ការ​ថែ​រក្សា​អនាម័យ​នៅ​អំឡុង​ពេល​មាន​រដូវ

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅ​កាត់​ថា រ៉ាក់ (RHAC) បាន​មាន​ប្រសាសន៍​ថា ស្ត្រី​គ្រប់ៗ​គ្នា​ត្រូវតែ​រក្សា​អនាម័យ​ស្អាត​ល្អ​នៅ​អំឡុង​ពេល​និង​ក្រោយ​ពេល​មក​រដូវ​រួច។

0:00 / 0:00

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ឲ្យ​ដឹង​ថា ៖ «ស្ត្រី​ត្រូវ​យល់​ដឹង ពេល​មក​រដូវ​នោះ​គឺ​ត្រូវ​ត្រៀម​ខ្លួន អនាម័យ​ខ្លួន​ប្រាណ លាង​ប្រដាប់​របស់​យើង​ឲ្យ​បាន​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ បើ​ល្អ​ទៅ​ទៀត ត្រូវ​កត់​ចំណាំ​និង​ត្រៀម​រៀបចំ​ទុក​ជា​មុន​នូវ​សំឡី​អនាម័យ​និង​ក្រណាត់...»

លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា ប្រសិន​បើ​ស្ត្រី​ពុំ​មាន​សំឡី​អនាម័យ​សម្រាប់​ប្រើ​ទេ​នោះ គេ​អាច​ប្រើ​ក្រណាត់​ស្អាត​ល្អ​ដោយ​បោក​គក់​ជាមួយ​សាប៊ូ ហើយ​ហាល​ថ្ងៃ​ដើម្បី​សម្លាប់​មេរោគ ៖ «សំឡី​អនាម័យ​ត្រូវ​ផ្លាស់​ប្តូរ​៣​ឬ​៤​ម៉ោង​ម្តង។ បើ​គ្មាន​សំឡី ត្រូវ​ប្រើ​ក្រណាត់​ស្អាត​ល្អ​ដោយ​បោក​គក់​នឹង​សាប៊ូ ហាល​ថ្ងៃ ព្រោះ​ថ្ងៃ​អាច​សម្លាប់​មេរោគ​បាន​ច្រើន​ផងដែរ...»

ក្នុង​ទំព័រ​វ៉ឹបសាយថ៍ kidshealth.org ដែល​បាន​ដកស្រង់​យោបល់​វេជ្ជបណ្ឌិត​ជំនាញ បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ពី​៣​ទៅ​៤​ម៉ោង​ម្តង ទោះ​បី​ជា​ឈាម​រដូវ​នោះ​មក​តិចៗ​មិន​ប្រឡាក់​ជោក​ក៏​ដោយ វា​នឹង​ផ្តល់​អនាម័យ​ល្អ ជួយ​បន្ថយ​កុំ​ឲ្យ​មាន​ក្លិន​ស្អុយ និង​ការពារ​ការ​កកើត​នៃ​មេរោគ​ឬ​បាក់តេរី។

បន្ថែម​ពី​ការ​សម្អាត​ខ្លួន​ប្រាណ​ឲ្យ​មាន​អនាម័យ​ស្អាត​ល្អ​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​មាន​ប្រសាសន៍​ថា ការ​ហាត់​ប្រាណ​ក៏​ជា​វិធី​មួយ​ក្នុង​ការ​ជួយ​សម្រាល​អារម្មណ៍​និង​ការ​ឈឺចាប់​ពេល​មក​រដូវ​ផងដែរ។

អ្នកស្រី សំអឿន ពី​ខេត្ត​ក្រចេះ ដែល​មាន​អាយុ​៥២​ឆ្នាំ ហើយ​ដែល​អះអាង​ថា នៅ​មាន​សម្រស់​ស្អាត​បាត នៅ​ក្មេង បាន​មាន​ប្រសាសន៍​សម្ដែង​មោទនភាព​ថា នៅ​ពេល​មក​រដូវ​ម្តងៗ អ្នកស្រី​តែងតែ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ម្ហូប​អាហារ​តម មិន​បរិភោគ​ប្រហុក​ឬ​សម្ល។

អ្នកស្រី សំអឿន បាន​បញ្ជាក់​ថា ៖ «មិន​ដែល​ហូប​សម្ល​ឬ​ប្រហុក ហូប​តែ​ម្ហូប​ក្រៀម​ក្រោះ ដល់​អស់​រដូវ​ទើប​ហូប​ធម្មតា​វិញ ហើយ​បើ​ផ្លែ​ឈើ​ញ៉ាំ។ បង​ងូត​ទឹក​ក្តៅ​រហូត បើ​គ្មាន​ទឹក​លាង​សម្អាត​មុខ​ទ្វារ។ បង​ធ្វើ​តាម​ចាស់ៗ​ប្រាប់ ហើយ​សាច់​នៅ​ស្អាត គេ​មិន​ជឿ​ថា បង​អាយុ​៥២​ឆ្នាំ...»

ទាក់ទង​នឹង​ការ​តម​ចំណី​អាហារ​នៅ​ពេល​ស្ត្រី​មក​រដូវ​នេះ លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅ​កាត់​ថា រ៉ាក់ (RHAC) បាន​ថ្លែង​បញ្ជាក់​ថា តាម​ក្បួន​វេជ្ជសាស្ត្រ​មិន​មាន​ចំណី​អាហារ​ណា​ដែល​ត្រូវ​តម​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​មក​រដូវ ស្ត្រី​បាត់បង់​ឈាម​ក្រហម​ច្រើន យើង​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ នាំ​ឲ្យ​សុខភាព​យើង​ល្អ គ្មាន​ចំណី​អាហារ​ដែល​ត្រូវ​តម​ទេ។ កាល​ខ្ញុំ​នៅ​ពី​ក្មេង ម្តាយ​ខ្ញុំ​ឲ្យ​តម​ទឹក​កក អត់​ឲ្យ​ញ៉ាំ​ម្ជូរ តាម​ក្បួន​ពេទ្យ​ពុំ​មែន​ឲ្យ​តម​ទេ។ កាល​ណា​យើង​ញ៉ាំ​ចំណី​អាហារ​គ្រប់​ប្រភេទ​នោះ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ...»

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ផ្តល់​ដំបូន្មាន​បន្ថែម​ថា ស្ត្រី​ឬ​ក្មេង​ស្រី​ជំទង់ ទោះ​បី​ជា​អំឡុង​ពេល​មាន​រដូវ​ឬ​ក្រោយ​អស់​រដូវ​ម្តងៗ ត្រូវតែ​ឧស្សាហ៍​លាង​សម្អាត​ប្រដាប់​ភេទ​និង​បោក​គក់​ខោ​អាវ​ទ្រនាប់​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ពេល​យើង​អស់​រដូវ​ក៏​ដោយ គឺ​យើង​ត្រូវ​មាន​អនាម័យ​ខ្លួន​ប្រាណ​ដែរ ជា​ពិសេស​ខោ​ទ្រនាប់​ត្រូវ​បោក​គក់​ឲ្យ​ស្អាត ហាល​ចំ​ថ្ងៃ ហើយ​ត្រូវ​លាង​ទ្វារ​មាស ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ...»

ទាក់ទង​នឹង​សំណួរ​ដែល​ចង់​ដឹង​ថា តើ​ពេល​មក​រដូវ​ស្ត្រី​អាច​មុជ​ទឹក​ត្រាំ​យូរ​ក្នុង​ស្ទឹង​ឬ​ទន្លេ​ដែរ​ឬ​ទេ? ចំពោះ​សំណួរ​នេះ លោកស្រី​វេជ្ជបណ្ឌិត មាន ម៉ាឡុងវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា នៅ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ពន្យល់​ពី​ហេតុផល​យ៉ាង​នេះ​ថា ៖ «...ស្ត្រី​ដែល​មក​រដូវ​គួរតែ​ចៀសវាង​ត្រាំ​ទឹក​យូរ ពីព្រោះ​ពេល​មក​រដូវ​មាត់​ស្បូន​បើក​ធំ​ជាង​ធម្មតា​ដែល​អាច​ឲ្យ​មេរោគ​ចូល​បាន។ បើ​មុជ​ទឹក​ដុស​លាង​មាត់​ទ្វារ​ជា​ច្រើន​ដង ល្អ​ហើយ...»

ចំពោះ​ការ​ធ្វើការ​ធ្ងន់​នៅ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត មាន ម៉ាឡុងវី បាន​មាន​ប្រសាសន៍​ថា បញ្ហា​ហ្នឹង​ពុំ​មាន​ហាម​ឃាត់​ទេ ប៉ុន្តែ​វា​ស្ថិត​លើ​រាង​កាយ​របស់​ស្ត្រី​ឬ​ក្មេង​ជំទង់​នោះ​តែម្តង។

លោកស្រី​វេជ្ជបណ្ឌិត មាន ម៉ាឡុងវី បាន​មាន​ប្រសាសន៍​ថា ៖ «គេ​អត់​មាន​ហាម​ឃាត់​ទេ តែ​ពេល​មក​រដូវ ស្ត្រី​មាន​ការ​ហេវ​ហត់​ព្រោះ​ធ្លាក់​ឈាម ម៉្លោះ​ហើយ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ បើ​ស្ត្រី​នោះ​មាន​កម្លាំង​ពលំ អាច​ធ្វើការ​ធ្ងន់​បាន...»

សូម​ជម្រាប​ជូន​ថា ក្នុង​ទំព័រ​វ៉ឹបសាយថ៍ kidshealth.org ដដែល​បន្ថែម​ថា ពេល​នៅ​សាលា​រៀន​កុមារី​ឬ​ក្មេង​ជំទង់​គួរ​ផ្លាស់​សំឡី​អនាម័យ​៤​ម៉ោង​ម្តង ហើយ​ត្រូវ​លៃ​ពេល​ចូល​រៀន​ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយ​ដើម្បី​ចៀសវាង​ការ​មក​ច្រើន​ធ្វើ​ឲ្យ​ជោក​សំឡី​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រឡាក់​ខោ​ឬ​សំពត់​ដោយ​ចៃដន្យ៕