សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចងក្រង​សៀវភៅ​ប្រវត្តិ និង​រូប​ថត​វត្ត​អារាម ទូទាំង ២១ខេត្ត​ក្រុង នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម

0:00 / 0:00

សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចងក្រងសៀវភៅ ប្រវត្តិ និងរូបថត វត្តវគ្គទី១ នៅទូទាំង ២១ខេត្តក្រុង នៅលើទឹក​ដីខ្មែរកម្ពុជាក្រោម ដើម្បីឲ្យកូនខ្មែរកម្ពុជាក្រោមនៅ​ជំនាន់​​ក្រោយ​អាច​ស្វែង​យល់​ទៅ​ថ្ងៃ​អនាគត។ តើ​វត្ត​ផ្តល់​សារៈ​សំខាន់​អ្វី​ខ្លះ ដែល​ខ្មែរ​កម្ពុជា​ក្រោម ក្រៅ​តែ​ពី​ជា​​ទី​កន្លែង ដើម្បី​គោរព​បូជា​​ផ្នែក​ព្រះពុទ្ធសាសនា?

សៀវភៅ ដែលមានចំណងជើងថា "វត្តនៅកម្ពុជាក្រោម" ដែលរៀបរៀងដោយ នាយកដ្ឋានព័ត៌មាន​ សហព័ន្ធ​​ខ្មែរកម្ពុជា​ក្រោម ឲ្យដឹងថា វត្តដែលមានអាយុចាស់​ជាងគេ​នៅលើទឹកដីកម្ពុជាក្រោមគឺមុនពេលដែល​​វៀតណាម បានចូលឈ្លានពាន​ និង​រស់​នៅ​លើ​​ទឹក​ដី​កម្ពុជា​ក្រោម​មាន​ឈ្មោះ​ថា "វត្ត សម្បូររង្ស៊ី" ដែល​ពលរដ្ឋ​​ខ្មែរ​ក្រោម​ស្គាល់​ថា "វត្ត សម្បួរ" ដែល​ឋិត​ក្នុង​ឃុំ​ក្រសាំង ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង។

វត្តមាននេះ បានកកើតក្នុងពុទ្ធសករាជ ៩១៦ បើគិតមកទល់ឆ្នាំ២០១៩ នេះ មានអាយុកាល ១៦៤៦ឆ្នាំ​ហើយ។ ឯកសារ​កសាង​វត្ត ឲ្យដឹងថា វៀតណាម បាន​ចូលមកវាតទីទឹកដី​ព្រៃនគរ កាលពីចុង​សតវត្សរ៍ទី​១៧ ក្នុងឆ្នាំ១៦៩៨។ ដូច្នេះ វៀតណាម បាន​ចូល​មក​​វាត​ទីដែនដីកម្ពុជាក្រោម​ក្រោយខ្មែរក្រោម​បានកសាង វត្ត​សម្បូររង្ស៊ី កាលពីឆ្នាំ១៣១៦។​ ខ្មែរកម្ពុជាក្រោម​ទើបបាត់បង់​ទឹក​ដី​រយៈ​ពេល ៧០ឆ្នាំ ដោយសារ​តែបារាំងបាន​កាត់ទឹកដីខ្មែរក្រោម​ឲ្យវៀតណាម​ទាំងខុស​ច្បាប់កាល​ពី​ឆ្នាំ ១៩៤៩។ ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) មាន​ថេរ​ដីកា​ថា សហព័ន្ធ​បាន​សរសេរ​សៀវភៅ​ពី​ប្រវត្តិ​វត្ត ដោយសារតែ​នៅ​​កម្ពុជា​ក្រោម ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម អាច​ចង​​ក្រង​​​សៀវភៅ​ប្រវត្តិសាស្ត្រ​បាន​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​សៀវភៅ​នេះ ក៏​នឹង​ផ្តល់​ចំណោះ​ដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ថែម​ទៀត៖ «វត្ត ជាអត្តសញ្ញាណ​របស់​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​ថា នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម មាន​តែវត្តហ្នឹងហើយជា​អត្តសញ្ញាណ ដែល​ខ្មែរ​កម្ពុជា​ក្រោម​យើង​គោរព​ប្រតិបត្តិ បូជា​ព្រះពុទ្ធ​សាសនា»។

មកទល់នឹងឆ្នាំ ២០១៨ វត្តនៅកម្ពុជាក្រោមមានចំនួន ៤៦១វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយ​អង្គ។ ខ្មែរ​ក្រោម​អះអាង​ថា ប្រសិនបើខ្មែរ​ក្រោមបាត់បង់វត្តអារាម មាន​ន័យ​ស្មើ​នឹង​បាត់បង់​ទឹក​ដី វប្បធម៌ និង​ពូជពង្ស​ខ្មែរ​ក្រោម​តែ​ម្តង។ ខ្មែរ​កម្ពុជា​ក្រោម ក៏​រក្សាទីវត្តអារាម ដើម្បី​សហគមន៍​អន្តរជាតិ​ដឹង​ថា ខ្មែរ​ក្រោម ជាជនជាតិដើមកំណើតនៅ​លើទឹកដីខ្មែរ​កម្ពុជាក្រោម​ ដែល​វៀតណាម​បាន​វាត​ទី​គ្រប់គ្រង មិន​ដូចវៀតណាមដែលអះអាងថា ខ្មែរក្រោមជាជនជាតិភាគ​តិចរស់នៅលើទឹក​ដី​វៀតណាម​​នោះ​​ទេ។

ព្រះអង្គ សឺង យ៉ឹងរតនា មានសង្ឃដីកាបន្តទៀតថា វត្តអារាមនៅខ្មែរក្រោម ក្រៅពីដើម្បីរក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម វត្ត​ក៏​ជា​ទី​កន្លែង​ផ្តល់​ដំណេះ​ដឹង​ផ្នែក​​ភាសា​ខ្មែរ​ដល់​​កូន​ខ្មែរ​ក្រោម​​ជំនាន់​​ក្រោយ​​ថែម​ទៀត​​ផង។ បច្ចុប្បន្ន​នេះ វៀតណាម​​មិន​អនុញ្ញាត​​​ឲ្យ​​​សាលា​រៀន​​​រដ្ឋ​​បង្រៀន​ភាសា​ខ្មែរ​នោះ​ទេ។ ដូច្នេះ​មានតែវត្តទេ ជាទីកន្លែង​បង្រៀនភាសាខ្មែរបាន៖ «តាម​វត្តអារាមនិមួយៗ ហ្នឹង​បើក​សាលា​រៀន​ឲ្យ​ព្រះ​សង្ឃរៀនសូត្រ ជាភាសាជាតិរបស់ខ្លួន។ ចង់និយាយថា វត្តមានតួនាទី​សំខាន់​សម្រាប់​​បណ្តុះបណ្តាល​ប្រជាពលរដ្ឋឬក៏ព្រះសង្ឃនៅលើដែនដីកម្ពុជា​ក្រោម»

សហព័ន្ធខ្មែរក្រោមឲ្យដឹងថា វៀតណាមកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងខ្មែរក្រោមជំនាន់​ក្រោយ​កុំឲ្យស្វែងរកពី​ប្រវត្តិ​សាស្រ្តពិតប្រាកដ ដែលវៀតណាមបានលេបត្របាក់ទឹកដីខ្មែរក្រោម។ យ៉ាងហោចណាស់​ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរវៀតណាមចាប់ផ្សឹកនិងដាក់​ពន្ធនាគារ ដោយសារតែព្រះសង្ឃ​បង្រៀនប្រវត្តិសាស្រ្តខ្មែរក្រោម និង​ផ្តល់ព័ត៌មានពី​ស្ថានភាពនៃ​ការ​រំលោភសិទ្ធិខ្មែរ​ក្រោមនៅវៀតណាម​ទៅឲ្យ​សហគមន៍ខាងក្រៅបានដឹង​ឮ។

របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយកាលពីថ្ងៃទី១៣ មីនា រក​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន​ឡើង។ របាយការណ៍​នោះ​បន្ត​ថា ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នោះ រួម​មាន ការ​ឃុំឃាំង​ទាំង​ខុស​ច្បាប់ និង​សម្លាប់​ដោយ​អនាធិបតេយ្យ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឹណិត​ជា​ដើម។ អតីតព្រះចៅអធិការវត្ត ដែលវៀតណាមចាប់ដាក់ពន្ធនាគារ ​ដោយ​សារ​​តែ​​ព្រះ​អង្គ​មិន​ចុះញ៉មនឹងការគំរាមកំហែងឲ្យដឹងថា វត្តអារាម​ជា​កន្លែង​បណ្តុះបណ្តាល​ឲ្យ​​ខ្មែរ​​ក្រោម​​បន្ត​អនុវត្ត​ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ។ បើ​គ្មាន​វត្ត​ទេ វប្បធម៌ និង​​ប្រពៃណី​ខ្មែរ​នឹង​បាត់​បង់​​ជា​​មិន​​ខាន៖ «នៅខ្មែរកម្ពុជាក្រោមយើងហ្នឹង សព្វ​​ថ្ងៃ​​​​មាន​​​តែ​​វត្ត​​ទេ ជា​​ឫស​​គល់​ទាំង​វប្បធម៌ ទាំង​​អក្សរសាស្រ្ត ទាំង​​ប្រពៃណី និង​​ទំនៀមទម្លាប់។ ខ្មែរ​​ក្រោម​​មាន​​តែ​វត្ត​ទេ ដែលជាមូលដ្ឋាននិងជា​ឫស​គល់​ទាំង​អស់»

លោកបន្តទៀតថា ដោយសារតែបច្ចេកវិទ្យាទំនើបសម័យឥឡូវតាមរយៈប្រព័ន្ធបណ្តាញសង្គម ​យុវជនខ្មែរក្រោមជំនាន់​​ក្រោយ​នេះ កំពុង​តែ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ពួកគេតាម​រយៈ​ការមកកំសាន្ត នៅតាមទីវត្ត និង​ការ​សាកសួរ​រៀនសូត្រ​ពី​ព្រះសង្ឃ៖ «ខ្ញុំឃើញគេមកវត្តច្រើន​ណាស់សម័យឥឡូវនេះ។ គេដឹងប្រវត្តិខ្មែរច្រើនណាស់។ ទោះ​បី​គេ​នៅ​ឆ្ងាយ​ពី​វត្ត​ក៏​ដោយ មាន​​ប្រព័ន្ធ​​អ៊ិនធឹណែត​​ច្រើន គេ​ស្តាប់​យល់​ហើយ​គេ​មក​វត្ត​ច្រើន»

លោកស្នើឲ្យពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស បន្តសាមគ្គី ជួយជាថវិកា និងការគាំទ្រដល់ខ្មែរកម្ពុជា​ក្រោម ដែល​​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ដើម្បីអាចរក្សាការពារ និង​រក្សា​វត្ត​អារាម​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។