នាងត្រូវបានមូលនិធិហាប់ស្វ៊ែល (Harpswell Foundation) បញ្ជូនឲ្យមកសិក្សាបន្តនៅមហាវិទ្យាល័យបាដ (Bard) ផ្នែកសន្ធានកម្ម ឬការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ ក្នុងរដ្ឋញីវយ៉ក (New York) កាលពីខែសីហា ឆ្នាំ២០១១។
កញ្ញា ហេង លឹមហ៊ាង កើតនៅភូមិវត្តគោ ឃុំវត្តគោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ក្នុងត្រកូលគ្រួសារមធ្យម មានបងប្អូន៣នាក់ ប្រុសពីរ ស្រីមួយ៖ «នាងខ្ញុំគឺជាកូនទី២ ក្នុងគ្រួសារ។ ម្តាយឈ្មោះ អាង ជូ ប៉ាឈ្មោះ ភឿម ហេង។ ឪពុកម្តាយខ្ញុំពុំមែនជាមន្ត្រីរាជការ និងពុំមែនធ្វើការក្នុងស្ថាប័នណាមួយទេ។ ម្តាយជាស្ត្រីមេផ្ទះ ហើយឪពុកគឺជាជាងក្រឡឹងជួសជុល។ បងប្រុសជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ ហើយប្អូនប្រុស គឺកំពុងរៀនផ្នែកវិស្វកម្មកុំព្យូទ័រ»។
យុវតី លឹមហ៊ាង ឲ្យដឹងថា ហេតុផលដំបូងដែលជំរុញឲ្យនាងប្រឹងប្រែងរៀនសូត្ររហូតដល់បានទទួលអាហារូបករណ៍មកបន្តការសិក្សានៅសហរដ្ឋអាមេរិក នេះ គឺដោយសារការលើកទឹកចិត្តពីឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន និងមិត្តភក្ដិ៖ «ចំណុចចាប់ផ្ដើម គឺកើតឡើងពេលនាងខ្ញុំបញ្ចប់ថ្នាក់ទី៦។ លោកគ្រូបានជ្រើសរើសឲ្យធ្វើជាសិស្សថ្លែងសន្ទរកថានៅចំពោះមុខសាធារណជន រួមជាមួយគណៈកម្មការនាយកវិទ្យាល័យ។ បន្ទាប់មក ឪពុករបស់ខ្ញុំបាននិយាយថា កូនគិតមើលទៅ សិស្សទាំងអស់ក្នុងសាលា ហេតុអ្វីបានជាគេជ្រើសរើសកូន។ សំណួរនេះ ធ្វើឲ្យខ្ញុំគិត និងស្វែងយល់ថា តើនាងខ្ញុំមានអ្វីសំខាន់ មានគុណសម្បត្តិ ហើយតាំងពីពេលនោះមក ខ្ញុំត្រូវធ្វើកិច្ចការណាមួយមានប្រយោជន៍»។
ភាពម៉ឺងម៉ាត់ និងការប្រឹងប្រែងតស៊ូរៀនសូត្រ បានញ៉ាំងឲ្យកញ្ញា លឹមហ៊ាង ទទួលបានជោគជ័យដោយប្រឡងបានចំណាត់ថ្នាក់ល្អពេលបញ្ចប់វិទ្យាល័យ និងទទួលបានអាហារូបករណ៍មកបន្តថ្នាក់ឧត្ដមសិក្សានៅក្រុងភ្នំពេញ។ ក្នុងអំឡុងពេល៤ឆ្នាំ នៃការរៀនយកបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ កញ្ញា លឹមហ៊ាង បានមកស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់មូលនិធិហាប់ស្វ៊ែល ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ជួយឧបត្ថម្ភដល់សិស្សនារីចំនួន៣៣នាក់ផ្សេងទៀត មកពីបណ្ដាខេត្តនានាដែលត្រូវមកបន្តការរៀនសូត្រនៅមហាវិទ្យាល័យ នៅក្រុងភ្នំពេញ៖ «នាងខ្ញុំទទួលបានអាហារូបករណ៍រដ្ឋពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមរយៈវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេស។ មួយទៀត ខ្ញុំទទួលអាហារូបករណ៍សិក្សាលើជំនាញភាសាអង់គ្លេស តាមរយៈការប្រឡងចូលរួមជាមួយនិស្សិតជាច្រើនពាន់នាក់»។
ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ និងភាសាអង់គ្លេស កញ្ញា ហេង លឹមហ៊ាង និងនិស្សិតនារី៤នាក់ផ្សេងទៀត ត្រូវបានមូលនិធិហាប់ស្វ៊ែល បញ្ជូនឲ្យមកសិក្សាបន្តនៅមហាវិទ្យាល័យបាដ (Bard) ក្នុងរដ្ឋញីវយ៉ក កាលពីខែសីហា ឆ្នាំ២០១១។
បច្ចុប្បន្ន កញ្ញា លឹមហ៊ាង ស្នាក់នៅជាមួយមេធាវីជនជាតិអាមេរិកាំងម្នាក់ក្នុងក្រុងប៊ូស្តុន (Boston) ដើម្បីរៀនយកបទពិសោធន៍ និងស្វែងយល់អំពីដំណោះស្រាយនានាក្រៅប្រព័ន្ធតុលាការ នៅក្រុមហ៊ុនផ្នែកច្បាប់មួយឈ្មោះ Solution LLC ក្នុងរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក៖ «ក្នុងអំឡុងពេលដែលនាងខ្ញុំកំពុងធ្វើកម្មសិក្សាទាក់ទងនឹងMediation គឺសន្ធានកម្ម ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រៅពីធ្វើការជាមួយមេធាវីហើយ ខ្ញុំត្រូវធ្វើការអង្កេតនៅក្រុមហ៊ុនផ្នែកច្បាប់ផ្សេងៗទៀត រួមជាមួយការអង្កេត និងការដោះស្រាយនូវការកាត់ក្តីនៅក្នុងតុលាការនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ាស្សាឈូសេត ផងដែរ»។
កញ្ញា លឹមហ៊ាង បន្តថា នាងមានសំណាងណាស់ដែលបានមកបន្តការសិក្សា និងដកស្រង់បទពិសោធន៍ការងារនៅសហរដ្ឋអាមេរិក។ កញ្ញាថា ស្ថានភាពរស់នៅ និងការរៀនសូត្រនៅសហរដ្ឋអាមេរិក នេះ មានភាពខុសគ្នាឆ្ងាយណាស់ពីប្រទេសកម្ពុជា៖ «ជាអំណោយដ៏ធំមួយសម្រាប់នាងខ្ញុំ ដែលជាសិស្សស្រីនៅខេត្ត។ អ៊ីចឹង ប្រៀបធៀបជីវិតនៅតាមខេត្ត និងជីវិតនៅសហរដ្ឋអាមេរិក ដែលជាប្រទេសអភិវឌ្ឍនេះ គឺមានភាពខុសឆ្ងាយពីគ្នាច្រើនណាស់ ទាំងជីវិតរស់នៅ ការរៀនសូត្រ ប្រព័ន្ធអប់រំ និងវប្បធម៌ ក៏ដូចជាផ្នែកមធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀតផង»។
ក្រោយបញ្ចប់កម្មសិក្សាផ្នែកសន្ធានកម្ម ឬការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ នៅខែធ្នូ ឆ្នាំ២០១២ នៅសហរដ្ឋអាមេរិក កញ្ញា លឹមហ៊ាង សន្យាថានឹងព្យាយាមយកបទពិសោធន៍ដែលបានហ្វឹកហាត់ និងរៀនសូត្រចេះដឹងទាំងនោះ ដើម្បីយកទៅអនុវត្តនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយជម្លោះជាច្រើន ដូចជាទំនាស់ដីធ្លី អំពើហិង្សាក្នុងគ្រួសារ និងការលែងលះគ្នាជាដើម។
ម្យ៉ាងវិញទៀត កញ្ញា លឹមហ៊ាង ទទួលស្គាល់ថា ដំណោះស្រាយ ឬកិច្ចព្រមព្រៀងដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ គឺជាមធ្យោបាយល្អ ងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកា សម្រាប់មេធាវី ជាពិសេស ចំពោះគ្រួសារក្រីក្រនៅតាមបណ្ដាខេត្តទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
