លក្ខណៈ​ពិសេស​នៃ​ពណ៌​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​ពុទ្ធ​សាសនា

ដោយ កេសរណ្ណីយ្យា
2015-01-21
Share

សព្វ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា ភិក្ខុសង្ឃ​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​គ្រង​ស្បង់​ចីវរ​ដោយ​មាន​ពណ៌​ខុស​ប្លែក​ពី​គ្នា ដូចជា​ពណ៌​លឿង​ខ្ចី ឬ​លឿង​ចាស់ ពណ៌​ទឹក​ក្រូច ពណ៌​ក្រហម​ក្រមៅ និង​ពណ៌​ខ្លឹម​ខ្នុរ ជាដើម។  តើ​ពណ៌​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​ពុទ្ធានុញ្ញាត?

ស្បង់​ស្បៃ​ត្រៃចីវរ​គឺ​ជា​គ្រឿង​គ្រប​ដណ្ដប់​រាង​កាយ​របស់​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ដែល​រួមមាន​ស្បង់​ចីពរ និង​សង្ឃាដី។ នា​សម័យ​ពុទ្ធកាល ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទើប​បាន​ត្រាស់​ដឹង​ថ្មីៗ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​តែ​ចីវរ​ឥត​ម្ចាស់ គឺ​សំពត់​ដែល​ភិក្ខុ​បាន​ដោយ​បង្សុកូល​យក​ពី​គំនរ​សំរាម ឬ​ពី​ព្រៃ​ស្មសាន មក​ប៉ះប៉ុន​ដេរ​ភ្ជាប់​គ្នា​ធ្វើជា​ត្រៃចីវរ​សម្រាប់​ស្លៀក​ដណ្ដប់​ក្រាល​គ្រង។   ត្រៃចីវរ​ទាំង​នោះ​គឺ​ភិក្ខុសង្ឃ​លោក​យក​ទៅ​ជ្រលក់​ពណ៌​ទឹក​អម្ចត់ (ម្ចត់) ដែល​ដាំ​រំងាស់​ចម្រាញ់​ពី​រុក្ខជាតិ មាន​ផ្កាឈើ ផ្លែឈើ មើម​ឈើ ស្លឹក និង​សំបក​ឈើ​ជាដើម ដើម្បី​ឱ្យ​ចីវរ​មាន​ពណ៌​ស្រគាំ​មិន​ឆើតឆាយ។

នេះ​គឺ​ជា​សេចក្ដី​អធិប្បាយ​របស់​ភិក្ខុ​ព្រះ​មហា​ធម្មាលង្ការោ ចាន់ សុជន គង់​នៅ​វត្ត «ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់» ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​បន្ថែម​ទាក់ទង​នឹង​ពណ៌​ស្បង់​ចីវរ​របស់​ភិក្ខុសង្ឃ នា​សម័យ​ពុទ្ធកាល​ដែល​ជ្រលក់​ដោយ​ពណ៌​ធម្មជាតិ៖ «នៅ​ក្នុង​វិន័យ​បិដក លោក​បញ្ជាក់​ថា ទឹក​ដែល​ត្រូវ​ជ្រលក់​ចីវរ​មាន​៦​ប្រការ។  ក្នុង​នោះ​មាន​ទឹក​កើត​ពី​មើម​ឈើ ពី​ដើម​ឈើ ទឹក​ដែល​កើត​ពី​សំបក ពី​ស្លឹក ពី​ផ្កា និង​ពី​ផ្លែ​ឈើ ដែល​ត្រូវ​ជ្រលក់​ចីវរ ហើយ​ចីវរ​អាច​ប្រើ​បាន។ (សំណួរ៖ ករុណា​ព្រះអង្គ​មាន​កំណត់​ពណ៌​ដែរ ព្រោះ​មើម​ឈើ​ក្ដី សំបក​ក្ដី ស្លឹក​ក្ដី ផ្កា​ក្ដី ផ្លែ​ក្ដី​ហ្នឹង វា​មាន​ពណ៌​ផ្សេង​គ្នា ដូចជា​ផ្កា​អញ្ជ័ន​មាន​ពណ៌​ខៀវ ករុណា តើ​ព្រះអង្គ​មាន​ភ្ជាប់​ទៅ​នឹង​ពណ៌​ទេ ឬ​មួយ​ក៏​ថា​ពណ៌​អី​ក៏​អាច​ជ្រលក់​បាន ទឹក​អម្ចត់​នោះ?)  ពណ៌​មិន​កំណត់​ទេ គឺ​សំដៅ​ទៅ​លើ​ទឹក​ដែល​ត្រូវ​ជ្រលក់​កុំ​ឱ្យ​ស​សុទ្ធ ធ្វើ​ម៉េច​ឱ្យ​ចីវរ​ហ្នឹង​ក្លាយ​ជា​ចីវរ​ដែល​បាន​ជ្រលក់​ដោយ​ពណ៌ ដោយ​ទឹក​អម្ចត់»

ទន្ទឹម​គ្នា​នេះ មាន​រុក្ខជាតិ​មួយ​ចំនួន​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​មិន​ឱ្យ​ភិក្ខុ​យក​មក​ធ្វើជា​ទឹក​ជ្រលក់​ក្រណាត់​សំពត់​ចីវរ។ ក្នុង​នោះ រួម​មាន​ដើម​ឃ្លេ ដែល​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដុះ​ក្នុង​ព្រៃ​រនាម ជា​ជំពូក​វល្លិ មាន​បន្លា​ស្រួចៗ ដុះ​ជា​គុម្ព​ធំៗ  ដែល​គេ​យក​ខ្លឹម​របស់​វា​ទៅ​ស្ងោរ​រំងាស់​យក​ទឹក​ជ្រលក់​សូត្រ។

លោក​បណ្ឌិត សួន ឱសថ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយ​ការ​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​អំពី​មូលហេតុ​នៃ​ព្រះ​វិន័យ ស្ដីពី​ការ​កំណត់​ឱ្យ​ចៀសវាង​ប្រើ​ប្រភេទ​រុក្ខជាតិ​ទាំង​នោះ៖ «អដ្ឋកថា​អម​ព្រះ​វិន័យ​លោក​ពន្យល់​ថា ទឹក​ជ្រលក់​ដែល​កើត​អំពី​មើម​ឈើ​វៀរ​រមៀត​ចេញ មើម​រមៀត​ដាក់​ទៅ​វា​លឿង​ពេក លោក​អត់​ឱ្យ​ដាក់​ចូល​ទេ វៀរ​ចេញ​ទៅ។  ទឹក​ជ្រលក់​ដែល​កើត​អំពី​មើម ឬ​កើត​អំពី​ដើម វៀរ​ដើម​ត្បែង និង​ដើម​ឃ្លេ​ចេញ  ព្រោះ​ឃ្លេ​វា​ពណ៌​លឿង ត្បែង​ពណ៌​ដូច​ផ្កាឈូក អ៊ីចឹង​វៀរ​ពណ៌​ទាំង​នោះ​​ចេញ។  អ្វី​ដែល​ព្រះអង្គ​ទ្រង់​អនុញ្ញាត ហើយ​អដ្ឋកថា​ពន្យល់​ឱ្យ​វៀរ​នោះ មាន​ន័យ​ថា ពណ៌​ណា​ដែល​ធ្វើ​ទៅ​ហើយ មិន​អាច​ឱ្យ​មាន​ពណ៌​អម្ចត់​ហ្នឹង​ចេញ​បាន គឺ​ពណ៌​ហ្នឹង​ត្រូវ​វៀរ​ចេញ​ហើយ មិន​យក​មក​ដាក់​បញ្ចូល​ទេ»

លុះ​ចំណេរ​កាល​ក្រោយ​មក ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​ចីវរ​មាន​ម្ចាស់ ហៅ​ថា «គហបតី​ចីវរ» ដែល​ទាយក​ទាយិកា​បាន​កាត់​ដេរ និង​ជ្រលក់​ពណ៌​ត្រឹមត្រូវ​ស្រេចស្រាប់​ហើយ​នាំ​យក​មក​ប្រគេន​ដល់​ភិក្ខុសង្ឃ។  ចំពោះ​ស្បង់​ស្បៃ​ត្រៃចីវរ​ទាំង​បី​យ៉ាង​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ឱ្យ​ភិក្ខុ​គប្បី​ចៀសវាង​សំពត់​ទាំង​ឡាយ​ណា​ដែល​មាន​ពណ៌​ស្រស់​ឆើតឆាយ។

ភិក្ខុ​ព្រះ​មហា​ធម្មាលង្ការោ ចាន់ សុជន មាន​ថេរ​ដីកា​អំពី​ប្រការ​នេះ៖ «ពណ៌​ចីវរ​ក្នុង​ពុទ្ធ​សាសនា​នៅ​ក្នុង​ឯកសារ​បញ្ជាក់​ថា ពណ៌​ដែល​ត្រូវ​ប្រើ​បាន​មាន​តែ​២​ទេ គឺ​ពណ៌​ខ្លឹម​ខ្នុរ។ ពណ៌​ខ្លឹម​ខ្នុរ​នេះ​អាច​ចែក​ជា​២​ក៏​បាន គឺ​ខ្លឹម​ខ្នុរ​ចាស់​និង​ខ្លឹម​ខ្នុរ​ខ្ចី ហើយ​មួយ​ទៀត​គឺ​ពណ៌​លឿង​លាយ។ ក្នុង​វិន័យ​ដូចជា​បញ្ច​តំបន់​ព្រះ​អដ្ឋកថា មាន​បញ្ជាក់​ដែរ​ថា ពណ៌​ដែល​មិន​ត្រូវ​ប្រើ ហើយ​ប្រើ​ទៅ​មាន​ទោស​នោះ គឺ​ពណ៌​ដែល​សុទ្ធៗ ឧទាហរណ៍​ថា ចីវរ​ខៀវ​សុទ្ធ ចីវរ​លឿង​សុទ្ធ ចីវរ​ក្រហម​សុទ្ធ។ បើ​ពណ៌​ហង្សបាទ​សុទ្ធ​ក៏​ប្រើ​មិន​បាន បើ​ខ្មៅ​សុទ្ធ​ក៏​ប្រើ​មិន​បាន បើ​លឿងទុំ​សុទ្ធ​ក៏​ប្រើ​មិន​បាន។ អ្វី​ដែល​សុទ្ធៗ​ហ្នឹង​គឺ​ប្រើ​មិន​បាន​ទេ»

ចំពោះ​ពណ៌​ហង្សបាទ​ដែល​ជា​សម្បុរ​នៃ​ជើង​របស់​សត្វ​ហង្ស ឯកសារ​ខ្លះ​សរសេរ​ថា គឺ​ជា​ពណ៌​ក្រហម​ខ្លះ​ទៀត​សរសេរ​ថា ជា​ពណ៌​ស៊ី​ជម្ពូ​ខ្ចី ឬ​ពណ៌​ផ្កាឈូក​ខ្ចី។ បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ដទៃ​ទៀត មាន​ថៃ ឡាវ ភូមា និង​សិរីលង្កា ភិក្ខុសង្ឃ​គ្រង​ស្បង់​ចីពរ​ពណ៌​ខុស​ប្លែក​ពី​គ្នា។

លោក​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​បញ្ជាក់​អំពី​គោល​ចម្បង​នៃ​ពណ៌​អម្ចត់ មាន​ចារឹក​ទុក​ក្នុង​គម្ពីរ​ដីកា​ផ្នែក​វិន័យ​បិដក​តាម​ពុទ្ធ​បញ្ញត្តិ ដែល​ជា​បវេណី​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​នា​អតីតកាល​ជាប់​រហូត​ដល់​សព្វថ្ងៃ​នេះ៖ «ចីវរ​ដែល​ព្រះអង្គ​អនុញ្ញាត​ឱ្យ​ភិក្ខុ​ក្រាល​គ្រង ពណ៌​មិន​ឆើតឆាយ​ទេ ព្រះអង្គ​អនុញ្ញាត​ត្រឹមតែ​ពណ៌​អម្ចត់។ ពណ៌​ហ្នឹង​ស្រដៀង​នឹង​ពណ៌​ខ្លឹម​ខ្នុរ ឬ​ស្រដៀង​នឹង [ពណ៌] ខ្នង​ក្អែប។  ពណ៌​អម្ចត់​ហ្នឹង​គួរ​ភិក្ខុ​ក្រាល​គ្រង មាន​ន័យ​ថា ជា​ពណ៌​ស្រគត់ស្រគំ​សម្រាប់​អ្នក​បួស ទ្រទ្រង់​នូវ​ចីវរ​ហ្នឹង។ សព្វថ្ងៃ​ខ្ញុំ​មាន​ឃើញ ភិក្ខុ​អង្គ​ខ្លះ​លោក​ប្រើ​ចីវរ​លឿង​សុទ្ធ​ទៅ ភិក្ខុ​អង្គ​ខ្លះ​ប្រើ​ចីវរ​គេ​ហៅ​ថា ពណ៌​អាចម៍​សេះ ហើយ​អង្គ​ខ្លះ​លោក​ប្រើ​ចីវរ​ពណ៌​អម្ចត់​ហ្នឹង។ ការ​ប្រើប្រាស់​ចីវរ​របស់​ភិក្ខុ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ក្តី សៀម​ក្តី ភូមា​ក្តី គឺ​មិន​ដូច​គ្នា។  ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា នៅ​ភូមា ភាគ​ច្រើន​ប្រើប្រាស់​ឯកភាព​គ្នា​ច្រើន​ជាង ដោយសារ​លោក​យក​សំពត់​ពណ៌​អម្ចត់ អម្ចត់​មែន»

ចំពោះ​ពណ៌​ស ដែល​ជា​ទូទៅ​គេ​ចាត់​ទុកជា​ពណ៌​មិន​ឆើតឆាយ ជា​ពណ៌​តំណាង​ឱ្យ​ភាព​បរិសុទ្ធ​ស្អាតស្អំ​នោះ ប៉ុន្តែ​ពុទ្ធសាសនា​មិនបាន​កំណត់​យក​ពណ៌​ស​មក​ជា​ពណ៌​ស្បង់​ស្បៃ​ត្រៃចីវរ សម្រាប់​ភិក្ខុសង្ឃ​ទ្រទ្រង់​ក្រាល​គ្រង​ឡើយ។

លោក​បណ្ឌិត សួន ឱសថ  ជំនួយ​ការ​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បញ្ជាក់​អំពី​មូលហេតុ​នៃ​ពុទ្ធ​បញ្ញត្តិ​នេះ៖ «ពណ៌​ស​សុទ្ធ​នេះ ជា​ពណ៌​មួយ ដែល​កាលណា​បើសិនជា​លោក​គ្រង​ស្លៀក​ដណ្ដប់​ទៅ​មាន​ដំណើរ​ចូល​ទៅ​ទី​ព្រៃ ឬ​ចូល​ទៅ​ទី​ផ្សេងៗ នាំ​ឱ្យ​មាន​ការ​ផ្អើល​ដល់​ពពួក​សត្វ​ម្រឹគ​សត្វព្រៃ​ផ្សេងៗ នៅ​ក្នុង​ព្រៃ។  ម្យ៉ាង​ទៀត ពណ៌​ស​សុទ្ធ​នេះ​មិន​អាច​នឹង​ដើរ​ជាន់​បាន​ទេ សូម្បីតែ​ជាន់​ទៅ​លើ​កម្រាល​ដែល​គេ​ក្រាល​ពណ៌​ស​សុទ្ធ​ហ្នឹង ក៏​ភិក្ខុ​មិន​អាច​ដើរ​ជាន់​បាន​ដែរ។  ភិក្ខុ​អង្គ​ណា​ដើរ​ជាន់ គឺ​ត្រូវ​អាបត្តិ​គ្រប់​ជំហាន (សំណួរ៖ ហេតុ​អី​ទៅ​លោក​បណ្ឌិត?) ដោយសារ​ពណ៌​នេះ​វា​ងាយ​ប្រឡាក់​ផង ហើយ​ជា​ពណ៌​ដែល​ពួក​អ្នក​បរិភោគ​កាម​ប្រើប្រាស់ បាន​ន័យ​ថា ពួក​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ​ប្រើប្រាស់​ពណ៌​ហ្នឹង»

​ហេតុផល​មួយ​ទៀត​គឺ​ដោយសារ​ក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​ពុទ្ធកាល ក្រុម​និគ្រន្ថ និង​ព្រាហ្មណ៍ ដែល​ជា​បព្វជិត​ក្រៅ​សាសនា បាន​យក​ពណ៌​ស​ជា​ឯកសណ្ឋាន​សម្រាប់​សំគាល់​ក្រុម​ពួក​របស់​គេ។  អាស្រ័យ​ហេតុ​នេះ ទើប​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​សាវក​ទ្រទ្រង់​សំពត់​កាសាវពស្ត្រ ពោល​គឺ​ស្បង់​ស្បៃ​ត្រៃចីវរ ដែល​មាន​ពណ៌​អម្ចត់ ដើម្បី​ជា​លក្ខណៈ​ពិសេស​សំគាល់​ក្រុម​គណៈ​នៃ​សមណ​អ្នក​បួស​ក្នុង​ពុទ្ធសាសនា។

ត្រៃចីវរ​ដែល​ជា​គ្រឿង​ស្លៀក​ដណ្ដប់​របស់​ភិក្ខុសង្ឃ​មាន ៣​ផ្ទាំង រួមមាន​ស្បង់ ចីពរ និង​សង្ឃាដី។  ស្បង់​ជា​សំពត់​សម្រាប់​គ្រប​ដណ្ដប់​រាងកាយ​ព័ន្ធ​ត្រឹម​ចង្កេះ​ចុះ​ទៅ​ក្រោម។  ចីពរ​គឺ​ជា​សំពត់​សម្រាប់​គ្រង​នៅ​ផ្នែក​ខាង​លើ ពាក់​គ្រប​លើ​ស្មា​ទាំងពីរ ឬក៏​ឃ្លុំ​ឆៀង។  ចំណែក​សង្ឃាដី​គឺ​សំពត់​មួយ​ផ្ទាំង មាន​ទំហំ​ធំ​ជាង​គេ​សម្រាប់​ឃ្លុំ​បន្ថែម​ពី​លើ​ចីពរ  និង​អាច​ប្រើ​ជា​ភួយ​សម្រាប់​ដណ្ដប់​ការពារ​ធាតុអាកាស​ត្រជាក់។

​សូម​លោកអ្នក​នាង​កញ្ញា​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​អធិប្បាយ​អំពី​លក្ខណៈ​ពិសេស​នៃ​សាច់​ក្រណាត់ ព្រមទាំង​ខ្នាត​រង្វាស់​សំពត់​ចីវរ​ទាំង​បី​នេះ នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល