នីតិវិធី​ស្រប​ច្បាប់​សម្រាប់​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ក្នុង​បំណង​ស្វែងរក​វត្ថុ​តាង

ដោយ ជីវិតា
2015-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ប្រដាប់​អាវុធ​ខេត្ត​ស្ទឹងត្រែង ចុះ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជន​សង្ស័យ​​ជួញដូរ​គ្រឿងញៀន ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
នគរបាល​ប្រដាប់​អាវុធ​ខេត្ត​ស្ទឹងត្រែង ចុះ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជន​សង្ស័យ​​ជួញដូរ​គ្រឿងញៀន ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Men Sothyr

សិទ្ធិ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​ជាតិ។ ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​នេះ ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស តែង​បង្កើត​នូវ​នីតិវិធី​សម្រាប់​ឲ្យ​អាជ្ញាធរ​រដ្ឋ មាន​មន្ត្រី​នគរបាល​យុត្តិធម៌ ជាដើម អនុវត្ត​នៅ​ពេល​ចុះ​ឆែកឆេរ​ទីកន្លែង ឬ​លំនៅឋាន​ណា​មួយ​ក្នុង​បំណង​ជៀសវាង​ការ​រំលោភ​អំណាច​របស់​សមត្ថកិច្ច​រដ្ឋ ទៅ​លើ​ពលរដ្ឋ​ខ្លួន។ នៅ​កម្ពុជា ការ​ចុះ​ឆែកឆេរ​ទីកន្លែង​ណា​មួយ ត្រូវ​អនុវត្ត​តាម​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧។

ការ​សម្រុក​ចូល​ក្នុង​ទីកន្លែង ឬ​លំនៅឋាន​របស់​បុគ្គល​ណា​ម្នាក់ គឺ​ជា​អំពើ​ជ្រៀតជ្រែក​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ឯកជន​របស់​អ្នក​ដទៃ​ដែល​ច្បាប់​ហាម​ឃាត់ ក៏ប៉ុន្តែ​សិទ្ធិ​ស្រប​ច្បាប់​នេះ អាច​ត្រូវ​បាន​រដ្ឋ​ដក​ហូត​មួយ​រយៈ ប្រសិន​បើ​បុគ្គល​រូប​នោះ​ត្រូវ​គេ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ។

ទោះ​ជា​យ៉ាង​ណា ច្បាប់​ក៏​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ទប់ស្កាត់​អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​ឲ្យ​អនុវត្ត​ច្បាប់​ហួស​ព្រំដែន​កំណត់ ដោយ​អនុវត្ត​តាម​អំពើ​ចិត្ត​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​រស់នៅ​ដ៏​សុខសាន្ត​របស់​ពលរដ្ឋ​ដែរ។

ដើម្បី​បញ្ចៀស​ការ​ទម្លាក់​កំហុស​ទៅ​លើ​ជន​ស្លូត​ត្រង់​ណា​ម្នាក់ ក្នុង​អំឡុង​ពេល​ចុះ​ឆែកឆេរ​រក​វត្ថុ​តាង​អ្វី​មួយ​នៅ​ក្នុង​ទីកន្លែង ឬ​លំនៅឋាន​ណា​មួយ នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា បាន​កំណត់​អំពី​វិធី និង​តម្រូវ​ការ​ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ចុះ​ឆែកឆេរ។ តាម​ច្បាប់​ជា​ធរមាន ការ​ចុះ​ឆែកឆេរ​ទីកន្លែង ឬ​លំនៅឋាន​របស់​ជន​ណា​ម្នាក់ សមត្ថកិច្ច​ត្រូវ​មាន​ដីកា​ឆែកឆេរ និង​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​ទីកន្លែង​នោះ។ ការ​ឆែកឆេរ​ណា​មួយ​ដែល​មិន​ចាំបាច់​មាន​ដីកា អាច​ធ្វើ​ទៅ​បាន​សម្រាប់​តែ​បទល្មើស​ជាក់ស្តែង​ប៉ុណ្ណោះ។ ហេតុផល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជៀសវាង​ការ​ទម្លាក់​កំហុស ឬ​ការ​ចោទ​ប្រកាន់​ណា​មួយ​រវាង​ម្ចាស់​ផ្ទះ និង​សមត្ថកិច្ច​ដែល​ចុះ​ឆែកឆេរ។

លោក​មេធាវី សួន វិសាល ឲ្យ​ដឹង​ថា ហេតុផល​ចម្បង​ដែល​ទាមទារ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​វត្តមាន នៅ​ពេល​ឆែកឆេរ​នោះ គឺ​ដើម្បី​ធានា​ថា សមត្ថកិច្ច​ធ្វើ​ត្រឹមត្រូវ​នៅ​ពេល​ឆែកឆេរ៖ «»។

ប៉ុន្តែ​ប្រសិន​បើ​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​ទីកន្លែង​មិន​មាន​វត្តមាន​នៅ​ពេល​ឆែកឆេរ​នោះ​ទេ ការ​ឆែកឆេរ​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ ប៉ុន្តែ​លុះត្រា​តែ​មាន​សាក្សី​ចំនួន ២​នាក់ ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ។ លោក​មេធាវី សួន វិសាល បញ្ជាក់​ថា វត្តមាន​របស់​សាក្សី​មាន​សារសំខាន់​ណាស់​ក្នុង​ពេល​ឆែកឆេរ នៅ​ពេល​ណា​មិន​មាន​វត្តមាន​ម្ចាស់​ផ្ទះ៖ «»។

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ស្ដីពី​ការ​ឆែកឆេរ និង​ការ​ចាប់​យក​វត្ថុ​តាង​មាត្រា​១៥៩ ចែង​ថា ចៅក្រម​ស៊ើបសួរ​អាច​ធ្វើ​ការ​ឆែកឆេរ​បាន។ ចៅក្រម​ស៊ើបសួរ ត្រូវ​ឆែកឆេរ​នៅ​ចំពោះ​មុខ​អ្នក​កាន់​កាប់​ទីកន្លែង ឬ​បើ​គ្មាន​អ្នក​កាន់​កាប់​ទេ ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ​សាក្សី​២ (ពីរ) នាក់ ដែល​ខ្លួន​ចាត់​តាំង។ សាក្សី​មិន​អាច​ជា​នគរបាល ឬ​ជា​កង​រាជ​អាវុធហត្ថ ដែល​ជា​កង​កម្លាំង​រួម​ប្រតិបត្តិការ​ក្នុង​ការ​ឆែកឆេរ​នោះ​បាន​ឡើយ។

មាត្រា​ដដែល​ចែង​ថា ចៅក្រម​ស៊ើបសួរ​មិន​អាច​ផ្ដើម​ការ​ឆែកឆេរ​មុន​ម៉ោង ៦ (ប្រាំមួយ) ព្រឹក និង​ក្រោយ​ម៉ោង ៦ (ប្រាំមួយ) ល្ងាច​បាន​ទេ លើក​លែង​តែ ក្នុង​ករណី​ឆែកឆេរ​នៅ​ទីកន្លែង​ដែល​បើក​ចំហ​ដល់​សាធារណជន ក្នុង​ករណី​ឆែកឆេរ​នៅ​គ្រប់​ទីកន្លែង​ដែល​ផលិត រក្សា​ទុក ជួញ​ដូរ ចែក​ចាយ ឬ​ប្រើប្រាស់​គ្រឿង​ញៀន។

លោក​មេធាវី សួន វិសាល បញ្ជាក់​ថា ការ​ឆែកឆេរ​នៅ​ពេល​ងងឹត ឬ​មិន​មាន​ពន្លឺ​គ្រប់គ្រាន់ អាច​មាន​គ្រោះថ្នាក់​ដល់​គ្រប់​ភាគី និង​មាន​ការ​ងាយ​ស្រួល​ដល់​ការ​ក្លែង​បន្លំ​ទម្លាក់​កំហុស​ដល់​ម្ចាស់​ទីកន្លែង ឬ​ម្ចាស់​ផ្ទះ៖ «»។

គោល​បំណង​នៃ​ការ​ឆែកឆេរ​នៅ​ទីកន្លែង​ណា​មួយ គឺ​ដើម្បី​ស្វែងរក​វត្ថុ​តាង​ដែល​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ណា​មួយ។ ទោះ​ជា​យ៉ាង​ណា វត្ថុ​តាង​ទាំងឡាយ​ណា​ដែល​បាន​មក​ពី​ការ​ឆែកឆេរ​គ្មាន​ដីកា គ្មាន​វត្តមាន​ម្ចាស់​ទីកន្លែង ឬ​គ្មាន​សាក្សី​ពីរ​នាក់ គឺ​ការ​ជា​ការ​ឆែកឆេរ​មិន​ស្រប​ច្បាប់។ លោក​មេធាវី សួន វិសាល បញ្ជាក់​ថា វត្ថុ​តាង​ទាំងឡាយ​ដែល​ប្រមូល​បាន​មក​ពី​ការ​ឆែកឆេរ​ខុស​នីតិវិធី​ច្បាប់ មិន​អាច​យក​មក​ប្រើ​ជា​ភស្តុតាង​ក្នុង​តុលាការ​បាន​ឡើយ៖ «»។

មាត្រា​១៥៩ ស្ដីពី​ការ​អនុវត្ត​ឆែកឆេរ​នៃ​ក្រម​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ដដែល​ចែង​ថា ចៅក្រម​ស៊ើបសួរ​ត្រូវ​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​ឆែកឆេរ ដោយ​ចុះ​ហត្ថលេខា​របស់​ខ្លួន និង​ក្រឡា​បញ្ជី រួម​ជាមួយ​អ្នក​កាន់​កាប់​ទីកន្លែង ឬ​សាក្សី​២ (ពីរ) នាក់។ កំណត់​ហេតុ​ស្ដីពី​ការ​ឆែកឆេរ ត្រូវ​សរសេរ​ចុះ​អំពី​អត្តសញ្ញាណ​របស់​អ្នក​កាន់​កាប់​ទីកន្លែង ឬ​សាក្សី​នីមួយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល