ផល​វិបាក​ចំពោះ​កូនៗ​ក្នុង​គ្រួសារ​ដែល​ឪពុក​ម្តាយ​លែង​លះ​គ្នា​នៅ​កម្ពុជា

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អះអាង​ថា គ្រួសារ​ណា​ដែល​មាន​ការ​លែង​លះ​គ្នា ទោះ​បី​ជា​ក្នុង​ហេតុផល​ណា​ក៏ដោយ គឺ​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​កូន ហើយ​កូន​ក៏​ជា​ជន​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ។

0:00 / 0:00

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​រៀប​រាប់​អំពី​ផល​វិបាក​របស់​កូនៗ ដែល​ឃើញ​ឪពុក​វាយ​ធ្វើ​បាប​ម្តាយ​យ៉ាង​នេះ​ថា ៖ «ពេល​ណា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ម្តាយ​រង​គ្រោះ តែ​កូន​រង​គ្រោះ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ហើយ​បើ​លែង​លះ​គ្នា កូន​រង​គ្រោះ​មែន​ទែន ជួន​កាល​ម្ដាយ​អត់​មាន​ថវិកា​គ្រប់​គ្រាន់ កូន​ឈប់​ទៅ​រៀន ត្រូវ​ឲ្យ​កូន​ចេញ​ទៅ​រក​ការងារ​ធ្វើ​ដើម្បី​យក​មក​ចិញ្ចឹម​ក្នុង​គ្រួសារ គឺ​ថា​កូន​ហ្នឹង​រង​គ្រោះ​មែន​ទែន។ ដូច្នេះ​អារម្មណ៍​របស់​កូន​មិន​ល្អ​ទេ ធ្វើ​ឲ្យ​កូន​ហ្នឹង​ខូច​ខាត​អនាគត ធ្វើ​ឲ្យ​សង្គម​យើង​មាន​ការ​លំបាក»

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​បន្ត​ថា កូន​ប្រុស​និង​កូន​ស្រី​ទទួល​រង​ផល​វិបាក​ទៅ​ថ្ងៃ​អនាគត​ខុសៗ​ពី​គ្នា។ លោកស្រី​ថា បើ​កូន​ប្រុស​ឃើញ​ឪពុក​វាយ​ធ្វើ​បាប​ម្តាយ ពេល​កូន​នោះ​ធំ​ឡើង​វា​នឹង​មាន​ចរិត​ឫកពា​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​បំពាន​ធ្វើ​បាប​អ្នក​ដទៃ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ ៖ «សឹង​ទាំង​អស់​គ្នា កូន​ដែល​នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្ដាយ​ដែល​មាន​អំពើ​ហិង្សា គឺ​អារម្មណ៍​ក្មេង​អត់​ល្អ។ ក្មេង​ភាគ​ច្រើន​បំផុត​លែង​ទៅ​រៀន​ទៅ​សូត្រ ចេញ​ទៅ​ក្រៅ​ចូល​ក្រុម​បង​ធំ​បង​តូច ធ្វើ​សកម្មភាព​មិន​ល្អ ហ្នឹង​ជា​ផល​អវិជ្ជមាន​បច្ចុប្បន្ន​ហ្នឹង នៅ​ផល​អវិជ្ជមាន​ទៅ​អនាគត​ទៀត។ កូន​ប្រុស​ពេល​ណា​ដែល​នៅ​ជាមួយ​ឪពុក​ម្ដាយ ឃើញ​អំពើ​ហិង្សា​អ៊ីចឹង​ស្អប់​ណាស់ ប៉ុន្តែ​ដល់​កូន​ហ្នឹង​ធំ​ទៅ ពេល​ណា​ខ្លួន​ឯង​មាន​ប្រពន្ធ​កូន​ទៅ កូន​ប្រុស​ហ្នឹង​នឹង​ធ្វើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​ខ្លួន​ឯង ដូច​ពេល​ដែល​ខ្លួន​ឯង​នៅ​ក្នុង​បន្ទុក​ឪពុក​ម្ដាយ​អ៊ីចឹង មិន​ដឹង​យ៉ាង​ម៉េច ដូច​ជា​មាន​ខួរ​ក្បាល​ឲ្យ​ធ្វើ​អ៊ីចឹង។ ម្ល៉ោះ​ហើយ​គេ​ខ្លាច​ណាស់ៗ ដូច្នេះ​យើង​ឃើញ​ថា​អំពើ​អវិជ្ជមាន​នេះ​មិន​មែន​កើត​ឡើង​ត្រឹម​បច្ចុប្បន្ន​ទេ គឺ​ទៅ​អនាគត​ទៅ​ទៀត»

ចំណែក​ឯ​កូន​ស្រី​វិញ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​ពន្យល់​ថា អាច​មាន​ពីរ​ជំពូក ខ្លះ​មិន​ចង់​រៀបការ​តែម្តង តែ​ខ្លះ​ទៀត​ដែល​សុខ​ចិត្ត​រៀបការ​ហើយ តែ​ស្ត្រី​នោះ​អាច​ធ្លាក់​ខ្លួន​យ៉ាង​ងាយ​ជា​ជន​រង​គ្រោះ ៖ «បើ​សិន​ណា​ជា​នៅ​ជាមួយ​ឪពុក​ម្ដាយ ឃើញ​អំពើ​ហិង្សា កូន​ស្រី​មួយ​ភាគ​គិត​ថា បុរស​ក្នុង​ពិភព​លោក​មិន​ល្អ​ទេ ដូច្នេះ​កូន​ស្រី​ធំ​ឡើង​មិន​ចង់​យក​ប្តី​ទេ។ តែ​មួយ​ភាគ​ទៀត​ថា មិន​អី​ទេ សម្រេច​រៀបការ​ខ្លួន​ឯង ដែល​រក​ស្វាមី​កសាង​គ្រួសារ​ត​ទៅ​ទៀត ទៅ​រើស​ស្វាមី​ណា​ដែល​មិន​ធ្វើ​អំពើ​ហិង្សា​ទៅ​លើ​នាង ដូច​ដែល​នាង​នៅ​ក្នុង​ឪពុក​ម្ដាយ មិន​ដឹង​យ៉ាង​ម៉េច គេ​ឃើញ​ភាគ​ច្រើន​មែន​ទែន។ ទៅ​អនាគត​ទៅ​អំពើ​ហិង្សា​ហ្នឹង​ត​កូន​ត​ចៅ​ទៅ​ទៀត»

លោកស្រី លឹម មុន្នី ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម អាដហុក បាន​ទទួល​ស្គាល់​ថា មាន​បញ្ហា​កើត​ឡើង​ច្រើន​មែន​ចំពោះ​កូន​ក្នុង​គ្រួសារ​ដែល​លែង​លះ​គ្នា​ដោយសារ​អំពើ​ហិង្សា ក៏ប៉ុន្តែ​លោកស្រី​អះអាង​ថា តាម​បទពិសោធន៍​ដែល​អង្គការ​របស់​លោកស្រី​ផ្តល់​សេវា​ផ្ទាល់​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ បែរ​ជា​ឃើញ​មាន​កូនៗ​ខ្លះ​ទទួល​ផល​វិជ្ជមាន​ទៅ​វិញ​ក្រោយ​ពី​ឪពុក​ម្តាយ​លែង​លះ​គ្នា។

លោកស្រី លឹម មុន្នី មាន​ប្រសាសន៍​ថា ៖ «ភាគ​ច្រើន​កូន​បាន​រៀន​សូត្រ​ស្រួល​ទៅ​វិញ ហើយ​យើង​សម្ភាស​ជាមួយ​កូនៗ គេ​ថា​គេ​សប្បាយ​ចិត្ត មាន​តែ​ម្យ៉ាង​ទេ គឺ​បាត់​បង់​ឪពុក​របស់​គេ ដែល​គេ​មិន​ចង់​ទេ គេ​ចង់​តែ​ជួប​ជុំ​គ្នា​ទាំង​សង​ខាង ប៉ុន្តែ​នៅ​ពេល​នៅ​ទាំង​សង​ខាង គេ​ទទួល​រង​ការ​ឃើញ ដូច​ជា​ទទួល​រង​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ។ ហើយ​ពេល​បែក​បាក់​គេ​មាន​ការ​ឈឺ​ចាប់​ម្យ៉ាង​ទេ គឺ​ថា​អត់​មាន​ឪពុក ក៏​ប៉ុន្តែ​គេ​អាច​ទៅ​រៀន​បាន។ បើ​ជីវភាព​ស្រី​នោះ​ក្រីក្រ កូនៗ​អាច​ជួយ​លក់​ដូរ​រក​ស៊ី​ម្តាយ​ដែរ ក៏​ប៉ុន្តែ​បើ​ម្តាយ​ធូរធារ​អាច​ផ្គត់ផ្គង់​បាន កូន​នោះ​អាច​រៀន​សូត្រ​បាន​ស្រួល​ជាង​អំឡុង​ពេល​ដែល​គេ​រស់​នៅ​ដោយ​ឃើញ​ឪពុក​ប្រព្រឹត្ត​អំពើ​ហិង្សា​រៀង​រាល់​ថ្ងៃ»

បន្ថែម​ពី​ការ​អះអាង​ខាង​លើ​នេះ លោកស្រី លឹម មុន្នី នៃ​សមាគម​អាដហុក ក៏​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​នូវ​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ជា​ពិសេស​ចំពោះ​កូន​ស្រី​ដែល​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ៖ «មាន​ករណី​ខ្លះ​ដែរ​ដែល​យើង​គួរ​តែ​ធ្វើ​ការ​ចាប់​អារម្មណ៍​ចំពោះ​ករណី​ទាំង​នោះ គឺ​ស្ត្រី​គ្មាន​ជម្រើស បើ​មិន​លែង​គ្នា ប្តី​ធ្វើ​បាប​ក្លាយ​ខ្លួន​ពិការ បំផ្លិច​បំផ្លាញ​ទ្រព្យ​ក្នុង​ផ្ទះ។ នៅ​ពេល​ដែល​លែង​គ្នា នាង​មិន​មាន​ថវិកា​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ឬ​ក៏​អ្នក​ខ្លះ​គ្មាន​ចំណេះ​ដឹង គ្មាន​ដើម​ទុន​រក​ស៊ី ព្រោះ​គ្មាន​អ្នក​ឧបត្ថម្ភ វា​អាច​ឲ្យ​កូន​ចេញ​ទៅ​រក​ស៊ី​នៅ​ក្មេងៗ​ពេក ជា​ពិសេស​កូន​ស្រី ឬ​កុមារី​អាច​ងាយ​ទទួល​រង​គ្រោះ​ដោយសារ​ការ​ជួញ​ដូរ ឬ​ក៏​ការ​បោក​បញ្ឆោត នេះ​យើង​ឃើញ​ស្ដែង​ចេញ​អំពី​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​គ្រួសារ»

សូម​ជម្រាប​ជូន​ថា ទាំង​លោកស្រ​ីវេជ្ជបណ្ឌិត ពុង ឈីវកេក នៃ​អង្គការ​លីកាដូ និង​លោកស្រី លឹម មុន្នី នៃ​សមាគម​អាដហុក បាន​យល់​ស្រប​ជាមួយ​គ្នា​ថា ភាគ​ច្រើន​ស្វាមី​ភរិយា​លែង​លះ​គ្នា​នៅ​កម្ពុជា គឺ​បណ្តាល​មក​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​បន្ថែម​អំពី​មូលហេតុ​មួយ​ចំនួន​យ៉ាង​ដូច​នេះ​ថា ៖ «បញ្ហា​ឥឡូវ​នេះ គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហ្នឹង​ជា​មូលហេតុ​ធំ​ណាស់។ ព្រោះ​អំពើ​ហិង្សា មិន​មែន​តែ​អំពើ​ហិង្សា​ផ្លូវ​កាយ​ទេ មាន​ផ្លូវ​ចិត្ត មាន​ផ្លូវ​ភេទ និង​ផ្លូវ​សេដ្ឋកិច្ច។ ម្ល៉ោះ​ហើយ​អំពើ​ហិង្សា​ណា​មួយ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​ហ្នឹង​មាន​អារម្មណ៍​មិន​ស្រួល នេះ​គឺ​ជា​មូលហេតុ ដោយសារ​ស្វាមី​វ៉ៃ​ធ្វើ​បាប​ប្រពន្ធ ចេញ​ទៅ​ក្រៅ​មាន​ស្រី ដើរ​បាត់ ធ្វើ​ឲ្យ​បញ្ហា​ក្នុង​គ្រួសារ។ ប៉ុន្តែ​ស្ត្រី​ទ្រាំ​ណាស់​មុន​សម្រេច​ថា​លែង​លះ​ជា​មួយ​ស្វាមី ទាល់​តែ​ទ្រាំ​លែង​បាន»

ទំព័រ​វ៉ឹបសៃថ៍ www.childadvocate.net/divorce បាន​បង្ហាញ​នូវ​ការ​ស្រាវជ្រាវ​មួយ​ថា ការ​លែង​លះ​គ្នា​ពុំ​មែន​ចាត់​ទុក​ជា​ភាព​តានតឹង​យ៉ាង​ខ្លាំង ឬ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​កូនៗ​នោះ​ទេ ក៏​ប៉ុន្តែ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​រយៈ​ពេល​យូរ​ខាង​ផ្លូវ​ចិត្ត សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ​ក្នុង​សង្គម និង​ការ​គិត​គូរ​របស់​ពួក​គេ ក្នុង​វ័យ​ជា​កុមារភាព​និង​នៅ​ពេល​គេ​ធំ​ពេញ​វ័យ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វ៉ឹបសៃថ៍​ដដែល​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា លទ្ធផល​រយៈ​ពេល​យូរ គឺ​អាស្រ័យ​ទៅ​លើ​គុណភាព​ការ​រស់​នៅ​របស់​កូនៗ ដែល​អាច​សម្រួល​បត់​បែន​បាន ឬ​ក៏​មិន​បាន​នៅ​ក្នុង​ស្ថានភាព​គ្រួសារ​មុន ឬ​ក្រោយ​ការ​លែង​លះ​គ្នា ជា​ពិសេស​គឺ​ទំនាក់​ទំនង​រវាង​កូនៗ​និង​ឪពុក​ម្តាយ​ចុង​របស់​គេ ក្រោយ​ដែល​ឪពុក​ម្ដាយ​គេ​បាន​រៀបការ​ឡើង​វិញ៕