ខ្មែរ​ក្រោម​ស្វាគមន៍​​ថៃ​ដែល​អនុម័ត​នីតិវិធី​ពិនិត្យ​ជន​ភៀស​ខ្លួន ដែល​ត្រូវ​ការ​ការ​ការពារ​ពី​អន្តរជាតិ

ដោយ យន់ សាមៀន
2020.01.05
ប្រាក់ សេរីវុឌ្ឍ  ៦២២ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។
រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជាប់​ផុង​នៅ​ប្រទេស​ថៃ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ស្វាគមន៍​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថៃ ដែល​បាន​អនុម័ត​យន្តការ​ពិនិត្យ​ស្វែងរក​ជនភៀសខ្លួន​ពិតប្រាកដ ដើម្បី​ញែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ផ្នែក​សេដ្ឋកិច្ច។ ពួកគេ​លើកឡើង​ថា យន្តការ​នេះ ជា​ជំហាន​ដំបូង​មួយ​របស់​ថៃ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ជនភៀសខ្លួន​ទូទៅ ដែល​សព្វថ្ងៃ​កំពុង​ព្រួយបារម្ភ​ពី​ការ​ចាប់​បញ្ជូន​ទៅ​ស្រុកកំណើត ដែល​ពួកគេ​អាច​ប្រឈម​មុខ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ។

ជនភៀសខ្លួន​ខ្មែរ​ក្រោម ដែល​មក​សំងំ​លាក់ខ្លួន​នៅ​ទីក្រុង​បាងកក អស់​រយៈពេល ៦​ឆ្នាំ មក​ហើយ​នោះ​ឱ្យ​ដឹង​ថា លោក​សង្ឃឹមថា យន្តការ​ថ្មី​របស់​អាជ្ញាធរ​នេះ អាច​អនុញ្ញាត​ឱ្យ​ពួកគេ​ស្នាក់នៅ និង​ស្វែងរក​ការងារ​ធ្វើ​នៅ​ថៃ ដោយ​ស្របច្បាប់។ លោក លី ឈូន ដែល​បាន​រត់​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារតែ​បង្រៀន​អក្សរ​ខ្មែរ មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ថៃ​នឹង​ធ្វើ​ឱ្យ​លោក​ស្ងប់ចិត្ត​បន្តិច ​ដើម្បី​អាច​បន្ត​រស់នៅ​ស្រុក​ថៃ​បាន៖ «បញ្ហា​ដែល​រដ្ឋាភិបាល​ថៃ​បាន សម្រេច​ចេញ​ច្បាប់​ដើម្បី​សម្រួល​ដល់​ជន​ភៀស​ខ្លួន​​ឱ្យ​រស់នៅ​ដោយ​ស្របច្បាប់​នេះ​វា​ល្អ​ហើយពី​ព្រោះថា ជនភៀសខ្លួន​សព្វថ្ងៃ​ហ្នឹង​ ថៃ​គេ​ចាត់ទុកថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់»

ទោះបីជា​យ៉ាងណា លោក​ថា លោក​នៅតែ​ព្រួយបារម្ភ​ថា ថៃ​នៅតែ​អាច​បន្ត​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​កម្ពុជា ប្រសិនបើ​មាន​សំណើ​ពី​រដ្ឋាភិបាល​កម្ពុជា​។ លោក​ស្នើ​ឱ្យ​ថៃ​ត្រូវ​លុប​កិច្ចព្រមព្រៀង ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​ស្រុកកំណើត​វិញ ទើប​ជនភៀសខ្លួន​មាន​សុវត្ថិភាព៖ «ច្បាប់​ដែល​រដ្ឋាភិបាល​ថៃ​បាន​ចេញ​ហើយ​ណា ធ្វើ​ម្ដេច​កុំ​ឱ្យ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ទៅ​ស្រុកកំណើត​។ ទី​ពីរ​មួយ​មើល​សំណុំរឿង​ខ្មែរ​ក្រោម ពីព្រោះ​គាត់​មិន​អាច​នៅ​ក្រោម​បានទេ ពីព្រោះ​គាត់​នៅតែ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម»

ចំណែក​ជនភៀសខ្លួន​ខ្មែរ​ក្រោម អ្នកនាង ជី ឃុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ទោះបី​នាង​បាន​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន​ពី​អង្គការ​ប្រស​ហ​ប្រជាជាតិ​ទទួល​បន្ទុក​​ជន​ភៀស​ខ្លួន​ក៏ដោយ ក៏​អ្នកនាង​រស់​យ៉ាង​លំបាក ដោយសារតែ​នាង​ធ្វើការ​ងារ ​និង​ស្នាក់នៅ​មិន​ស្របច្បាប់​។ អ្នកនាង​ថា អ្នកនាង​រស់នៅ​ដោយ​លួចលាក់ ដើម្បី​ប្រាក់​ដោយ​ខុសច្បាប់ រង់ចាំ​ការសម្រេច​របស់​អង្គការ​សហប្រជាជាតិ​​​ទទួល​​បន្ទុក​​ជន​ភៀស​ខ្លួន ​ដើម្បី​​អាច​​ទៅ​​រស់​នៅ​​ប្រទេស​​ទី​បី​​បាន។

ជន​ភៀស​ខ្លួន​ជនជាតិ​ខ្មែរ​ក្រោម​ជាង ២០០​រយ​នាក់ បន្ត​ជាប់​ផុង​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី មិន​ទាន់​បាន​សម្រេច​។ ជនភៀសខ្លួន​មួយ​ចំនួន​អះអាង​ថា ពួកគេ​ភៀសខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ ដោយសារតែ​ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ទាំង​សិទ្ធិ ដីធ្លី ការ​បញ្ចេញ​មតិ ការប្រើប្រាស់​បណ្ដាញ​សង្គម និង​សាសនា​ជាដើម​។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ឡើង​ថា ការ​រង់ចាំ​ការ​ផ្ដល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ទី​បី​របស់​ខ្មែរ​ក្រោម បណ្ដាល​ឱ្យ​ពួកគេ​រង​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។

កាលពី​ថ្ងៃ​ទី២៤ ធ្នូ ឆ្នាំ ២០១៩ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​យន្តការ​ស្វែងរក​ជន​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ញែក​ចេញពី​ជនភៀសខ្លួន​ដើម្បី​សេដ្ឋកិច្ច​។ ថៃ​មិនមែន​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​​ជនភៀសខ្លួន ឆ្នាំ១៩៥១ នោះ​ទេ ហើយក៏​គ្មាន​ច្បាប់​ស្ដីពី​ការស្វែងរក​សិទ្ធិ​ជ្រកកោន​ឱ្យ​បាន​ច្បាស់លាស់​ដែរ​។ ដូច្នេះ ​ប្រសិនបើ​គ្មាន​យន្តការ​ថ្មី​នេះ ជនភៀសខ្លួន​ទាំងអស់​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ ចាត់​ទុក​ថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ យន្តការ​ថ្មី​នេះ នឹង​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន អាច​ស្នាក់នៅ​ថៃ ដើម្បី​​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​បាន​ទៅ​ថ្ងៃ​អនាគត។

ចំពោះ​ការសម្រេច​នេះ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ភៀសខ្លួន (UNHCR) ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ចាត់​ទុក ការសម្រេច​របស់​ថៃ​ថា ជា​ជំហាន​គ្រឹះ​មួយ ដើម្បី​ធានា​ការ ការពារ​ដល់​ជន​ជៀស​ខ្លួន​នៅ​លើ​ទឹកដី​ថៃ ហើយ​យន្តការ​នេះ ស្រប​ទៅ​នឹង​ស្តង់​ការ​អន្តរជាតិ​ស្ដីពី​ការ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​។ អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ជំរុញ​ឱ្យ​សម្រេច​នូវ​យន្តការ​នេះ​។ របាយការណ៍ (UNHCR) ឱ្យ​ដឹង​ថា យ៉ាងហោចណាស់​ក៏​​​មាន​ជនភៀសខ្លួន​ចំនួន ១​សែន ១​ពាន់​នាក់​កំពុង​រស់នៅ​ប្រទេស​ថៃ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៤ មករា​​ថា លោក​​ក៏​​ស្វាគមន៍​​សេចក្ដី​​សម្រេច​​របស់​​រដ្ឋាភិបាល​ថៃ​ដែរ ពីព្រោះ​ករណី​​នេះ​នឹង​​ជួយ​សម្រួល​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម ហើយ​មិន​អាច​រស់នៅ​កម្ពុជា​បាន៖ «ខ្ញុំ​ត្រេកអរ​ដោយសារតែ​គេ​ទទួលស្គាល់​ បាន​សេចក្ដី​សុខ។ យ៉ាង​ហោច​ណាស់ ទោះបី​មិន​ទាន់​បាន​ទៅ​ក្រៅ នៅ​ប្រទេស​ថៃ​ក៏​យើង​មានលទ្ធភាព​ចេញចូល​រក​ការងារ​ធ្វើ​ដោយ​ស្រប​ច្បាប់»

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជនភៀសខ្លួន​ខ្មែរ​ក្រោម​មិនសូវ​ទទួល​​​បាន​បាន​ចាប់អារម្មណ៍​នោះ​ទេ នៅ​ប្រទេស​ថៃ​។ លោក​ថា មាន​ប្រទេស​តែមួយ​ចំនួន​តូច​តែប៉ុណ្ណោះ បាន​ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ពួកគេ​ជួបប្រទះ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយក៏​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​ពុករលួយ​ខ្លះ និង​ការ​កេង​ប្រវ័ញ្ច​​កម្លាំង​​ពលកម្ម​​ពី​សំណាក់​ថៅកែ​ថៃ ទទួល​បាន​ប្រាក់ខែ​តិច​ជាង​ប្រាក់ខែ​គោល។ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ផ្ដល់​ការ​ការពារ​ដល់​​ជន​ភៀស​ខ្លួន​​ខ្មែរ​​ក្រោម​​នៅ​​ថៃ​​ទាំង​នោះ ជា​ជាង​​ចាត់​​ទុក​​ពួក​គេ​​ជា​​ពលករ​​ឥត​​ស្រប​ច្បាប់ ដែល​​ងាយ​នឹង​ត្រូវ​អាជ្ញាធរ​​​ចាប់​​ខ្លួន និង​​ឃុំ​ខ្លួន​​នៅ​ស្រុក​កំណើត នៅ​​ពេល​ណា​មួយ​​នោះ​។ លោក​បន្ថែម​ទៀត​ថា អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​​ជន​ភៀស​ខ្លួន UNHCR បាន​​ខំ​​ប្រឹងប្រែង​​ជួយ​​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថៃ បាន​បង្ក​​ការ​​លំបាក​​ដល់​​អង្គការ​​សហប្រជាជាតិ​​ទទួល​បន្ទុក​​ជន​ភៀស​ខ្លួន​​មួយ​​ចំនួន​​ដែរ។

ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​អះអាង​ថា ពួកគេ​ចាក​ចេញពី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ​នេះ ដោយសារ​តែ​មាន​ករណី​ធ្វើទុក្ខបុកម្នេញ​ជាច្រើន​ករណី​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ហើយ​ពួកគេ​ក៏​មិន​អាច​ស្នាក់នៅ​កម្ពុជា​ដែរ ដោយសារតែ​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា​។

របាយការណ៍​សិទ្ធិមនុស្ស​ក្រសួងការបរទេស​អាមេរិក​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ២០១៩ រក​ឃើញ​ថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​នៅតែ​បន្ត​កើតមានឡើង​។ របាយការណ៍​បន្ត​ថា ការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ រួមមាន ការ​ឃុំ​ឃាំង​ទាំង​ខុសច្បាប់ និង​សម្លាប់​ដោយ​អនាធិបតេយ្យ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាដើម។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​ខ្មែរ​ក្រោម​នៅ​វៀតណាម មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អន្តរាគមន៍​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា ខ្មែរ​ក្រោម គ្រាន់តែ​ជា​ពូជពង្ស​របស់​ខ្មែរ​ពី​ដើម​ដូចគ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មាន​សញ្ជាត​ផ្សេង​ហើយ​ពេល​បច្ចុប្បន្ន។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​ឆ្នាំ២០២០ ​នេះ សហព័ន្ធ​នឹង​បន្ត​ធ្វើ​ការងារ​នឹង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ដើម្បី​សុំ​ឱ្យ​ប្រទេស​ទាំង​នោះ ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ដែល​កំពុង​ជាប់​​ផុង​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។