ក្រុមអង្គការផ្នែកអប់រំមើលឃើញដូចៗគ្នាថាបញ្ហាជីវភាពធ្លាក់ចុះដោយសារពិបាករកចំណូលក្នុងពេល ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះនឹងធ្វើអោយក្មេងស្រីគ្មានលទ្ធភាពបន្តការសិក្សា ហើយត្រូវងាកទៅជួយការងារឪពុក ម្ដាយ ឬជួយរកប្រាក់ចំណូលគ្រួសារ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាក្នុងពេលនេះបញ្ហាចម្បងពីរ ដែលពលរដ្ឋកំពុងប្រឈមនេះគឺបញ្ហាសុខភាព និងសេដ្ឋកិច្ច។ នៅពេលដែលសេដ្ឋកិច្ចគ្រួសារជួបការលំបាកនោះផលប៉ះពាល់នឹងកើតមានទៅលើសមាជិកគ្រួសារ៖«ដោយសារកូវីដ-១៩ទៅលើបញ្ហាសុខភាព និងសេដ្ឋកិច្ចនេះយើងមានការបារម្ភក្នុងកម្រិតខ្ពស់ទៅលើលទ្ធភាពនៃការបោះបង់ការសិក្សា ហើយសេដ្ឋកិច្ចនេះវាជាចលករដ៏សំខាន់មួយសម្រាប់អោយកូនសិស្ស អោយមនុស្សហ្នឹងទៅរៀននៅឯសាលា។»
ចំណែកមន្រ្តីផ្នែកអភិវឌ្ឍន៍កម្មវិធី និងរៃអង្គាសថវិកានៃអង្គការអ្នកជិតខាងល្អកម្ពុជា (Good Neighbor Cambodia) លោក សុខ ឌូ អោយដឹងថា ការពន្យារពេលចូលសិក្សាតាមសាលារដ្ឋ និងការតម្រូវអោយសិក្សាតាមអនឡាញ (Online) ក៏ជាបញ្ហាចោទសម្រាប់សិស្សនៅតាមទីជនបទដែរ ដ្បិតនាំអោយពួកគាត់ចាប់ផ្ដើមណាយការរៀនសូត្រ។ លោកថា កុមារជាច្រើននៅក្នុងខេត្តគោលដៅរបស់អង្គការលោកគឺខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរីនោះ ពួកគេកំពុងចំណាយពេលវេលាជួយការងារគ្រួសារ ហើយគ្មានលទ្ធភាពទទួលបានការសិក្សាទៀតឡើយ។ ស្របពេលជាមួយគ្នានេះ លោកថាឳពុកម្ដាយពួកគេក៏ពុំមានលទ្ធភាពជួយពួកគេអោយស្រឡាញ់ការសិក្សារៀនសូត្រឡើងវិញ ឬត្រឡប់ទៅរៀនឡើងវិញបានដែរ៖«ការអូសបន្លាយនៃកូវីដ បូកជាមួយនឹងរដូវកាលធ្វើស្រែចម្ការនេះ គឺជាផ្នែកមួយដ៏សំខាន់ដែរ ដែលធ្វើអោយក្មេងស្រី ដូចគ្នានឹងកុមារទូទៅដែរគឺគាត់ចាប់ផ្ដើមលែងចង់ទៅសាលាច្រើន បើទោះបីជាក្រសួងយើងចាប់ផ្តើមមានកម្មវិធីពាក់ព័ន្ធជាមួយការបង្រៀនអនឡាញក្ដី ប៉ុន្តែពួកគាត់មិនអាចទទួលបានទេ ទី១បញ្ហាសេវាអិនធឺណិត(Internet)ទី២គឺស្ថានភាពជិវភាពរបស់គាត់គឺគាត់មិនមានទូរស័ព្ទត្រឹមត្រូវស្មាតហ្វូន ដែលអាចរៀនបាន។ មួយទៀតកត្តាឳពុកម្ដាយក៏សំខាន់ដែរ។ យើងឃើញថាឳពុកម្ដាយមួយចំនួនធំនៅតាមជនបទហ្នឹងគឺគាត់មិនបានទទួលការអប់រំច្រើន គាត់អត់អាចមានសមត្ថភាព ឬមានបច្ចេកទេសក្នុងការជំរុញលើកទឹកចិត្តកូនគាត់ទេ។»
អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) កាលពីសប្ដាហ៍មុនបានបង្ហាញក្ដីបារម្ភថាក្មេងស្រីនៅតាមទីជនបទដាច់ស្រយ៉ាលនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តសៀមរាបប្រឈមនឹងការបោះបង់ចោលការសិក្សានៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ការបារម្ភនេះបន្ទាប់ពីអង្គការនេះបានពិភាក្សាជាមួយក្រុមសិស្សស្រីមួយចំនួនក្នុងខេត្តទាំងនេះ ប៉ុន្តែអង្គការនេះនៅមិនទាន់មានទិន្នន័យជាក់លាក់ថាសិស្សស្រី ដែលជួបបញ្ហានោះមានចំនួនប៉ុន្មានជាក់លាក់នៅឡើយទេ។ មូលហេតុចម្បងនៃបញ្ហាប្រឈមនេះគឺកត្តាជីវភាព និងខ្វះខាតមធ្យាបាយរៀនតាមអនឡាញ ហើយពួកគេអាចនឹងធ្វើចំណាកស្រុករកកាងារធ្វើ ឬអាចត្រូវបង្ខំអោយរៀបការនៅវ័យក្មេង។ ការប៉ាន់ប្រមាណយ៉ាងឆាប់រហ័សរបស់អង្គការដដែលនេះបង្ហាញថា ចាប់តាំងពីមានវិបត្តិកូវីដ-១៩មក នៅទូទាំងប្រទេសគឺមានកុមារជាង៣៣ភាគរយ(៣៣,៧៩)អាចរៀនសូត្របានធម្មតា តែចាំបាច់ណាស់ ដែលពួកគេមានទូរស័ព្ទទំនើប ឬទូរទស្សន៍។
តើការសិក្សានៅផ្ទះរបស់ក្មេងស្រី និងក្មេងប្រុសមានស្ថានភាពយ៉ាងណាដែរ? តាមការប៉ាន់ប្រមាណរហ័សទាក់ទងនឹងកូវីដ១៩ បានរកឃើញថា...Posted byon
ពលរដ្ឋម្នាក់នៅស្រុកអង្គរធំ ក្នុងខេត្តសៀមរាប លោក ប៉ក់ ថូ អោយដឹងថា នៅក្នុងភូមិស្រុករបស់លោកក្មេងស្រីជំទង់អាចនឹងបោះបង់ការសិក្សាច្រើនជាងក្មេងស្រីរៀននៅថ្នាក់តូច។ លោកថា បញ្ហាជីវភាព និងតម្រូវការសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនជំរុញអោយក្មេងស្រីបោះបង់ចោលការសិក្សា ជាពិសេសនៅក្នុងដំណាក់កាលវិបត្តិជំងឺ-កូវីដ១៩នេះបញ្ហាបំណុលក៏កំពុងចោទឡើង និងជាអាទិភាពជំរុញអោយក្មេងស្រីបោះបង់ចោលការសិក្សាបន្ថែមទៀត៖«ជួយដោះស្រាយជីវភាពគ្រួសារ ជួយដោះស្រាយបំណុលឳពុកម្ដាយ ព្រោះប្រជាពលរដ្ឋ តាមពិតចង់៩០ភាគរយទៅហើយ ដែលខ្ចីលុយធនាគារយកមករកស៊ី យកមកធ្វើអីផ្សេងៗ ប៉ុន្តែដោយាសរវិបត្តិកូវីដ-១៩ហ្នឹងធ្វើអោយជួបបញ្ហាបាត់បង់ការងារធ្វើច្រើន ក៏ធ្វើអោយក្មេងស្រីៗហ្នឹងក៏ត្រូវបង្ខំចិត្ត។»
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចារ និងលោក ឌី ខាំបូលី ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ក្រុមអង្គការសង្គមស៊ីវិលជំរុញដល់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលអោយរួមគ្នាដោះស្រាយបញ្ហានេះអោយបានទាន់ពេលវេលា។ ពួកគេបារម្ភថាចំនួនសិស្សស្រីបោះបង់ការសិក្សាទំនងថាមានចំនួនកាន់តែច្រើនទៀត នៅពេលដែលចំនួនពលរដ្ឋក្រីក្រនឹងកើនឡើងច្រើនដោយសារវិបត្តិជំងឺកូវីដ-១៩។ ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកវិបត្តិជំងឺកូវីដ-១៩នឹងធ្វើអោយចំនួនអ្នកក្រីក្រនៅកម្ពុជាកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២០នេះ គឺអាចកើនដល់៤លាននាក់។ ចំណែកក្រសួងផែនការវិញកាលពីចុងខែមិថុនាបានកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថាមានចំនួនជាង៥៦ម៉ឺនគ្រួសារ(៥៦២.៦៨៦) ដែលស្មើប្រមាណជាង២លាន៣សែននាក់។ មន្រ្តីក្រសួងផែនការការថាចំនួនគ្រួសារក្រីក្រទាំងនេះអាចនឹងប្រែប្រួលទៀត ដ្បិតក្រសួងបន្តស្រង់ស្ថិតិបន្ថែមទៀត។
លោក សន ជ័យ លើកឡើងថា ការផ្ដល់ការអប់រំប្រកបដោយគុណភាព ការគិតគូរពីសមភាពយេនឌ័រ ការកាត់បន្ថយវិសមភាព ជាចំណុចសំខាន់ ដែលមានចែងក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលចាំបាច់រដ្ឋាភិបាលយកចិត្តទុកដាក់ ចៀសវាងបញ្ហានេះនាំអោយខកខានដល់គម្រោងផែនការរបស់ខ្លួន។ លោក សន ជ័យ ផ្ដល់យោបល់ថា គួរតែបង្កើតអោយមានក្រុមប្រឹក្សាពីគ្រោះយោបល់ដល់សិស្ស ដើម្បីសិស្សជាពិសេសសិស្សស្រីអាចបង្ហាញពីបញ្ហាដែលពួកគេកំពុងជួបប្រទះ និងអាចផ្ដល់ដំណោះស្រាយតាមគោលដៅជាក់លាក់៖«រាល់ការលើកឡើង រាល់សំណូមពរនឹងក្លាយទៅជាកម្មវិធីមួយជាពិសេសវាជាការបោះជំហានមួយទៅរកការដោះស្រាយបញ្ហាទាំងក្នុងពេល និងក្រោយពេលវិបត្តិកូវីដ-១៩។»
លោក សន ជ័យ ថាតម្រូវការរបស់សិស្សស្រី ក៏គួរដាក់បញ្ចូលក្នុងក្រុមដែលត្រូវទទួលបានជំនួយពីរដ្ឋាភិបាលបន្ថែមទៅលើតម្រូវការរបស់អ្នកងាយរងគ្រោះ និងគ្រួសារក្រីក្រ។
ចំណែកលោក សុខ ឌូ វិញយល់ថា ពេលនេះតម្រូវការចំពោះមុខគឺការប្រមូលទិន្នន័យពីចំនួនក្មេងស្រី ដែលប្រឈមនឹងបោះបង់ចោលការសិក្សា។ លោកថាគ្រប់ភាគីគឺទាំងអង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន និងរដ្ឋាភិបាលគួរជ្រើសរើសមធ្យោបាយរួមគ្នាធ្វើការអោយមានប្រសិទ្ធិភាព៖«យើងឃើញក្រសួងគាត់បានចាប់ផ្ដើមរៀបចំអោយមានក្រុមការងារចុះបង្រៀនតាមមូលដ្ឋាន ដែលអាចថាមួយសប្ដាហ៍ទៅចុះទៅដាក់វិញ្ញាសារ និងមេរៀនអោយសិស្ស ហើយអាទិត្យក្រោយគាត់យកមកអោយគ្រូចឹង។ ខ្ញុំគិតថាជាការប្រឹងប្រែងមួយដ៏ល្អ ហើយអ្វីដែលល្អគឺក្រសួងគួរតែចាប់ផ្ដើមមានមធ្យោបាយបង្កើតប្រព័ន្ធតាមដានថាគ្រូគាត់ធ្វើការកើត ទី១គឺអាចអន្តរាគមន៍ទាន់ពេលវេលា និងទី២មានប្រសិទ្ធភាព។»
ស្ថិតិអប់រំរបស់ក្រសួងអប់រំសម្រាប់ឆ្នាំ២០១៩-២០២០បង្ហាញថានៅទូទាំងប្រទេសអត្រាកុមារបោះបង់ការសិក្សានៅកម្រិតបឋមសិក្សាមានចំនួន៦,៨ភាគរយ នៅអនុវិទ្យាល័យចំនួន១៨,៦ភាគរយ និងនៅវិទ្យាល័យចំនួន១៦,៩ភាគរយ។ ក្នុងអំឡុងពេលនេះដែរ ចំនួនសិស្សនៅទូទាំងប្រទេសមានចំនួនជាង៣លាន២សែននាក់(៣.២១០.២៨៥)ក្នុងនោះមានសិស្សស្រីចំនួនជាង១លាន៥សែននាក់(១.៥៩៥.០៤៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។