វិធី​ទទួល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​អាពាហ៍ពិពាហ៍​និង​សញ្ជាតូបនីយកម្ម (ភាគ​២)

ដោយ ជី វិតា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ច្បាប់​សញ្ជាតិ​ខ្មែរ កំណត់​អំពី​ការ​ទទួល​សញ្ជាតិ​ខ្មែរ​តាម​វិធី ៣​យ៉ាង គឺ​តាម​រយៈ​កំណើត តាម​រយៈ​អាពាហ៍ពិពាហ៍ ឬ​តាម​រយៈ​សញ្ជាតូបនីយកម្ម។ ក្នុង​នាទី​ច្បាប់​កាល​ពី​សប្ដាហ៍​មុន លោក​អ្នក​នាង​បាន​ស្តាប់​សេចក្តី​រាយការណ៍​អំពី​ការ​ទទួល​សញ្ជាតិ​តាម​រយៈ​កំណើត។

នៅ​ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា មាន​សេចក្តី​រាយការណ៍​អំពី​ការ​ទទួល​សញ្ជាតិ​តាម​រយៈ​អាពាហ៍ពិពាហ៍ និង​តាម​រយៈ​សញ្ជាតូបនីយកម្ម ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ​ចែង​ថា ស្ត្រី ឬ​បុរស​បរទេស​ដែល​យក​ប្ដី ឬ​ប្រពន្ធ​ខ្មែរ ដោយ​បាន​រៀប​អាពាហ៍ពិពាហ៍ អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះ​ណា​តែ​ស្ត្រី ឬ​បុរស​នោះ រស់នៅ​ជាមួយ​គ្នា​រយៈពេល ៣​ឆ្នាំ ក្រោយ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍។

លោក​មេធាវី សួន វិសាល បញ្ជាក់​ថា បុរស ឬ​ស្ត្រី​បរទេស​ដែល​រៀបការ​ជាមួយ​ជនជាតិ​ខ្មែរ អាច​ចូល​សញ្ជាតិ​ខ្មែរ​បាន​ទោះ​ជា​រៀបការ​នៅ​ទីណា​ក៏ដោយ៖ «»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​ចូល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​អាពាហ៍ពិពាហ៍ មិន​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ សាមី​ខ្លួន​ត្រូវ​ធ្វើ​ការ​ទាមទារ។

មាត្រា​៥ ដដែល​បញ្ជាក់​ថា បែបបទ និង​នីតិវិធី​នៃ​ការ​ទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ ហើយ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។

ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា មាន​តែ​ព្រះមហាក្សត្រ​ទេ​ដែល​អាច​មាន​ព្រះរាជ​សិទ្ធិ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​បរទេស ដែល​បាន​រៀបការ​ជាមួយ​បុរស ឬ​ស្ត្រី​ខ្មែរ។

មធ្យោបាយ​ដែល​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​មួយ​ទៀត គឺ​តាម​រយៈ​សញ្ជាតូបនីយកម្ម។ លោក​មេធាវី សួន វិសាល ឲ្យ​ដឹង​ថា ជា​គោលការណ៍ កម្ពុជា ចង់​បាន​ធនធាន​មនុស្ស​បរទេស​ល្អៗ​ឲ្យ​មក​រស់នៅ​កម្ពុជា៖ «»។

មាត្រា​៧ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ចែង​ថា ជន​បរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន ដោយ​សញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិន​មែន​ជា​សិទ្ធិ​របស់​អ្នក​សុំ​ឡើយ គឺ​ជា​ការ​អនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តែ​ប៉ុណ្ណោះ។ ពាក្យ​សុំ​នេះ អាច​ត្រូវ​បដិសេធ​ចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ។

មាត្រា​៨ ចែង​អំពី​ជន​បរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវ​មាន​លក្ខខ័ណ្ឌ​ដូច​ត​ទៅ៖

ទី​១ មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅ​សង្កាត់​នៃ​ទីលំនៅ​របស់​ខ្លួន។

ទី​២ មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ។

ទី​៣ មាន​លិខិត​បញ្ជាក់​ថា ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់នៅ​ជាប់​ចំនួន ៧​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។

ទី​៤ មាន​ទីលំនៅ​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ដាក់​ពាក្យ​សុំ​សញ្ជាតូបនីយកម្ម។

ទី​៥ ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរ​ខ្មែរ និង​យល់​ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​សុខដុម ព្រម​ទាំង​ទទួល​បាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ។

ទី​៦ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

ការ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​សញ្ជាតូបនីយកម្ម​នេះ​ដែរ គឺ​ជន​បរទេស​ក៏​អាច​ចូល​តាម​ការ​ដាក់​ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ឬ​ផ្តល់​អំណោយ​ជា​ទឹក​ប្រាក់​ដល់​ថវិកា​ជាតិ។

មាត្រា​១០ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ចែង​ថា ចំពោះ​ជន​បរទេស​ណា​ដែល​បាន​ទទួល​លិខិត​អនុញ្ញាត​ឲ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ដែល​បាន​អនុវត្ត​គម្រោង​ជាក់ស្តែង​ចំណាយ​ទុន​ចំនួន​ចាប់​ពី ១.២៥០.០០០.០០០​រៀល​ឡើង​ទៅ ក៏​អាច​ដាក់​ការ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដែរ។

រីឯ​មាត្រា​១១ ចែង​ថា បើ​ទោះ​ជា​មិន​មាន​លិខិត​អនុញ្ញាត​ឲ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏ដោយ តែ​បាន​ទទួល​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​បាន​ចំណាយ​ទុន​វិនិយោគ​ចាប់​ពី ១.២៥០.០០០.០០០​រៀល​ឡើង​ទៅ អាច​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​បាន ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​បញ្ជាក់​ថា តើ​ស្ថាប័ន​ណា​ផ្សេង​ទៀត​ជា​អ្នក​បញ្ជាក់​ថា មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។

ទាក់ទង​នឹង​ការ​ធ្វើ​អំណោយ​វិញ មាត្រា​១២ ចែង​ថា ជន​បរទេស​ណា​ដែល​បាន​ធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកា​ជាតិ​ចាប់​ពី ១​ពាន់​លាន​រៀល (១.០០០.០០០.០០០​រៀល) ឡើង​ទៅ​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ការ​ស្ដារ និង​កសាង​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​បរទេស​នោះ​អាច​ធ្វើ​ពាក្យ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន ក្នុង​ករណី​ដែល​ជន​នោះ​បាន​បំពេញ​លក្ខខ័ណ្ឌ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​១ ទី​២ ទី​៥ និង​ទី​៦ ក្នុង​មាត្រា​៨ នៃ​ច្បាប់​នេះ។

ទោះ​ជា​យ៉ាង​ណា លោក​មេធាវី សួន វិសាល បារម្ភ​អំពី​ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាច​បណ្ដាល​ឲ្យ​មហា​សេដ្ឋី​ជា​ជន​អន្ធពាល​បរទេស​ខ្លះ ឆក់​ឱកាស​ចូល​ជា​សញ្ជាតិ​ខ្មែរ​បាន៖ «»។

ចំពោះ​ជន​បរទេស​ទាំងឡាយ​ណា​ដែល​មាន​ភស្តុតាង​បញ្ជាក់​ថា ខ្លួន​មាន​សមត្ថភាព ឬ​ថ្វី​ដៃ​ពិសេស​ក្នុង​ការ​ផលិត ឬ​បង្កើត​វត្ថុ​អ្វី​មួយ ហើយ​ចង់​ចូល​សញ្ជាតិ​ខ្មែរ​ក៏​អាច​ដាក់​ពាក្យ​ចូល​បាន​ដែរ ដោយ​មិន​បាច់​មាន​លក្ខខ័ណ្ឌ​រស់នៅ​ជាប់​ចំនួន ៧​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។

លោក​មេធាវី សួន វិសាល លើក​ឧទាហរណ៍​អំពី​គុណ​សម្បត្តិ​ពិសេស​នោះ៖ «»។

អំពី​ការ​ដាក់​ទោស​ទណ្ឌ​លើ​ជន​បរទេស​ណា​ដែល​ក្លែង​បន្លំ​កាន់​សញ្ជាតិ​ខ្មែរ​វិញ មាត្រា​១៩ នៃ​ច្បាប់​សញ្ជាតិ​ខ្មែរ​ចែង​ថា មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ទទួល និង​កាន់​កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​២០ ចែង​ថា ជន​បរទេស​ណា​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។

អំពី​ទោស​ទណ្ឌ​ដាក់​ទៅ​លើ​មន្ត្រី​រាជការ ដែល​ក្លែង​បន្លំ​ឯកសារ​ឲ្យ​ជន​បរទេស​វិញ មាត្រា​២២ ចែង​ថា មន្ត្រី​ភ្នាក់ងារ​រាជការ ឬ​ជន​ណា​ដែល​សមគំនិត​ជួយ​លាក់​បាំង ឬ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​ឲ្យ​ជន​ណា​ម្នាក់​គ្មាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ជន​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ដូច​មាន​ចែង​ក្នុង​មាត្រា​២០ និង​២១ នៃ​ច្បាប់​នេះ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។

ក្រៅ​ពី​ទោស​ទណ្ឌ​ដូច​មាន​ចែង​ក្នុង​ច្បាប់​សញ្ជាតិ​នេះ​ហើយ លោក​មេធាវី សួន វិសាល ឲ្យ​ដឹង​ថា មន្ត្រី​រាជការ​ដែល​សមគំនិត​ទាំង​នោះ នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ថែម​ទៀត៖ «»។

ជា​សរុប ច្បាប់​សញ្ជាតិ​កំណត់​អំពី​ការ​ទទួល​សញ្ជាតិ​ខ្មែរ តាម​វិធី ៣​យ៉ាង គឺ​តាម​រយៈ​កំណើត តាម​រយៈ​អាពាហ៍ពិពាហ៍ ឬ​តាម​រយៈ​សញ្ជាតូបនីយកម្ម។ ហើយ​ការ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​អាពាហ៍ពិពាហ៍ ឬ​តាម​រយៈ​សញ្ជាតូបនីយកម្ម ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល