សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ

0:00 / 0:00

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ស្នើ​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​មាត្រា​ខ្លះ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត។

ពួក​គេ​រំពឹង​ថា នឹង​ជួយ​អោយ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​បាន​កើន​ឡើង ស្រប​តាម​គោល​នយោបាយ​រដ្ឋាភិបាល និង​បទដ្ឋាន​អន្តរជាតិ​នានា ដែល​ចង់​អោយ​ស្ត្រី​ទទួល​បាន​អត្ថប្រយោជន៍​ពេញ​លេញ​ពី​ការ​អភិវឌ្ឍ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​រៀបចំ​រួច​ជា​ស្រេច​នូវ​ចំណុច​មួយ​ចំនួន ជា​ការ​កែ​ប្រែ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​វិធានការ​ពិសេស ជួយ​អោយ​មាន​ស្ត្រី​បន្ថែម​ទៀត​ចូលរួម​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គ្រប់​កម្រិត។

អ្វី​ដែល​ពួក​គេ​បាន​ត្រៀម​រួច​ស្រេច​នោះ គឺ​ស្នើ​កែប្រែ​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៧​ថ្មី ក្នុង​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​មាត្រា​៣៨​ថ្មី មាត្រា​១២០​ថ្មី និង​មាត្រា​៤៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

ទោះ​យ៉ាង​ណា ចំណុច​សំខាន់​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចង់​បាន គឺ​ការ​បង្កើត​បញ្ជី​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​តែ​ឆ្លាស់​គ្នា​រវាង​បុរស និង​ស្ត្រី​តាម​លំដាប់​អាទិភាព​ពី​ខ្ពស់​មក​ទាប។

សំណើ​របស់​ក្រុម​នេះ ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​រដ្ឋសភា ដែល​មាន​សំឡេង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ជ្រើស​តាំង លោក ងួន ញ៉ិល អោយ​ធ្វើ​ជា​អនុប្រធាន​ទី​២ ជំនួស​តំណែង​របស់ អ្នកស្រី ឃួន សុដារី។ ការ​ជំនួស​នោះ ត្រូវ​មើល​ឃើញ​ថា កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដល់​តួនាទី​ស្ត្រី​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សភា។ ករណី​នេះ ក៏​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល។

នាយិកា​អង្គការ​សីលកា (silaka) និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ហៅ​កាត់​ថា ស៊ី.ភី.ដាប់ប៊លយូ.ភី (CPWP) អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ការ​គាំទ្រ​សមភាព​យេនឌ័រ​មាន​តែ​នៅ​លើ​បបូរ​មាត់ ពុំ​មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាក់លាក់ នៅ​ពេល​នោះ​ហើយ​ដែល​ការ​អនុវត្ត​នឹង​ជួប​ការ​លំបាក។ អ្នកស្រី ធីតា ឃិះ បន្ត​ថា អនុសាសន៍​ដែល​ក្រុម​អង្គការ​ស្ត្រី​ស្នើ គឺ​ជា​វិធានការ​ពិសេស ដែល​អាច​ធានា​ថា ចំនួន​តំណាង​ជា​ស្ត្រី​រាប់​តាំង​ពី​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​មាន​ការ​កើន​ឡើង៖ «ពីព្រោះ​ជា​ការ​លើក​តម្កើង​គោលការណ៍​សមភាព សមធម៌ ពិត​ប្រាកដ ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ជាក់ស្ដែង នៅ​ពេល​ណា​ដែល​នឹង​នាំ​កល​នូវ​លទ្ធផល​ជាក់ស្ដែង​ក្នុង​ពេល​បោះ​ឆ្នោត​ហើយ មិន​មែន​គ្រាន់​តែ​ថា មិន​មែន​គ្រាន់​តែ​លើ​បបូរ​មាត់ មិន​មែន​គ្រាន់​តែ​នៅ​លើ​ក្រដាស ក៏ប៉ុន្តែ គឺ​ជា​ការងារ​ជាក់ស្ដែង ពីព្រោះ​បើ​យើង​គ្រាន់​តែ​និយាយ​ថា ស្ត្រី​បុរស​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ​ស្ត្រី​ចុង​បញ្ចប់​អត់​បាន​ទទួល​សិទ្ធិ ដោយ​គាត់​អត់​បាន​ជា​តំណាង ដោយសារ​ឧបសគ្គ​ជាច្រើន ហើយ​ដោយសារ​ប្រព័ន្ធ ដោយសារ​រចនាសម្ព័ន្ធ គឺ​បាន​ជា​ការ​រាំង​ស្ទះ​ដល់​ស្ត្រី»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) មាន​ប្រសាសន៍​បន្ថែម​ថា ដាក់​ក្នុង​ច្បាប់​គួរ​តែ​កំហិត​អោយ​គណបក្ស​នយោបាយ ធ្វើ​បញ្ជី​ដែល​ឆ្លាស់​គ្នា​រវាង​ស្ត្រី និង​បុរស​នោះ ជា​ថ្នូរ​នឹង​ការ​បាត់​បង់​សិទ្ធិ​ចូលរួម​ការ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ៖ «គំនិត​នៃ​មាត្រា​ហ្នឹង​ដែល​យើង​ស្នើ​អោយ​ធ្វើ​វិសោធនកម្ម ដែល​តម្រូវ​អោយ​គណបក្ស​នយោបាយ​មួយៗ​ហ្នឹង ពេល​ចុះ​ឈ្មោះ​បេក្ខជន​ក្នុង​បញ្ជី​បោះ​ឆ្នោត​របស់​ខ្លួន លក្ខខណ្ឌ​ហ្នឹង​ត្រូវ​តែ​ដាក់​បញ្ជី​ពី​ខ្ពស់​មក​ទាប និង​ឆ្លាស់​គ្នា។ ឧទាហរណ៍​ថា ប្រុស​បន្ទាប់​មក​ស្រី។ បើ​កាល​ណា​មិន​បាន​បំពេញ​បញ្ជី​ឈ្មោះ​តាម​លក្ខខណ្ឌ​ហ្នឹង​ទេ គឺ​អត់​អាច​ទៅ​ប្រកួត​ប្រជែង​បាន គឺ គ.ជ.ប អត់​ចុះ​អោយ គឺ​ទាល់​តែ​ទៅ​បំពេញ​បញ្ជី​អោយ​តាម​លក្ខខណ្ឌ​ហ្នឹង»

មន្ត្រី​គណបក្ស​ប្រជាជន និង​ជា​អ្នក​តំណាង​រាស្ត្រ លោក ឈាង វុន បញ្ជាក់​ពី​ជំហរ​គណបក្ស​លោក​ដែល​ថា តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចង់​អោយ​មាន​ចំនួន​ស្ត្រី​ច្រើន​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ដែរ។ ប៉ុន្តែ​ពេល​ខ្លះ ឬ​ស្ថានភាព​ខ្លះ​នៅ​ពុំ​ទាន់​អាច​ធ្វើ​បាន៖ «សំឡេង»។

មិន​ខុស​គ្នា​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ ក៏​គាំទ្រ​សំណើ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​ខ្លះ​ធ្វើ​អោយ​គណបក្ស​លោក​ជួប​ការ​លំបាក​ដែរ នៅ​ពេល​ជាប់​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​ផ្នែក​នយោបាយ៖ «សំឡេង»។

ការ​អះអាង​របស់​មន្ត្រី​នៃ​គណបក្ស​នយោបាយ​ទាំង​២ គឺ​មិន​ខុស​ពី​អ្វី​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​គិត​ទុក​ជា​មុន​ឡើយ។ ប៉ុន្តែ​បញ្ហា​នៅ​ចោទ​ត្រង់​ថា គណបក្ស​នយោបាយ​នៅ​មិន​ទាន់​អនុវត្ត​តាម​ឆន្ទៈ​ដែល​បាន​អះអាង​នោះ​អោយ​បាន​ខ្ជាប់ខ្ជួន​នៅ​ឡើយ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រ្វែល គណបក្ស​នយោបាយ​ត្រូវ​ចាប់​ផ្ដើម​ងាក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត ដែល​ភាគ​ច្រើន​ជា​ស្ត្រី៖ «សំឡេង»។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​សរុប​ជាង ៩​លាន​នាក់​នោះ មាន​ស្ត្រី​ជាង ៥០​ភាគរយ។ នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ក្នុង​ការ​លប់​បំបាត់​វិសមភាព​យេនឌ័រ បាន​ដាក់​នូវ​គោលដៅ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​២០១៥ ខាង​មុខ។ រួម​មាន​បង្កើន​ចំនួន​ស្ត្រី​ក្នុង​សភា និង​ព្រឹទ្ធសភា​អោយ​បាន ៣០​ភាគរយ ចំនួន​ស្ត្រី​ជា​រដ្ឋមន្ត្រី​អោយ​បាន ១៥​ភាគរយ អភិបាល​ខេត្ត អភិបាល​ខេត្ត​រង​អោយ​បាន​ពី ១០ ទៅ ១៥​ភាគរយ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អោយ​បាន ២៥​ភាគរយ។

ក្រៅ​ពី​សំណើ​ទាំង​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​មើល​ឃើញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​នយោបាយ​អាច​ប្រឈម ប្រសិន​បើ​ពួក​គេ​ចាប់​ផ្ដើម​បង្កើត​បញ្ជី​ដូច​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រ្វែល រៀប​រាប់​ថា បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​គណបក្ស​នយោបាយ​អាច​ជួប​ប្រទះ​នោះ រួម​មាន ពិបាក​រក​ស្ត្រី​មក​ដាក់ ដោយសារ​បញ្ហា​បទពិសោធន៍ ភាព​ក្លាហាន សមត្ថភាព ប្រជាប្រិយភាព និង​ថវិកា។ លោក​ថា គណបក្ស​នីមួយៗ​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​រក​វិធី​សមស្រប​ក្នុង​ការ​បង្កើត​បញ្ជី​ឈ្មោះ​ឆ្លាស់​នោះ៖ «សំឡេង»។

លោក គល់ បញ្ញា ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ទៀត ដែល​អាច​អោយ​គណបក្ស​នយោបាយ​ប្រើប្រាស់ ដើម្បី​អោយ​ពួក​គេ​អាច​បង្កើត​បញ្ជី​ឈ្មោះ​ឆ្លាស់​នោះ​បាន៖ «សំឡេង»។

ចំណែក​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​នៃ​អង្គការ​ហ្គេដស៊ី (GADC) លោក ឆាយ គីមស័រ មាន​ប្រសាសន៍​ថា ប្រការ​សំខាន់​ជាង​គេ គឺ​ការ​ប្រឹងប្រែង​របស់​គណបក្ស​នយោបាយ ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ចំណែក​ម្ចាស់​ឆ្នោត ត្រូវ​តែ​ចូលរួម​តាម​ដាន និង​តម្រង់​ផ្លូវ​គណបក្ស​នយោបាយ​ទាំង​នោះ៖ «សំឡេង»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា នឹង​ដាក់​សំណើ​នេះ​ទៅ​គណបក្ស​នយោបាយ​នៅ​សប្ដាហ៍​ក្រោយ។ ប្រសិន​បើ​ពុំ​មាន​ការ​ឆ្លើយ​តប​នោះ ពួក​គេ​អាច​នឹង​រៀបចំ​អោយ​មាន​ការ​ប្រជុំ​រវាង​ម្ចាស់​ឆ្នោត និង​គណបក្ស​នយោបាយ នឹង​ឈាន​ដល់​ការ​ប្រមូល​ផ្ដុំ​ជា​ការ​តវ៉ា​របស់​ម្ចាស់​ឆ្នោត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។