សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ឥរិយាបថ​របស់​លោក ហ៊ុន សែន ជះឥទ្ធិពល​ទៅ​លើ​ដំណើរ​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​សារ​ព័ត៌មាន

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្រ្តី​បក្ស​ប្រឆាំង​ចាត់​ទុក​អាកប្បកិរិយា​របស់ លោក ហ៊ុន សែន ចំពោះ ស្ត្រី​វ័យ​ក្មេង​ជា​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ នេះ​ថា គឺ​ជា​ការ​គំរាម​កំហែង​បន្ទច់បង្អាក់​ភាព​ក្លាហាន​របស់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន និង​ការចូលរួម​របស់​ស្រ្តី​ក្នុង​វិស័យ​នេះ។

ពួកគេ​មើល​ឃើញ​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ​គោល​នយោបាយ​រដ្ឋាភិបាល ដែល​ចង់​បង្កើន​ចំនួន​ស្ត្រី​នៅ​គ្រប់​វិស័យ​ទាំង​នយោបាយ វិស័យ​ការងារ រួម​ទាំង​វិស័យ​សារ​ព័ត៌មាន ដែល​មាន​ចំនួន​ស្ត្រី​តិចតួច​នៅ​ឡើយ។

នាយក​ប្រតិបត្តិ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព ដែល​មាន​សាវតារ​ជា​អ្នកសារព័ត៌មាន​ម្នាក់​ដែរ​នោះ​បាន​លើកឡើង​ថា អាកប្បកិរិយា និង​សម្ដី​សំដៅ​របស់​លោក ហ៊ុន សែន អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​ទឹកចិត្ត​យុវតី ដែល​កំពុង​បំពេញ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន និង​អ្នក​ជំនាន់​ក្រោយ ដែល​មាន​បំណង​ចាប់​យក​អាជីព​នេះ។

អ្នកស្រី រស់ សុភាព បន្ត​ថា អ្នក​សារ​ព័ត៌មាន​តួនាទី​តាមដាន​ការអភិវឌ្ឍន៍​សង្គម​រិះគន់​ចំណុច​ខ្វះខាត​របស់​អ្នក​អនុវត្ត​ច្បាប់ ពោល​គឺ សំដៅ​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ​ក្នុង​សង្គម ដើម្បី​អោយ​គ្រប់​ភាគី​ទាំងអស់​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​ដោយ​ពុំ​មាន​ការ​រើសអើង រួម​ទាំង​ការ​រើសអើង​ភេទ​ផង​ដែរ៖ « យើង​សោកស្ដាយ​ដែរ​ដោយសារ​នៅ​សាកលវិទ្យាល័យ គឺ​មាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អ្នក​កាសែត​ហ្នឹង មាន​ក្លឹប​អ្នកកាសែត​អី​ជាដើម។ ប្រសិន​បើ​មិន​មាន​ស្ត្រី​ចូលរួម​អោយ​បាន​ស្មើភាព ស្មើ​គ្នា​ជា​មួយ​បុរស​នៅ​ក្នុង​វិជ្ជាជីវៈ​ហ្នឹង​ទេ វា​ធ្វើ​អោយ​ព័ត៌មាន ផ្នែក​ស្ត្រី​ហ្នឹង វា​ខ្វះ​ខាត​ដែល​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​គាត់​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​គោល​នយោបាយ ដើម្បី​អោយ​គោលនយោបាយ​ហ្នឹង ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ស្ត្រី»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០ ខែ មករា គឺ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បញ្ហា​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​នោះ​បាន​ស្រែក​គំហក​ទៅ​អ្នក​សារ​ព័ត៌មាន​ថ្មីៗ កញ្ញា ញឹក ស្រី​ល័ក្ខ ដោយ​បង្ខំ​អោយ​ឆ្លើយតប​នឹង​សំនួរ​របស់​លោក៖ « ប្រជាពលរដ្ឋ​មិន​ជឿ​ទុក​ចិត្ត តើ​ប្រជាពលរដ្ឋ​ណា​ខ្លះ ដែល​បាន​ឈឺ​ជំងឺ​ហ្នឹង​ហើយ? ខ្ញុំ​សួរ​នាង​ឯង​ឱ្យ​ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​សិន តើ​ប្រជាពលរដ្ឋ​ណា​ខ្លះ​ឈឺ ហើយ​មិន​ជឿ​ទុក​ចិត្ត ? ស្រី​ល័ក្ខ៖ ចាស​អរគុណ​សម្តេច កាល​ពី​ម្សិលមិញ​យើង​បាន​សម្ភាសន៍​អ្នក​នាំ​ពាក្យ​ហើយ​ក៏បាន​ផ្សព្វផ្សាយ​ទៅ​មាន​អ្នក​ចូល​មក​បញ្ចេញ​មតិ​យោបល់ (Comment) ថា ហេតុ​អី​យើង​អាច​ព្យាបាល​បាន។ ក្មួយ​ចង់​សួរ​ទាក់ទង​នឹង​ថា​យើង​មាន​ជំនឿ​ចិត្ត​ឱ្យ​របៀប​ម៉េច ដើម្បី​ឱ្យ​គាត់​ជឿ​លើ​វិស័យ​សុខាភិបាល​របស់​យើង ? លោក ហ៊ុន សែន៖ ខ្ញុំ​សួរ​ថា​មាន​អ្នក​ឈឺ​ហើយ ឬនៅ ? ស្រី​លក្ខ៖ សម្រាប់​កម្ពុជា​នៅ​មិនទាន់​មាន​អ្នក​ឈឺ​ណា​ម្នាក់។ លោក ហ៊ុន សែន៖ ចុះ​បើ​មិន​ទាន់​ឈឺ​ម៉េច​ថា បាន​មិន​ជឿ អា​ហ្នឹង​មក​ពី​យើង​បន្ថែម​តើ»

ភ្លាមៗ នោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​ចេញ​មក​រិះគន់ អាកប្បកិរិយា​លោក ហ៊ុន សែន ថា ច្រឡោងខាម បំភិតបំភ័យ​យុវតី​រូប​នោះ នៅ​ចំពោះ​មុខ​មហាជន។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ សោក​ស្ដាយ ចំពោះ​អាកប្បកិរិយា​របស់ លោក ហ៊ុន សែន ដែល​បង្ហាញ​ថា​មិន​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​បែបនេះ៖ « ខ្ញុំ​សូម​ឱ្យ​លោក ហ៊ុន សែន ពិចារណា​សា​ឡើង​វិញ​នូវ​អាកប្បកិរិយាចំពោះ​ស្ត្រី អាកប្បកិរិយា​របៀប​នេះ​មិន​លើក​ទឹក​ចិត្ត​ស្ត្រី​ទេ ជា​ពិសេស ស្រ្តី​នៅ​ក្នុង​វិស័យ​ព័ត៌មាន។​ជា​ការ​លំបាក ដែល​ស្ត្រី​យើង​មាន​ចំនួន​តិច​បំផុត​ហើយ​ពុះពារ​បំផុត​ ដើម្បី​យក​តួនាទី​បំពេញ​កាតព្វកិច្ច យក​ព័ត៌មាន​ ផ្ដល់​​ព័ត៌មាន​ទៅ​សាធារណជន ទៅ​ប្រជាពលរដ្ឋ។ ខ្ញុំ​សូម​ឱ្យ​ក្រសួង​កិច្ចការ​នារី ជា​ពិសេស លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​មេត្តា​ជម្រាប​ទៅ​ដល់​លោក ហ៊ុន សែន​ ថា នេះ​គឺ​ជា​ការ​ផ្ទុយ​នឹង​អ្វី​ជា​គោល​ការណ៍ និង​បេសកកម្ម​របស់​ក្រសួង»

អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្ដា ពុំបាន​ឆ្លើយតប​យ៉ាងណា​ចំពោះ​សំនួរ​របស់​អាស៊ី​សេរី​ទាក់ទង​នឹង​រឿង​នេះ​ទេ។ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជូន​មកវិញ​នូវ​រូបភាព​ដែល​គេ​ថត​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​កញ្ញា ញឹក ស្រី​ល័ក្ខ ដែល​ក្នុង​នោះ​បង្ហាញ​ពី​សារ​របស់​លោក ហ៊ុន សែន​បាន​ផ្ញើ​សារ​ទៅ​អ្នកកាសែត​រូប​នេះ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រឈម​មុខ​ជាមួយ​លោក ហ៊ុន សែន រួច​មក កញ្ញា ញឹក ស្រី​ល័ក្ខ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​នាង​ដោយ​ដាក់​បង្ហាញ​សារ​លោក ហ៊ុន សែន ដែល​បាន​ផ្ញើ​ទៅ​នាង។ ក្នុង​សារ​នោះ​លោក ហ៊ុន សែន បាន​សរសើរ​ពី​ភាព​ក្លាហាន​របស់​នាង និង​ថា សម្ដី​កាយវិការ ឥរិយាបថ​របស់​នាង​សក្ដិសម​ជា​នារី​ខ្មែរ​មាន​វិជ្ជាជីវៈ​នៃ​សារព័ត៌មាន។ លោក ហ៊ុន សែន បន្ត​ថា ថ្មីៗ មាន​ធនធាន​មនុស្ស​ល្អ ដែល​ធ្វើ​ឱ្យ​សារព័ត៌មាន​មួយ​នេះ ឈាន​ទៅ​មុខ​យ៉ាង​លឿន។

សមាជិក​គណៈកម្មការ​នាយក​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា (CamboJA) លោក ណុប វី មាន​ប្រសាសន៍​ថា សម្ដី​របស់​លោក ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ គឺ​ជា​ការ​គំរាម​កំហែង​ជា​សាធារណៈ គឺ​មាន​ឥទ្ធិពល​ទៅ​លើ​សង្គម​រួច​ស្រេច​ទៅ​ហើយ ហើយ​ការ​ផ្ញើ​សារ​នៅ​ក្រោយ​ឆាក​បែប​នេះ​មិន​បាន​ជួយ​អ្វី​ទេ។ លោក ណុប វី មើល​ឃើញ​ថា ក្នុង​សង្គម​កម្ពុជា ក្មេង​ស្រី​តិច​ណាស់ ដែល​បាន​មាន​ឱកាស​បាន​បំពេញ​ការងារ​ក្នុង​វិស័យ​សារ​ព័ត៌មាន ដោយសារ​តែ​សង្គម និង​គ្រួសារ​មិន​ផ្ដល់​តម្លៃ​ដល់​ការងារ​នេះ នឹង​ម្យ៉ាង​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ដោយ​ត្រូវ​ប្រឈម​នឹង​មន្ត្រី អ្នក​មាន​អំណាច និង​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម៖ « កាន់​តែ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ស្ទាក់ស្ទើរ។ ទី២ គឺ​ជំរុញ​ឱ្យ​អាណាព្យាបាល​របស់​គាត់​ដែល​មាន​ភាព​ស្ទាក់ស្ទើរ​រួច​ស្រាប់​ទៅ​ហើយ​ហ្នឹង គឺ​កាន់​តែ​រាំង​ខ្ទប់ មិន​ចង់​អោយ​កូន​ស្រី​របស់​គាត់​ចូល​រួម​ក្នុង​វិស័យ​សារព័ត៌មាន។ យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​ណាស់ ពី​ព្រោះ​យើង​ចង់​ឱ្យ​ស្ត្រី​មាន​ការ​ចូលរួម​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន​ដោយ​សារ​តែ​គាត់​យល់​ដឹង​ពី​កិច្ចការ​របស់​ស្រ្តី។ ដូច្នេះ​គាត់​ផលិត​ និង​សរសេរ​រឿង​ទាក់ទង​នឹង​ស្ត្រី​បាន​ច្រើន។ »

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ លើកឡើង​ថា​រដ្ឋាភិបាល​ប្រកាន់​យក​គោល​នយោបាយ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។ លោក​មើល​ពុំ​ឃើញ​ថា សម្ដី និង​អាកប្បកិរិយា លោក ហ៊ុន សែន ជា​ការ​គំរាម ឬ​បំភិតបំភ័យ​អ្វី​ឡើយ ប៉ុន្តែ​ជា​ការ​ចោទ​សួរ​បញ្ជាក់​ត្រឡប់​ទៅ​អ្នក​កាសែត​វិញ​តែ​ប៉ុណ្ណោះ៖ « ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​ការ​បញ្ជាក់​អំពី​សំនួរ ដែល​សួរ​អោយ​ច្បាស់លាស់។ ក្នុង​នាម​ជា​អ្នក​សារ​ព័ត៌មាន​មុននឹង​យើង​ចោទ​សួរ​ យើង​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែរ មិន​មែន​ចេះ​តែ​លើក​យក​អ្វី​មក​សួរ​ ដោយ​ពុំ​មាន​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន ឱ្យ​បាន​ពិត​ប្រាកដ​នោះ​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​សម្រាប់ លោក ហ៊ុន សែន​ គឺ​​លោក​តែង​រង​ការ​រិះគន់​ថា ជា​អ្នក​ដឹក​នាំ​ ដែល​មាន​ទម្លាប់​ជេរប្រទេច ប្រមាថ គំរាមកំហែង និង​ប្រើ​ភាសា​អសីលធម៌​ភាសា​អា​មឹង ឬ​គំរាមកំហែង​ដល់​អាយុ​ជីវិត​មនុស្ស ជា​ពិសេស គឺ​ទៅ​លើ​ក្រុម​ដែល​មាន​​ទស្សនៈ​ផ្ទុយ​ពី​ក្រុម​របស់​លោក និង​បក្ស​ប្រឆាំង។

នៅ​ក្នុង​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ចំនួន​អ្នកសារព័ត៌មាន​ជា​បុរស​បាន​កន​ឡើង​ដែរ ប៉ុន្តែ​ចំនួន​អ្នកសារព័ត៌មាន​ជា​ស្ត្រី​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​មើល​ឃើញ​ថា បញ្ហា​ប្រឈម​ចម្បង​គឺ​ការ​មិន​គាំទ្រ​ពី​គ្រួសារ និង​ការ​ខ្វាយខ្វល់​ពី​សុវត្ថិភាព​របស់​ពួកគេ ដ្បិត​ការ​បៀតបៀន ការ​រំលោភ​បំពាន អំពើ​ហិង្សា​ស្ត្រី​​គ្រប់​រូបភាព​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សង្គម។

លើស​ពី​នេះ​ចំពោះ​អ្នកស្រី រស់ សុភាព អ្នកស្រី មើល​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ ជា​ពិសេស​សម្ដី​របស់ លោក ហ៊ុន សែន គឺ​មាន​ឥទ្ធិពល​ខ្លាំង ដែល​ធ្វើ​អោយ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាម​ហើយ​វា​ជា​ដើម​ចម​នាំ​ទៅ​មិន​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹមត្រូវ ពោល​គឺ មិន​ញញើត​នឹង​បង្កើត​អោយ​មាន​ហិង្សា​កើត​ចេញ​ពី​ការរើសអើង​ស្ត្រី​ភេទ៖ « កាល​ណា​ការ​អនុវត្ត​ច្បាប់​អត់​មាន​ប្រសិទ្ធភាព​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​រំលោភ​បំពាន​អី​ជា​ដើម​បន្ត​បន្ទាប់​ទៅ​ទៀត។ ឃើញ​ថា​សម្ដេច​លោក មាន​ប្រសាសន៍​ត្រឹម​ប៉ុណ្ណឹង តែ​ដល់​ពេល​អនុវត្ត​វា​ទៅ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​គោរព​សិទ្ធិ​ស្ត្រី វា​ទៅ​ជា​រំលោភ ទៅ​ជា​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ទៅ​វិញ»

ក្រសួង​កិច្ចការ​នារី​បាន​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ធ្វើ​យ៉ាងណា បង្កើន​ចំនួន​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ទៅ​តាម​គោលការណ៍​សមភាព​យេនឌ័រ គឺ​ធ្វើ​យ៉ាងណា​អោយ​មាន​ចំនួន​ស្ត្រី​ប្រហាក់ប្រហែល​នឹង​បុរស។ ប៉ុន្តែ​ជា​ទូទៅ​ក្រុម​អង្គការសង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ពិបាក​នឹង​សម្រេច​បាន​តាម​អ្វី ដែល​ក្រសួង​ចង់​បាន​ឡើយ ដ្បិត​គោលការណ៍​នៅ​តែ​ក្នុង​ឯកសារ បែរ​ជា​ពិបាក​នៅ​ក្នុង​ការអនុវត្ត នៅ​ពេល​ការរើសអើង​ស្រ្តី​កើតមាន​ក្នុង​សង្គម កើត​ចេញ​ពី​មន្ត្រី​កំពូលៗ ពី​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម​នៅ​មិន​អាច​បញ្ចប់​បាន​នៅ​ឡើយ។

លោក ណុប វី ស្នើ​ថា​មក​ដល់​ពេល​នេះ​គួរ​តែ​បញ្ឈប់​នូវ​រាល់​ពាក្យ​សម្ដី និង​អាកប្បកិរិយា ដែល​មាន​ចរិត​បំភិតបំភ័យ​គំរាម​កំហែង​ទៅ​ដល់​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​វិស័យ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​មាន​បំណង​ផ្ដល់​អោយ​ពលរដ្ឋ​បាន​ទទួល​ចំណែក​ស្មើៗគ្នា​ពី​ការអភិវឌ្ឍន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។