ជីវប្រវត្តិសង្ខេប របស់ ខៀវ សំផន

តាម​ការ​ដកស្រង់​ចេញពី​កំណត់ត្រា​របស់​​សាលាក្ដី​ខ្មែរក្រហម និង​តាម​ឯកសារ​របស់​មជ្ឈមណ្ឌលឯក​សារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ខៀវ សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង ។

0:00 / 0:00

លោក ខៀវ សំផន ជា​កូន​កាត់​ចិន​កើត​នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា ។ ឪពុក ខៀវ សំផន ឈ្មោះ ខៀវ ឡុង ម្តាយ​ឈ្មោះ ប៉ោ គង់ ។ លោក ខៀវ សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ សុជាតិ និង​មាន​កូន ៤​នាក់ ។

លោក ខៀវ សំផន បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ ១៩៥៩ ។ ពេល​ត្រឡប់​មក​កម្ពុជា​វិញ ខៀវ សំផន បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​សាលា​ឯកជន​ចម្រើន​វិជ្ជា ហើយ ខៀវ សំផន បង្កើត​កាសែត​មួយ​ឈ្មោះ​ថា "ឡុបស៊ែរវ៉ាទ័រ" ដែល​មាន​ទិសដៅ​ឆ្លុះ​បញ្ចាំង​មតិ​របស់​បញ្ញា​ជន គ្រូ​បង្រៀន និង​មន្រ្តី​រាជការ​មួយចំនួន​ធំ ដែល​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេចព្រះ នរោត្តម សីហនុ ។

នៅ​ឆ្នាំ ១៩ ៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើ​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​សង្គមរាស្រ្ត​និយម ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​កាល​នោះ​លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មហាជន​ជាច្រើន​សរសើរ​ថា​ជា​មន្រ្តី​ស្អាតស្អំ​ម្នាក់ ។

នៅ​ឆ្នាំ ១៩៦០ លោក ខៀវ សំផន ប្រកាស​ឲ្យ​មាន​ការ​តស៊ូ​មួយ ដើម្បី​រំដោះ​ទឹកដី​កម្ពុជាក្រោម​មក​វិញ ។ ឆ្នាំ ១៩៦២ លោក ខៀវ សំផន បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ហើយ​នៅ​ឆ្នាំ ១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ម្តង​ទៀត ។

ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្ត​តាកែវ និង​កំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម ។

នៅ​ខែ​កក្កដា ឆ្នាំ ១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ ប៉ុល ពត នៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត ។

នៅ​ឆ្នាំ ១៩៧១ ដដែល ខៀវ សំផន បាន​ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ បាន​ត្រូវ​គណៈមជ្ឈិម​បក្ស​ទទួល​ជា​សមាជិក​ពេញ​សិទ្ធិ ។ នៅ​ឆ្នាំ ១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ។ ថ្ងៃ​ទី ៩ ខែ​តុលា ឆ្នាំ ១៩៧៥ ខៀវ សំផន បាន​ចូល​ប្រជុំ​គណៈអចិន្ត្រៃយ៍ ស្តីពី​ការ​បែងចែក​ការងារ ហើយ​អង្គប្រជុំ​នោះ បាន​ចាត់តាំង​ឲ្យ​លោក​ទទួល​បន្ទុក​ផ្នែក​រណសិរ្ស និង​រាជ​រដ្ឋាភិបាល​ពាណិជ្ជកម្ម​ខាងបញ្ជី និង​តម្លៃ ។

ថ្ងៃ​ទី ៨ ខែ​មីនា ១៩៧៦ ខៀវ សំផន បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ការងារ​មូលដ្ឋាន ស្តីពី​បញ្ហា​បោះឆ្នោត​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ១៩៧៦ និង​អំពី​សភាពការណ៍​នៅតំបន់ ១០៣ និង ១០៦ នៃ​ភូមិភាគ​ឧត្តរ ។ នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ១៩៧៦ តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក ខៀវ សំផន ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធើ្វជា​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ ។

នៅ​ពាក់កណ្តាល ឆ្នាំ ១៩៧៦ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ជា​គោលការណ៍​កិច្ចការ​សំខាន់ៗ ក៏​ដូចជា​គោលនយោបាយ​រដ្ឋាភិបាល សុទ្ធតែ​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​មួយ​នេះ ។

យោង​តាម​សម្តី​របស់​លោក អៀង សារី នៅ​ដើម​ឆ្នាំ ១៩៧៧ លោក ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ ៨៧០ ដែល​ជា​មន្ទីរ​របស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជំនួស​កន្លែង​របស់​សមមិត្ត ឌឿន ។ ប៉ុន្តែ​លោក ខៀវ សំផន បាន​បដិសេធ​នៅ​ក្នុង​លិខិត​ចំហ​របស់​លោក​ថា ការ​អះអាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​លោក​បន្ថែម​ថា លោក​គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​មួយ​រូប​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរ​នេះ ។

ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដួល​រលំ​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩២ លោក ខៀវ សំផន នៅតែ​ជា​តំណាង​ជាន់ខ្ពស់​របស់​ភាគី​ខ្មែរក្រហម នៅក្នុង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​អ្នក​តស៊ូ​ប្រឆាំង​វត្តមាន​របស់​វៀតណាម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨២ ។

ក្រោយ​ការ​បែក​បាក់​ផ្ទៃក្នុង​របស់​កម្លាំង​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៩៨ លោក ខៀវ សំផន បាន​សុំ​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ត្រូវ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចាប់ខ្លួន នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆកា ឆ្នាំ ២០០៧ ដោយ​ចោទប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ចំនួន​ពីរ ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ ១៩៤៩ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ៥, ៦, ២៩ និង​មាត្រា ៣៩​ថ្មី នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ ២០០៤ ។

ក្នុង​ការ​ការពារ​ខ្លួន​តទល់​នឹង​ការ​ចោទ​ខាង​លើ លោក ខៀវ សំផន បាន​សម្រេច​ជ្រើសរើស​យក​លោក សាយ បូរី និង​លោក Jacques Verges ឲ្យ​ធ្វើជា​មេធាវី​សម្រាប់​តតាំង​រឿងក្តី​របស់​លោកនៅ​ក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ២៣ មេសា ឆ្នាំ ២០០៨ នេះ ការ​ជំទាស់​នឹង​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​របស់​លោក នឹង​ត្រូវ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លើក​យក​មក​ជំនុំជម្រះ​ជា​អសាធារណៈ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដោះលែង​បណ្តោះអាសន្ន ឬ​ត្រូវ​ឃុំខ្លួន​ជា​បន្ត​ទៅ​ទៀត ទម្រាំ​ការ​ជម្រះ​ក្តី​ពេញលេញ​មក​ដល់​នា​ពេលណា​មួយ​ខាងមុខ ៕