លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​អាមេរិក និង​នីតិវិធី​ដក ឬ​ព្យួរ​

ដោយ មួង ណារ៉េត
2019-03-05
Share
ទង់ជាតិ​អាមេរិក ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក
Photo: Wikipedia.org

កម្ពុជា​បាន​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ឬ GSP ពី​សហរដ្ឋ​អាមេរិក ដើម្បី​នាំ​ផលិតផល​ជា​ច្រើន​មុខ ទៅ​លក់​នៅ​ផ្សារ​អាមេរិក ដោយ​បង់​ពន្ធ​តិចតួច ឬ​មិន​ចាំបាច់​បង់​ពន្ធ​សោះ ដោយសារ​តែ​អាមេរិក​ចង់​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​កម្ពុជា​ចង់​ទទួល​បាន​ផល​ប្រយោជន៍​នេះ ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​ត្រូវ​តែ​គោរព​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ដែល​បាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​ចំនួន។

ថ្មីៗនេះ សមាជិកសភា​ និង សមាជិកព្រឹទ្ធសភា​អាមេរិក បាន​ស្នើ​ច្បាប់​ ឲ្យ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ដោយសារ​តែ​ការ​បំពាន​លក្ខខណ្ឌ​មួយ​ចំនួន។

តើ​អ្វីខ្លះ ជា​លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP និង នីតិវិធី​ដក ឬ ព្យួរ​វា?

កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ Generalized System Preferences ឬ​ហៅ​កាត់​ថា GSP របស់​អាមេរិក​នេះ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧៦ ជួយ​ប្រទេស​ក្រីក្រ ឲ្យ​បង្កើន​ទំហំ​ប្រាក់​ចំណូល​ក្នុង​ការ​នាំ​ចេញ​ទំនិញ ជួយ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​ និង ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច។

ប្រទេស​ដែល​រាប់​ថា ជា​ប្រទេស​ក្រីក្រ គឺ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ឬ (GDP) របស់​ពលរដ្ឋ​ម្នាក់ៗ តិច​ជាង ១,០២៥ ដុល្លារ តិច​ជាង​បី​ដុល្លារ​ក្នុង​មួយថ្ងៃ។ ស្ថាប័ន​ដែល​កំណត់​ថា​ប្រទេស​ណា​មួយ ជា​ប្រទេស​ក្រីក្រ គឺ​គណៈកម្មាធិការ​សម្រាប់​គោល​នយោបាយ​អភិវឌ្ឍ របស់​អង្គការ​សហប្រជាជាតិ។

កម្ពុជា​ចាប់​ផ្ដើម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP នៅ​ឆ្នាំ ១៩៩៧។ តាម​រយៈ​ការ​អនុគ្រោះ​នេះ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក គិត​ជា​ទឹក​ប្រាក់​ជាង ១៨០លាន​ដុល្លារ។ កាល​ពី​ខែ​មេសា ឆ្នាំ២០១៨ សហរដ្ឋ​អាមេរិក បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ ដល់​កម្ពុជា​ រហូត​ដល់​ឆ្នាំ ២០២០។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តាម​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤ របស់​សហរដ្ឋ​អាមេរិក ការផ្តល់ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ មួយ​ចំនួន​ ដែល​ប្រទេស​នីមួយៗ ​ត្រូវ​បំពេញ​ឲ្យ​បាន​ជាដាច់ខាត​។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​ការ​គោរព​សិទ្ធិ​ការងារ និង សិទ្ធិមនុស្ស​​។

ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ពី​ឆ្នាំ ២០១៥ ដល់ ២០១៨ រក​ឃើញ​ថា កម្មករ​ជា​ពិសេស​ស្ត្រី នៅ​តែ​រង​ការ​រំលោភ​សិទ្ធិ​ការងារ ទាំង​រង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង រើស​អើង​ពេល​ផ្ទៃពោះ និង​ថៅកែ​កាត់​ប្រាក់​ខែ​ពេល​សម្រាក ដើម្បី​សម្រាល​កូន​ជា​ដើម។ សិទ្ធិ​សេរីភាព​របស់​សហជីពកម្មករ ក៏​រង​ការ​រំលោភ​បំពាន​ដែរ ដោយសារ​តែ​ការ​ប្រើ​យុទ្ធសាស្ត្រ យក​សហជីព​កាង​ថៅកែ ដើម្បី​ទប់ទល់​សហជីព​ឯករាជ្យ​ ដែល​ការពារ​ប្រយោជន៍​កម្មករ​ពិត​ប្រាកដ​។ អាជ្ញាធរ ក៏បាន​ធ្វើទុក្ខបុកម្នេញ​សហជីព​ឯករាជ្យ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដែល​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​បក្ស​កាន់អំណាច។

អង្គការ​សិទ្ធិមនុស្ស​ដដែល ក៏​រក​ឃើញ​នូវ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ក្នុង​រយៈ​ពេល​ជាង ១៨ ខែ​ចុង​ក្រោយ​នេះ ជាពិសេស​ក្រោយ​ពេល​ដែល​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ផាត់​គណបក្ស​ប្រឆាំង។

មូលហេតុ​ទាំង​នេះ ធ្វើឲ្យ​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ទាំង​នៅ​សភា និង​ព្រឹទ្ធសភា ផ្ដួចផ្ដើម​ស្នើ​ច្បាប់ ដើម្បី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា។

សមាជិក​សភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត្រ (Steve Chabot) ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​​ឡើង​វិញ លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម​នេះ។

លោក អាឡែន ឡូវ៉ិនស្សល​ បញ្ជាក់​ថា របប​លោក ហ៊ុន សែន បំផ្លាញ​ពន្លក​ត្រួយ​ប្រជាធិបតេយ្យ​ ដែល​កំពុង​ដុះ​នៅ​អាស៊ី​អាគ្នេយ៍៖ «លោក ហ៊ុន សែន រម្លាយ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដោយ​បំផ្លាញ​ការ​សន្យា ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​បន្ត​ដណ្ដើម​ក្រាញ​អំណាច ដោយ​របៀប​ផ្ដាច់ការ។ របប​នេះ​ប្រើប្រាស់​ការ​គំរាមកំហែង សម្លុត​បំភ័យ អំពើ​ហិង្សា និង​ការ​សម្លាប់​មនុស្ស​ផង ធ្វើជា​ឧបករណ៍​ក្នុង​ការ​បន្ត​ក្រាញ​អំណាច​នេះ។ ដូច្នេះ ទាំង​លោក ហ៊ុន សែន និង​របប​នេះ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម ចំពោះ​អំពើ​ដែល​ខ្លួន​បាន​សាង»

សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ឯ​ណោះ គឺ​លោក ថិត គ្រូស (TED Cruz) ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក គ្រីស ឃូនស៍ (Chris Coons) ពី​ខាង​គណបក្សប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ក៏បាន​ដាក់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩នេះដែរ។ លោក ថិត គ្រូស បញ្ជាក់​ថា​ “សហរដ្ឋអាមេរិក ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិ​មនុស្ស ទើប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​បែបនេះ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៖ «លោក ហ៊ុន សែន មិន​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ជា​មូលដ្ឋាន នៃ​បទដ្ឋាន​សិទ្ធិ​ការងារ បំផ្លាញ​​សុចរិត​ភាព​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា និង ផ្ដេកផ្ដួល​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។ ប្រទេស​ដែល​បំផ្លាញ​​ប្រជាធិបតេយ្យ និង​រំលោភ​បទដ្ឋាន​ការងារ និង​សិទ្ធិ​មនុស្ស មិន​​​សម​​​ទទួល​​បាន​​​ការ​​​អនុគ្រោះ​​ពន្ធ​​នេះ​​ទេ»

ដោយសារ​អំណាច ក្នុង​ការ​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ គឺ​ស្ថិត​ក្នុង​ដៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទើប​តំណាងរាស្ត្រ​អាមេរិក ប្រើប្រាស់​យន្តការ​សភា ដើម្បី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​នេះ​ឡើង។

ដំណើរ​ការ​នៃ​ការ​អនុម័ត​ច្បាប់​នេះ គឺ​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ទូទៅ​នៃ​សេចក្ដី​ស្នើ​ច្បាប់​របស់​រដ្ឋសភា​ និង ព្រឹទ្ធសភា។

សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​ឆ្លង​កាត់​បួន​ដំណាក់​កាល។ ដំណាក់​កាល​ដំបូង គឺ​ដាក់​ស្នើ​ច្បាប់។ ដំណាក់​ទីពីរ​សភា​អនុម័ត។ ដំណាក់​កាល​ទីបី ព្រឹទ្ធសភា​អនុម័ត។ ចុង​ក្រោយ​ប្រធាន​ធិបតី​ចុះ​ហត្ថលេខា ដើម្បី​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

ឥឡូវនេះ ច្បាប់​នេះ​ឆ្លង​ផុត​ដំណាក់​កាល​ទី​មួយ​ហើយ។ ដំណាក់​កាល​ទីពីរ និង​ទីបី អាច​ប្រព្រឹត្ត​ទៅ​ឆាប់ ឬ​យូរ​អាស្រ័យ​ទៅ​លើ​ការ​ជំរុញ​ពី​តំណាងរាស្ត្រ ដែល​ស្នើ​ច្បាប់ និង​តំណាងរាស្ត្រ​ដែល​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​នេះ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ពលរដ្ឋ​ខ្មែរ-អាមេរិក​ទូទៅ អាច​ជួយ​ជំរុញ​ឲ្យ​ច្បាប់​នេះ​ចេញ​ឆាប់ ដោយ​សរសេរ​ញត្តិ​ទៅ​កាន់​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ ឬ​តំបន់​របស់​ខ្លួន ឬ​ណាត់​ជួប​តំណាង​រាស្រ្ត​ទាំង​នោះ ដោយ​បញ្ជាក់​អំពី​គោល​បំណង ដែល​ចង់​ឲ្យ​ប្រញាប់​អនុម័ត​ច្បាប់​នេះ។

ក្រោយ​ពី​ស្ថាប័ន​សភា និង ព្រឹទ្ធសភា​អនុម័ត​រួច ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី​មាន​ជម្រើស​បី​គឺ ទី​មួយ ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ ទី​ពីរ​ជំទាស់​ច្បាប់​នោះ ដោយ​ប្រើ​សិទ្ធិ​វ៉េតូ (veto) រួច​បញ្ជូន​វា​ត្រឡប់​ទៅ​សភា និង​ព្រឹទ្ធសភា​វិញ។ បើ​មតិ​ពីរ​ភាគ​បី​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​តែ​គាំទ្រ​ច្បាប់​នេះ ការ​ជំទាស់​របស់​ប្រធានាធិបតី​គ្មាន​ប្រសិទ្ធភាព។ ច្បាប់​នោះ​នឹង​ចូល​ជា​ធរមាន។ ទីបី ប្រធានាធិបតី មិន​ចាំបាច់​ធ្វើ​អ្វី​សោះ។ ក្នុង​ករណី​ដែល​ប្រធានាធិបតី​មិន​ធ្វើអ្វី​សោះ​នេះ ក្រោយ​ពី​ច្បាប់​នេះ​បាន​ដល់​ដៃ​ប្រធានាធិបតី ១០ថ្ងៃ វា​នឹង​ចូល​ជា​ធរមាន​ដោយ​ស្វ័យប្រវត្តិ។

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​ចំណោម​ប្រទេស ១៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១។ កិច្ច​ព្រមព្រៀង​នោះ គឺ​ដើម្បី​រក​ដំណោះ​ស្រាយ​រួម បិទ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ នៃ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយ​កម្ពុជា​សន្យា​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន ដោយ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី នៃ​កិច្ច​ព្រមព្រៀង​នោះ សហរដ្ឋ​អាមេរិក​មាន​ករណីយកិច្ច​ ជួយ​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ជំនួយ និង​ការ​អនុគ្រោះ​ពន្ធ GSP នេះ។ ប៉ុន្តែ កម្ពុជា​ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ត្រូវ​ពិចារណា​ឡើង​វិញ ចំពោះ​ជំនួយ និង​ការ​អនុគ្រោះ​ពន្ធ​នេះ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក អារិន ឆ្វាតចេស (Arend Zwartjes) ថា ជា​អកុសល រដ្ឋាភិបាល​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ដើម្បី​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។

សហរដ្ឋអាមេរិក មាន​យន្តការ​ច្បាប់​ជា​ច្រើន ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​រក​គន្លង​នៃ​ការ​គោរព​សិទ្ធិ​ការងារ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។ យន្តការ​ច្បាប់​ទាំង​នោះ រួម​មាន​ទាំង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ នេះ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល