ចម្លើយ​សារភាព​របស់ ភោគ ឆាយ ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង (ភាគ​១០៦ក)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​សេចក្តី​រាយការណ៍​អំពី​ចម្លើយ​សារភាព​របស់​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប គឺ​លោក ភោគ ឆាយ។

0:00 / 0:00

យោង​តាម​ព័ត៌មាន​ដកស្រង់​ចេញ​ពី​ឯកសារ​របស់​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រមូល​ចងក្រង​និង​រក្សា​ទុក​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មុន​ពេល​ក្លាយ​ខ្លួន​ជា​អ្នក​ទោស​នៅ​គុក​ទួលស្លែង លោក ភោគ ឆាយ គឺ​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​លើ​មួយ​រូប​ដែល​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​យូរ​លង់​ក្នុង​ចលនា​បដិវត្តន៍ ដូច​គ្នា​នឹង​លោក ខៀវ សំផន, ហ៊ូ យន់, ហ៊ូ នឹម និង​កម្មាភិបាល​ខ្មែរ​ក្រហម​មួយចំនួន​ទៀត​ដែរ។ លោក ភោគ ឆាយ មាន​ឈ្មោះ​បដិវត្តន៍​មួយ​ទៀត​ហៅ​ថា សមមិត្ត ទូច។

ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​១៩៧៥ ដល់​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​១៩៧៧ លោក ភោគ ឆាយ ឬ​សមមិត្ត ទូច បាន​រស់នៅ​និង​ធ្វើការ​ជាមួយ​កម្មាភិបាល​ជាន់​ខ្ពស់​ដទៃៗ​ទៀត​នៅ​ឯ​មន្ទីរ​គណៈអចិន្ត្រៃយ៍​របស់​អង្គការ​កុម្មុយនីស្ត​កម្ពុជា​នា​ទីក្រុង​ភ្នំពេញ ហើយ​រួម​ជាមួយ​កម្មាភិបាល​បី​នាក់​ទៀត ដូច​ជា​សមមិត្ត យ៉ែម សមមិត្ត ធុច និង​សមមិត្ត ឌឿន។

លោក​មាន​ភារៈ​ធ្វើ​កំណត់ហេតុ​អង្គប្រជុំ​របស់​គណៈអចិន្រ្តៃយ៍​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ចំណែក​ឯ​មិត្ត យ៉ែម ធ្វើ​កំណត់ហេតុ​ខាង​ការងារ​មូលដ្ឋាន និង​មិត្ត ឌឿន ទទួល​ខាង​ការងារ​នយោបាយ​ធំៗ ការងារ​យោធា​និង​សន្តិសុខ។ នៅ​ដើម​ឆ្នាំ​១៩៧៧ លោក ភោគ ឆាយ ត្រូវ​បាន​អង្គការ​បក្ស​ប្រគល់​ភារកិច្ច​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ក្រុម​និពន្ធ​កាសែត។

នៅ​ក្នុង​ចម្លើយ​សារភាព​របស់​ខ្លួន លោក ភោគ ឆាយ បាន​សម្តែង​ជូន​បក្ស​ចំពោះ​ភារកិច្ច​ថ្មី​ដូច្នេះ​ថា ៖ «ចំពោះ​ភារកិច្ច​ថ្មី​ដែល​បក្ស​ប្រគល់​ឱ្យ​កាលពី​ខែ​១ ឆ្នាំ​១៩៧៧ ខ្ញុំ​ក៏​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​បំពេញ ពិសេស​ខាង​សរសេរ​អត្ថបទ​និង​បង្រៀន​វិជ្ជា​អក្សរ​កាត់​ដល់​បង​ប្អូន ហើយ​ក៏​បាន​ចូលរួម​ប្រឡូក​ក្នុង​ចលនា​ពលកម្ម​សង្គម​និយម​ផង។ ប្រៀបធៀប​នឹង​បង​ប្អូន ខ្លួន​ខ្ញុំ​នៅ​ខ្វះ​ខាត​ច្រើន​លើ​គ្រប់​ផ្នែក នយោបាយ សតិ​អារម្មណ៍ និង​ចាត់តាំង។ ដូច្នេះ​ខ្ញុំ​ខិតខំ​ប្រយុទ្ធ​កសាង​ខ្លួន​និង​រៀន​សូត្រ​ពី​បង​ប្អូន​ដោយ​សោមនស្ស​រីករាយ»

ស្រប​ពេល​ពេល​ដែល​កង់​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថ្មី​កំពុង​វិល​ទៅ​មុខ​យ៉ាង​លឿន​តាម​ល្បឿន​មហា​លោត​ផ្លោះ មហា​អស្ចារ្យ​នោះ យុទ្ធនាការ​សម្រិត​សម្រាំង និង​បោស​សម្អាត​ខ្មាំង​ផ្ទៃ​ក្នុង​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ក៏​មាន​សន្ទុះ​ខ្លាំងក្លា​ទន្ទឹម​គ្នា​ដែរ។ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​១៩៧៧ លោក ភោគ ឆាយ ហៅ​សមមិត្ត ទូច ត្រូវ​អង្គការ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ចាប់​ដាក់​ឃុំឃាំង​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ហើយ​ក៏​ត្រូវ​បាន​សម្លាប់ ដែល​តាម​ភាសា​បដិវត្តន៍​ហៅ​ថា​កម្ទេច​ចោល​បន្ទាប់​ពី​បាន​ឆ្លងកាត់​ការធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​រួច​មក។

ឯកសារ​មួយ​ដុំ​មាន​ចំនួន​១៩​ទំព័រ​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៧៧ និង​ចុះ​ហត្ថលេខា​ដោយ​ឈ្មោះ ទូច ជា​ឈ្មោះ​បដិវត្តន៍​របស់​លោក ភោគ ឆាយ អាច​ជា​ឯកសារ​លើក​ដំបូង​មួយ​បន្ទាប់​ពី​ការចាប់​ខ្លួន​បាន​មួយ​ថ្ងៃ ដែល​លោក ភោគ ឆាយ ឬ​សមមិត្ត ទូច បាន​សរសេរ​រាយការណ៍​ជូន​អង្គការ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម​សំខាន់ៗ​ដោយ​មាន​ដាក់​ចំណងជើង​ថា "សេចក្តី​រាយការណ៍​ជូន​អង្គការ​បក្ស​ជូន​ក្រសួង​និង​ជូន​បងៗ"។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ឬ​ចម្លើយ​សារភាព​នេះ អ្នកទោស ភោគ ឆាយ ហៅ​សមមិត្ត ទូច បាន​សរសេរ​រៀបរាប់​អំពី​អារម្មណ៍​រន្ធត់​ញាប់ញ័រ​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំឃាំង​នា​ពេល​នោះ​ដូច្នេះ​ថា ៖ «សូម​គោរព​អង្គការ​បក្ស​ជា​ទី​គោរព​ស្មើ​ជីវិត។ សូម​គោរព​បងៗ​ជា​ទី​គោរព​ស្នេហា​ស្មើ​ដោយ​ជីវិត។ ខ្ញុំ​រន្ធត់​ញាប់ញ័រ​ក្រៃលែង​រក​ថ្លឹងថ្លែង​ពុំ​បាន។ កាន់​ប៉ាកា​សរសេរ​សេចក្តី​រាយការណ៍​ជូន​អង្គការ ជូន​ក្រសួង​ស្ទើរ​ពុំ​បាន។ ខ្ញុំ​មាន​ការតក់ស្លុត​ពន់​ប្រមាណ មិន​នឹក​ស្មាន​ថា​ត្រូវ​ធ្លាក់​ខ្លួន​យ៉ាង​នេះ​សោះ។ ឥឡូវ​ខ្លួន​ខ្ញុំ​ប្រៀប​បាន​នឹង​ក្រួស​មួយ​ដុំ​តូច​ដែល​រមៀល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដ៏​សែន​ជ្រៅ ងងឹត​គ្មាន​ឃើញ​បាត​ឬ​កោះ​ត្រើយ​ឡើយ។ ខ្ញុំ​មាន​សង្ឃឹម​តែ​ម្យ៉ាង​គឺ​សង្ឃឹម​ពន្លឺ​មាគ៌ា​បដិវត្តន៍​ដ៏​ចិញ្ចាចចិញ្ចែង​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​តែ​មួយ​គត់​ដែល​អាច​ជួយ​ស្រោចស្រង់​ខ្លួន​ឲ្យ​រស់រាន​មាន​ជីវិត​ត​ទៅ​ទៀត»

នៅ​លើ​ទំព័រ​ឯកសារ​ចម្លើយ​សារភាព​ខ្លះ​របស់​អ្នកទោស ភោគ ឆាយ ហៅ ទូច យើង​ក៏​ឃើញ​មាន​ចំណារ​របស់​កម្មាភិបាល​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង​ផងដែរ ដែល​ចំណារ​ទាំង​នោះ​មាន​ទាំង​ចំណារ​បង្គាប់​ឲ្យ​សរសេរ​រាយការណ៍​សា​ជា​ថ្មី ចំណារ​គំរាម​កំហែង​ស្មារតី និង​ចំណារ​សម្គាល់​អំពី​ចំណាត់ការ​លើ​សេចក្តី​រាយការណ៍​ឬ​ចម្លើយ​សារភាព​ទាំង​នេះ​ជាដើម។

តាម​ការកត់​សម្គាល់​អំពី​ហត្ថលេខា​ដែល​មាន​នៅ​ខាង​ក្រោម​ចំណារ​ទាំង​នេះ​គឺ​ឃើញ​មាន​ចុះ​ហត្ថលេខា​ដោយ ឌុច និង ប៉ុន ដែល​មនុស្ស​ជា​ច្រើន​បាន​ដឹង​ថា ឌុច ជា​ប្រធាន​មន្ទីរ​ស-២១ និង ប៉ុន ជា​អ្នក​សួរ​ចម្លើយ។ ឧទាហរណ៍​ចំណារ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ ប៉ុន ថ្ងៃ​ទី​៩ ខែ​៤ ឆ្នាំ​១៩៧៧ បាន​ចារ​លើ​ចម្លើយ​សារភាព​របស់​លោក ភោគ ឆាយ ហៅ​មិត្ត ទូច ដូច្នេះ​ថា ៖ «ម្សៀទូច ៖ ១ សរសេរ​សា​ថ្មី​ម្តង​ទៀត កុំ​ឱ្យ​ច្របូក​ច្របល់​ឱ្យ​សោះ, ឯកសារ​សន្តិបាល​កុំ​និយាយ។ល។, កុំ​និយាយ​បូក​សរុប​គេ​ឯង, ត្រូវ​បែងចែក​បដិវត្តន៍​និង​ក្បត់​បដិវត្តន៍​ឱ្យ​ច្បាស់, បញ្ហា​ជា​ចាំបាច់​មួយចំនួន​ត្រូវ​លម្អិត​ថែម កុំ​សរុប​ខ្លី​ពេក។ ២ ប្រយ័ត្ន​ចូល​ឧបាយកល បំផ្លាញ​កម្លាំង​បដិវត្តន៍ និង​រក្សា​កម្លាំង​ក្បត់​ទុក​ដើម្បី​បំផ្លាញ​បដិវត្តន៍, ពីរ​យ៉ាង​នេះ​គឺ​មាន​ឈ្មោះ​ថា​ឃោរឃៅ, នឹង​ត្រូវ​ទារុណកម្ម​ធ្ងន់​បន្តិច​ម្តងៗ​រហូត​ទាល់​តែ​ស្លាប់ គឺ​ស្លាប់​ដោយ​វេទនា​បំផុត។ ៣ រក្សា​ទុក​ច្បាប់​ដើម​នេះ​ដាច់ខាត»

តាម​ការពិនិត្យ​លើ​ខ្លឹមសារ​នៃ​ចំណារ​របស់​សន្តិបាល​ខាង​លើ​រួម​ជាមួយ​នឹង​កាលបរិច្ឆេទ​ នៅ​លើ​ឯកសារ​ខុសៗ​គ្នា​ផង​អាច​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា អ្នកទោស ភោគ ឆាយ ហៅ ទូច បាន​ឆ្លងកាត់​ការសួរ​ចម្លើយ​ពី​សន្តិបាល​ស-២១ ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​រយៈពេល​ជាប់​ឃុំឃាំង​នៅ​គុក​ទួលស្លែង​ឬ​មន្ទីរ​ស-២១​ប្រមាណ​បួន​ខែ​នោះ។

ក្នុង​ការឆ្លងកាត់​ការសួរ​ចម្លើយ​ជា​ច្រើន​លើក​នេះ អ្នកទោស ភោគ ឆាយ ហៅ ទូច បាន​ត្រូវ​បង្ខំ​ឲ្យ​សរសេរ​នូវ​សេចក្តី​រាយការណ៍​ឬ​ចម្លើយ​សារភាព​ជូន​អង្គការ​បក្ស​រាប់​រយ​ទំព័រ​ដែល​អាច​មាន​រហូត​ដល់​ទៅ​ជាង​២០០​ទំព័រ។ ក៏​ប៉ុន្តែ​ខ្លឹមសារ​ដែល​សរសេរ​ច្រើន​លើក​នេះ​មាន​ចំណុច​ខ្លះ​ដូច​គ្នា​និង​ចំណុច​ខ្លះ​ខុស​គ្នា ហើយ​នៅ​ពេល​នេះ​មាន​ឯកសារ​ទំព័រ​ខ្លះ​បាន​បាត់បង់​ទៅ​ហើយ៕