ស្ថានភាព​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​និង​នៅ​វៀតណាម​ឆ្នាំ​២០១៣

នៅ​ឆ្នាំ​២០១៣ នេះ ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ។ រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ឯណេះ​វិញ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ការ​គាំពារ​ដល់​ពួក​គេ​តិចតួច​នៅ​ឡើយ។
ដោយ យាង សុជាមេត្តា
2013.12.12
ខ្មែរ​ក្រោម​តវ៉ា ៦១០ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ត្រូវ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon

ស្ថានភាព​រស់​នៅ និង​ស្ថានភាព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​កំពុង​ប្រឈម​នឹង​ការ​យាយី​ធ្វើ​បាប និង​បំបិទ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​វប្បធម៌ ប្រពៃណី សិទ្ធិ​ជំនឿ​សាសនា និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន។

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ខ្មែរ​ក្រោម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ដែន​ដី​កម្ពុជា​ក្រោម លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម មាន​ប្រមាណ ៣០​ករណី​ហើយ ក្នុង​នោះ​មាន​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ការ​គាប​សង្កត់​លើ​សិទ្ធិ​ប្រតិបត្តិ​វប្បធម៌ និង​សាសនា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន​ជាដើម។

របាយការណ៍​បាន​លើក​ឡើង​អំពី​ករណី​ព្រះតេជព្រះគុណ លី ចិន្តា នៅ​វត្ត​ព្រៃជាប់ ក្នុង​ខេត្ត​ឃ្លាំង។ របាយការណ៍​ថា ដោយសារ​តែ​បុព្វហេតុ​នៃ​ការ​បើក​សាលា​រៀន​អក្សរសាស្ត្រ​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម កង​កម្លាំង​នគរបាល​វៀតណាម បាន​ផ្សឹក​ព្រះអង្គ​ដោយ​បង្ខំ រួច​ចាប់​ចង​ព្រះអង្គ​ច្រក​បាវ​បោះ​ឡើង​រថយន្ត បញ្ជូន​ទៅ​ទី​រួម​ស្រុក។

ក្រោយ​មក ព្រះអង្គ​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង តែ​អាការៈ​របស់​ព្រះអង្គ​ខុស​ប្លែក​ពី​ធម្មតា។ ព្រះអង្គ​បាន​បាត់​បង់​ស្មារតី បាត់​ការ​ចងចាំ និង​បែក​ពពុះ​មាត់​ជា​ប្រចាំ។ អាការៈ​បែប​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ព្រះតេជព្រះគុណ លី ចិន្តា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ទារុណកម្ម និង​ប្រើ​ថ្នាំ​បំបាត់​ស្មារតី។ របាយការណ៍​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​វត្ត​ព្រៃជាប់ ចំនួន ៥​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដោយសារ​ពួក​គាត់​បាន​ចូល​រួម​ការពារ​មិន​ឲ្យ​ចាប់​ព្រះសង្ឃ​ក្នុង​វត្ត។ ក្រោយ​មក ពួក​គាត់​ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ១​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ។

ស្រដៀង​គ្នា​នេះ​ដែរ កង​កម្លាំង​នគរបាល​វៀតណាម រាប់​រយ​នាក់ បាន​ទៅ​ឡោម​ព័ទ្ធ​វត្ត​សេរីតាសេក ក្នុង​ខេត្ត​ឃ្លាំង ដើម្បី​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ដោយសារ​តែ​ការ​បើក​សាលា​រៀន​អក្សរសាស្ត្រ​ខ្មែរ។ របាយការណ៍​បន្ត​ថា ព្រោះ​តែ​មាន​ការ​ភ័យ​ខ្លាច ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​ដូច​ព្រះតេជព្រះគុណ លី ចិន្តា ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី បាន​ភៀស​ព្រះ​កាយ​មក​កាន់​ប្រទេស​កម្ពុជា តែ​ព្រះអង្គ​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​ការពារ​ព្រំដែន​វៀតណាម ចាប់​ខ្លួន​នៅ​ព្រំដែន​កម្ពុជា-វៀតណាម បញ្ជូន​ត្រឡប់​ក្រោយ​វិញ។

ក្នុង​ព្រឹត្តិការណ៍​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម ២​នាក់​ផ្សេង​ទៀត ដែល​រួម​ដំណើរ​ជាមួយ​ព្រះអង្គ​ទាំង​ពីរ ក៏​ត្រូវ​បាន​ប៉ូលិស​ព្រំដែន​វៀតណាម ចាប់​ខ្លួន។ ក្រោយ​មក ពួក​គាត់​ទាំង ៤​អង្គ​និង​នាក់ ត្រូវ​បាន​តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២ ទៅ ៦​ឆ្នាំ។ ពួក​គាត់​ត្រូវ​បាន​ចោទ​ពី​បទ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស និង​បណ្ដាញ​សារព័ត៌មាន​ក្រៅ​ស្រុក។

ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ទៅ​អោយ​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​នេះ​ដែរ របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​នៅ​ស្រុក​កញ្ចោង​ភ្នំពេញ ខេត្ត​ព្រះត្រពាំាង លោក គឹម ង៉ៃ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គំរាម​កំហែង​ជា​បន្តបន្ទាប់។ ពួក​គេ​ចោទ​ប្រកាន់​លោក​ថា រួម​គំនិត​លួច​ផ្តល់​ព័ត៌មាន​អំពី​បញ្ហា​ដីធ្លី និង​ថត​រូប​អំពី​ការ​គាប​សង្កត់​នានា​ទៅ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អាមេរិក និង​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​ខ្មែរ។ របាយការណ៍​បន្ត​ថា លោក គឹម ង៉ៃ តែង​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​សួរ​ចម្លើយ​នៅ​សាលា​ខេត្ត ស្រុក ឃុំ និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ លុះត្រា​តែ​លោក​ជម្រាប​អាជ្ញាធរ​ដឹង​ជា​មុន។ លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​មិន​អោយ​ប្រើប្រាស់​ទូរស័ព្ទ និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ។

ក្រៅ​ពី​នេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​បាន​និមន្ត និង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ក្រោម ពួក​គាត់​ត្រូវ​បាន​រដ្ឋ​អំណាច​វៀតណាម ឃាត់ និង​ឃុំ​ខ្លួន​នៅ​ព្រំដែន ដូច​ជា ករណី​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​កូន​ប្រុស​របស់ លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ និង​ករណី​ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន ជាដើម។ លើស​ពី​នេះ នៅ​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​មូលដ្ឋាន​ចុះ​មក​សួរ​ចម្លើយ គំរាម​កំហែង ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​រឹប​អូស​យក​លិខិត​ឆ្លង​ដែន ព្រម​ទាំង​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​ឲ្យ​អាជ្ញាធរ​វៀតណាម ទៅ​វិញ។

ស្រដៀង​នឹង​ការ​លើក​ឡើង​ក្នុង​របាយការណ៍​របស់​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ចុះ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៣ លើក​ឡើង​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ញឹកញយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត និង​គ្មាន​តំណាង​ផ្នែក​ច្បាប់​អោយ​បាន​ត្រឹមត្រូវ ដូច​ជា​ករណី​កាត់​ទោស​ព្រះសង្ឃ​ចំនួន ៥​អង្គ​នៅ​ឆ្នាំ​២០០៧ ហើយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៨​អង្គ​និង​នាក់​ទៀត ត្រូវ​បាន​កាត់​ទោស​នៅ​ពេល​នេះ ដោយសារ​ពួក​គាត់​ដឹក​នាំ​បាតុកម្ម​អហិង្សា ទាមទារ​សេរីភាព​សាសនា និង​ការ​សិក្សា​អក្សរសាស្ត្រ​ខ្មែរ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ធ្នូ នេះ មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្ថានទូត​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទាក់ទង​នឹង​ការ​លើក​ឡើង​ក្នុង​របាយការណ៍ និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​ពីរ​ខាង​លើ​បាន​ទេ ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ក្រៅ​ពី​ការ​លើក​ឡើង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​វៀតណាម របាយការណ៍​លេខាធិការដ្ឋាន​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​លំបាក​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​នៅ​កម្ពុជា ជួប​ប្រទះ។ ការ​លំបាក​ទាំង​នោះ​មាន​ដូច​ជា អាជ្ញាធរ​កម្ពុជា មិន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អោយ​ពួក​គេ និង​ការ​ខ្វះ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ។ ពួក​គេ​ក៏​ប្រឈម​នឹង​ការ​យាយី​រំខាន​ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ដែល​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​នយោបាយ ឬ​ការ​ប្រមូល​ផ្តុំ​ក្នុង​លក្ខណៈ​ជា​អង្គ​ប្រជុំ សិក្ខា​សាលា​ពិគ្រោះ​យោបល់ ឬ​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ ហើយ​ពេល​ខ្លះ​ពួក​គេ​មិន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន អនុញ្ញាត​អោយ​ធ្វើ​សកម្មភាព​តែ​ម្តង។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ នេះ។

ជុំវិញ​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា នេះ​ដែរ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ក៏​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ពិសេស​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​កម្ពុជា នៅ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​អោយ​ផ្លាស់​ប្ដូរ​ទី​កន្លែង​កំណើត​របស់​ពួក​គេ។ របាយការណ៍​ថា អំពើ​ពុក​រលួយ​ក៏​ជា​ឧបសគ្គ​សម្រាប់​ខ្មែរ​ក្រោម​ក្រីក្រ ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែរ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​កម្ពុជា ហាក់​បាន​យក​ចិត្ត​ទុក​ដាក់​តិចតួច​អំពី​ស្ថានភាព​រស់​នៅ​អំពី​ការ​អប់រំ និង​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​របស់​ពួក​គេ។ លើស​ពី​នេះ ខ្មែរ​ក្រោម​នៅ​កម្ពុជា ក៏​នៅ​មាន​ការ​ភ័យ​ខ្លាច​ក្រែង​រដ្ឋាភិបាល​កម្ពុជា ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ប្រគល់​អោយ​រដ្ឋាភិបាល​វៀតណាម វិញ ដូច​ជា​ករណី​អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ឈ្មោះ ទឹម សាខន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់​បញ្ជូន​ខ្លួន​អោយ​អាជ្ញាធរ​វៀតណាម កាល​ពី​ឆ្នាំ​២០០៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​អោយ​ខូច​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ នេះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា តែង​ចាត់​ទុក​ពួក​គេ​ថា​ជា​ពលរដ្ឋ​ខ្មែរ។ លោក​ថា ចំណែក​ពលរដ្ឋ​ដែល​រស់​នៅ​ឯ​កម្ពុជា​ក្រោម វិញ ពួក​គេ​ត្រូវ​តែ​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​វៀតណាម។ លោក​ថា ពលរដ្ឋ​ដែល​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​ណា ពួក​គេ​ត្រូវ​គោរព​ច្បាប់​របស់​ប្រទេស​នោះ៖ «ជា​ការ​ពិត យើង​តែង​តែ​ដូច​ជា​ខ្មែរ​នៅ​បរទេស ខ្មែរ​នៅ​អី យើង​មាន​ស្ថានទូត​យើង​នៅ​ហ្នឹង ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ចូល​សញ្ជាតិ​ទៅ​ប្រទេស​ណា​មួយ មាន​លិខិត​អត្តសញ្ញាណប័ណ្ណ​នៃ​ប្រទេស​ណា​នៅ​លើ​ទឹក​ដី​ណា គេ​ត្រូវ​តែ​គោរព​នូវ​ច្បាប់​ប្រទេស​ដែល​ខ្លួន​តាំង​នៅ​ណា យើង​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​នីមួយៗ​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​និយាយ​ថា ឧទាហរណ៍​ថា រឿង​ការពារ​សិទ្ធិ​ពលរដ្ឋ​វិញ ពលរដ្ឋ​យើង​នៅ​ទីណា​ស្ថានទូត​យើង​នៅ​ទី​នោះ គ្រាន់​តែ​ជួយ​ថា​ធ្វើ​ម៉េច​អោយ​មាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ក្នុង​ប្រទេស​នោះ»

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ១២ នៅ​កម្ពុជា បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​អោយ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ត្រូវ​តុលាការ​កាត់​ទោស។ តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ឡើយ។

សមាជិក​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​១២ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត នឹង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នៅ​វត្ត​សាមគ្គីរង្សី ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ខ្មែរ​ក្រោម និង​អំពី​វិធាន​ការ​នានា​ដើម្បី​ជួយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។