្សឹក​ទាំង​ខុស​វិន័យ​ព្រះពុទ្ធសាសនា ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទ្រង់​ទ្រាយ​ធំ កាល ២០១៣ កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។ ព្រះអង្គ ថាច់ ធឿន នឹង​ត្រូវ​តុលាការ​វៀតណាម​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៦ឆ្នាំ។ លោក​នឹង​ត្រូវ​ដោះលែង​ក្នុង​រយៈ​ជាង​ពីរ​ខែ​ខាង​មុខ​នេះ។​ ការ​អះអាង​មន្រ្តី​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម ស្រប​ទៅ​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​របស់​អាមេរិក។

របាយការណ៍​សិទ្ធិ​មនុស្ស​ក្រសួង​ការ​បរទេស​អាមេរិក​សម្រាប់​ឆ្នាំ២០១៧ រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម បាន​បន្ត​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា ការ​ដក​ហូត​សេចក្ដី​ថ្លៃថ្នូរ​ពី​ជីវិត​មនុស្ស ដោយ​អនាធិបតេយ្យ និង​ខុស​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ អមនុស្សធម៌ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​យ៉ាង​អនាធិបតេយ្យ ការ​រំលោភ​បំពាន​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ រួម​មាន​ការ​បដិសេធ​មិន​ផ្ដល់​មេធាវី​ឲ្យ​ជន​ជាប់​ចោទ ការ​បដិសេធ​មិន​ឲ្យ​សាច់​ញាតិ​ជួប​អ្នក​ជាប់​ឃុំ និង​មិន​ផ្ដល់​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។ របាយការណ៍​រក​ឃើញ​ទៀត​ថា អាជ្ញាធរ​វៀតណាម​ក៏​បាន​ជ្រៀតជ្រែក​កិច្ចការ​ឯកជន​របស់​ពលរដ្ឋ ការ​រឹតត្បិត​សិទ្ធិ​​សេរីភាព​ដើរ​ហើរ បញ្ចេញ​មតិ ការ​ជួប​ជុំ​សាសនា និង​ការ​រឹតត្បិត​សិទ្ធិ​សេរី​របស់​សារ​ព័ត៌មាន អ៊ិនធឺណែត និង​អំពើ​ពុក​រលួយ។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​វិញ មាន​ការ​តឹងរ៉ឹង និង​ពេល​ខ្លះ​បាន​គំរាម​កំហែង​ដល់​ជីវិត​អ្នក​ជាប់​ឃុំ​ទៀត​ក៏​មាន ដោយសារ​តែ​អាហារ​ឲ្យ​អ្នក​ទោស​មិន​គ្រប់គ្រាន់ គ្មាន​អនាម័យ និង​បន្ទប់​តូច​ចង្អៀត​ណែន​ជា​ដើម។ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក រក​ឃើញ​ថា ឆ្មាំ​ពន្ធនាគារ​តែង​ធ្វើ​បាប​ផ្នែក​រាងកាយ​ដល់​អ្នក​ទោស​មនសិការ អ្នក​ទោស​នយោបាយ ជនជាតិភាគតិច និង​ក្រុម​សាសនា។ ឆ្មាំ​ពន្ធនាគារ​វៀតណាម​ក៏​មិន​ផ្ដល់​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​អ្នក​ជាប់​ឃុំ និង​ដាក់​អ្នក​ត្រូវ​ឃុំឃាំង​នៅ​ឯកា​ម្នាក់​ឯង​ក៏​មាន។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ទោស​នយោបាយ និង​សាសនា​ប្រមាណ ១០០នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​វៀតណាម។ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​រដ្ឋធម្មនុញ្ញ​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ធ្វើ​ដំណើរ​នៅ​ក្នុង​ស្រុក ការ​ធ្វើ​ដំណើរ​ទៅបរទេស និង​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ក៏ដោយ ប៉ុន្តែ​វៀតណាម បាន​ដាក់​កម្រិត​ដល់​ការ​ធ្វើ​ដំណើរ​របស់​បុគ្គល​មួយ​ចំនួន ដែល​ត្រូវ​បាន​កាត់​ទោស​ឬ​ចោទ​ប្រកាន់​ថា បាន​រិះគន់ ឬ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ របាយការណ៍​កត់​សំគាល់​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម​ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដែរ។ ពួក​គេ​មួយ​ចំនួន​បាន​គេច​ចេញ​ពី​វៀតណាម ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី ដោយសារ​តែ​ការ​រំលោភ​បំពាន ហើយ​នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​វិញ តែងតែ​ត្រូវ​បំពាន ឃុំឃាំង និង​សួរ​ចម្លើយ និង​តាម​ដាន​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​លោក​សេរី​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា ពួក​គេ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ទាំង​ផ្លូវ​ចិត្ត និង​កាយ ដោយសារ​តែ​តស៊ូ​ទាមទារ​សិទ្ធិ​សេរី សាសនា និង​ការ​រៀន​សូត្រ​អក្សរ​ខ្មែរ។ ពួក​គេ​ត្រូវ​បាន​ឆ្មាំ​គុក​វៀតណាម​វាយ​ធ្វើ​ទារុណកម្ម​ដោយ​ប្រើប្រាស់​បច្ចេកទេស​មិន​ឲ្យ​មាន​ស្នាម​របួស និង​បង្ខំ​ឲ្យ​សន្យា​ថា មិន​ប្រាប់​អ្នក​ផ្សេង​ករណី​ធ្វើ​ទារុណកម្ម ហើយ​ពួក​គេ​ត្រូវ​វៀតណាម​ចាក់​ថ្នាំ ដោយ​មិន​ប្រាប់​មូលហេតុ​ទៀត​ផង។ អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ស្នើសុំ​វៀតណាម​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច មាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​អាច​ចូល​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា​ឡើង​វិញ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ និង​ចាក​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ប្រទេស​ទីបី បើ​មាន​អ្នក​ទទួល​យក៖ «បំណង​ធំ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ចេញ​ពី​ផុត​ពី​ស្រុក​យួន​នេះ។ ខ្ញុំ​ចង់​បួស​ព្រោះ​ខ្ញុំ​មាន​បំណង​សង​គុណ​លោក​ឪពុក ពី​ព្រោះ​គាត់​ស្លាប់​ពេល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ។ ខ្ញុំ​ចង់​បួស​សង​គុណ​គាត់។ តើ​រាល់​ថ្ងៃ​យើង​នេះ ខ្ញុំ​ជួប​ឧបសគ្គ​អ្វី​ខ្លះ គឺ​ឧបសគ្គ​ជើង​ដៃ មិត្ត។ ពេល​ដែល​យើង​ជួប​ជុំ​គ្នា​យើង គឺ​មាន​គេ​ឃ្លាំ​មើល​ទាំង​អស់។ ខ្ញុំ​សួរ​ថា ខ្ញុំ​ចេញ​ពី​គុក​ហើយ ខ្ញុំ​មាន​ទោស​អី​ទៀត។ ខ្ញុំ​សង​រដ្ឋាភិបាល (វៀតណាម) ហើយ​តើ។ នៅ​តែ​ឃ្លាំ​មើល​ខ្ញុំ តើ​ខ្ញុំ​ធ្វើ​អី​ខុស

ចំពោះ​ករណី​ធ្វើ​ទារុណកម្ម​តាម​បែប​ដាក់​គុក​ឥត​ជញ្ជាំង​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​សិទ្ធិ​ដោះ​ស្រាយ​ទេ​ ដោយសារ​តែ​ខ្មែរ​កម្ពុជា​ក្រោម​ឋិតនៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។ អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ការ​ទូត​វៀតណាម​នៅ​កម្ពុជា ដើម្បី​សាកសួរ​ករណី​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​មន្ត្រី​ការ​ទូត​វៀតណាម​មិន​ឆ្លើយ​សំណួរ​អាស៊ី​សេរី​នោះ​ទេ រហូត​មក​ទល់​នឹង​ដើម​ខែ​មីនា​នេះ។ ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង​ក៏​ដោយ ប៉ុន្តែ​សហព័ន្ធ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នឹង​បញ្ជូន​តំណាង​មន្ត្រី​សហព័ន្ធ​ម្នាក់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អង្គការ​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ជម្រាប​ជូន​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​អមនុស្សធម៌​នេះ។ នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ានរិន ប្រាប់​អាស៊ី​សេរី​ថា ប្រតិភូ​ខ្មែរ​ក្រោម​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​ចំណុច​សម្រាប់​សហគមន៍​អន្តរជាតិ៖ «យើង​នឹង​រាយការណ៍​អ្វី ដែល​កើត​ឡើង​នៅ​កម្ពុជា​ក្រោម។ អ្វី​ដែល​យួន​មិន​ទទួល​ស្គាល់ ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ។ យើង​នឹង​ជម្រាប​ទៅ​អង្គការ​សហប្រជាជាតិ​ខាង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ធ្វើ​នយោបាយ​ហ្នឹង​ឯង។ បើ​ខាង​ធ្វើ​នយោបាយ​ហ្នឹង យើង​គ្មាន​សោះ»

បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០១៩ ខាង​មុខ​នេះ មាន​រយៈ​ពេល ៧០ឆ្នាំ​ហើយ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​ថ្ងៃ​បាត់​បង់​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​នេះ នៅ​ក្នុង​អគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ (La Hague) ប្រទេស​ហូឡង់ នៅ​ថ្ងៃ​សៅរ៍ ទី១ មិថុនា។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង គោល​បំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ គឺ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​ឈាន​ទៅ​ទាមទារ​អាជ្ញាធរ​វៀតណាម​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។