កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​ចរន្ដ​អគ្គិសនី​និង​ការ​ឆក់​ខ្សែ​ភ្លើង (ភាគ​២)

នៅ​ក្នុង​នាទី​វិទ្យាសាស្ដ្រ និង​ជីវិត​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​សប្ដាហ៍​នេះ សូម​លើក​យក​នូវ​ការ​បកស្រាយ​ណែនាំ​របស់​អ្នក​ជំនាញ អំពី​កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ទុស្សេ​ខ្សែ​ភ្លើង និង​វិធីសាស្ត្រ​ក្នុង​ការ​ត​ភ្ជាប់​បណ្ដាញ​ភ្លើង​អគ្គិសនី​នៅ​តាម​លំនៅឋាន​ ដើម្បី​ទប់​ស្កាត់ ការពារ​គ្រោះថ្នាក់​ទាំង​នេះ មក​ជម្រាប​ជូន​ជា​បន្ត​ទៀត។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ថាមពល​អគ្គិសនី​បាន​ស្រាវជ្រាវ​រក​ឃើញ​នូវ​បច្ចេកវិទ្យា​ផ្សេងៗ ក្នុង​ការ​ផលិត​ជា​ថាមពល​អគ្គិសនី ឬ​ភ្លើង​អគ្គិសនី ដើម្បី​​បម្រើ​ផល​ប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ភ្លើង​បំភ្លឺ​ផ្ទះ​សម្បែង និង​បំភ្លឺ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជាដើម។

ក្រៅ​ពី​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​គ្រឿងចក្រ​ជាច្រើន​ប្រភេទ​នៅ​តាម​រោងចក្រ សហគ្រាស និង​ឧបករណ៍​ផ្សេងៗ ដូច​ជា​ម៉ាស៊ីន​កិន​ស្រូវ ម៉ូទ័រ​បូម​ទឹក ម៉ាស៊ីន​ត្រជាក់ ទូរ​ទឹកកក​ជាដើម។ ប៉ុន្តែ​ទន្ទឹម​នឹង​ផល​ប្រយោជន៍​ច្រើន​បែប​យ៉ាង​នេះ ភ្លើង​អគ្គិសនី​ក៏​អាច​ផ្ដល់​នូវ​វិបត្តិ គ្រោះ​មហន្តរាយ​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ប្រសិន​បើ​ការ​ត​ភ្ជាប់​បណ្ដាញ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​ទេ​នោះ។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បង្រៀន​មុខ​វិជ្ជា​រូប​វិទ្យា​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​ថា ហេតុការណ៍​ឆ្លង​ចរន្ត​អគ្គិសនី ដែល​បាន​កើត​មាន​ជា​ញឹកញាប់​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​ដោយសារ​ខ្វះ​ការ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ត​ភ្ជាប់។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា មាន​ប្រសាសន៍​ថា ៖ «ឆ្លង​ចរន្ត ទុស្សេ​ខ្សែ​ភ្លើង​ហ្នឹង​មាន​បញ្ហា​ច្រើន។ ទី​១ ដោយសារ​ខ្សែ​ភ្លើង​ដែល​យើង​ត​ប្រើ​ហ្នឹង​មាន​មុខ​កាត់​តូច នៅ​ពេល​ដែល​ខ្សែ​ភ្លើង​មាន​មុខ​កាត់​តូច ចរន្ត​អគ្គិសនី​ហ្នឹង​ដែល​អេឡិចត្រុង ជា​អ្នក​ដឹក​ជញ្ជូន​ហ្នឹង​រត់​លឿន​នៅ​ក្នុង​ខ្សែ​ចម្លង ដូច្នេះ​កាល​ណា​អេឡិចត្រុង​រត់​លឿន ធ្វើ​ឲ្យ​ខ្សែ​ភ្លើង​ហ្នឹង​ឡើង​ក្ដៅ កាល​ណា​ខ្សែ​ភ្លើង​ឡើង​ក្ដៅ ធ្វើ​ឲ្យ​រលាយ​ជ័រ​អ៊ីសូឡង់ ដែល​ស្រោប​ខ្សែ​ទាំង​ពីរ​ហ្នឹង មាន​ខ្សែ​ហ្វា ហើយ​និង​ខ្សែ​ណឺត​ហ្នឹង ខ្សែ​ម៉ាស់​ហ្នឹង​ប៉ះ​គ្នា​ធ្វើ​ឲ្យ​វា​ទុស្សេ​ខ្សែ​ភ្លើង ដែល​យើង​ធ្លាប់​និយាយ​ថា ទុស្សេ​ខ្សែ​ភ្លើង​ហ្នឹង»

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បាន​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​សុវត្ថិភាព​ពី​គ្រោះថ្នាក់​នៃ​ការ​ទុស្សេ​ខ្សែ​ភ្លើង ឬ​ឆ្លង​ចរន្ត​អគ្គិសនី​នេះ គឺ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​ក្នុង​ការ​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី និង​ការ​ជ្រើស​រើស​ខ្សែ​ភ្លើង​នីមួយៗ​មក​ប្រើ។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ចំពោះ​ខ្សែ​ភ្លើង​ហ្នឹង ជា​ទូទៅ​ដែល​ត​នៅ​តាម​គេហដ្ឋាន គេ​ហៅ​ខ្សែ​មួយ​ហ្វា ក្នុង​ហ្នឹង​មាន​ខ្សែ​ភ្លើង​មួយ ហើយ​និង​ខ្សែ​ណឺត​មួយ គឺ​ខ្សែ​ដែល​មាន​បរិមាណ​បន្ទុក​អគ្គិសនី​ចរន្ត​រត់​នៅ​ក្នុង​ហ្នឹង ហើយ​នៅ​ក្នុង​ខ្សែ​ភ្លើង​ហ្នឹង គឺ​ផ្សំ​ឡើង​ពី​ទង់ដែង ហើយ​និង​អាលុយមីញ៉ូម ហើយ​ជា​ទូទៅ​ការ​ផលិត​ខ្សែ​ភ្លើង​តាម​រោងចក្រ គឺ​មាន​ស្រោប​អ៊ីសូឡង់ មាន​ន័យ​ថា ស្រោប​ជ័រ​នៅ​ជុំវិញ​ខ្សែ​នីមួយៗ។ ដូច្នេះ​ខ្សែ​ទាំង​ពីរ​ហ្នឹង​អត់​មាន​ឲ្យ​ប៉ះ​គ្នា​ទេ កាល​ណា​ខ្សែ​ទាំង​ពីរ​ហ្នឹង​ប៉ះ​គ្នា ឬ​មួយ​ក៏​ប្រេះ ឬ​ស្រាំ​អ៊ីសូឡង់ ជ័រ​ហ្នឹង ធ្វើ​ឲ្យ​វា​ទុស្សេ​ខ្សែ​ភ្លើង ឆ្លង​ចរន្ត​មួយ​រំពេច ដូច្នេះ​ហើយ​ទាមទារ​ឲ្យ​ប្រុងប្រយ័ត្ន​មែន​ទែន ក្នុង​ការ​ជ្រើស​រើស​ខ្សែ​ភ្លើង​យក​មក​ប្រើ ទាមទារ​ខ្សែ​ណា​ដែល​មាន​ស្រោប​អ៊ីសូឡង់ ហើយ​ស្វិត​ល្អ​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់ សីតុណ្ហភាព​ល្មម​ធ្វើ​ឲ្យ​ខ្សែ​ហ្នឹង​ប្រេះ ឬ​មួយ​ក៏​រលាយ»

លោក​សាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា អគ្គ​នាយក​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជ​បណ្ឌិត​សភា នៅ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​បន្ថែម​ពី​បញ្ហា​ត​បណ្ដាញ​ភ្លើង​នៅ​តាម​គេហដ្ឋាន​ថា ត្រូវ​ប្រយ័ត្ន ជា​ពិសេស​ត្រង់​មុខ​តំណ​ខ្សែ​ភ្លើង​ដែល​ត​ភ្ជាប់​ពី​ខ្សែ​ភ្លើង​មួយ​ទៅ​ខ្សែ​ភ្លើង​មួយ​ទៀត។ លោក​បាន​បន្ត​ថា បច្ចេកទេស​នៃ​ការ​ត​ភ្ជាប់​ខ្សែ​ភ្លើង​នេះ ទាមទារ​ឲ្យ​មាន​ទ្រាប់​ទ្រនាប់ ឬ​រុំ​ព័ទ្ធ​អ៊ីសូឡង់​ជុំវិញ​មុខ​តំណ​ខ្សែ​ភ្លើង​ដែល​ត​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​មុខ​តំណ​នោះ​មាន​ភាព​ងាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី។

លោក​សាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​អាច​ចាប់​ក្របួចៗ​ចេះ​តែ​មូរ មូរ​ទៅ ប្រជាជន​ខ្លះ​ចេះ​តែ​មូរៗ​ទៅ អាហ្នឹង​ហើយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បែក​ផ្កា​ភ្លើង​ទៅ​ទុស្សេ​អី​កើត​ឡើង ដល់​ពេល​មនុស្ស​យើង​អា​កន្លែង​មុខ​តំណ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ឆក់​បាន ហើយ​មាន​កម្លាំង​ឆក់​ខ្លាំង​តែម្ដង មក​ពី​វា​មាន​ការ​ប្រែប្រួល​ក្នុង​ការ​ផ្ទេរ​អេឡិចត្រុង​ហ្នឹង»

លោក​សាស្ត្រាចារ្យ ប៊ុន សៀង ផ្នែក​ទេពកោសល្យ​អគ្គិសនី និង​ថាមពល នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​អំពី​បច្ចេកទេស​នៃ​ការ​ត​បណ្ដាញ​ភ្លើង​អគ្គិសនី​នៅ​ក្នុង​គេហដ្ឋាន ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ដោយ​លោក​បាន​ណែនាំ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន។

លោក​សាស្ត្រាចារ្យ ប៊ុន សៀង មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​ផ្ទះ​យើង ការ​រៀបចំ​ភ្លើង​ហ្នឹង យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ យើង​អនុវត្តន៍​តាម គេ​ហៅ​ថា ច្បាប់​បែង​ចែក​សៀគ្វី។ សៀគ្វី​នីមួយៗ​ហ្នឹង​វា​មាន​ឌីសង់ទ័រ (ឧបករណ៍​សម្រាប់​ទប់​ចរន្ដ) រៀងៗ​ខ្លួន ហើយ​វា​ត្រូវ​នឹង​គ្រឿង​ទទួល​ដែរ មាន​ន័យ​ថា បើ​ភ្លើង ៥​អំពែ ឌីសង់ទ័រ​ក៏ ៥​អំពែ​ដែរ ហើយ​ទំហំ​ខ្សែ​ក៏​ដូច​គ្នា​ដែរ មិន​ឲ្យ​ធំ​ជាង ហើយ​ក៏​មិន​ឲ្យ​តូច​ជាង បើ​តូច​ជាង​ប្រើ​មិន​កើត។ សរុប​សេចក្ដី នៅ​លើ​សៀគ្វី​មួយៗ ត្រូវ​មាន​ឌីសង់ទ័រ ដែល​ខ្មែរ​យើង​ហៅ​ថា​ឌីសង់ទ័រ​ប៉ះ​លោត អា​នោះ​វា​អាច​ទប់ វា​អាច​ការពារ​បាន​ពី​ការ​ឆក់ ក៏​ដូច​ជា​ពី​ការ​កើត​អគ្គីភ័យ​ផង​ដែរ ក៏​ប៉ុន្តែ​ទាមទារ​ឲ្យ​យើង​ប្រើ​ខ្សែ​បី​ដែរ​នៅ​ក្នុង​ផ្ទះ​ហ្នឹង គឺ​ខ្សែ​ហ្វា ខ្សែ​ណឺត ហើយ​និង​ខ្សែ​ដី»

លោក​សាស្ត្រាចារ្យ ប៊ុន សៀង ផ្នែក​ទេពកោសល្យ​អគ្គិសនី និង​ថាមពល នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​អំពី​ប្រការ​មួយ​ទៀត ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ទុស្សេ​ខ្សែ​ភ្លើង​ដែរ​នោះ គឺ​ដោយសារ​ការ​ប្រើប្រាស់​ភ្លើង​លើស​បន្ទុក​អគ្គិសនី មាន​ន័យ​ថា ប្រើ​ភ្លើង​មិន​សមាមាត្រ ឬ​មិន​ស្មើ​គ្នា​នឹង​ទំហំ​ខ្សែ​ចម្លង ឬ​ខ្សែ​ភ្លើង​ដែល​គេ​បាន​ត​ភ្ជាប់។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បង្រៀន​មុខ​វិជ្ជា​រូប​វិទ្យា​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​បញ្ជាក់​បន្ថែម​អំពី​បញ្ហា​ឆ្លង​ចរន្ត​អគ្គិសនី ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ភ្លើង​លើស​ចំណុះ ហួស​កម្រិត​នៃ​កម្លាំង​ថាមពល​ដែល​បាន​ត​ភ្ជាប់​ចូល​មក​ក្នុង​គេហដ្ឋាន។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រើ​ឆ្នាំង​អ៊ុត អ៊ុត​ខោ​អាវ នៅ​ពេល​ដែល​គាត់​ដោត​ភ្លើង​ភ្លាម ភ្លើង​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ហ្នឹង​មាន​ការ​ញោច​ភ្លើង​មួយ​រំពេច ដោយសារ​ឆ្នាំង​អ៊ុត​ហ្នឹង​ស៊ី​ភ្លើង​ខ្លាំង ស៊ី​អានុភាព​ជា​មធ្យម 1000/W (១ពាន់​វ៉ាត់) ដូច្នេះ 1000/W គឺ​ជា​ចំណែក​មួយ​ធំ​ដ៏ អ៊ីចឹង​គាត់​ប្រើ​រ៉ូឡូ​អូស​ខ្សែ​ភ្លើង​ហ្នឹង ដែល​មាន​ខ្សែ​តូច មុខ​កាត់​តូច​ពេក ហើយ​អំពែ​តិច ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ដែល​រត់​នៅ​ក្នុង​ខ្សែ​ភ្លើង​ហ្នឹង រត់​លឿន ហើយ​ធ្វើ​ឲ្យ​មាន​ការ​ទង្គិច​រវាង​អេឡិចត្រុង ទៅ​ធ្វើ​ឲ្យ​ខ្សែ​ភ្លើង​ហ្នឹង​ឡើង​ក្ដៅ ហើយ​ជួនកាល​រ៉ូឡូ​គាត់​ហ្នឹង គាត់​អត់​បាន​កន្លាត​ខ្សែ​ឲ្យ​អស់​ទេ នៅ​ពេល​ដែល​ភ្លើង​រត់​ចូល​មក​ដល់​ឆ្នាំង​អ៊ុត វា​ទាមទារ​អានុភាព​រហូត​ដល់ ១០០០​វ៉ាត់ ដូច្នេះ​ចរន្ត​អគ្គិសនី​រត់​លឿន​បំផុត ធ្វើ​ឲ្យ​រ៉ូឡូ​របស់​គាត់​ហ្នឹង​ឆ្លង​ភ្លើង​អាច​ឲ្យ​ទុស្សេ​តែម្ដង»