ទោស​ដោយសារ​ការ​លេង​តុងទីន និង​រត់​ចោល​មិន​សង​ប្រាក់

ដោយ កែវ និមល
2013-06-25
Share

ការ​លេង​តុងទីន​នៅ​ប្រទេស​កម្ពុជា ជា​វិធី​សន្សំ​ប្រាក់​មួយ​បែប​ដោយ​មាន​ការ​ស្ម័គ្រចិត្ត​រវាង​មនុស្ស​ម្នាក់ ជាមួយ​មនុស្ស​ច្រើន​នាក់ ហើយ​មាន​ការ​ធ្វើ​លិខិត​បញ្ជាក់​ព្រមព្រៀង​ជាមួយ​គ្នា។ ការ​លេង​តុងទីន​ខ្លះ គឺ​បាន​ទទួល​ជោគជ័យ ដោយ​ភាគី​ចូលរួម​ទាំងអស់​មាន​ការ​គោរព​លក្ខន្តិកៈ កុងត្រា កិច្ចសន្យា​ជាមួយ​គ្នា​ច្បាស់​លាស់ ហើយ​បាន​ដំណើរ​ការ​ប្រកប​ដោយ​សុវត្ថិភាព។

ប៉ុន្តែ ការ​លេង​តុងទីន​ខ្លះ មិន​បាន​ទទួល​ជោគជ័យ ដំណើរ​ការ​ទៅ​ចប់​ចុង​ចប់​ដើម​ទេ គឺ​មាន​ពេល​ខ្លះ​មេ​តុងទីន ឬ​អ្នក​ទទួល​ខុស​ត្រូវ​ប្រមូល​លុយ​នោះ បាន​រត់​ចោល​សមាជិក​មិន​បំពេញ​ការងារ​តាម​ពាក្យ​សន្យា​រហូត​ដល់​ចប់​ចុង​ខែ​ដូច​បាន​សន្យា​ជាមួយ​គ្នា។

តើ​ការ​រត់​ចោល​របស់​មេ​តុងទីន​នោះ ត្រូវ​មាន​ទោស​ឬ​ទេ? បើ​មាន​ទោស តើ​ពី​បទ​អ្វី?

លោក កែវ និមល សុំ​លើក​យក​មតិ​អ្នក​ច្បាប់ និង​ខ្លឹមសារ​មាត្រា​ច្បាប់​ទាក់ទង​មេ​តុងទីន​ប្រមូល​លុយ ហើយ​រត់​ចោល​កូន​មក​ជូន​លោក​អ្នក​ស្តាប់​ដូច​ខាង​ក្រោម។

ការ​លេង​តុងទីន គឺ​ជា​ការ​ស្ម័គ្រចិត្ត​ដាក់​លុយ​រួម​គ្នា​ឲ្យ​មនុស្ស​ម្នាក់​ទទួល​ខុស​ត្រូវ ដែល​ហៅ​ថា​មេ​តុងទីន ហើយ​អ្នក​លេង​ផ្សេង​ទៀត​ត្រូវ​បង់​លុយ​ទៅ​តាម​ចំនួន​ព្រមព្រៀង​កំណត់​ជាមួយ​គ្នា និង​ចំនួន​អ្នក​លេង​តុងទីន​នោះ ត្រូវ​មាន​ការ​កំណត់​ច្បាស់​លាស់ និង​មាន​កំណត់​ថ្ងៃ​ដេញ ឬ​ប្រមូល​ប្រាក់​ច្បាស់​លាស់។

ជា​ធម្មតា មេ​តុងទីន​មាន​កាតព្វកិច្ច​ជា​អ្នក​ប្រមូល​លុយ​ពី​កូន​តុងទីន​ទាំងអស់ ហើយ​មេ​តុងទីន​មាន​ភារកិច្ច​កំណត់​ថ្ងៃ​ដេញ​ប្រមូល​លុយ​លើក​ក្រោយ និង​ទី​កន្លែង​ដេញ។ មេ​តុងទីន​មាន​ភារកិច្ច​មួយ​ទៀត គឺ​ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​ថា បើ​សិន​ជា​កូន​ណា​មួយ​រត់​ចោល គឺ​មេ​តុងទីន​ត្រូវ​ចេញ​សង​ជំនួស​ទៀត​ផង។

មាន​មេ​តុងទីន និង​កូន​តុងទីន​ខ្លះ បាន​បំពេញ​ការងារ​បាន​ល្អ ត្រឹមត្រូវ ក៏​តុងទីន​នោះ​បាន​ដំណើរ​ចប់​ទៅ​ដោយ​សុវត្ថិភាព។ ប៉ុន្តែ មាន​ពេល​ខ្លះ​មេ​តុងទីន​ប្រមូល​លុយ​បាន ហើយ​ក៏​រត់​ចោល​កូន​ទៅ។ មាន​ករណី​ខ្លះ​ទៀត កូន​តុងទីន​ខ្លះ​ដែល​បាន​ដេញ​ហើយ (ដែល​ហៅ​ថា​ងាប់​នោះ) ក៏​រត់​ចោល​លែង​បង់​ប្រាក់​ឲ្យ បណ្ដាល​ឲ្យ​មេ​តុងទីន​នោះ មិន​អាច​ចេញ​សង​បាន ហើយ​តុងទីន​នោះ​ក៏​រលំ​ដែរ។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សាន រស់នៅ​ខេត្ត​សៀមរាប ដែល​បាន​លេង​តុងទីន ហើយ​មេ​តុងទីន​បាន​ប្រមូល​លុយ​រត់​ចោល គាត់​មាន​ចម្ងល់​ថា តើ​គាត់​អាច​ប្ដឹង​មេ​តុងទីន​នោះ​អាច​មាន​ទោស​ព្រហ្មទណ្ឌ​ឬ​ទេ?

ប្រជាពលរដ្ឋ​ឈ្មោះ សាន បាន​សួរ​ទៀត​ថា ក្រៅ​ពី​ផ្ដន្ទាទោស តើ​ច្បាប់​អាច​ចាប់​បង្ខំ​ឲ្យ​មេ​តុងទីន​នោះ​សង​ប្រាក់​លេង​តុងទីន​នោះ​មក​វិញ​បាន​ឬ​ទេ? តើ​ចៅក្រម​តុលាការ​អាច​ចេញ​សាល​ក្រម​រឹប​អូស​ទ្រព្យ​សម្បត្តិ​មេ​តុងទីន យក​មក​លក់​ឡាយឡុង​ទៅ​ជា​ប្រាក់​ដើម្បី​សង​បំណុល​ប្រាក់​ទៅ​កូន​តុងទីន​វិញ​បាន​ឬ​ទេ?

ឆ្លើយ​តប​ចំពោះ​សំណួរ​មិត្ត​អ្នក​ស្តាប់​នេះ លោក សុក សំអឿន ជា​មេធាវី និង​ជា​នាយក​អង្គការ​ច្បាប់​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​លេង​តុងទីន គឺ​ជា​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ដើម្បី​សន្សំ​ប្រាក់ ដោយ​មាន​មេ​ទទួល​ខុស​ត្រូវ និង​មាន​កិច្ចសន្យា និង​លក្ខន្តិកៈ។ នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​គ្មាន​ច្បាប់​ស្ដីពី​ការ​លេង​តុងទីន​ទេ ប៉ុន្តែ​នៅ​ពេល​ណា​មាន​ជម្លោះ​ទាក់ទង​រឿង​លេង​តុងទីន គឺ​គេ​អាច​ប្ដឹង ដោយ​សម្អាង​តាម​ច្បាប់​ស្ដីពី​កិច្ចសន្យា និង​ក្រម​ព្រហ្មទណ្ឌ​បាន។

ដូច្នេះ បើ​កាល​ណា​មេ​តុងទីន ឬ​កូន​តុងទីន​បាន​ក្បត់ ឬ​រត់​ចោល​មិន​បំពេញ​ការងារ​តាម​ពាក្យ​សន្យា​រហូត​ដល់​ចប់​ចុង​ចប់​ដើម​ដូច​បាន​ព្រមព្រៀង​ជាមួយ​គ្នា​នោះ គឺ​អ្នក​ប្រព្រឹត្ត​ត្រូវ​មាន​កំហុស​ពី​បទ​ក្បត់​កិច្ចសន្យា​ហើយ។

លោក​មេធាវី សុក សំអឿន បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ប្ដឹង​អំពី​រឿង​លេង​តុងទីន​នេះ ចៅក្រម​តុលាការ​នឹង​ពិនិត្យ​ទៅ​តាម​ករណី​និមួយៗ​ជាក់ស្តែង។ មាន​ន័យ​ថា ករណី​ជម្លោះ​តុងទីន​ខ្លះ​វា​ជា​ជម្លោះ​ទាក់ទង​បណ្ដឹង​រដ្ឋប្បវេណី ជម្លោះ​ខ្លះ​ទាក់ទង​ជាមួយ​ការ​ក្បត់​កិច្ចសន្យា និង​ជម្លោះ​ខ្លះ​ទាក់ទង​ជាមួយ​ការ​រំលោភ​លើ​ការ​ទុក​ចិត្ត​ដែល​ជា​ទោស​ព្រហ្មទណ្ឌ។

លោក​មេធាវី សុក សំអឿន បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ជម្លោះ​អ្នក​លេង​តុងទីន​ខ្លះ ក្រៅ​ពី​ប្ដឹង​ទារ​សំណង គឺ​មាន​ការ​ប្ដឹង​ទារ​ជំងឺ​ចិត្ត​ទៀត​ផង។

នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​មាត្រា​៣៨៥ បាន​ចែង​អំពី​សិទ្ធិ​របស់​ម្ចាស់​បំណុល ក្នុង​ការ​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច។ ខ្លឹមសារ​មាត្រា​ច្បាប់​បាន​សរសេរ​ថា ទី១ ម្ចាស់​បំណុល​អាច​ទាមទារ​ឲ្យ​កូន​បំណុល​អនុវត្ត​កាតព្វកិច្ច​តាម​ផ្លូវ​តុលាការ។ ទី២ ទោះ​បី​ជា​មាន​បញ្ញត្តិ​នៃ​កថា​ខណ្ឌ​ទី១ ខាង​លើ​នេះ​ក៏ដោយ ម្ចាស់​បំណុល​មិន​អាច​ទាមទារ​ឲ្យ​អនុវត្ត​តាម​ផ្លូវ​តុលាការ​បាន​ឡើយ ក្នុង​ករណី​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​នៃ​កិច្ចសន្យា​ថា​មិន​ទាមទារ​ឲ្យ​អនុវត្ត​តាម​ផ្លូវ​តុលាការ។ ទី៣ ទោះ​បី​ជា​មាន​ការ​កម្រិត​នូវ​សិទ្ធិ​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​តាម​ផ្លូវ​តុលាការ ដោយសារ​មាន​ករណី​ត្រូវ​នឹង​កថា​ខណ្ឌ​ទី២ ខាង​លើ​នេះ​ក៏ដោយ ប្រសិន​បើ​កូន​បំណុល​បាន​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត ហើយ​ម្ចាស់​បំណុល​អាច​ទទួល និង​រក្សា​ទុក​នូវ​តាវកាលិក ឬ​វត្ថុ ឬ​សកម្មភាព​ដែល​ជា​ទីតាំង​នៃ​កាតព្វកិច្ច​នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​សង​បាន។

មាត្រា​៣៩៦ នៃ​ក្រម​រដ្ឋប្បវេណី បាន​ចែង​អំពី​ការ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ដោយ​បង្ខំ​ថា ក្នុង​ករណី​ដែល​កូន​បំណុល​មិន​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត​ទេ ម្ចាស់​បំណុល​អាច​ទាមទារ​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ដោយ​បង្ខំ​បាន លើកលែង​តែ​ករណី​ដែល​កាតព្វកិច្ច​មាន​លក្ខណៈ​មិន​អាច​អនុវត្ត​ដោយ​បង្ខំ​បាន។ នីតិវិធី​នៃ​ការ​អនុវត្ត​ដោយ​បង្ខំ ត្រូវ​អនុលោម​តាម​ក្រម​នីតិវិធី​រដ្ឋប្បវេណី។

បើ​សិន​ជា​មាន​ការ​ប្ដឹង​ពី​កូន​តុងទីន​ទាំងអស់​ថា មេ​តុងទីន​ឆបោក​លុយ​នោះ ហើយ​ចៅក្រម​រក​ឃើញ​ថា ភាគី​មេ​តុងទីន​បាន​ប្រព្រឹត្ត​ការ​ឆបោក​មែន​នោះ គឺ​ត្រូវ​មាន​ទោស​ហើយ។

ក្រម​ព្រហ្មទណ្ឌ​មាត្រា​៣៧៨ បាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ពី​បទ​ឆបោក​ថា អំពើ​ឆបោក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៦​លាន​រៀល។

បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​បញ្ហា​ច្បាប់ លោក​អ្នក​អាច​ទូរស័ព្ទ​មក​សាកសួរ​តាម​លេខ ០១៦ ២៦១ ២៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល