ទី​គោចរ​របស់​ភិក្ខុសង្ឃ​ក្នុង​ការ​និមន្ត​បិណ្ឌបាត៖ បញ្ញត្តិ មូលហេតុ និង​ប្រយោជន៍

ដោយ កេសរណ្ណីយ្យា
2016.01.27
ព្រះសង្ឃ បិណ្ឌបាត ៨៥៥ ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​​នៅ​តាម​ភូមិ ក្នុង​​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៥។
RFA/Sireymuny

ការ​និមន្ត​គោចរ​បិណ្ឌបាត គឺ ជា​កិច្ចវត្ត​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ដើម្បី​ស្វែងរក​អាហារ​ភោជន​យក​មក​ទ្រទ្រង់​ជីវិត។

តាម​ពុទ្ធបញ្ញត្តិ មាន​ទី ៦​កន្លែង ដែល​ភិក្ខុ​មិន​គប្បី​និមន្ត​ទៅ​បិណ្ឌបាត គឺ​ទី​១ កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស ទី​២ កន្លែង​ស្ត្រី​មេម៉ាយ ទី​៣ គឺ​កន្លែង​ស្ត្រី​ដែល​នៅ​ក្រមុំ ទី​៤ កន្លែង​ខ្ទើយ ទី​៥ កន្លែង​ភិក្ខុនី និង​ទី​៦ កន្លែង​លក់​សុរា។

តើ​បញ្ញត្តិ​នូវ​ទី​គោចរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​នៃ​ភិក្ខុ​សាមណេរ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា?

ក្នុង​ពុទ្ធសាសនា​អធិប្បាយ​ដោយ​សេចក្ដី​ធៀប​ថា ដំណើរ​នៃ​ហ្វូង​សត្វ​ភមរជាតិ គឺ​ពពួក​សត្វ​កន្លង់ និង​ឃ្មុំ​ជា​ដើម​នេះ ដែល​ត្រាច់ចរ​ទៅ​ត្រឹប​ត្រង​លំអង​កេសរ​ផ្កា ដោយ​មិន​បណ្ដាលឲ្យ​អន្តរាយ​នូវ​ស្រទាប់ផ្កា យ៉ាងណាមិញ ដំណើរ​ត្រាច់​និមន្ត​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ​នៅ​តាម​និគម​ជនបទ​នានា ក៏​គប្បី​មាន​ភាព​បរិសុទ្ធ​ផូរផង់​មិន​ធ្វើ​ឱ្យ​សប្បុរសជន​អ្នក​ម្ចាស់​ទាន​មាន​ក្ដី​រង្គាល​ដោយ​ប្រការ​ណា​មួយ ដោយ​ការ​សូម​របស់​បព្វជិត​យ៉ាង​ដូច្នោះ​ដែរ។

ចំណុច​នេះ គឺ​ជា​ឫសគល់​ដ៏​ចម្បង​មួយ​ទាក់ទង​នឹង​ការ​កំណត់​វិន័យ​បញ្ញត្តិ​ចំពោះ​ទី​ទាំង​ឡាយ​ដែល​ភិក្ខុ​សាមណេរ​គួរ និង​មិន​គួរ​និមន្ត​គោចរ​ទៅ​ស្វែង​រក​ចង្ហាន់​បិណ្ឌបាត។

សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សួន ឱសថ អធិប្បាយ​ជុំវិញ​ប្រការ​នេះ៖  «រឿង​នេះ គឺ​ថា កាល​បើ​ទៅ​បិណ្ឌបាត​នៅ​ទី​អគោចរ ៦​យ៉ាង​ហ្នឹង គឺ​ធ្វើ​ឱ្យ​បរិស័ទ​នឹង​ខ្វះ​ជំនឿ​លើ​ពុទ្ធសាសនា ដោយ​យល់​ថា អ្នក​បួស​ដែល​ទ្រទ្រង់​នូវ​សំពត់​កាសាវៈ​នឹង​ទៅ​បិណ្ឌបាត​នៅ​ទី​នោះ ដែល​ជា​ទី​មិន​សមគួរ ដោយសារ​ទី​នោះ​ជា​ហេតុ​នាំ​ឱ្យ​កើត​នូវ​គ្រឿង​សៅហ្មង ហេតុ​នាំ​ឱ្យ​កើត​កិលេស ហេតុ​នាំ​ឱ្យ​បាត់បង់​នូវ​ការ​សង្រួម បាត់បង់​នូវ​ការ​បដិបត្តិ​ធម៌​វិន័យ ជា​កន្លែង​សប្បាយ កន្លែង​ច្រៀង​រាំ កន្លែង​មនុស្ស​កុះករ ដែល​បង្ក​ឱ្យ​មាន​បញ្ហា ឬ​វិបត្តិ​ផ្សេងៗ​នៅ​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​បិណ្ឌបាត»

​បញ្ញត្តិ​ចំពោះ​ទី​អគោចរ​ទាំង ៦​កន្លែង​នោះ គឺ​កំណត់​តែ​ក្នុង​ការ​និមន្ត​ត្រាច់​ទៅ​បិណ្ឌបាត​ប៉ុណ្ណោះ ក្នុង​ករណី​ដែល​គ្រាន់តែ​និមន្ត​ឆ្លង​កាត់ ដោយ​មិន​ឈប់ឈរ​រេរង់​បង្អង់​ទេ​នោះ គឺ​មិន​ជា​ការ​ខុស​ឆ្គង​អ្វី​ឡើយ។

ភិក្ខុ​សក្យមុនីបុត្តោ ជា សុមាលា គង់​នៅ​វត្ត "សរាវ័ន្ត​តេជោ" ក្រុង​ភ្នំពេញ មាន​ថេរដីកា​ពន្យល់​បន្ថែម​អំពី​មូលហេតុ​នៃ​ពុទ្ធបញ្ញត្តិ​ចំពោះ​ទី​អគោចរ​ទី ៦​កន្លែង​នោះ ដែល​មិន​គួរ​គប្បី​ចំពោះ​ភិក្ខុ​សាមណេរ​និមន្ត​បិណ្ឌបាត៖ «តាម​ការ​ហាម​របស់​ព្រះសម្មាសម្ពុទ្ធ គឺ​ព្រះអង្គ​ទ្រង់​បំណង [សំដៅ] ទៅ​ដល់​ភាព​មិន​សមរម្យ គឺ​ព្រះសង្ឃ​ជា​ភេទ​ឧត្ដម ភិក្ខុសង្ឃ​ដូច​ឃ្មុំ ពុទ្ធបរិស័ទ​ទីកន្លែង​បិណ្ឌបាត ដូចជា​ផ្កា គឺ​ភិក្ខុសង្ឃ​ទៅ​នាំ​ឱ្យ​ចំរើន​ភូមិ ចំរើន​សុខ​សួស្ដី​ដល់​ម្ចាស់​ទាន ហើយ​គេ​សប្បាយ ទោះ​ជា​ទៅ​ក៏​សប្បាយ ត្រឡប់​មក​វិញ​ក៏​គួរ​ជា​ទី​ជ្រះថ្លា។ ដូច្នេះ​កន្លែង ដែល​ស្ត្រី​មិនទាន់​រៀបការ កន្លែង​ស្ត្រី​មេម៉ាយ គឺ​ស័ក្ដិសម​ទេ​ក្នុង​ការ​និមន្ត​ទៅ គឺ​មនុស្ស​ទាំង​ឡាយ​មើល​មក​គឺ​មិន​សម​តែម្ដង អាច​សាកសួរ​ទៅ​ក៏​គេ​គង់​ឆ្លើយ​មក​ថា មិន​គួរ​ណា​ភិក្ខុសង្ឃ អ្នក​ខ្មាស ខ្លាច​បាប ជា​អ្នក​សង្រួម​ទៅ​ទី​ក្នុង​ទី​យ៉ាង​ហ្នឹង»

​ចំពោះ​ប្រយោជន៍​នៃ​វិន័យ​បញ្ញត្តិ​នោះ ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ គង់​នៅ​វត្ត "សំពៅ​មាស" ក្រុង​ភ្នំពេញ មាន​ថេរដីកា​អធិប្បាយ​ថា គឺ​ជា​របាំង​ការពារ​ដ៏​ប្រសើរ ជួយ​ដល់​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធ​សាសនា ដែល​កំពុង​ដើរ​លើ​មាគ៌ា​នៃ​ការ​ប្រតិបត្តិ​នៅ​ឡើយ​នោះ ដើម្បី​ជម្រះ​នូវ​គ្រឿង​មន្ទិល​សៅ​ហ្មង​ទាំង​ឡាយ​ទាំង​ពួង។

ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ មាន​ថេរដីកា​ពន្យល់​បន្ថែម​ជុំវិញ​មូលហេតុ​នៃ​ពុទ្ធបញ្ញត្តិ​នូវ​ទី​អគោចរ​ទាំង ៦​កន្លែង​នោះ ដោយ​ផ្ដោត​សេចក្ដី​ទៅ​លើ​តែ​ចំណុច​ទី​៣ ស្ដីពី​ទីលំនៅ​ស្ត្រី​នៅ​ទំនេរ​មិន​មាន​ស្វាមី​ដែល​ភិក្ខុសង្ឃ​គប្បី​ចៀសវាង​និមន្ត​ត្រាច់​បិណ្ឌបាត៖ «ចំណុច​មួយ​ទៀត​នោះ គឺ​ចំណុច​ទី​៣ ទីកន្លែង​ស្ត្រី​ដែល​ពុំ​ទាន់​មាន​ស្វាមី គូស្រករ​នឹង​ភិក្ខុសង្ឃ​មិន​គួរ​ទៅ​ទេ វា​នាំ​ទាំង​ចំណាយ​ពាក្យ​ញាតិ ជា​ពិសេស​គឺ​ញ៉ាំង​ឱ្យ​ពុទ្ធសាសនា​ធ្លាក់​ចុះ។ ក្នុង​សេចក្ដី​នេះ អាត្មា​លើក​ឡើង​ក្នុង​គម្ពីរ​នេះ គឺ​ថា​ធម្មតា​វា​នាំ​ជាប់​ជំពាក់​ផ្លូវ​ចិត្ត ព្រោះ​ធម្មតា​ភិក្ខុសង្ឃ​អ្នក​ដែល​ចូល​បួស មិន​គិត​ថា ឱ្យ​តែ​ចូល​បួស​ហើយ​សុទ្ធតែ​បាន​សម្រេច​មគ្គផល​ទេ។ ធម្មតា​ស្ត្រី​នៅ​ក្មេង ហើយ​ភិក្ខុសង្ឃ​ដែល​ជា​អ្នកបួស​នៅ​ក្មេង​អាច​កើត​មាន​ជា​តម្រេក​ផ្សេងៗ។ នៅ​ក្នុង​នេះ ទោះ​បី​ជា​មាន​មាតាបិតា​ជា​អ្នក​ឃុំ​គ្រង​ហើយ​ក៏ដោយ ប៉ុន្តែ​បើ​ភិក្ខុសង្ឃ​ទៅ​ញឹកៗ វា​អាច​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​គុណធម៌​របស់​លោក គឺ​ព្រំដែន​នៃ​បព្វជិត​នឹង​អាច​ធ្លាក់​ចុះ»

​ទាក់ទង​នឹង​ទី​អគោចរ​ទាំង ៦​កន្លែង ដែល​មាន​ក្នុង​ពុទ្ធ​បញ្ញត្តិ​នេះ គឺ​មាន​ការ​លើកលែង​ចំពោះ​ករណី​ដែល​មាន​បរិស័ទ​និមន្ត​ទៅ​ទទួល​ភត្ត និង​កិច្ច​បុណ្យទាន​នានា ផ្នែក​ពុទ្ធសាសនា​មាន​ពិធីបុណ្យ​សង្ឃទាន​បុណ្យ​បច្ច័យ​បួន និង​ពិធី​បុណ្យ​សព​ជាដើម​ពេល​នោះ​ភិក្ខុសង្ឃ​អាច​និមន្ត​រួម​គ្នា​ទៅ​កាន់​ទី​ទាំង ៦​កន្លែង​នោះ​បាន ដោយ​ពុំ​មាន​ខុស​ទាស់​អ្វី​ឡើយ។

ភិក្ខុ​សក្យមុនី​បុត្តោ ជា សុមាលា គង់​នៅ​វត្ត "សារាវ័ន្តតេជោ" ក្រុង​ភ្នំពេញ មាន​ថេរដីកា​លើក​យក​រឿងរ៉ាវ​ស្ត្រី​ផ្កាមាស​ដ៏​ស្រស់​អស្ចារ្យ ២​នាក់ នា​សម័យ​ពុទ្ធកាល​មក​ជា​ឧទាហរណ៍​បញ្ជាក់៖ «ព្រះអង្គ​ហាម​ហ្នឹង ហាម​ក្នុង​ករណី​ដែល​មិន​សម ធ្វើ​ឱ្យ​សីល​របស់​លោក​សៅហ្មង​បាន ព្រោះ​ទោះ​បី​ជា​មិន​មាន​ទី​កំបាំង​ក៏​មិន​នៅ​តែ​មិន​សម​គួរ​ក្នុង​ការ​ឈរ​ដែរ។ ប៉ុន្តែ​បើ​ដូចជា​នាង​ម្នាក់​សម័យ​ព្រះ ដែល​ឈ្មោះ​ថា "អម្ពរបាលី" ឬ​នាង​ម្នាក់​ទៀត ដែល​សម័យ​ពុទ្ធកាល​ឈ្មោះ​នាង "សិរិមា" ដែល​ជា​ស្ត្រី​ផ្កាមាស​ដែរ តែ​ជា​អ្នក​បាន​ដល់​ព្រះរតនត្រ័យ​ជា​ទី​ពឹង។ រៀងរាល់ថ្ងៃ​តែង​និមន្ត​ភិក្ខុសង្ឃ​ទៅ​ផ្ទះ​ជាប់​និមន្ត​ថ្វាយ​ទាន ហើយ​ភិក្ខុសង្ឃ​និមន្ត​ឆាន់​ក្នុង​ផ្ទះ ហើយ​អ្នក​ភូមិ​អ្នក​ស្រុក​ក៏​គេ​ដឹង​ថា "សិរិមា" ឬ "អម្ពរ​បាលី" ពិត​មែន​តែ​កើត​មក​ជាតិ​នេះ​មាន​កម្ម ត្រូវ​ឱ្យ​ជា​ស្ត្រី​រូប​ស្អាត​ប្រចាំ​នគរ​ជា​ទី​ប្រាថ្នា​នៃ​បុរស​ទូទៅ តែ​គ្រប់​គ្នា​ដឹង​ថា នាង​ជា​សម្មាទិដ្ឋិ​បុគ្គល មិន​ធ្វើ​បាប​ភិក្ខុសង្ឃ​ទេ នឹង​អត់​អី​វិញ»

​តាម​សេចក្ដី​នៅ​ក្នុង​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​គូស​បញ្ជាក់​ថា គ្រប់​វិន័យ​ទាំង​អស់ ទាល់​តែ​មាន​ហេតុ​កើត​ឡើង​ទើប​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ញត្តិ​ចំពោះ​ភិក្ខុសង្ឃ​ជា​ក្រោយ។

ជំនួយ​ការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សួន ឱសថ អធិប្បាយ​ដោយ​លើក​យក​ហេតុការណ៍​ក្នុង​សម័យ​ពុទ្ធកាល​ដែល​ជា​ដើម​ហេតុ​នៃ​បញ្ញត្តិ​ទាក់ទង​នឹង​ការ​ហាម​ភិក្ខុសង្ឃ​និមន្ត​ឆ្លងកាត់ ឬ​និមន្ត​ទៅ​កាន់​ទីកន្លែង​ភិក្ខុនី​គង់​នៅ៖ «មាន​រឿង​ដំណាល​ជា​ច្រើន​ទាក់ទង​នឹង​រឿង​ភិក្ខុ ជាពិសេស​ភិក្ខុ​ដែល​មាន​គ្នា ៦​រូប​ហ្នឹង គឺ​ថា បាន​ឃើញ​នូវ​ភិក្ខុនី​ដែល​លោក​គ្រង​ចីពរ ឬ​ក៏​ថា ដែល​លោក​ដោះ​ចីពរ​ទៅ ឃើញ​ទៅ​វា​មាន​ការ​អៀនខ្មាស មាន​ការ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ជា​កិលេស​នឹង​កើត​ឡើង។ អ៊ីចឹង​ហើយ​រឿង​ហ្នឹង​បាន​ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ញត្តិ​មិន​ឱ្យ​ភិក្ខុ​ឆ្លង​កាត់​ទី​នៅ​ទី​បិទបាំង​របស់​ភិក្ខុនី​ទេ។ ចំណុច​មួយ​ទៀត​នោះ គឺ​ទី​ដែល​ស្រា ទី​តៀម​ស្រា ហាង​ស្រា ដែល​អ្នក​ដែល​ពួក​អ្នក​ផឹក​ស្រា​តែងតែ​ចេញ​ចូល​ក្នុង​ទី​នោះ ហើយ​ភិក្ខុ​លោក​ទ្រទ្រង់​នូវ​សិក្ខាបទ គឺ​សុរា​នឹង​គឺ​ដាច់​ខាត​ហើយ សុរាមេរ័យ​ហ្នឹង»

​ត្រង់​បញ្ញត្តិ​ទាក់ទង​នឹង​ទី​ទាំង ៦​កន្លែង ដែល​រួម​ទាំង​ទី​លក់​គ្រឿង​ស្រវឹង មាន​សុរា​ជា​ដើម​នោះ គឺ​សុទ្ធ​តែ​មាន​រឿង​ហេតុ​កើត​ឡើង​តាំង​ពី​ជំនាន់​ព្រះពុទ្ធ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ កាល​ពី​ជាង ២.៥០០​ឆ្នាំ​មុន ដោយ​មាន​បរិស័ទ​បាន​ឃើញ​ភិក្ខុសង្ឃ​ត្រាច់​និមន្ត​ទៅ​កាន់​ទី​ទាំង​នោះ ហើយ​មាន​សេចក្ដី​រង្គាល ទើប​កើត​ជា​បញ្ញត្តិ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

​​តើ​ការ​យល់​ដឹង​នូវ​បញ្ញត្តិ​នូវ​ទី​គោចរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​នៃ​ភិក្ខុ​សាមណេរ មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ​ចំពោះ​ពុទ្ធបរិស័ទ និង​សង្គម?

​លោក​អ្នក​នាង​កញ្ញា​នឹង​បាន​អាន និង​ការ​អធិប្បាយ​ជុំវិញ​ប្រការ​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។